រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជំរុញឲ្យមន្រ្តីរបស់ខ្លួន និងអ្នកពាក់ព័ន្ធជួយសម្រួលដល់នីតិវិធីនិងបែបបទក្នុងការចុះបញ្ជីសហជីពដើម្បីធានានិងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។
សេចក្តីណែនាំស្តីពីការសម្រួលនីតិវិធី និងបែបបទក្នុងការចុះបញ្ជីសហជីព ចេញកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ និងទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ បញ្ជាក់ថា ក្រសួងការងារស្នើឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ជាពិសេសការអនុវត្តបញ្ញត្តិពាក់ព័ន្ធនឹងការការពារជាពិសេសសម្រាប់សមាជិកស្ថាបនិក និងថ្នាក់ដឹកនាំសហជីពឲ្យបានម៉ឺងម៉ាត់ដើម្បីធានា និងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។ មន្រ្តីពាក់ព័ន្ធដែលក្រសួងស្នើទៅទាំងនោះរួមមាន៖ ប្រធាននាយកដ្ឋានវិវាទការងារ ប្រធាននាយកដ្ឋានអធិការកិច្ច ប្រធានមន្ទីរការងាររាជធានីខេត្ត មន្រ្តីទទួលបន្ទុកចុះបញ្ជីសហជីព និងមន្រ្តីទទួលបន្ទុកអធិការកិច្ចការងារជាដើម។
សេចក្តីណែនាំ ដែលចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនោះ បញ្ជាក់ពីចំណុចសំខាន់ចំនួនបី ដែលមន្រ្តីពាក់ព័ន្ធទាំងនោះត្រូវអនុវត្ត។ សេចក្តីណែនាំនេះសរសេរតាមន័យដើមថា៖
«មិនតម្រូវឲ្យបំពេញព័ត៌មានអំពីសមាជិកគ្រួសាររបស់ថ្នាក់ដឹកនាំសហជីព មិនតម្រូវឲ្យផ្តល់សៀវភៅការងារ និងបណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)ភ្លាមៗនៅពេលដាក់សំណុំបែបបទសុំចុះបញ្ជីសហជីពនោះទេ ដោយអនុញ្ញាតឲ្យសហជីពត្រូវផ្តល់ឯកសារទាំងនេះក្នុងរយៈពេល៤៥ថ្ងៃ គិតពីថ្ងៃទទួលបានការចុះបញ្ជី។ អនុញ្ញាតឲ្យបុគ្គលិកផ្នែករដ្ឋបាលនៃសហព័ន្ធសហជីព ឬសហភាពសហជីពជួយសម្របសម្រួលការចុះបញ្ជីរបស់សហជីពមូលដ្ឋានដែលជាសមាជិករបស់ខ្លួន»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយលម្អិតពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែរហូតមកដល់ល្ងាចថ្ងៃអង្គារនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
ការចេញសេចក្តីណែនាំឲ្យសម្រួលដល់នីតិវិធី និងបែបបទចុះបញ្ជីសហជីពនេះធ្វើឡើង ខណៈដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកំពុងព្យាយាមបន្ធូរបន្ថយកំដៅនយោបាយ ខណៈកម្ពុជាកំពុងត្រូវបានដឹកនាំដោយរដ្ឋាភិបាលឯកបក្ស ក្រោយការបោះឆ្នោតថ្នាក់ជាតិមួយដែលមិនមានការចូលរួមពីគណបក្សប្រឆាំង។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ចាប់តាំងពីច្បាប់ស្តីពីសហជីពត្រូវបានបង្កើត កាលពីពាក់កណ្តាលឆ្នាំ២០១៦ ការអនុវត្តការងាររបស់សហជីព ព្រមទាំងការចុះបញ្ជីផ្សេងៗ ចាប់ផ្តើមមានការរឹតត្បិត និងប្រឈមផលវិបាកជាច្រើន។ លោកបន្ថែមថា សេចក្តីណែនាំរបស់ក្រសួងការងារក្នុងការសម្រួលនីតិវិធីចុះបញ្ជីសម្រាប់សហជីពនេះគ្រាន់តែជាចំណុចតូចមួយដែលអាចជួយដល់សហជីព បន្ទាប់ពីស្ថាប័នអន្តរជាតិធំៗមួយចំនួនបានស្នើ និងដាក់សម្ពាធឲ្យរដ្ឋាភិបាលអនុវត្តការពង្រឹងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ។
លោក អាត់ ធន់ បន្ថែមដោយបញ្ជាក់អំពីចំណុចដែលអាចធានាឲ្យសហជីពអាចធ្វើការងាររបស់ខ្លួនដោយពេញលេញថា៖
«កែប្រែច្បាប់សហជីពហ្នឹងឲ្យវាសម្រួលទៅ ស្រួលដូចច្បាប់ការងារឡើងវិញ។ ទី២គឺត្រូវធានាសម្រួលនីតិវិធីចុះបញ្ជីហ្នឹង កុំឲ្យមានលក្ខណៈស្មុគស្មាញដែលធ្វើជាឧបសគ្គខាងសហជីព។ ហើយមន្រ្តីរបស់ក្រសួង ឬក៏អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមិនគួរមានឥទ្ធិពល ឬទីប្រឹក្សាក្រុមហ៊ុន ដែលធ្វើជាឧបសគ្គនៃការរាំងស្ទះដំណើរការចុះបញ្ជីហ្នឹងទេ»។
នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨គឺជាពេលវេលាដែលរដ្ឋាភិបាលរឹតបន្តឹងសេរីភាពនៃការជួបជុំផ្សេងៗ។ ការរឹតបន្តឹងសេរីភាពនៃការជួបជុំ ការរឹតបន្តឹងការធ្វើសកម្មភាពការងាររបស់សហជីព និងសង្គមស៊ីវិល ព្រមទាំងការបង្ក្រាបសំឡេងប្រឆាំងជាបន្តបន្ទាប់បានធ្វើឲ្យសហភាពអឺរ៉ុប និងបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនរិះគន់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំង។
សហភាពអឺរ៉ុប នៅដើមខែតុលាឆ្នាំ២០១៨ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់ការនាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស។ សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះ ដែលផ្ដល់ផលចំណេញឲ្យកម្ពុជាប្រមាណជា៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែវិច្ឆិកាឆ្នាំ២០១៨ បានបញ្ជាឲ្យក្រសួងការងារជំរុញទៅតុលាការកម្ពុជា បិទបញ្ចប់រឿងក្តីប្រឆាំងនឹងតំណាងសហជីពនានានៅត្រឹមចុងឆ្នាំ២០១៨ ដើម្បីឲ្យលំហសេរីភាពនៃការបំពេញការងារសម្រាប់សហជីពបានពេញលេញ។ រដ្ឋាភិបាលឯកបក្សរបស់លោកហ៊ុន សែន ក៏បានបើកលំហសេរីភាពខ្លះៗឡើងវិញដល់អង្គការសង្គមស៊ីវិលនិងក្រុមបក្សប្រឆាំងផងដែរ៕