ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​ទាក់​ទិន​នឹង​ការ​គ្រប់គ្រង​ធនធាន​ទឹក​និងការ​អភិវឌ្ឍ​​តាម​ដងទន្លេ​មេគង្គ

  • នៅ វណ្ណារិន

លោក​បណ្ឌិត​ ​John Ward​ ​សេដ្ឋវិទូ​ផ្នែក​អេកូឡួស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេមគង្គ​ ​ផ្តល់​បទ​សម្ភាស​អំពី​បញ្ហា​ជុំវិញ​ការ​សាង​សង់​ទំនប់​បង្វែរ​ទឹក​នេះ​ ​និង ការ​គ្រប់គ្រង​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គនៅ​ប្រទេស​ថៃ​ កាល​ពីថ្ងៃទី ២៥​ ​ខែ កក្កដា​ ២០១៦។

​ថ្មីៗ​នេះ​រដ្ឋា​ភិបាល​​ប្រទេស​ថៃ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ទំនប់​បង្វែរ​ទឹក​ ​ពី​​ទន្លេ​មេគង្គ​ ​ដែល​មាន​តំលៃ​ជាង​ ​១៧ពាន់​លាន​ដុល្លារ។​ ​គម្រោង​ដែល​​បាន​គេ​ដឹង​ថា ​​នឹង​សាង​សង់​ក្នុង​ខេត្ត​លើយ​នា​ភាគ​ឦសាន​ប្រទេស​ថៃ​ ​នឹង​ទាញ​យក​ធនធាន​ទឹក​មួយ​ចំនួន​ធំ​ ពី​ទន្លេ​មេគង្គ។​ ​អ្នក​ជំនាញ​ និង​អ្នក​ការពារ​បរិស្ថាន​យល់ថា​ ​គម្រោង​បង្វែរ​ទឹក​នេះ​នឹង​ជះផល​អវិជ្ជមាន​ជា​ច្រើន​ដល់​​ប្រទេស​នានានិង​ប្រជា​ពល​រដ្ឋ​រស់​នៅ​ផ្នែក​ខាង​ក្រោម​ដង​ទន្លេ​មេគង្គ​ដូច​ជា​ប្រទេស​កម្ពុជា​និង​វៀត​ណាម។​ នេះ​ជា​បទ​សម្ភាសន៍​របស់​ VOA ជា​មួយ​លោក​បណ្ឌិត​ ​John Ward​ ​សេដ្ឋវិទូ​ផ្នែក​អេកូឡូស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេមគង្គ​ ​អំពី​បញ្ហា​ជុំវិញ​ការ​សាង​សង់​ទំនប់​បង្វែរ​ទឹក​នេះ​ ​នឹង ការ​គ្រប់គ្រង​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ។

VOA: បាទ! ជំរាបសួរលោក​ John Ward​

​John: បាទ!​ជំរាបសួរលោក

​VOA: ​យើង​អាច​ចាប់​ផ្តើម​បាន​ឥឡូវ​នេះ​។​ បាទ!ជាបឋមខ្ញុំសូមអរគុណលោក​ដែលបានចំណាយ​ពេល​វាលា​ដ៏​មាន​តំលៃ​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​នេះ។​ ​ផ្អែក​លើ​បទពិសោធន៏​របស់​លោក តើ​អ្វីខ្លះជា​បញ្ហា​ ​ចម្បង​សម្រាប់​ទន្លេ​មេគង្គ​ទាំង​មូល?​

