នៅពេលដែលការរាប់សន្លឹកឆ្នោតកំពុងតែបន្តដំណើរទៅមុខ ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកថ្ងៃទី៣ ខែវិច្ឆិកា តំណាងខ្មែរអាមេរិកាំងដែលបានចេញទៅបោះឆ្នោតនៅតាមរដ្ឋខ្លះក្នុងចំណោមរដ្ឋទាំង ៥០ បានថ្លែងថា ពួកគេចង់ឃើញប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បន្តកាន់មុខតំណែងដើម្បីការរីកចម្រើនសេដ្ឋកិច្ចសង្គម និងសន្តិសុខ តែថា ពួកគេនឹងមិនសប្បាយចិត្តខ្លះដែរ ក្នុងការទទួលយកលទ្ធផលបោះឆ្នោត ដែលអាចចេញមកបង្ហាញថា លោក ចូ បៃឌិន ទទួលជ័យជម្នះផ្ទុយពីការចង់បាននោះ។
ក្រុមពលរដ្ឋ ទាំងខ្មែរអាមេរិកាំង និងពលរដ្ឋអាមេរិកាំង ហើយនិងមេដឹកនាំក្នុងពិភពលោកកំពុងផ្តោតការតាមដានការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក ដែលការប្រទាញប្រទង់គ្នាខ្លាំងក្នុងពេលរាប់សន្លឹកឆ្នោតក្រោយការបោះឆ្នោតបានបញ្ចប់ទូទាំងប្រទេសកាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីរើសបេក្ខជនប្រធានាធិបតីមួយរូបក្នុងចំណោមពីររូប នឹងត្រូវកាន់មុខតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកតាមការផ្តល់សិទ្ធិដោយសន្លឹកឆ្នោតរបស់ពលរដ្ឋ ដែលចង់ឃើញការផ្លាស់ប្តូរជាច្រើនក្នុងសង្គមអាមេរិក ។
លោក ជា មាស ខ្មែរអាមេរិកាំងមកពីទីក្រុងភីឡាឌែលហ្វីយ៉ា រដ្ឋភេនស៊ីលវីនៀ បានថ្លែងថា លោកចង់ឃើញលោក ត្រាំ ដឹកនាំប្រទេសបន្ត ដោយសារលោកមានសមត្ថភាពដឹកនាំប្រទេសខ្លាំងទាំងសេដ្ឋកិច្ច ការបរទេស និងច្បាប់។
«ស្ថាប័នទាំងបី បួនហ្នឹង ខ្ញុំចង់បានឲ្យលោក ត្រាំ បន្តទៀត បើគាត់ជាប់ជាប្រធានាធិបតី ហើយបើលោក ចូ បៃឌិន ជាប់ក៏មិនជាបញ្ហាអីដែរ ខ្ញុំសូមគោរពសិទ្ធិជាប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ហើយយើងនឹងមិនទៅធ្វើកុបកម្ម បាតុកម្មអីទៀតទេ។ យើងសង្ឃឹមថា ស្ថាប័នបោះឆ្នោតនៅសហរដ្ឋអាមេរិកត្រឹមត្រូវ»។
លោកបារម្ភពីលោក ត្រាំ ដែលត្រូវអាក់ខានដោយការមិនអាចបន្តកាន់មុខតំណែង ប្រសិនបើត្រូវផ្តួលដោយលោក ចូ បៃឌិន ជាគូប្រជែងនយោបាយដ៏ស្វិតស្វាញក្នុងពេលបោះឆ្នោតនេះ។
«ខ្ញុំខកចិត្តខ្លាំងដោយសារទី១រឿងសន្តិសុខជាតិ»។
លោក ថ្លែងដូច្នេះ លោកចង់ឃើញលោកត្រាំ កែប្រែខ្លាំងនៅអាណត្តិបន្ត ដូចជាផ្នែកសន្តិសុខដែលពលរដ្ឋមានការបារម្ភខ្លាំងទាំងផ្ទៃក្នុង និងសន្តិសុខអន្តរជាតិ បញ្ហារឿងឥទ្ធិពលចិន និងការរំលោភសិទ្ធិមនុស្ស តែគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យ លោកថា បើលោក បៃឌិន ជាប់ឆ្នោតនោះទំនងជា មិនបានជួយដោះស្រាយដូចលោក ត្រាំ ខាងគណបក្សសាធារណរដ្ឋទេ។ បញ្ហាផ្សេងទៀតដែលលោក ត្រាំ នឹងគ្រោងធ្វើ បង្កើនការងារដល់ពលរដ្ឋអាមេរិកាំង និងផ្នែកសុខាភិបាលជាដើម។
លោក បួរវ៉ាត់ សិទ្ធិ ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋវ៉ាស៊ីនតោន បានថ្លែងសរសើរលោក ត្រាំដែលបានធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន មានការងារធ្វើច្រើន មានការកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងទំនងជានាំការងារច្រើនចូលមកក្នុងប្រទេសអាមេរិកវិញ ពីចិន និង ប្រទេសផ្សេងៗ បើលោក ត្រាំ ជាប់ឆ្នោត តែសម្តែងការខកចិត្តបើលោក ត្រាំមិនជាប់ឆ្នោតជាថ្មី។
