ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្នើ​ឲ្យ​មីយ៉ាន់ម៉ា​គោរព​បទឈប់បាញ់​ ខណៈ​ការប្រយុទ្ធ​រាលដាល​កាន់តែ​ខ្លាំង


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (AFP)

រដ្ឋាភិបាល​កម្ពុជា​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបន្ត​បាញ់គ្នា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​បាន​ទទូច​ឲ្យ​គ្រប់​ភាគី​គោរព​បទឈប់​បាញ់គ្នា​ដែល​ក្រុមយោធា​បាន​ព្រមព្រៀង​ជាមួយ​នឹង​មេដឹកនាំ​កម្ពុជា​កាលពី​ដើម​ខែមករា។ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​មីយ៉ាន់ម៉ា​យល់​ថា​ពួកយោធា​គ្មាន​ប្រវត្តិ​គោរព​តាម​ការសន្យា​ទេ។

សេចក្តី​ថ្លែងការណ៍របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​២០​ខែមករា​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​«ការប៉ះទង្គិច​ប្រដាប់​អាវុធ​យ៉ាងធ្ងន់ធ្ងរ»​នៅក្នុង​រដ្ឋធានី​Loikaw នៃ​រដ្ឋ​ Kayah រវាង​ពួកយោធា​និង​កងកម្លាំង​ការពារ​ពលរដ្ឋ​ដែល​ជាក្រុម​ប្រឆាំង។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា​«អំពើ​ហិង្សា​ដែល​នៅ​តែ​បន្ត​កើតមាន​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វឌ្ឍនភាព​ដែល​សម្រេច​បាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​នាពេល​ថ្មីៗ​នេះ​»​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​រាយការណ៍ថា​មាន​ពលរដ្ឋ​យ៉ាងហោចណាស់​៩០ ០០០នាក់​បាន​រត់គេច​ចេញ​ពី​ការប្រយុទ្ធគ្នា​រដ្ឋធានី ​Loikaw​ និង​ទីក្រុង ​Demoso​ ដោយ​អ្នកខ្លះ​រត់ទៅជ្រកកោន​នៅ​រដ្ឋ Shan ដែល​នៅ​ក្បែរខាង​ដើម្បី​គេចចេញ​ពី​ការប្រយុទ្ធគ្នា​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៨​ខែមករា។

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​នានា​និង​សារព័ត៌មាន​ AsiaNews​ បាន​ដកស្រង់​ទិន្នន័យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ប៉ាន់​ប្រមាណ​ថា​តួលេខ​ពិតប្រាកដ​នៃ​អ្នករត់ចោល​លំនៅដ្ឋាន​នា​ពេល​ថ្មីៗ​នេះ​មាន​រហូត​ដល់​១៧​ម៉ឺននាក់។ សូម្បី​វត្តព្រះពុទ្ធសាសនា​ចំនួន​ប្រហែល​៣០​ត្រូវ​បានបោះបង់ចោល។​

ការវាយប្រយុទ្ធ​គ្នា​រវាង​កម្លាំង​យោធា​និង​ក្រុមអ្នកតស៊ូ​បាន​រាលដាល​ដល់​រដ្ឋ Chin​ ផងដែរ​ ចាប់តាំង​ពី​ថ្ងៃទី៩​ខែមករា​មក​និង​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​យ៉ាងហោចណាស់​៣០០០នាក់​រត់ចោល​ទីលំនៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី​សេវា​មីយ៉ាន់ម៉ា​នៅ​ថ្ងៃសុក្រនេះ។

អ្នកស្រី Wai Wai Nu ស្ថាបនិក​និងជា​នាយិកា​ប្រតិបត្តិ​នៃ​បណ្តាញ​ស្ត្រី​សន្តិភាព​នៅ​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមរភាសា​តាម​សារ​អេឡិកត្រូនិក​ថា៖​

«ដំណើរ​ទស្សនកិច្ច​របស់​លោកហ៊ុន សែន​មិន​សម្រេច​បាន​អ្វី​ទាំងអស់។ ប៉ុន្តែ​បែរជា​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​ក្រុម​យោធា​បន្ត​ធ្វើ​អំពើ​ឃោរឃៅ​ដាក់​ជនស៊ីវិល​និង​វាយប្រហារ​ដោយ​មិនសំចៃ​លើ​កងកម្លាំង​ការពារ​ពលរដ្ឋ។ លោកហ៊ុន សែន​គួរ​តែ​ស្តាប់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាជាង​ស្នើឡើង​នូវ​បទឈប់​បាញ់គ្នា​ស្រពិចស្រពិល​ឬ​ការចរចា​សន្តិភាព​ជាមួយ​នឹង​មេដឹកនាំ​យោធា​ដែល​ជា​ឧក្រិដ្ឋជន​សង្គ្រាម»។

