ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តំណាង​រាស្រ្ត​ស្រ្តី​ខ្មែរ​អាមេរិកាំង​ជួប​បញ្ហា​ប្រឈម​ថ្មី​ក្នុង​ប្រទេស​កំណើត


លោកស្រី ទេព សុទ្ធី (ឆ្វេង) សមាជិក​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី)k)
លោកស្រី ទេព សុទ្ធី (ឆ្វេង) សមាជិក​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី)k)

លោកស្រី​ ទេព សុទ្ធី ​គឺ​ជា​អ្នក​តំណាងរាស្រ្ត​ប្រចាំ​ខេត្ត​តាកែវ​របស់​គណបក្ស​សង្គ្រោះជាតិ។

អ្នក​តំណាង​រាស្រ្ត​ថ្មី​មួយ​រូប​ដែល​បាន​ចំណាយ​ពេល​ស្ទើរ​ពាក់​កណ្តាល​ជីវិត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រទះ​នឹង​បរិយាកាស​នយោបាយ​មួយ ​ដែល​សំឡេង​ប្រឆាំង ​និង​សំឡេង​ស្រ្តី​នៅ​មិន​ទាន់​ទទួល​បាន​ការ​គោរព​ច្រើន​នៅ​ឡើយ ក្នុង​ពេល​ដែល​លោកស្រី​វិល​ត្រឡប់​មក​ប្រទេស​កំណើត​ដើម្បីជំរុញ​នូវ​ទស្សនៈ​នយោបាយ​មួយ ​ដែល​ខ្លួន​ទទួល​បាន​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី​ ទេព សុទ្ធី ​គឺ​ជា​អ្នក​តំណាងរាស្រ្ត​ប្រចាំ​ខេត្ត​តាកែវ​របស់​គណបក្ស​សង្គ្រោះជាតិ។ លោកស្រី​បាន​លាឈប់​ពី​ការងារ​ជា​គ្រូ​បង្រៀន​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​នឹង​គណបក្ស​មិន​កាន់​អំណាច។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ VOA នាសប្តាហ៍​នេះ ​លោកស្រី​ ទេព សុទ្ធី ​បាន​ធ្វើការ​ប្រៀបធៀប​រវាង​ស្ថានភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ ដែល​លោកស្រី​បាន​រស់​នៅ​អស់​ជាច្រើនឆ្នាំ ​និង​ស្ថានភាព​ពលរដ្ឋ​កម្ពុជា ​ដែល​លោក​ស្រី​ពេលនេះ​គឺ​ជា​តំណាង​មួយ​រូប។

«នៅ​សហរដ្ឋ​អាមេរិក​ប្រជាពលរដ្ឋ​ គាត់​មាន​ការ​ចេះ​ដឹង​ ហើយ​គាត់​មាន​ថវិកា​ គាត់​ញ៉ាំឆ្អែត​ដល់​ចឹង​ទៅ​ពេល​មាន​ការ​អ្វី​ គេ​ចេះ​សរសេរ​ទៅ​តំណាងរាស្រ្ត​គេ​ គេ​ហ៊ាន​សួរ​ គេ​ហ៊ាន​និយាយ។ នៅ​ស្រុក​ខ្មែរ​យើង​វិញ​ មនុស្ស​ភាគច្រើន​មិន​សូវ​ហ៊ាន​និយាយ​ហ៊ាន​សរសេរ​សួរ‍»។

ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​ ដែល​ចូលប្រឡូក​ក្នុ​ង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា​លោកស្រី​បាន​ឃើញ​ពី​ទំហំ​នៃ​ការ​ភ័យខ្លាច​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​លោកស្រី​ជួប និង​ហេតុការណ៍​ដែល​ខ្លួន​គាត់​ផ្ទាល់​បាន​ជួប​ប្រទះ៖​

«នៅ​ស្រុក​ខ្មែរ ​វា​មាន​ការ​ភ័យខ្លាច ​ហើយ​មាន​ការ​គាប​សង្កត់​ក្នុង​សិទ្ធិ​សេរីភាព​និយាយ​ស្តី។​ មិនមែន​តែ​ត្រឹម​ប្រជាពលរដ្ឋ​ទេ ​គឺ​ថា​តំណាងរាស្រ្ត ហើយ​មិន​ត្រឹម​តែ​តំណាងរាស្រ្ត​ដូច​នាងខ្ញុំ​ទេ ​សូម្បី​ប្តី​នាង​ខ្ញុំ​ជា​ជនជាតិ​បរទេស​ក៏គេ​គាប​ដែរ‍»។​

