នៅមុនម៉ោង ៧ព្រឹក នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចាប់ផ្តើមចាកចេញពីគេហដ្ឋានដើម្បីទៅការិយាល័យបោះឆ្នោត ដែលដំណើរការបោះឆ្នោតនឹងចាប់ផ្តើមពីម៉ោង ៧ព្រឹកដល់ម៉ោង ៣រសៀល។
នេះជាការបោះឆ្នោតជាតិលើកទី ៧ ហើយ ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួន កាលពីឆ្នាំ ១៩៩៣ ដែលពេលនោះអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អ៊ុនតាក់ បានជួយរៀបចំការបោះឆ្នោត ដើម្បីឱ្យមានការទុកចិត្តនិងអាចទទួលយកបាន។
ប៉ុន្តែការបោះឆ្នោតនាថ្ងៃអាទិត្យនេះអវត្តមានគណបក្សជំទាស់ដ៏ធំ គឺគណបក្សភ្លើងទៀន ដែលអ្នកតាមដានមួយចំនួនបង្ហាញមន្ទិលថា តើការបោះឆ្នោតមួយនេះ នឹងត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិឬយ៉ាងណានោះ។
ប្រជាជនពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលក្នុងនោះមានស្រ្តីជាង ៥លាន ១៦ម៉ឺននាក់ គឺលើស ៥០%។ គេមិនទាន់ដឹងនៅឡើយទេថា តើប្រជាពលរដ្ឋក្នុងចំនួនច្រើនប៉ុណ្ណា ដែលនឹងចេញទៅបោះឆ្នោត ខណៈអវត្តមានគណបក្សភ្លើងទៀន ដែលធ្លាប់ទទួលបានការគាំទ្រជាសន្លឹកឆ្នោតជាង ១លាន ៦សែន នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ ២០២២។
អ្នកស្រី ពេជ្រ សោភា អាយុ២៧ឆ្នាំ ដែលជាកម្មការិនីម្នាក់ដែលកំពុងបម្រើក្នុងរោងចក្រមួយនៅម្តុំផ្លូវវ៉េងស្រេង ប្រាប់វីអូអេថា អ្នកស្រីបានត្រៀមខ្លួនរួចរាល់សម្រាប់ទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។ អ្នកស្រីយល់ថា ការបោះឆ្នោតមួយនេះមានសារៈសំខាន់ ដើម្បីអាចជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនពេញចិត្ត។ ស្ត្រីរូបនេះចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មីដែលកើតក្រោយការបោះឆ្នោត អភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត។
អ្នកស្រីលើកឡើងថា៖ «បក្សណាជាប់ក៏ដោយ ឱ្យតែគាត់ជាប់ទៅ មានការអភិវឌ្ឍប្រទេសយើងឱ្យបានល្អទៅ អត់អីទេ។ គឺពេញចិត្តខ្លាំង»។
ចំណែកលោក សុខ បញ្ញា អាយុ១៩ ឆ្នាំ ដែលជានិស្សិតកំពុងរៀនច្បាប់ឆ្នាំទី ១ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេថា លោកមិនទៅបោះឆ្នោតនោះទេ ដោយសារមិនមានគណបក្សណាដែលលោកពេញចិត្ត។ ប៉ុន្តែទោះជាយ៉ាងណា លោកស្នើឱ្យអ្នកដឹកនាំដែលជាប់ឆ្នោត ជួយគិតគូរដល់សេដ្ឋកិច្ច និងចំណូលពលរដ្ឋ ដើម្បីឱ្យពលរដ្ឋអាចផ្គត់ផ្គង់ជីវភាពបានសមរម្យ។
លោកថ្លែងថា៖ «ដោយសារតែទី ១ ខ្ញុំអត់គាំទ្របក្សណា ហើយក៏អត់ចង់ទៅបោះ។ ហើយមួយទៀត បក្សណាក៏ដោយ ប្រសិនបើជាប់ឆ្នោត សូមឱ្យងាកមកមើលជីវភាពប្រជាជនឱ្យបានច្រើន ព្រោះជីវភាពប្រជាជននៅក្នុងស្រុកខ្មែរ គាត់ពិបាកច្រើន។ យើងដឹងហើយការរកចំណូលរបស់ប្រជាជនក្នុងស្រុកខ្មែរ គឺទាបមែនទែន។ សឹងតែថា មួយថ្ងៃគាត់រកចំណូលអត់ដល់ ១០ដុល្លារក៏មាន»។
យុវជនរូបនេះក៏បានធ្វើការកត់សម្គាល់ថា នៅពេលអវត្តមានគណបក្សប្រឆាំងចម្បងក្នុងការបោះឆ្នោតថ្នាក់ជាតិ គឺដូចបាត់រូបភាពនៃការប្រកួតប្រជែងពិតប្រាកដ។
សម្រាប់សកម្មជន និងសមាជិកគណបក្សភ្លើងទៀន ចង់ឬមិនចង់ ពួកគេត្រូវទៅបោះឆ្នោត ដើម្បីរក្សាសិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ នៅក្នុងការបោះឆ្នោតពេលក្រោយទៀត ក្រោមវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលស្នើដោយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