«សោកស្តាយ ដូចថាយើងស្តាយ ដូចថា អាក់អន់ចិត្តក៏បាន ស្តាយគាត់ៗខំប្រឹងប្រែងធ្វើការច្រើនក្នុងរយ:បីជិតបួនឆ្នាំចុងក្រោយនេះ គាត់ធ្វើបានមានប្រសិទ្ធភាព»។
លោកបានពន្យល់ថា បើលោក ត្រាំ ឈ្នះម្តងទៀតលោកជឿថា បញ្ហាអសន្តិសុខនឹងកាត់បន្ថយបាន ព្រោះលោក ត្រាំ ជាមនុស្ស ដែលគោរពច្បាប់ និងចាត់វិធានការលើមនុស្សដែលបង្កអសន្តិសុខ ជាពិសេសនៅក្នុងរដ្ឋអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ ដូចជារដ្ឋវ៉ាស៊ីនតោន។
«បើសិនជាលោក ត្រាំ គាត់ឈ្នះម្តងទៀត រដ្ឋដែលកាន់ជើងបាតុកម្មហ្នឹង នឹងអាចស្ងប់ និងមានសន្តិសុខ»។
លោកថា លោកនិងពលរដ្ឋនានាមានការធុញទ្រាន់ទៅនឹងការដុតបំផ្លាញ អំពើហិង្សា បង្កចលាចល អសន្តិសុខ អនាធិបតេយ្យ ដែលជារឿងមិនល្អសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និង មុខជំនួញការងារជាដើម។
លោកថ្លែងដូច្នេះយោងថា លោក ត្រាំ បានបញ្ជូនទាហានបង្ក្រាបបាតុកម្ម អំពើហិង្សាខុសច្បាប់ ហើយមួយទៀតលោកអាចធ្វើច្បាប់ជួយដល់រដ្ឋមួយៗដោះស្រាយបាតុកម្មខុសច្បាប់និងអំពើហិង្សាបាន។ លោកបញ្ជាក់ថា អំពើអសន្តិសុខនឹងប៉ះពាល់ច្រើនដល់ជីវភាព ទាំងខ្មែរ និងអាមេរិកាំង បើសិនជាក្រុមហ៊ុនដកចេញពីរដ្ឋវ៉ាស៊ីនតោន ដែលលោកថា មានក្រុមហ៊ុនជាច្រើនដូចជា Microsoft ក្រុមហ៊ុនផលិតយន្តហោះ Boeing ក្រុមហ៊ុនលក់តាមអនឡាញAmazon ជាដើមនោះ។ លោក បួរវ៉ាត សិទ្ធិ បានបន្តថា លោក បៃឌិន នឹងបង្កើនពន្ធដារមិនអាចដោះស្រាយបញ្ហាផ្សេងៗជាមួយចិនបានទេដោយសារលោកមានទំនាក់ទំនងជាមួយចិនខ្លាំង។
«មួយទៀតការទប់ទល់ជាមួយចិនហ្នឹង បើលោក ត្រាំ ជាប់ឆ្នោតជាថ្មីទៀត ការទប់ទល់សេដ្ឋកិច្ចជាមួយចិនហ្នឹងយើងអាចទប់ទល់បាន យើងអាចយករោងចក្រត្រឡប់មកសហរដ្ឋអាមេរិកបាន»។
លោក ទូច វិបុល មកពីរដ្ឋ North Carolina បាននិយាយថា សម្រាប់លោក ក៏មិនមានបញ្ហាអ្វីដែរ ទោះជាបេក្ខជនណាជាប់ឆ្នោត តែរឿងសំខាន់គឺលោកចង់ឃើញថាប្រធានាធិបតីថ្មីគិតពីបញ្ហា ធានារ៉ាប់រងសុខភាពបានប្រសើរជាងមុន បង្កលក្ខណ:ងាយស្រួលក្នុងការទទួលបានសេវាកម្មនេះដល់ពលរដ្ឋទូទៅ និងពលរដ្ឋខ្មែរដោយស្មើភាព មានការគិតគូរដល់សេដ្ឋកិច្ច ការងារឲ្យមានការរីកចម្រើនខ្លាំងជាងមុន ដោះស្រាយអន្តោប្រវេសន៍ឲ្យបានល្អប្រសើរ មានយុត្តិធម៌ ទាំងការធ្វើច្បាប់ និង ការអនុវត្តច្បាប់។
«ទោះបីប្រធានាធិបតីណាជាប់ក៏ដោយ ប្រធានាធិបតីណាមួយជាប់ក៏ដោយប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកគឺជាប្រទេសគោរពច្បាប់ជាគោលជាធំ ទោះបីនរណាជាប់ក៏មិនមានចំណោទបញ្ហាអ្វីដែរ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាល និងអ្នកតំណាងជាច្រើនរូបដែលលោកបានបោះឆ្នោតជូននៅថ្ងៃទី៣ ខែវិច្ឆិកា ដោយទុកចិត្តថា ពួកគេជាអ្នកតំណាងល្អ ជាមន្ត្រីល្អសម្រាប់បម្រើពលរដ្ឋ។ តែទាក់ទងនឹងក្តីបារម្ភរឿងតវ៉ា ឬមានបាតុកម្មក្រោយការបោះឆ្នោត ហើយលទ្ធផលដែលចេញមកនឹងមិនដូចបំណងរបស់គូភាគីមួយក្នុងចំណោមទាំងពីរ លោក វិបុល បានថ្លែងថា៖
«ធម្មតាទេ កាលណាបោះឆ្នោតហើយ អ្នកដែលឈ្នះតែងតែត្រេកត្រអាលហើយៗអ្នកដែលចាញ់ជាធម្មតាតែងតែមានការរអ៊ូរទាំខ្លះ»។
ទោះបីជាមានការខ្វាយខ្វល់មុនការបោះឆ្នោតក៏ដោយ ក៏ពលរដ្ឋអាមេរិកាំងរាប់លាននាក់ បានទៅបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងដំណើរការមួយ ដែលភាគច្រើនបានប្រព្រឹត្តទៅយ៉ាងរលូន៕