នៅថ្ងៃសុក្រនេះ មេដឹកនាំនិងមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលកម្ពុជាបានផ្ញើសារថ្វាយព្រះពរជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីខួបគម្រប់១៧ព្រះវស្សានៃការយាងគ្រងព្រះរាជសម្បត្តិ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបង្ហោះសារថ្វាយព្រះពរនៅលើទំព័រហេ្វសប៊ុករបស់លោកក្នុងសំណេរដើមថា៖ «សូមក្រាបបង្គំថ្វាយព្រះពរបវរមហាប្រសើរសូមព្រះករុណាជាអង្គម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្នាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីសេ្តចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ»។
ក្រៅពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងយោធាកម្ពុជា តួយ៉ាងដូចជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង រដ្ឋមន្រ្តីក្រសួងការពារជាតិលោកទៀ បាញ់ និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន បានចេញលិខិតនិងបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថ្វាយព្រះពរជូនព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីខួបគម្រប់១៧ព្រះវស្សានៃការយាងគ្រងព្រះរាជសម្បត្តិរបស់ទ្រង់ផងដែរ។
ព្រះមហាក្សត្រព្រះករុណាព្រះបាទ នរោត្តម សីហមុនី បានឡើងគ្រងរាជ្យសម្បតិ្តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ក្រោយពីការដាក់រាជ្យរបស់ព្រះបិតាទ្រង់ គឺសម្តេចព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។
អំឡុងពេលគ្រងរាជ្យរបស់ព្រះអង្គ គេសង្កេតឃើញថា ព្រះបាទ នរោត្តម សីហមុនី ទ្រង់បានរក្សាព្រះរាជជំហរអព្យាក្រឹតភាពក្នុងកិច្ចការនយោបាយនៅកម្ពុជា៕