ការ​គាប​សង្កត់​នេះ​ បើ​តាម​លោកស្រី​បញ្ជាក់​ គឺ​តាម​រូបភាព​បំភិតបំភ័យ​ដោយ​កម្លាំងប៉ូលិស​ និង​ទាហាន និង​មាន​រថយន្ត​ដេញ​តាម​ពេល​ឃោសនា​បោះឆ្នោត​ជាដើម។​

លោកស្រី​បន្ថែម​ថា៖​«កាល​ពី​ឃោសនា​២០១៣ហ្នឹង​ នាងខ្ញុំ​ទម្រាំ​បាន​ជាប់​តំណាងរាស្រ្ត​ នាងខ្ញុំ​ភ្នែក​ស ភ្នែក​ខ្មៅ មិន​ដឹង​រក​ពុទ្ធោ​ប៉ុន្មាន​ដង​ទេ‍»។

ប៉ុន្តែ លោកស្រី​យល់​ឃើញ​ថា ​និន្នាការ​នេះ​បាន​ផ្លាស់​ប្តូរ​បន្តិច ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះបាន​អាសនៈ​ចំនួន​៥៥ ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​បាត់​បង់​សំឡេង​ជាច្រើន។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣។ មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភាជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា។

លោកស្រី ទេព សុទ្ធី ធ្លាប់​បម្រើ​ការងារ​ជា​គ្រូប​ង្រៀន​នៅ​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​ឈីកាហ្កោ​ (Chicago) រដ្ឋ​អ៊ីលីណយ (Illinois) មុនពេល​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ។ ក្នុង​ឆ្នាំ​២០១០​លោកស្រី​បាន​សម្រេច​ចូលរួម​ជាមួយ​នឹង​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល ដឹកនាំ​ដោយ​លោក កឹម សុខា។ នៅ​ឆ្នាំ​២០១២ គណបក្ស​ សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ច្របាច់​បញ្ចូល គ្នា​ ដើម្បី​បង្កើត​ជា​គណបក្ស​សង្គ្រោះជាតិ។

ក្នុង​ប្រទេស​កម្ពុជា​ លោកស្រី​ត្រូវ​តែ​ធ្វើ​សកម្មភាព​ ដូច​គ្នា​នឹង​អ្នក​នយោបាយ​កម្ពុជា​ធ្លាប់​តែ​ធ្វើ​ដែរ​គឺ​ការ​ចុះ​ចែក​អំណោយ​ និង​ស្វែង​រក​ថវិកា​ដើម្បី​ជួយ​ដល់​ការ​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​រង​សម្ពាធ​នយោបាយ​ជា​ខ្លាំង​ក្នុង​រយៈ​ពេល​ជិត​៦ខែ​ចុងក្រោយ​នេះ​ ដោយ​ប្រធាន​គណបក្ស​គឺ​លោក សម រង្ស៊ី​ ត្រូវ​ដកពី​តួនាទី​អ្នក​តំណាងរាស្រ្ត​ឱ្យ​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ ហោ ណាំហុង អនុប្រធាន​គណបក្ស​ គឺ​លោក​ កឹម សុខា ត្រូវ​បាន​ដក​តំណែង​ពី​អនុប្រធាន​សភាជាតិ អ្នក​តំណាង​រាស្រ្ត​ចំនួន​ពីរនាក់​ ត្រូវ​គេ​វាយ​ប្រហារ និង​ការ​ចាប់​សកម្មជន​គណបក្ស​ដាក់​ពន្ធនាគារ​ជាដើម។​

ការ​វាយ​ប្រហារ​ទាត់​ធាក់​លើ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ប្រព្រឹត្តិ​ឡើង ​ដោយ​ក្រុម​បាតុករ​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​កាលពី​ចុង​ឆ្នាំ​២០១៥ ​ធ្វើ​ឱ្យ​លោកស្រី​ ទេព សុទ្ធី​ ស្លុត​នឹង​ស្ថានភាព​នយោបាយ​កម្ពុជា។​