នៅទូទាំងប្រទេស មានការិយាល័យបោះឆ្នោតចំនួនសរុប ២៣.៧៨៩ ការិយាល័យ។ នេះជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ១២៥ រូប ដើម្បីចូលទៅបម្រើការងារក្នុងរដ្ឋសភា ក្នុងតួនាទីតំណាងប្រជាពលរដ្ឋ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
មណ្ឌលរាជធានីភ្នំពេញ មាន ១២ អាសនៈ ឬ ១២តំណាងរាស្រ្តដែលត្រូវជ្រើសតាំង ដោយមានចំនួន ២.២០៦ ការិយាល័យ ហើយប្រជាពលរដ្ឋជាង ៩៦ ម៉ឺននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់មណ្ឌលនេះ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណបក្សទាំង ១៨ ដែលចូលរួមប្រកួត រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សកម្លាំងប្រជាធិតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សកសិករ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរអភិរក្ស និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
គណបក្សភ្លើងទៀនបានសម្តែងការសោកស្តាយចំពោះការបាត់បង់សិទ្ធិចូលរួមប្រកួតប្រជែងបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៧ ដោយសារស្ថាប័ន គ.ជ.ប បដិសេធការចុះបញ្ជី ពាក់ព័ន្ធការមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវ គឺបាត់ឯកសារដើមក្នុងការចុះបញ្ជី។ គណបក្សនេះបានអះអាងថា ការផ្តល់ហេតុផលរបស់ គ.ជ.ប មិនសមរម្យឡើយ ដែលមិនអាចទទួលយកបាន។ ចំណែកអ្នកគាំទ្រគណបក្សនិងអ្នកតាមដានមួយចំនួននៅតែងឿងឆ្ងល់និងហួសចិត្ត ដែលគណបក្សជំទាស់មួយនេះអាចចូលរួមការបោះឆ្នោតឃុំសង្កាត់បាន តែមិនអាចចូលរួមការបោះឆ្នោតថ្នាក់ជាតិបាន។
នៅក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យនេះ គណបក្សនយោបាយដែលចូលរួមប្រកួតមួយចំនួន បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតសម្រាប់គណបក្សរបស់ខ្លួន ដើម្បីកុំឱ្យសភាមានលក្ខណៈឯកបក្សបន្តទៀត។
នៅមុនការបោះឆ្នោត លោក ហ៊ុន សែន បានផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីដាក់ទោសទៅលើជនទាំងឡាយណាដែលញុះញង់ ឬណែនាំឱ្យពលរដ្ឋទៅបោះឆ្នោត ដោយគូសបំផ្លាញសន្លឹកឆ្នោតផងដែរ។ សកម្មជនគណបក្សជំទាស់មួយចំនួនត្រូវបានចាប់ខ្លួន ខណៈអ្នកនយោបាយជំទាស់នៅក្រៅស្រុកមួយចំនួន រួមទាំងលោក សម រង្ស៊ី ផងដែរ ត្រូវបានកាត់សិទ្ធិឈរឈ្មោះចាប់ពី ១០ ឆ្នាំដល់ ២៥ ឆ្នាំ ដោយសារការអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។
ទោះបីជាអវត្តមានគណបក្សជំទាស់ក៏ដោយ ប្រជាពលរដ្ឋមួយចំនួនបានចាកចេញពីភ្នំពេញទៅស្រុកកំណើតរបស់ខ្លួន ដើម្បីទៅចូលរួមបោះឆ្នោត។ រដ្ឋាភិបាលក៏បានសម្រេចឱ្យអ្នកដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពអាចទៅបោះឆ្នោតនាថ្ងៃអាទិត្យនេះបាន ប្រសិនបើពួកគេមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លទ្ធផលបឋមនៃការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ នឹងត្រូវបានគេរំពឹងថាផ្សព្វផ្សាយនៅល្ងាចថ្ងៃអាទិត្យ រហូតដល់ម៉ោង ១២យប់ រួចបន្តផ្សាយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី ២៤ ខែកក្កដា ចាប់ពីម៉ោង ៨ព្រឹក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។ ប៉ុន្តែស្ថាប័នរៀបចំការបោះឆ្នោតមិនមែនប្រកាសលទ្ធផលជាចំនួនភាគរយនៃសន្លឹកឆ្នោតដែលគណបក្សនីមួយៗទទួលបានជារួមនៅទូទាំងប្រទេស និងការទទួលបានចំនួនអាសនៈសរុបឡើយ។ ប៉ុន្តែគណបក្សនយោបាយនីមួយៗនឹងប្រកាសចំនួនសន្លឹកឆ្នោតដែលខ្លួនទទួលបាន ហើយគណនាចេញជាចំនួនអាសនៈដែលខ្លួនអាចទទួលបានតាមសំឡេងឆ្នោតទាំងនោះ៕