ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​វិស័យ​កីឡា និង​សារមន្ទីរ​ចាប់​ពី​ខែ​ក្រោយ​ទៅ

រូបឯកសារ៖ អ្នក​គាំទ្រ​កាន់​ទង់ជាតិ​ប្រទេស​កម្ពុជា​ ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ការប្រកួត​ជាមួយ​ក្រុម​សិង្ហបុរី ក្នុង​ការប្រកួត​ជំរុះ​វគ្គ​បឋម​អាស៊ី​ ដើម្បី​ឈាន​ទៅ​កាន់​ការប្រកួត​ពាន​រង្វាន់​ពិភពលោក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​មិថុនា ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា/VOA)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រច​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​វិស័យ​កីឡា​ និង​សារមន្ទីរ​នៅ​ទូទាំង​ប្រទេស ​ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ ​ប៉ុន្តែ​តម្រូវ​ឲ្យ​បន្ត​ការប្រុង​ប្រយ័ត្ន ក្រោយ​ពី​បាន​ផ្អាក​សេវា​កម្ម​ទាំង​ពីរ​នេះ​មួយ​រយៈ ​ដោយសារ​ការ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​សុខាភិបាល ​ដែល​ចេញ​ផ្សាយនៅ​ថ្ងៃ​សុក្រ ​ទី​២២ ​ខែ​ឧសភា​នេះ បាន​បញ្ជាក់​ថា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ការ​ប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ​ឡើង​វិញ​ ចាប់​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០២០​ តទៅ ​ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ទស្សនា​ ហើយ​ការ​ប្រមូល​ផ្តុំ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស មិន​ត្រូវ​លើស​ពី​ ១០០ ​នាក់។​

ក្រសួង​សុខាភិបាល​បន្ថែម​ថា​ មុន​នឹង​បើក​ឲ្យ​មាន​ដំណើរការ​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​កីឡា​នីមួយៗ ​អាជ្ញាធរ​ត្រូវ​មាន​ការ​រៀបចំ​វិធាន​ការ​បង្ការ​នានា​ កុំ​ឲ្យ​មាន​ការ​ចម្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ​ឆ្នាំ​ ២០២០ ក្រសួង​សុខាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​បើកដំណើរ​ការ​ឡើង​វិញ​នូវ​សារមន្ទីរ​នានា​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​ក៏​បាន​ណែ​នាំ​ឲ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ រៀបចំ​វិធាន​ការ​ការពារ​ជាមុន ដើម្បី​ចៀស​វាង​ការ​ចម្លង​ជំងឺ​កូវីដ១៩​ទេ។​

អាជ្ញាធរ​កម្ពុជា​បាន​រាយ​ការណ៍​ថា​ ​បច្ចុប្បន្ន អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​កម្ពុជា​មាន​ចំនួន​សរុប​ ១២៣​ នាក់ ​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ​ដែល​បាន​ឆ្លង​ចុង​ក្រោយ​គេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ៕

XS
SM
MD
LG