ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធ​កសិករ​ស្នើ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​រាយ​ការណ៍​បន្ទាន់​សម្រាប់​ករណីមន្ត្រី​ឃុបឃិត​​នាំចូល​​បន្លែ​ផ្លែ​ឈើ​ផ្ទុក​សារធាតុ​គីមី​ពុល


រូបឯកសារ៖ កម្មករស៊ីឈ្នួលប្រមូលបន្លែឲ្យគេក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ កម្មករស៊ីឈ្នួលប្រមូលបន្លែឲ្យគេក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​រាយ​ការណ៍​បន្ទាន់​តាម​ទូរស័ព្ទ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​រាយ​ការណ៍​អំពី​ករណី​សង្ស័យ​ទៅ​លើ​មន្ត្រី ​ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ចដែល​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​បន្លែ ​និង​ផ្លែឈើដែល​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​ពី​ប្រទេស​ជិត​ខាង​ ចូលក្នុង​ប្រទេស។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​បានផ្ញើ​លិខិត​មួយ​ច្បាប់​ បង្គាប់​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំងអស់​ជាប់​ព្រំប្រទល់​ប្រទេស​ជិត​ខាងកម្ពុជា ​ទប់​ស្កាត់ការ​នាំ​បន្លែ​ និង​ផ្លែឈើ​ដែល​មាន​ជាតិ​គីមី​ពុល​ និងទំនិញ​ខូច​គុណភាពចូលមក​ក្នុង​ប្រទេស។​

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ដែល​តំណាង​ឲ្យ​គ្រួសារ​កសិករ​នៅ​តាម​ជនបទ​ប្រមាណ ​២​ ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ នៅ​ថ្ងៃ​នេះ​ថា៖​

«ក្រសួង​មហាផ្ទៃ និង​រដ្ឋាភិបាល​ត្រូវ​បង្កើត​ប្រព័ន្ធ​រាយ​ការណ៍​បន្ទាន់​តាម​ទូរស័ព្ទ ​(Hot line)»​សម្រាប់ប្រជា​ពលរដ្ឋ​រាយ​ការណ៍​អំពី​ «មន្ត្រី ​ឬ​អាជ្ញាធរ​ណា​ដែល​បាន​ធ្វើ​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​បើក»​ ដៃ​ឲ្យ​មាន​ការនាំបន្លែ​ ផ្លែឈើ ​ដែល​មាន​ផ្ទុក​សារធាតុគីមី​ពុល​ពី​ប្រទេស​ជិត​ខាង​ ចូល​ប្រទេស​កម្ពុជា។​

កន្លង​មក ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​រអ៊ូរទាំ​អំពី​ការ​នាំយក​បន្លែ​ ផ្លែឈើ​ និង​ទំនិញ​ខូចគុណភាព​ផ្សេងៗ​ទៀត​ ពី​ប្រទេស​ជាប់​ភូមិផង​របស់​ជាមួយ​គ្នា​ ជា​ពិសេស​គឺ​វៀតណាម ​និង​ថៃ​ ចូល​មក​ក្នុង​ប្រទេស។​

សមាគម​កសិករលើក​ឡើង​ថា ​ការ​អនុញ្ញាត​ឲ្យ​នាំ​យក​ទំនិញ​ខូច​គុណភាព​ និង​ជាពិសេស​បន្លែ​ និង​ផ្លែ​ឈើ​ដែល​មាន​សារធាតុ​គីមី​ពុល ​ចូលមក​ក្នុង​ប្រទេស​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ​និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ៕

XS
SM
MD
LG