​John:​ ខ្ញុំ​គិត​ថា​សំណួរ​ដ៏​សំខាន់​បំផុត​ ​របស់​ប្រព័ន្ធ​ទន្លេនោះ​គឺថា​ ​តើ​សង្គម​បាន​ត្រៀម​ខ្លួន​បាន​ប៉ុណ្ណា​ដែរ​ ​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ទន្លេ​មេគង្គ​?​ ខ្ញុំ​ចង់​បាន​ន័យ​ថា​តើ​យើង​នឹង​សាងសង់​ទំនប់​វារី​អគ្គិសនី​ប៉ុន្មាន?​ ​តើ​បរិមាណ​ទឹក​ប៉ុន្មាន ​ដែល​ត្រូវ​ការ​ដើម្បី​រក្សា​ប្រព័ន្ធ​ដំណើរ​ការ​របស់​ទន្លេ​នេះ?​ ​នេះ​ជា​អ្វី​ដែល​យើង​មិន​បាន​ពិនិត្យ​ឲ្យ​ល្អិត​ល្អន់!​ ​តែ​យើង​មាន​សង្គម​រស់នៅ​ខុសគ្នាៗ​ ​យើង​មាន​ប្រទេស​កម្ពុជា​ ​ប្រទេស​ចិន​ ​ប្រទេស​ឡាវ​ និង​ប្រទេសផ្សេងទៀត។​ ​ពួកគេ​គួរតែ​ពិភាក្សា​ថា៖​តើអ្វី​ខ្លះ​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ប្រទេស​របស់​ពួកគេ ​ហើយ​ត្រូវ​ការ​ ការ​កែ​ប្រែ​អ្វី​ខ្លះ​ក្នុង​ប្រព័ន្ធ​ទន្លេ។​ ​ឥឡូវ​នេះ​ ​វា​គ្រាន់​តែ​ជា​ដំណើរ​ការ​អាដហុក​ ​ឬដំណើរ​ការ​បឋម​មួយ​ ​មុន​ពេល​ការ​អភិវឌ្ឍ​តែ​ប៉ុណ្ណោះ។​ ​ប្រហែល​ជា​ប្រទេស​ទាំង​នោះ​ ​មាន​ផែន​ការ​ឬ​កិច្ច​ព្រមព្រាង​មួយ​ចំនួន​ ​រវាងគ្នានិង​គ្នា​រួចមក​ហើយ។​

​អញ្ចឹង​ហើ​បញ្ហាមួយ​ចំនួន​ដែល​ ​ហូ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ​បាន​កំពុង​តែ​កើត​មាន​ឡើង​ ​ហើយអ្វី​ដែល​យើង​សង្កេត​ឃើញ​នៅ​ពេល​នេះ​គឺ​ ​ដោយ​សារ​តែ​ឥទ្ធិពល​អាកាស​ធាតុ​ ​El Nino ​ដ៏​ធ្ងន់​ធ្ងរពេល​ថ្មី​ៗ​នេះ​ ​បញ្ហា​ទាំង​នោះ​ ​កើន​ឡើង​កាន់​តែ​ធ្ងន់ធ្ងរ​និង​រីក​កាន់​តែ​ធំទៅៗ​។​ ​យើង​អាច​ឃើញ​ឧទាហរណ៏​មួយ​ដូច​ជា​ទន្លេ​សាប​ ​និង​គ្រោះ​រាំង​ស្ងួត​ដែល​ប្រទេស​ថៃ​ បាន​ជួប​ប្រទះ​កាល​ពី​ឆ្នាំ​មុន​។​ ​ឆ្នាំ​ដែល​ក្តៅបំផុត​ គឺ​ឆ្នាំ​ ​២០១៥និង​២០១៦​ ហើយ​មាន​ភ្លៀង​ធ្លាក់​តិចតួច។ ​ហើយ​អ្វី​ដែល​កើត​មាន​នោះ​គឺ​វា​លើស​ពី​សមត្ថភាពរបស់​ប្រទេស​នីមួយៗ​ក្នុង​ការ​គ្រប់​គ្រង​វា​ ​ជា​ពិសេស កសិករ​តូចតាច​និង​ប្រជាជន​នៅ​តាម​ជនបទ។​ ​វា​លើស​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​គ្រប់​គ្រង​ដំណើរ​ការ​នេះ​។​ ​ខ្ញុំ​គិត​ថានេះ​ហើយ​ជា​បញ្ហា​។​ ​យើង​មិន​មាន​កិច្ច​ព្រមព្រៀង​ណា​ដែល​សម្រប​សម្រួល​ក្នុង​ប្រទេស​និង​រវាង​ប្រទេស​នៅឡើយ​នោះ​ទេ។​

