ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​មរណភាព ​ខ្មែរអាមេរិកាំង Anthony Veasna So ឈ្នះ​ពាន​រង្វាន់​ដ៏ល្បី​ល្បាញ​សម្រាប់​អ្នក​និពន្ធ​​ដំបូង​នៅ​អាមេរិក


រូបឯកសារ៖ រូបថតផ្គុំបង្ហាញឲ្យឃើញនូវគម្របសៀវភៅដែល​មាន​ចំណងជើងថា៖ «Afterparties» និងលោក Anthony Veasna So អ្នកនិពន្ធសៀវភៅអាមេរិកាំងដើមកំណើតខ្មែរ។ (Chris Sackes, right, and Ecco via AP)
រូបឯកសារ៖ រូបថតផ្គុំបង្ហាញឲ្យឃើញនូវគម្របសៀវភៅដែល​មាន​ចំណងជើងថា៖ «Afterparties» និងលោក Anthony Veasna So អ្នកនិពន្ធសៀវភៅអាមេរិកាំងដើមកំណើតខ្មែរ។ (Chris Sackes, right, and Ecco via AP)

អ្នក​និពន្ធ​សៀវភៅ «Afterparties» ខ្មែរ​អាមេរិកាំង​វ័យ​ក្មេង​និង​ដ៏​ឆ្នើម​ អេនថូនី វាសនា សូ (Anthony Veasna So) បាន​ឈ្នះ​ពានរង្វាន់​ The John Leonard Prize ​ឆ្នាំ ២០២១ សម្រាប់​សៀវភៅ​និពន្ធ​លើក​ដំបូង ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ក្រុម​អ្នក​វាយ​តម្លៃ​ថ្នាក់​ជាតិ​លើការ​និពន្ធ​សៀវភៅ ឬ National Book Critics Circle (NBCC) ទោះ​បី​ជា​លោក​បាន​ទទួល​មរណភាព​កាលពី​ខែ​ធ្នូ ឆ្នាំ ២០២០ ទៅ​ហើយ​ក្តី។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ​មីនា​កន្លង​ទៅ​នេះ ក្រុម​អ្នក​វាយ​តម្លៃ​លើ​ការ​និពន្ធ​សៀវភៅ ហៅ​កាត់​ថា NBCC នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ថា លោក​ អេនថូនី វាសនា សូ ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ដ៏​ខ្ពង់ខ្ពស់​ The John Leonard Prize សម្រាប់​សៀវភៅ​ «Afterparties» ដែល​លោក​បាន​និពន្ធ​ដោយ​ផ្ទាល់ និង​ដែល​ត្រូវបាន​បោះពុម្ព​ជា​សាធារណៈ​ ៨ ខែ​ ក្រោយ​ពេល​លោក​បាន​ទទួល​មរណភាព​ដោយសារ​អ្វីដែល​គេ​រាយការណ៍​ថា​បាន​ប្រើ​ប្រាស់​ថ្នាក់​ញៀន​ហួស​កម្រិត​ដោយ​ចៃដន្យ។

The John Leonard Prize គឺជា​ពានរង្វាន់​ដ៏​ខ្ពង់ខ្ពស់​មួយ​សម្រាប់​អ្នក​និពន្ធ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។ ពាន​រង្វាន់​នេះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៣ ដោយ​លោក John Leonard ដែលជា​សហស្ថាបនិក​នៃ​ក្រុម​អ្នក​វាយ​តម្លៃ​ថ្នាក់ជាតិ​លើ​ការ​និពន្ធ​សៀវភៅ​ National Book Critics Circle។

សៀវភៅ «Afterparties» របស់​លោក​ អេនថូនី គឺជា​ស្នាដៃ​អក្សរសិល្ប៍​សម័យ​ថ្មី​ដែល​ឆ្លុះ​បញ្ចាំង​ពីដំណើរ​ជីវិត​និង​បទ​ពិសោធន៍​របស់ប្រជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរដែល​ភាគច្រើន​រស់នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា។ លោក អេនថូនី ត្រូវបាន​កោត​សរសើរ​ចំពោះ​ទឹកដៃ​និពន្ធ​ពិពណ៌នា​ដ៏​រស់រវើក​ក្នុង​សៀវភៅ​នេះ ដែល​ពោរពេញ​ដោយ​សាច់​រឿង​កំប្លុក​កំប្លែង និង​សេចក្តី​អាណិត​អាសូររបស់​ក្រុមគ្រួសារ​ខ្មែរ​ដែល​បាន​តស៊ូ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​បាន​រង​ការ​បះ​ទង្គិច​ជា​ច្រើន ខណៈ​ពេល​ដែល​ត្រូវ​សម្រប​ខ្លួន​នឹង​ការ​ផ្លាស់​ប្ដូរ​វប្បធម៌ ​ក៏​ដូច​ជា​បញ្ហា​ប្រឈម​ផ្នែក​សង្គមសេដ្ឋកិច្ច​ ដោយសារ​ការតាំង​ទីលំនៅ​ថ្មី​ក្នុង​នាម​ជា​ជនភៀស​ខ្លួន។