លោកហ៊ុន សែន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី​៧​និង​៨​ខែមករា​គឺ​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​កម្ពុជា​ឡើង​កាន់តួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​គោលបំណង​ដើម្បី​បន្ធូរបន្ថយ​ជម្លោះ​ហិង្សា​ដែល​បាន​កើតមានឡើង​ក្រោយ​ពី​ពួកយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី​អោង សានស៊ូជី​នៅថ្ងៃទី១ ខែកុម្ភៈ​ឆ្នាំ​មុន។ លោកហ៊ុន សែន​បាន​ប្រកាស​តាំងពីមុន​ធ្វើ​ដំណើរ​ទៅ​ថា​វិធីសាស្រ្ត​របស់​លោក​ក្នុង​ការចរចា​គឺ​ចាប់ផ្តើម​ដោយ​ស្នើ​ឲ្យ​មាន​បទឈប់​បាញ់​គ្នា។ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​នៅ​ដើមខែ​មករា​គឺ​ក្រុម​យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាស​ជាឯកតោ​ភាគី​ពន្យារ​បទឈប់បាញ់​គ្នា​ដែល​មាន​ស្រាប់​រហូតដល់​ដំណាច​ឆ្នាំ​២០២២។ ប៉ុន្តែ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ប្រតិភូ​របស់​កម្ពុជា​ចាកចេញ​ក្រុមយោធា​បាន​វាយប្រហារ​តាម​អាកាស​លើ​រដ្ឋធានី​ Loikaw​នៃ​រដ្ឋ Kayah​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បន្ថែម​ថា៖ «គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួលយក​បទ​ឈប់បាញ់​បញ្ចប់​នៅ​រាល់​សកម្មភាព​ហិង្សា​អនុវត្ត​ការអត់ធ្មត់​ឲ្យ​បាន​ខ្ពស់​បំផុត​និង​ចាប់ផ្តើម​កិច្ចសន្ទនា​ដើម្បី​បង្កើត​នូវ​បរិយាកាស​អំណោយ​ផល​សំដៅ​ឈាន​ទៅ​រក​ការកសាង​ឡើងវិញ​នូវ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ដែល​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន»។

ប៉ុន្តែ​អ្នកស្រី Wai Wai Nu មិនយល់​ស្របទេ​ដោយ​ថ្លែង​ថា​ក្រុមយោធា​គ្មាន​ប្រវត្តិ​គោរព​តាម​ការសន្យា​ឡើយ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «លោកហ៊ុន សែន​គួរ​តែ​ស្នើ​ឲ្យ​ពួកយោធា​បញ្ឈប់​ការបាញ់សម្លាប់​ពលរដ្ឋ​ជាមុន​សិន»។

មកដល់​ពេលនេះ​មាន​ពលរដ្ឋ​មីយ៉ាន់ម៉ា​ចំនួន១៤៨៨​នាក់​ត្រូវ​ក្រុមយោធា​បាញ់សម្លាប់​និង​អ្នករិះគន់​និង​ប្រឆាំង​រដ្ឋាភិបាល​ជាង​១១ ០០០នាក់​ត្រូវ​បាន​ចោទប្រកាន់​និង​កាត់ទោស។ នេះ​បើតាម​តួលេខ​ដែល​ចងក្រង​ដោយ​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​ភូមា (Assistance Association for Political Prisoners (Burma))។

ក្រុមហ៊ុន​ប្រេង​ដ៏ធំ​របស់​បារាំង​ TotalEnergies​ បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​ដកខ្លួនចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់​ដែល​បានប្រព្រឹត្ត​ចាប់តាំងពី​ពួកយោធា​ឡើង​កាន់អំណាច។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ TotalEnergies​ បាន​បន្ថែម​ថា៖​

«ស្ថានភាព​ទាក់ទង​នឹង​សិទ្ធិមនុស្ស​និង​ជាទូទៅ​គឺ​នីតិរដ្ឋ​ដែល​បាន​បន្ត​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា... បាន​នាំ​ឱ្យ​យើង​វាយតម្លៃ​ស្ថានភាព​ឡើងវិញ​ហើយ​លែង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​TotalEnergies​ ធ្វើការ​រួមចំណែក​ជា​វិជ្ជមាន​គ្រប់គ្រាន់​ក្នុង​ប្រទេស​នេះ​ទៀត​ហើយ»។

លោកហ៊ុន សែន​បាន​ថ្លែង​នៅក្នុង​វេទិការ​ទេសចរណ៍​អាស៊ាន​ថា​អាស៊ាន​មិន​គួរ​ក្លាយ​ជា​ចំណាប់​ខ្មាំង​ជាប់​គាំង​ជាមួយ​នឹង​វិបត្តិ​ភូមា​នោះ​ទេ​ដោយ​បញ្ជាក់​ថា​សមាគម​ថ្នាក់​តំបន់​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ៕

XS
SM
MD
LG