VOA:​ ​អ៊ី​ចឹង​ដោយ​សារ​តែ​បញ្ហា​នេះ​ ​ប្រទេស​ទាំង​ឡាយ​ ​ដូច​ដែល​ ​Jeff​និង​លោក​បាន​និយាយ​។​ បញ្ហា​នោះ​គឺ​ថា​ទឹក​ទន្លេ​ហូរ​កាត់​ព្រំ​ប្រទល់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​ផ្សេង​ទៀត។​ ​ឥឡូវ​នេះ​ ​គ្រប់​គ្នា​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ចង់។​ ​ពួកគេ​សាងសង់​ទំនប់​បង្វែរទឹក​ ​ពួក​គេ​សាង​សង់​ទំនប់​វារី​អគ្គិសនី។​ ​តើ​វា​អាច​នឹង​ប៉ះពាល់​ដល់​គ្រប់គ្នា​ដែល​នៅ​តាម​ ដង​ទន្លេ​មេគង្គ​ឬ​ទេ?​ ​តើ​លោក​គិត​យ៉ាង​ណា?​

John:​ ​វា​នឹង​ផ្លាស់​ប្តូរ។​ ​វា​ផ្អែក​លើ​ថា​តើ​ប្រជាជនស្ថិត​នៅ​ទីណា​ ​ហើយ​តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​លើ​ទន្លេ​មេគង្គ។​ ​ជា​យូរ​យា​ណាស់​មក​ហើយ​ ​ទន្លេ​មេគង្គ​គឺ​ជា​ប្រព័ន្ធ​ទន្លេ​មួយ​ដែល​មិន​ធ្លាប់​កែ​ប្រែ។​ ​វា​មិន​ធ្លាប់​មាន​ប្រព័ន្ធ​ធារាសាស្រ្ត។​ ​មិនមាន​ទំនប់​វារី​អគ្គិសនី​។​ ​តែ​ការ​អភិវឌ្ឍន៏​ថ្មីនេះ​ ​គឺពិត​ជា​លឿន​ណាស់។​ ​ស្ថាប័ន​រៀបចំ​កិច្ច​ព្រម​ព្រៀង​ដើម្បី​ថែរក្សា​ទន្លេ​មេគង្គ​ ​និង​ប្រើ​ប្រាស់​ទន្លេ​នេះ​ អាច​ប៉ាន់​ស្មាន​ពី​ប្រព័ន្ធ​ទន្លេ​មួយ​ដែល​ ​មិន​ធ្លាប់​កែ​ប្រែក្នុង​ប្រវត្តិ​សាស្រ្ត។​ ​នៅ​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក​ ​ពួកគេ​ត្រូវ​គ្រប់​គ្រង​ប្រព័ន្ធ​ទន្លេ​ដែល​ទើបតែ​នឹង​អភិវឌ្ឍន៍នេះ។​ ​ឥឡូវស្ថាប័ន​នានា​មិន​អាច​គ្រប់​គ្រង​វា​បាន​ល្អ​នោះ​ទេ។​ ​ដូច្នេះ​រហូត​មក​ទល់​ពេល​នេះ​ ​យើង​មានតែ​កិច្ច​ព្រមព្រៀង​ស្ម័គ្រ​ចិត្ត​សំខាន់​មួយគត់​ ​ដែល​ប្រទេស​ក្នុងអាង​ទន្លមេគង្គ​អនុវត្តន៍​ ​ដើម្បីគ្រប់​គ្រង​ទន្លេ​របស់​ខ្លួន​។​ ​កិច្ច​ព្រម​ព្រៀងនោះ​ ​គឺ​កិច្ច​ព្រមព្រៀង​បង្កើត​គណកម្មការ​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​១៩៩៥​ ហើយបច្ចុប្បន្ន​នេះ​ ​មិន​ទាន់មាន​បញ្ហា​នោះ​ទេ។​ ​ក៏​ប៉ុន្តែ​ឥឡូវ​ ​យើ​ង​បាន​ចាប់​ផ្តើម​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ ​ដែល​លើស​ពី​កិច្ច​ព្រមព្រៀង​គណកម្មការ​ទន្លេមេគង្គ​នោះ​ទៀត។​ ​យើង​មិន​ទាន់​មាន​ការ​គ្រប់គ្រង​ឲ្យ​ច្បាស់​នៅ​ឡើយ​។​ ​ស្ថាប័ន​ដែល​យើង​មាន​ ​ដូច​ជាប្រព័ន្ធ​ច្បាប់​ ​និង​ក្រប​ខណ្ឌ​ច្បាប់​ទាំង​ក្នុង​ប្រទេស​និង​រវាង​ប្រទេស​ ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ ​ដើម្បី​គ្រប់​គ្រង​ការ​អភិវឌ្ឍ​ ​ដែល​កែ​ប្រែធនធាន​ដ៏​ឆាប់​រហ័ស​នេះ​។​ ​នេះ​គឺ​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​ដោះ​ស្រាយ​នៅ​ពេល​នេះ។​ ​គណកម្មការ​ទន្លេមេគង្គ​បាន​បំពេញ​តួនាទី​ជា​របស់​ខ្លួន​ជា​ស្ថាប័ន​ប្រឹក្សាបាន​ល្អ។​ ​ប៉ុន្តែ​វា​មិន​មាន​អំណាច​ប្រតិបត្តិ​ ​ឬ​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ឬ​គ្រប់​គ្រង​អ្វី​ដែល​កើត​មាន​លើ​ទន្លេ​នេះ​បាន​ទេ។​ វា​មិន​មាន​សិទ្ធ​វេតូ​នោះ​ទេ។​ ​ដូច្នេះអ្នក​គ្រប់​គ្នា​នឹង​ត្រូវ​ប៉ះ​ពាល់​ ​គ្រាន់​តែ​ខុស​ពេល​វេលា​ ​និង​ខុសទីតាំង​ដែល​ពួកគេ​នឹង​ត្រូវ​ប៉ះ​ពាល់​។ នេះ​ជា​ទន្លេ​ដ៏​ធំ ​វា​មាន​ប្រវែង ជាង​៤០០០​ គីឡួម៉ែត​ ​ដែល​មាន​មនុស្ស​ ៣រយលាន​នាក់​រស់​នៅ។​