លោក​ស្រី​បាន​បញ្ជាក់​ថា៖​«នាងខ្ញុំ​ក្នុង​ចិត្ត​ដល់​មើល​អីចឹង​ទៅ​ស្តាយ​ខកចិត្ត​ដែល​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា​ហើយ​ដល់​ឃើញ​អីចឹង​ទៅ​គេ​មើល​ងាយ។ គេ​មើល​ងាយ​ព្រោះ ឃើញ​ខ្មែរ​វាយ​ខ្មែរ​បាក់​ដៃ​បាក់​ជើង។ វាយ​ដល់​តំណាងរាស្រ្ត​អីចឹង​ខ្ញុំ​រន្ធត់​ក្នុង​ចិត្ត‍»។​

ក្នុង​ពេល​បំពេញ​ការងារ​ជា​អ្នក​តំណាងរាស្រ្ត​ លោកស្រី​ឃើញ​ថា​ មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ជាពិសេស​ច្បាប់​ដែល​មាន​ផល​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​ គឺ​មិន​ស្តាប់​គណបក្ស​ប្រឆាំង​ទេ។

យ៉ាងណា​ក៏ដោយ​ លោក​ស្រី​បន្ថែម​ថា​ លោកស្រី មាន​ការ​ចុះ​សម្រុង​គ្នា​ល្អ​ជាមួយ​នឹង​អ្នក​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច ហើយ​លោកស្រី​ផ្តោតតែ​លើ​ការងារ​ចុះ​ជួយ​ប្រជាពលរដ្ឋ។

លោកស្រី​ ទេព សុទ្ធី ក៏​ប្រឈម​មុខ​ក្នុង​គណបក្ស​ផ្ទាល់ខ្លួន​ផងដែរ​ ក្នុង​ការ​បញ្ចេញ​សំឡេង​ដើម្បី​ឱ្យ​បាន​ឮ។

«នៅក្នុង​គណបក្ស​វិញ​ គេ​ឮ​ដែរ​បន្តិចបន្តួច។ ​ប៉ុន្តែ​តាម​ខ្ញុំ​កត់​សម្គាល់​មើល​ឃើញ​ថា​ បុរស​គាត់​ខាង​នយោបាយ​គាត់​ស្តាប់​តែគ្នា​គាត់។ មិន​សូវ​ឮសំឡេង​ស្រ្តី​ប៉ុន្មាន​ទេ។ គាត់​មិន​សូវ​មើល​ឃើញ​ស្រ្តី ប៉ុន្មាន​ទេ‍»។

យ៉ាងណា​ក៏ដោយ​ លោកស្រី​ ទេព សុទ្ធី ​មិន​បោះបង់​ការ​ព្យាយាម​ទេ ដោយ​លោកស្រី​ចង់​ជួយ​ខាង​ផ្នែក​អប់រំ​យុវជន​ និង​ជួយ​ជំរុញ​ឱ្យ​ស្រ្តី​បាន​ឈាន​ទៅ​ដឹកនាំ​កំពូល។ គោល​គំនិត​របស់​លោកស្រី​ត្រូវ​បាន​ជំរុញ​ដោយ​គំរូ​ក្នុង​ប្រទេស​ភូមា តៃវ៉ាន់ ហ្វីលីពីន និង​ថៃ ​ដែល​មាន និង​ធ្លាប់​មាន​មេដឹកនាំ​ប្រទេស​ជា​ស្រ្តី។

លោកស្រី​បាន​បន្ថែម​ថា៖​«មាន​តែ​ខ្មែរ​ទេ​ដែល​មិន​ទាន់​ប្រុង​ប្រៀប​សម្រាប់​មេដឹកនាំ​ស្រ្តី​។ នាងខ្ញុំ​ជួយ​ជំរុញ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​ឱ្យក្លាយ​ជាអ្នក​ដឹកនាំ‍»។

លោកស្រី ទេព សុទ្ធី បាន​រៀបការ​ក្នុង​ឆ្នាំ​២០១០ ជាមួយ​នឹង​លោក John M. Ofstie ដែល​ជា​ឱសថការី​មួយ​រូប។ លោកស្រី​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ខាង​ការ​អប់រំ​ពី​សាកលវិទ្យាល័យ Illinois State University៕

XS
SM
MD
LG