ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កម្ពុជា​ពន្យារ​ពេល​សវនា​ការលើ​ជនជាតិ​អូស្រ្តាលី​ដែល​បាន​បង្ហោះ​ដ្រូន​ក្នុង​ក្បួន​ដង្ហែ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​


អ្នកផលិត​ភាពយន្ត​​ឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក​​ James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​​មក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)
អ្នកផលិត​ភាពយន្ត​​ឯកសារ​សញ្ជាតិ​អូស្រា្តលី​ ​លោក​​ James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​​មក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

តុលាការកម្ពុជាបានពន្យារពេលមួយខែលើការកាត់ទោសផលិតករភាពយន្តជនជាតិអូស្ត្រាលីម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនសម្រាប់ការបង្ហោះដ្រូន (drone) នៅឯការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។

ការ​ពន្យារ​ពេល​កាត់ទោស​ផលិតករ​ភាពយន្ត​ ជនជាតិ​អូស្ត្រាលី​ លោក​ James Ricketson​ វ័យ​៦៩ឆ្នាំ​រូបនេះ​ សម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៥ តាម​សំណើ​របស់​លោក​ផ្ទាល់។​ លោក​បាន​និយាយ​ថា​ក្រុម​មេធាវី​នៅ​មិន​ទាន់​បាន​ឃើញ​ពាក្យ​បណ្តឹង​ប្រឆាំង​និង​លោក​ ឬក៏​មាន​ភស្តុតាង​តិចតួច​បំផុត​ក្នុង​ការចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​រូប​លោក។ លោក​បាន​ប្រាប់​ទៅ​កាន់​តុលាការ​តាម​សម្តី​ដើមថា៖

«វា​គឺ​ជា​សិទ្ធិ​របស់​ខ្ញុំ​ស្រប​តាម​ផ្លូវ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​នូវ​ភស្តុតាង​នៃ​ទោស​កំហុស​របស់​ខ្ញុំ។​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បង្កើត​នូវ​ការ​ការពារ​ចំពោះ​មុខ​តុលាការ​បាន។ ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​ ខ្ញុំ​មិន​បាន​ទទួល​ភស្តុតាង​ណា​មួយ​ឡើយ»។

លោក​ Ricketson​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង​នេះ​ ត្រូវបាន​រំលាយ​កាល​ពី​ចុង​ឆ្នាំ​មុន​ដោយ​ចោទ​ថា​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ចូល​មក​ដល់​នៅ​ក្នុង​ខែ​កក្តដា​ខាង​មុខ​នេះ។

អ្នកផលិត​ភាពយន្តឯកសារ​សញ្ជាតិ​អូស្ត្រាលី​ ​លោក James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យកមក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)
អ្នកផលិត​ភាពយន្តឯកសារ​សញ្ជាតិ​អូស្ត្រាលី​ ​លោក James Ricketson​ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចោទថា​ជា​ ​អ្នកផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​លោក​ ​សម រង្ស៊ី​ ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យកមក​បង្ហាញ​ខ្លួន​ ​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃពុធ​ ទី១៧ ខែមករា ឆ្នាំ២០១៨។ (ហ៊ុល រស្មី/VOA)

លោក Ricketson ត្រូវ​បាន​ចោទប្រកាន់​ពី​បទចារកម្ម ​ដែល​បាន​ចែង​ក្នុង​មាត្រា​៤៤៦​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ មាត្រា៤៤៦​ហាមឃាត់​ការ​ប្រមូល​ព័ត៌មាន ​ដែល​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​១០ឆ្នាំ​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស។

លោក​ព្រះរាជអាជ្ញា​ សៀង សុខ​ បាន​បញ្ជាក់​ថា​លោក​ Ricketson ​នឹង​ត្រូវ​កាត់​ទោស​ស្រប​តាម​មាត្រា៤៤៦​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ព័ត៌មាន​បន្ថែម​ពី​បទចោទ​ជាក់លាក់​លើ​ជនជាតិ​អូស្រាលី​រូប​នេះ​នោះ​ទេ។

លោក Ricketson បាន​ប្រាប់​តុលាការ​ថា តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​មក​ លោក​បាន​ឃើញ​តែ​ឯកសារ​កម្រាស់​១១ទំព័រ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​ជាមួយ​នឹង​របាយការណ៍​របស់​នគរបាល​ និង​សារ​អ៊ីមែល​ ចំនួន២៥​ ដែល​បាន​ទាញ​យក​ពី​កុំព្យូទ័រ​របស់​លោក​ ដែល​ឯកសារ​ទាំងនេះ​បាន​ចងក្រង​ដោយ​ចៅក្រម​ស៊ើបសួរ​ ពេជ្រ វិជ្ជាធរ។

ចៅក្រម​ស៊ើបសួរ​លោក​ ពេជ្រ វិជ្ជាធរ​ មិន​បាន​ផ្តល់​ការអត្ថាធិប្បាយ​ណាមួយ​ឡើយ​ដល់​ VOA កាល​ពី​ថ្ងៃ​សុក្រ​ ទី១៥​ ខែ​មិថុនា​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លម្អិត​អំពី​បទ​ចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​លោក​ Ricketson​ ដោយ​រុញ​ឲ្យ​ទៅ​សួរ​ អ្នក​នាំ​ពាក្យ​តុលាការ។

លោក​លី សុផាន់ណា​ ក៍​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ណាមួយ​ដែរ។ ការ​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ​លោក​ ពេជ្រ វិជ្ជាធរ​ បាន​បិទ​បញ្ចប់​កាល​ពី​ចុង​ខែ​មុន។ ប៉ុន្តែ​លោក​ Ricketson​ ក៍​បាន​ប្រាប់​តុលាការ​ផង​ដែរ​ថា​ លោក​មិន​បាន​ទទួល​ដីកា​កោះហៅ​ ឬ​ក៏​ដីកា​ចោទប្រកាន់​ណាមួយ​នោះ​ទេ​មុន​ពេល​សវនការ។

អ្នក​តំណាង​របស់​ស្ថានទូត​អូស្រាលី​ដែល​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ​ បាន​បដិសេធ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ណា​មួយ​ឡើយ។

ចៅក្រម​ជំនុំជម្រះ​ លោក ​សេង លាង​ បាន​ទទួល​ស្គាល់​សិទ្ធិ​ស្របច្បាប់​របស់​លោក​ Ricketson ក្នុង​ការ​មើល​សំណុំរឿង​ ហើយ​លោក​បាន​ប្រាប់​ថា​កាល​បរិច្ឆេទ​សវនការ​ថ្មី​ នឹង​ត្រូវ​កំណត់​ក្នុង​អំឡុង​ពេល​តិច​ជាង​មួយ​ខែ។

លោក​ Ricketson ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​រួម​ជា​មួយ​អ្នកទោស​ចំនួន​ជាង​១២០នាក់​ផ្សេង​ទៀត​ រហូត​ដល់​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កាល​ពី​ចុង​ខែ​មុន។ គ្រួសារ​របស់​លោក​បាន​ប្រាប់​ថា​សុខភាព​របស់​លោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង៕

ប្រែសម្រួលដោយ យូ សុធារី

XS
SM
MD
LG