​VOA:​ ​តើ​លោក​ដឹង​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ត្រូវ​ប៉ះពាល់ទាក់ទិននឹង​ការ​ប្រែប្រួល​ទឹក​ទន្លេមេគង្​គដែរឬ​ទេ?​

​John: ខ្ញុំ​មិន​ដឹង​ទេ។​ ​បើសិន​ជា​មាន​អ្នក​ណា​ដឹង​ពី​ចំនួន​នេះ​ ​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់។​ ​យើង​អាច​មើល​ទៅ​លើ​ទីតាំង​ជាក់​លាក់​មួយ​ ​ប៉ុន្តែ​ទោះ​បី​ជា​ដូច្នោះ ​ខ្ញុំ​នៅតែ​មិន​ជឿ​ថា​មាន​អ្នក​អាច​ដឹង​បាន​ឡើយ។​

​VOA: តើ​យើង​អាច​និយាយ​ថា​ប្រហែល​ជា​មនុស្ស​រាប់​លាន​នាក់​ទេ?​

​John:​ ខ្ញុំ​នឹង​មិន​ប៉ាន់​ស្មាន​ដូច្នោះ​ទេ។​

​VOA:​ ​លោក​បាន​លើក​ឡើង​អំពី​ គណ​កម្មការ​ទន្លេមេគង្គ​ ឬ​MRC​ ​ដូចជា​ ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​រវាង​ប្រទេស​ ​និង​ប្រទេស​ ​ប៉ុន្តែ​វា​ហាក់​ដូច​ជា​មិនមាន​ប្រសិទ្ធភាព​ឡើយ។​ ឧទាហរណ៍​៖​ ​ទំនប់វារី​អគ្គិសនី Xayaburi ​ក៏​ដូច​ជា​ គម្រោង​បង្វែរ​ទឹក​នៅ​តំបន់​ព្រំដែន​ដោយ​រដ្ឋាភិបាល​ថៃ ដែល​ពួកគេ​ធ្វើ​គម្រោង​នេះ​ឡើង​ដោយ​ខ្លួន​ឯង។​ ​តើ​លោក​គិត​ថា​ MRC ​ដំណើរ​ការ​ទៅ​មុខ​ទេ​ទៅ​លើ​បញ្ហា​នេះ?​

