ភ្នំពេញ សភាព្រហ្មទណ្ឌស៊ើបសួររបស់សាលាឧទ្ធរណ៍នៅថ្ងៃសុក្រនេះបានច្រាលចោលសំណើស្នើសុំឱ្យនៅក្រៅឃុំរបស់មេធាវីការពារក្តីលោកម៉ម សូណង់ដូនាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះរយៈពេលជិតពីរម៉ោងប៉ុណ្ណោះដោយមានវត្តមានលោកម៉ម សុណង់ដូនិងមេធាវីការពារក្តី។ សវនាការកាត់ទោសនេះបានដំណើរការទៅក្រោមការរឹតបណ្តឹងសន្តិសុខយ៉ាងមាំទាំនៅខាងក្រៅនិងជុំវិញបរិវេណសាលាឧទ្ធរណ៍។ ក្រុមអ្នកសារព័ត៌មាន ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សនិងមន្ត្រីស្ថានទូត ត្រូវបានអនុញ្ញាតឱ្យចូលស្តាប់សវនាការក៏ប៉ុន្តែមិនអនុញ្ញាតឱ្យកត់ត្រាខ្លឹមសារក្នុងអង្គសវនាការទេ។ បន្ទាប់ពីបើកសវនាការអស់រយៈពេលមិនដល់ពីរម៉ោងលោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះរបស់សាលាឧទ្ធរណ៍បានប្រកាសច្រាលចោលសំណើស្នើសុំឱ្យនៅក្រៅឃុំចំពោះករណីលោកម៉ម សុណង់ដូ។ លោកប្រធានចៅក្រមជំនុំជម្រះបានបញ្ជាក់ថាការសម្រេចដោះលែងឱ្យនៅក្រៅឃុំអាចនឹងបង្កអស្ថិរភាពនិងសណ្តាប់ធ្នាប់ក្នុងសង្គមហើយម៉្យាងទៀតលោកម៉ម សុណង់ដូត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំរួចហើយ។ លោកឃុន លាងម៉េងមិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេនៅពេលដែលវីអូអេព្យាយាមសម្ភាសន៍លោកពេលបញ្ចប់សវនាការក្រៅពីបញ្ជាក់ថាលោកបានប្រកាសរួចរាល់ហើយ។ លោកម៉ម សុណង់ដូត្រូវបានអនុរក្សពន្ធនាគារបណ្តើរចេញពីក្នុងរថយន្តដោយដៃទាំងពីររបស់លោកជាប់ខ្នោះជាមួយនិងអ្នកទោសដទៃផ្សេងទៀត។ ពាក់អាវឆ្នូតដៃខ្លីនិងមានចងក្រវ៉ាត់កលោកម៉ម សុណង់ដូបានប្រាប់តុលាការថាដោយសារបញ្ហាសុខភាពនិងលោកមិនមានបំណងរត់គេចពីប្រព័ន្ធច្បាប់លោកបានស្នើសុំឱ្យសាលាឧទ្ធរណ៍ដោះលែងលោកឱ្យនៅក្រៅឃុំ។ លោកម៉ម សុណង់ដូបាននិយាយថាក្នុងរយៈពេលដែលលោកនៅក្នុងពន្ធនាគាររយៈពេល៥ខែមកនេះលោកមានបញ្ហាសុខភាពយ៉ាងខ្លាំងដោយសារលោកស្រកទម្ងន់មួយខែមួយគីឡូក្រាម។ ក្រោយពេលបញ្ចប់សវនាការលោកម៉ម សុណង់ដូមិនបាននិយាយអ្វីវែងប្រាប់អ្នកកាសែតដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «ជម្រាបសួរបងប្អូនខ្មែរទាំងអស់គ្នា»។ អ្នកស្រីឌីន ផាន់ណារ៉ាភរិយាលោកម៉ម សុណង់ដូបានប្រាប់ក្រុមអ្នកសារព័ត៌មានថាអ្នកស្រីបានសម្រេចចិត្តនឹងប្តឹងសារទុកទៅកាន់តុលាការកំពូលទៀតដើម្បីរកយុត្តិធម៌។ «ថ្ងៃនេះខ្ញុំមានការខកចិត្តប៉ុន្តែខ្ញុំនៅមានសង្ឃឹមនៅពេលឆាប់ៗនេះ។ លោកមេធាវីនឹងដាក់ពាក្យស្នើសុំឱ្យនៅក្រៅឃុំ»។ លោកស សូវ៉ានមេធាវីការពារក្តីលោកម៉ម សុណង់ដូបាននិយាយថានៅថ្ងៃសុក្រនេះលោកនឹងដាក់ពាក្យប្តឹងទៅកាន់តុលាការកំពូល។លោកបាននិយាយថាការសម្រេចសេចក្តីឈ្នះចាញ់គឺជារឿងធម្មតារបស់តុលាការ។ «ខ្ញុំយល់ថាសាលាឧទ្ធរណ៍គេគោរពនីតិវិធីពីព្រោះប្តឹង១០ថ្ងៃឥឡូវ៩ថ្ងៃគេកាត់។ប៉ុន្តែគេកាត់ឈ្នះចាញ់គឺជារឿងធម្មតាខ្ញុំអត់ទិទៀនទេពីព្រោះគេបើកប្តឹងទៅសាលាកំពូលដូច្នេះខ្ញុំប្តឹងភ្លាមថ្ងៃនេះ»។ លោកអ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្តែងការខកចិត្តហើយលោកបានរិះគន់ថាក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះការគោរពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរឡើងទេ។ «យុត្តិធម៌ក្តីយើងហាក់បីដូចជាយើងមិនទាន់បានឈានទៅជាសង្គមមួយដែលអាចរកយុត្តិធម៌ជូនប្រជាពលរដ្ឋរបស់យើងបាន។ជារឿងមួយសោកស្តាយយើងធ្វើការ២០ឆ្នាំយើងក៏អស់កម្លាំងគ្រប់គ្នា ចំណាយកម្លាំង ចំណាយថវិកា ចំណាយពេលចំណាយភាពប្រថុយប្រថានច្រើន»។ នៅខាងក្រៅបរិវេណសាលាឧទ្ធរណ៍ក្រុមអ្នកគាំទ្រលោកម៉ម សុណង់ដូបានស្រែកទ្រហោយំនិងបានអំពាវនាវឱ្យគ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលរួមមានប៉ូលិស និង មន្ត្រីយោធាក្រោកឈរឡើងប្រឆាំងរបបគ្រប់គ្រងប្រទេសអស់រយៈពេលជិត៣០របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ «សម្លាប់ខ្ញុំចោលទៅ។ក្រោកឈរឡើងប៉ូលិសទាហានកុំ ងប់ងល់ ដើម្បីជួយប្រទេសយើងអស់ហើយៗ»។ លោកម៉ម សុណង់ដូត្រូវបានតុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី១ខែតុលា បានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទដឹកនាំចលនាធ្វើអបគមន៍មួយក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ប៉ុន្តែការកាត់ទោសរបស់លោកទទួលរងការរិះគន់ជាអន្តរជាតិថា ជាទង្វើបំបិទមាត់អ្នកដែលហ៊ានរិះគន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