សមាជិក​ម្នាក់​នៃ​គណៈកម្មការ​វាយ​តម្លៃ​លើ​ការ​និពន្ធ​សៀវភៅ​សម្រាប់​ពានរង្វាន់ The John Leonard Prize បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​ពានរង្វាន់​ដោយ​កោត​សរសើរ​លោក ​អេនថូនី វាសនា សូ ថា​បាន​និពន្ធ​សៀវភៅ​ដែល​មាន​ «ពោរពេញ​ដោយ​ខ្លឹមសារ​ដើម​ដ៏ពិសេស និង​សម្បូរ​ដោយ​ភាព​កំប្លុក​កំប្លែង​ដ៏​ល្អ»។

អ្នកស្រី Jenny Shank ដែល​ជា​អ្នក​និពន្ធ​អាមេរិកាំង​ម្នាក់​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «លោក [អេនថូនី វាសនា] សូ និពន្ធ​សាច់​រឿង​ពោរពេញ​ដោយ​មនោសញ្ចេតនា​គ្រប់​បែប​ដ៏​អស្ចារ្យ​ឆ្លុះបញ្ចាំង​ពី​ភាព​វិល​ចុះ​វិល​ឡើង​រវាង​សេចក្តី​ទុក្ខព្រួយ និង​សេចក្តី​សុខ​ ដោយ​ឃ្លាឃ្លោង​ពោរពេញ​ដោយ​ខ្លឹមសារ​អត្ថន័យ​ដើម​ដ៏​ពិតប្រាកដ​មួយ។ សៀវភៅ «Afterparties» ពង្រឹង​គុណភាព​អក្សរសិល្ប៍​របស់​សហរដ្ឋ​អាមេរិក​ដោយ​នាំ​មក​នូវ​សាច់រឿង​បែប​ច្នៃប្រតិដ្ឋ ចម្រុះ​វប្បធម៌ ឆ្លុះបញ្ចាំង​ពី​សហគមន៍​តាម​ទីក្រុង ​ពី​ជីវត​រស់នៅ​របស់​ពួកគេ ដោយ​បង្ហាញ​ភាព​ស្មុគស្មាញ​នៃ​ជីវិត​របស់​តួអង្គ​នីមួយៗ ដែលមិន​ត្រូវបាន​កំណត់​ដោយ​ទុក្ខលំបាក​របស់​ពួកគេ​ទេ តែ​ដោយ​ក្តី​ស្រឡាញ់​របស់​ពួកគេ​ទៅវិញ​ទេ​»។

នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ ដែល​ត្រូវបាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បងស្រី​របស់​លោក អេនថូនី វាសនា សូ គឺ​អ្នកនាង ​សាម៉ាន់ថា សូ ឡាម (Samantha So Lamb) បាន​ទទួល​ពានរង្វាន់​ជំនួស​លោក អេនថូនី ដោយថ្លែង​ក្នុង​សំឡេង​ក្តុកក្តួល​ក្នុង​ចិត្ត​ថា៖ «ក្រោយ​មរណភាព​របស់​ប្អូន​ប្រុស​ខ្ញុំ ក្រុម​ការងារ​នៅ​រោងពុម្ព Ecco បាន​ធ្វើការ​ជាមួយ​យើង រួម​ទាំង​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ។ ប្អូន​ប្រុស​របស់​ខ្ញុំ​គឺជា​តារា ហើយ​ក្រុម​ការងារ​របស់​យើង​ខំ​ធ្វើ​កិច្ចការ​ឲ្យ​តម្លៃ​ដល់​ប្អូន​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ដែល​ប្អូន​ប្រុស​របស់​ខ្ញុំ​អាច​ចែក​រំលែក​សំឡេង​របស់​ខ្លួន ហើយ​លើក​ទឹកចិត្ត​ដល់​សហគមន៍​ខ្មែរ​អាមេរិកាំង និង​សហគមន៍​ មនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា LGBTQ មុន​ពេល​ស្លាប់​ទៅ»។ ​

មុន​ពេល​លោក អេនថូនី បាន​ស្លាប់ក្នុង​វ័យ ២៨ ឆ្នាំ​ លោក​មាន​គម្រោង​និពន្ធ​សៀវភៅ​ ៥ ក្បាល។ លោក Anthony កើត​ក្នុង​គ្រួសារ​ធំ​មួយ​ដែល​មាន​សមាជិក​ច្រើន​នៅទីក្រុង Stockton ភាគ​កណ្តាល​រដ្ឋ​កាលីហ្វ័រញ៉ា ហើយ​កូនៗ​ទាំងអស់​សុទ្ធទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​សិក្សា។ លោក Anthony បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Stanford និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​វិចិត្រ​សិល្ប:​ផ្នែក​ប្រលោម​លោក​ពី​សាកល​វិទ្យាល័យ Syracuse៕

XS
SM
MD
LG