​John: នៅ​ពេល​នេះ​ ​សេចក្តី​សម្រេច​ឯកតោភាគី​ ក៏​ដូច​ជា​ ​កិច្ចព្រម​ព្រៀង​ទ្វេភាគី​មួយ​ចំនួន​ ​ហាក់​ដូច​ជា​ ​កំពុង​តែ​ត្រូវ​បាន​រៀបចំ​ឡើង​ហើយ។​ មុននេះ​កិច្ចព្រមព្រៀង​ MRC​ ​នឹង​មាន​ការ​ផ្តល់​ ​ដំណឹង​ជា​មុន ហើយ​តម្រូវ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ផ្សេងៗ​។​ ​ឥឡូវ​នេះ​ ​រដ្ឋាភិបាល​ឡាវ​ទទួច​ថា​ ​ពួកគេ​ត្រូវ​ធ្វើការ​ពិនិត្យ​ពិច្ច័យ​ផ្សេង​ឡើង​វិញ​សិន​។​ ​ហើយ​ក៏​ដូច​គ្នា​ដែរ​ជាមួយ​នឹង​គម្រោង​បង្វែរ​ទឹក​របស់​រដ្ឋា​ភិបាល​ថៃ។​ ​ជាមួយ​នឹង​ទឡ្ហីករណ៍​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​គឺថា​ ​មិន​ចាំ​បាច់​មាន​ការ​ជូន​ដំណឹង​ផ្លូវ​ការ​ណា​មួយ​ទេ។​ ​ដូចនេះ​ខ្ញុំ​គិត​ថា មាន​ការ​យល់​ខុស​គ្នា​អំពី​អត្ថន័យ​របស់​កិច្ចព្រមព្រៀង​ ​MRC​ ​ឬ​គណ​កម្មការ​ទន្លេមេគង្គ។​ ​ហើយ​កិច្ចព្រមព្រៀង​ដែល​មិន​មាន​អត្ថន័យ​បញ្ជាក់​ច្បាស់​ ​បង្ក​ឲ្យ​មាន​ការ​យល់​ខុស​គ្នា​ ​ដោយ​សារ​តែ​មិន​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ណា​មួយ ​ឬ​ការ​អនុម័ត​ច្បាប់​ណាមួយ​ ​ឬ​សិទ្ធិ​នៅ​ក្នុង​ការ​បោះឆ្នោត​វេតូ។​ ​មិន​មាន​អង្គភាព​ណាមួយ​ដើម្បី​គ្រប់គ្រង​កិច្ចព្រមព្រៀង​ MRC ទាំង​មូល​ទេ។

​VOA:ផ្អែកលើ​ការ​យល់ដឹង​របស់​លោកអ្នក តើ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ? ហេតុអ្វី​បាន​ជា MRC មិន​មាន​ដំណើរការ​ទៅ​មុខ​ដោយ​រលូន? តើ​អ្វី​ទៅ​ជា​បញ្ហា​ចោទ​នៅ​ពី​ក្រោយ​នេះ?​

John: បណ្តា​ប្រទស​នានា​នៅ​ខាង​ក្រោម​ទន្លេ​មេគង្គ​ ពួកគេ​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពួកគេ។​ ​ពូកគេ​ចង់​ប្រែ​ផ្លាស់​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍ​ន៍តិច​បំផុត​ទៅ​កាន់​ប្រទេស​អភិវឌ្ឍន៍​ពេញលេញ​មួយ។​ហើយ ​ទឹក​ទន្លេ​មេគង្គ​ត្រូវ​បាន​យល់​ឃើញ​ថា ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​សម្រេច​គោលបំណង​នេះ​ ​មិន​ថា​ជា​លក្ខណៈ​ឧស្សាហកម្ម​ ឬ​កសិកម្ម​ក្តី។​ ប៉ុន្តែ​ពិត​ណាស់​ ​បរិស្ថាន​នៅ​តែ​ជា​ភាគី​ទាមទារ​សមស្រប​មួយ​ ក្នុងការ​ប្រើប្រាស់​ទន្លេ​នេះ​ផង​ដែរ។ ​ដូចនេះ​ ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ពឹង​ផ្អែក​លើ​ទន្លេនេះ​ ​ក៏​មាន​សិទ្ធិ​ទាមទារ​មួយ​ផង​ដែរ​ក្នុង​ការ​ប្រើប្រាស់​ទឹក​ទន្លេ​មេគង្គ។ ​ ​ប៉ុន្តែ​ជា​អកុសល​ ​បរិស្ថាន​មិន​ទាន់​មាន​សំឡេង​ផ្ទាល់​ខ្លួន​នា​ពេល​នេះ​ ​ឬ​អាច​ថា​ ​មាន​សំឡេច​តិចតួច​ណាស់​ ​ជា​មួយ​នឹង​ការ​វិវត្ត​ផ្សេងៗ​មក​ទល់​ពេល​នេះ។​ ​យើង​ឃើញ​មាន​ប្រយោជន៍​បញ្ច្រាស​គ្នា​ ​និង​តម្រូវ​ការ​ផ្ទុយ​គ្នា​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទន្លេ​មេគង្គ។​ ​ប៉ុន្តែ​បរិស្ថាន​ជា​ផ្នែក​មួយ​ ​ហើយ​មិន​មាន​សំឡេង​ខ្លាំង​ជុំវិញ​ការ​ប្រើប្រាស់​ទន្លេ​មេគង្គ​។​ ​នៅ​ពេល​ដែល​យើង​និយាយ​ពី​សិទ្ធិ​នៃ​ទន្លេ​មេគង្គ​ ​បរិស្ថាន​ក៏​មាន​សិទ្ធិ​ទៅ​លើ​ទឹកទន្លេ​នេះ​ផងដែរ។​ ប៉ុន្តែ​ បរិស្ថាន​មិន​ទទួល​បាន​ចំណែក​ច្រើន​នោះ​ទេ។​

