សាខាកាកបាទក្រហមនៅក្នុងខេត្តព្រះវិហារសហការជាមួយនឹងសាខាកាកបាទក្រហមរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសណ្ឋាគារដ៏ប្រណិតកម្ពស់៦ជាន់មួយនៅថ្ងៃនេះ ដើម្បីស្វែងរកប្រាក់ចំណូលឧបត្ថម្ភដល់កិច្ចការងារសប្បុរសធម៌របស់ខ្លួន។
សណ្ឋាគារ ហ្រ្គីន តែល ផាលេស (Green Tel Palace)ដែលមាន៨០បន្ទប់នេះ ត្រូវបានសាងសង់អស់រយៈពេល៣ឆ្នាំ ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីកាកបាទក្រហមសាខារាជធានីភ្នំពេញ។
លោករ័ត្ន សុភាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ មានប្រសាសន៍ប្រាប់វីអូអេថា៖
«យើងសង្ឃឹមថា ដល់មានទៅ អាចរកចំណូលជួយ ការងារមនុស្សធម៌យើងបាន ព្រោះកន្លងមកយើងមានសង្ឃឹមអី យើងសង្ឃឹមតែសប្បុរសជនគេជួយ។ បើសិនជាយើងមានអាហ្នឹងទៅ យើងអាចសង្ឃឹម ក្នុងការជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ»។
លោកបញ្ជាក់ថា ការដាក់ឲ្យដំណើរការសាខានេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹៈនៃកាកបាទក្រហមកម្ពុជា នៅក្នុងការជួយប្រជាពលរដ្ឋខ្មែរនោះឡើយ។
«ដូចមិនខុសអ្វីទេ ព្រោះអាហ្នឹង វាការងារមនុស្សធម៌ បើសិនជាយើងយកទៅចាយវាយ ទិញអំណោចចែកជូនទៅក៏វាអស់ ហើយបើយើងយកមករកស៊ីអញ្ចឹងទៅ ក្រែងលោមានចំណេញទៅ ក៏យើងជួយបានយូរអង្វែង»។
លោករ័ត្ន សុភា ដែលក៏ជាប្រធានស្តីទីនៃសាខាកាកបាទក្រហមខេត្តព្រះវិហារ មិនអាចបញ្ជាក់បានទេលើការចំណាយនៃការសាងសង់នេះ ពីព្រោះលោកថាសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជាជំហរពីក្រោយនៃការសាងសង់នេះ។ លោកឲ្យដឹងទៀតថា រូបលោកផ្ទាល់ក៏មិនបានដឹងថា សណ្ឋាគារនេះ ទទួលបានការបណ្តាក់ទុនពីភាគីខាងណាខ្លះនោះដែរ។
គោលការណ៍គ្រឹៈរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមមានចំនួនប្រាំពីរ ដែលត្រូវបានប្រកាសនៅទីក្រុងវីយ៉ែនកាលពីឆ្នាំ១៩៦៥។ គោលការណ៍ទាំងប្រាំពីរនោះ រួមមានគោលការណ៍មនុស្សធម៌ផងដែរ។ គោលបំណងរបស់គោលការណ៍មនុស្សធម៌នេះ សំដៅដល់ការការពារជីវិត និងសុខភាព ការធានាការគោរពមនុស្ស។ គោលការណ៍នេះ លើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមក សហប្រតិបត្ដិការ មិត្ដភាព និងសន្ដិភាពស្ថិតស្ថិរក្នុងចំណោមជនគ្រប់រូប។
វីអូអេបានព្យាយាមទាក់ទង លោកស្រីផុំ ច័ន្ទទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា ដើម្បីសុំការអធិប្បាយបន្ថែមលើការសាងសង់និងដាក់ឲ្យដំណើរការសណ្ឋាគារដ៏ប្រណិតមួយនេះ តែអ្នកស្រីបដិសេធមិនធ្វើការអធិប្បាយ ហើយបង្វែរសំណួរទៅសាខាកាកបាទក្រហមខេត្តព្រះវិហារ និងរាជធានីភ្នំពេញវិញ។ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ បដិសេធមិនធ្វើការអធិប្បាយផងដែរ។
លោកឡោ ច័ន្ទអ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំនៅខេត្តព្រះវិហារចង់ឱ្យផលដែលបានមកពីសណ្ឋាគារនេះបម្រើដល់ប្រយោជន៍ពិតប្រាកដដោយលោកសម្តែងក្តីមន្ទិលទៅលើតម្លាភាពនៃចំណូលនិងចំណាយរបស់សណ្ឋាគារមួយនេះ៖
«បើតាមទស្សនៈរបស់ខ្ញុំ គឺយល់ឃើញថា ទោះបីសណ្ឋាគារហ្នឹង វាមានភាពល្អប្រសើរខាងក្រៅក៏ដោយ ប៉ុន្តែភាពក្នុង ឬក៏ពាក់ព័ន្ធថវិការប្រហែលមិនអាច ជួយទៅទ្រទ្រង់ប្រជាពលរដ្ឋក្រីក្រ ឬក៏ពាក់ព័ន្ធគេហៅថា អ្នកដែលមានបញ្ហាពិតប្រាកដនោះនៅឡើយបានទេ»។
កាកបាទក្រហមកម្ពុជាកំពុងស្ថិតក្រោមការដឹកនាំដោយភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោកស្រីប៊ុន រ៉ានី។ ស្ថាប័នមនុស្សធម៌មួយនេះ ត្រូវបានគេមើលឃើញថា ជាប់ពាក់ព័ន្ធនឹងកិច្ចការនយោបាយដោយសារតែមានចំណងជាមួយនឹងគណបក្សកាន់អំណាច ដែលកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ៕