VOA:​ តើ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ​ឬ​បណ្តា​ប្រទេស​នៅ​អនុតំបន់​មេគង្គ​គួរ​ពិនិត្យ​មើល​មេរៀន​ពី​ប្រទេស​ផ្សេងទៀត​ដែរ​ ឬ​ទេ?​

John:​ ​ពិត​ណាស់។​ ​ប្រទេស​ដទៃ​ផ្សេង​ទៀត​បាន​ឆ្លង​កាត់​បញ្ហា​នេះ។​ ​ពួកគេ​បាន​ឆ្លង​កាត់​ប្រព័ន្ធ​ទន្លេ​ដែល​មិន​មាន​ការ​កែ​ប្រែ​មួយ​ទៅ​កាន់​ប្រព័ន្ធ​ទន្លេ​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ក្លា​មួយ។​ ​ហើយ​មាន​មេរៀន​ច្រើន​ណាស់​ដែល​អាចរៀន​ពី​នេះ។​ ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​ ​ជា​មេរៀន​ដើម្បី​បញ្ជៀស​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​តាំង​ពី​ដើមទី។​ ​ប៉ុន្តែ​ វា​មាន​ការ​លំបាក​ណាស់​នៅ​ពេល​ដែល​អ្នក​មាន​ប្រព័ន្ធ​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ក្លា​មួយ។​ ​តើ​អ្នក​អាច​បំបាត់​ទំនប់​វារី​អគ្គិសនី​យ៉ាង​ដូចម្តេច?​ ​តើ​ទំនប់​វារី​អគ្គិសនី​នោះ​កំពុង​ជះ​ឥទ្ធិពល​អ្វី?​ ​វា​ពិត​ជា​លំបាក​ណាស់។​ ​ដូចនេះ​ ​គួរ​តែ​បញ្ជៀស​បញ្ហា​ផ្សេងៗ​ពី​ដើម​ទី។​ ​ពិត​ណាស់​ ​នៅ​សហរដ្ឋអាមេរិក​ ​អឺរ៉ុប​ ​អាស៊ី​ ​និង​អូស្ត្រាលី​ ​មាន​ឧទាហរណ៍​ជា​ច្រើន​ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ឆ្លង​ព្រំដែន​ ​ដូចជា​បញ្ហា​ទន្លេ​មេគង្គ​និង​មេរៀន​ជា​ច្រើន ​ដែល​ត្រូវ​រៀន​ ​ក៏ដូច​ជា​ របៀប​ញ្ចៀស​បញ្ហា​ផ្សេងៗ​ ​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​អនាគត។​

​VOA: មាន​ការ​អះអាង​ជា​ ច្រើន​ដែលថា​ ​គម្រោង​ធំៗ​មួយចំនួន​ ​ដូចជា​ ​គម្រោង​បង្វែរ​ទឹក​ទន្លេ​នៅ​ប្រទេស​ថៃ ​នៅ​ទន្លេ​លីយ​ ​ក៏ដូចជា​ ​ទំនប់​វារី​អគ្គិសនី​ Xayaburi​ ​នឹង​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​ដែល​បុគ្គល​អ្នក​មាន​ ឬ​ក្នុង​ក្រុមហ៊ុន​អាជីវកម្ម​ប៉ុណ្ណោះ។ ​តើ​លោក​គិត​ដូចម្តេច​ដែរ​ចំពោះ​បញ្ហា​នេះ?

​John: ខ្ញុំ​បានក៏ធ្លាប់​លឺ​ពី​ការ​អះអាង​ដូចនេះដែរ​ ​គេ​តែង​លើក​បញ្ហា​នេះ​មក​និយាយច្រើន។​ តែមក​ដល់​ពេល​នេះ​ ​យើង​មិន​ទាន់​បាន​ដឹង​គ្រប់គ្រាន់​ពី​គម្រោង​បង្វែរ​ទឹក​នោះ ដំណាក់​កាល​នៃ​ការ​សាងសង់់​គម្រោង​ដើម្បី​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ជាក់​លាក់​នៅ​ឡើយ។​ ​យើង​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​ ​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ធ្វើសេចក្តីសន្និដ្ឋាន​ដោយ​មិន​លម្អៀង​ណាមួយ​នោះ​ទេ។​ ​ពី​ទស្សនៈ​វិទ្យាសាស្រ្ត​ យើង​មិនទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​និយាយ​ថា​ ​អ្នក​ណា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ ​ហើយ​អ្នកណា​មិន​ទទួល។​ ​វា​នឹង​អាច​ជួយ​ច្រើន​ ​ប្រសិន​បើ​យើង​មាន​ការ​វាយតម្លៃ​បែប​វិទ្យាសាស្រ្ត​ណា​មួយ។​ ការ​ទទួល​បាន​ព័ត៌មាន​នោះ​ នឹង​អាច​ជួយ​បាន​ច្រើន។ ​

​VOA: សំណួរ​ចុង​ក្រោយ​ ​គឺ​ថា​ ​លោក​បាន​លើក​ឡើង​ពី​គោលនយោបាយ​ ​និង​យុទ្ធសាស្រ្ត​ពី​អ្វី​ដែល​រដ្ឋភិបាល​ ឬ​បណ្តា​ប្រទេស​នៅ​អនុតំបន់​មេគង្គ​គួរអនុវត្ត។ តើ​គោលនយោបាយ​ ​និង​យុទ្ធសាស្រ្ត​នោះ​មាន​អ្វី​ខ្លះ?​

​John:​ ​វា​មិន​មែន​ជា​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ​ទេ។​ ​វា​ជា​បទ​ពិសោធន៍​មួយ​ ​ដែល​យើង​បាន​ឃើញ​ថា​ ​មាន​ជោគជ័យ​នៅ​ប្រទេស​ដទៃ​ទៀត។​ ​ខ្ញុំ​ចង់​និយាយ​ថា​ ​ប្រសិន​បើ​អ្នក​នឹង​ចម្លង​ប្រទេសណា​មួយ​ ​ឬ​ប្រើ​ព័ត៌មាន​ពី​ប្រទេស​ដទៃ​ ​វា​ជា​ការ​ប្រសើរ​នៅ​ក្នុង​ការ​ពិនិត្យ​មើល​ថា​ ​អ្វី​តើ​ដែល​មាន​ដំណើរការ​ទៅ​ល្អ ហើយ​គួរ​អនុវត្ត​តាម​នៅ​ក្នុង​តំបន់​នោះ​ ​និង​ជៀសវាង​អ្វី​ដែល​មិន​ដំណើរការ។​ ​ដូចនេះ​យើង​មិន​ត្រូវ​និយាយ​ថា​ ​គួរ​ឬ​មិន​គួរនោះទេ។​ ខ្ញុំ​ចង់​និយាយ​ថា​មើល​ទៅ​ភស្តុតាង​ដែល​មាន​ជុំវិញ​ ​ហើយ​ប្រើ​ភស្តុតាង​នោះ​ នៅ​ក្នុង​បែប​ផែន​ដ៏​ល្អ​ប្រសើរ​បំផុត​។​

​VOA: ​បាទ!​ ​សូមអរគុណ​ លោក​ John Ward​! ​លោក​ John Ward​ ​គឺ​ជា​សេដ្ឋវិទូ​ផ្នែក​អេកូឡួស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេមគង្គ។​ ​សូម​អរគុណ​ ​លោក​!​

​John:​ បាទ!​ អរគុណ​៕​

XS
SM
MD
LG