ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ទោស​បី​នាក់​ចុងក្រោយ​ក្នុង​សំណុំ​រឿង​អបគមន៍​នៅ​ក្រចេះ​ដើរ​ចេញ​ពី​ពន្ធ​នាគារ


លោក​ម៉ម សូណង់ដូ​ អាយុ​៧២ឆ្នាំ​
លោក​ម៉ម សូណង់ដូ​ អាយុ​៧២ឆ្នាំ​
ភ្នំពេញ ក្រុម​គ្រួសារ​អ្នកទោស​ទាំងបី​នាក់​នៅ​ក្នុង​ករណី​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការធ្វើ​អបគមន៍​នៅ​ខេត្ត​ក្រចេះ​បាន​សម្រក់​ទឹក​ភ្នែក​ដោយ​រំជួលចិត្ត​នៅពេល​ដែល​ឃើញ​ស្វាមី​របស់​ពួកគេ​ទាំង​បីនាក់​បាន​ដើរ​ចេញ​ពី​ពន្ធនាគារ​ដោយ​អម​ជាមួយ​នឹង​មន្ត្រី​សិទ្ធិមនុស្ស។​

លោក​កាន់ សុវណ្ណ​ ផន ស្រឿន​ និង​ ទូច រៀម​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​បាន​កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពី​៣ឆ្នាំ​រហូត​ដល់​៥ឆ្នាំ​ក៏​ប៉ុន្តែ​អនុវត្ត​ទោស​តែ​រយៈពេល​១០ខែ​តែប៉ុណ្ណោះ​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ។

ជនជាប់ចោទ​ទាំង​បីនាក់​ត្រូវ​បាន​សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល​ពី​១០​ខែ ​រហូត​ដល់​៥ឆ្នាំ​ពីបទ​ឆបោក ​ជ្រៀតជ្រែក​កិច្ចការ​សាធារណៈ​និង​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​ដោយមាន​ស្ថានទម្ងន់ទោស។ អ្នក​ទាំង​បីនាក់​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ជាមួយ​លោក​ម៉ម សូណង់ដូ ​ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។​

គិត​រយៈពេល​នៃ​ការ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ​ជនជាប់ចោទ​ទាំង​បី​នាក់​និង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​ក៏​ប៉ុន្តែ​ពួកគេ​បាន​ដាក់​ឱ្យស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​

សមាជិក​នៃ​សមាគម​អ្នកប្រជាធិបតេយ្យ​ ប្រមាណ​ជាង៥០​នាក់​និង​ក្រុម​គ្រួសារ​ព្រមទាំង​លោក​ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​និង​ជាប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​ទៅ​ស្វាគមន៍​អ្នក​ភូមិប្រម៉ា​ទាំង​បី​នាក់​នៅ​ពន្ធនាគារ​ព្រៃស។​

លោក​ ផន ស្រឿន ​អាយុ​៣៤​ឆ្នាំ​បាន​ប្រាប់​វីអូអេ​ថា​លោក​មាន​ការសប្បាយ​ចិត្ត​បន្ទាប់ពី​លោក​ត្រូវ​បាន​ដោះ​លែង​ចេញេពី​ពន្ធនាគារ។​ចំណែក​ឯលោក​ទូច រៀម ​វិញ​បាន​និយាយ​ថា​លោក​មិនមាន​ការរីករាយ​ទេ​ដោយ​សារ​តែ​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ផង​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​១០​ខែ។​

លោក​បាន​និយាយ​ថា​និង​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

«ចាប់ខ្លួន​ខ្ញុំមិន​ត្រឹមត្រូវ​ហើយ​មិន​យុត្តិធម៌​ចំពោះ​ខ្ញុំ​ពីព្រោះថា​ខ្ញុំអត់​បាន​ប្រព្រឹត្ត​អ្វីសោះ​ហើយ​តុលាការ​ចោទ​ខ្ញុំ​ហើយ​ក្នុង​ចំណោម​សាក្សី​២០​នាក់ជាង​គេបញ្ជាក់ថា​ខ្ញុំអត់មាន​ធ្វើអ្វីទេ​តែគេជឿទៅ​លើ​សំដី​តែ​ពីរនាក់​នោះ​ដែលជា​មនុស្ស​ខូចហើយ​ធ្វើឱ្យ​ដាកគុក​ខ្ញុំ​រយៈពេល​៥​ឆ្នាំ»។​

នៅ​ខាងក្រៅ​ពន្ធនាគារ​មិន​មាន​ការ​ស្វាគមន៍​យ៉ាង​គគ្រឹក​គគ្រេង​ដូច​លោក​ម៉ម សូណង់ដូ​ទេ​គឺមាន​តែ​សមាជិក​ក្រុម​គ្រួសារ​និង​សមាជិក​សមាគម​អ្នកប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ។​
ការ​ដោះលែង​អ្នក​ភូមិប្រម៉ា​ទាំង​បីនាក់​នេះ​បាន​កើត​មាន​ឡើង​រយៈពេល​៥ថ្ងៃ​បន្ទាប់ពី​ការដោះលែង​លោក​ម៉ម សូណង់ដូ។​

លោក​ម៉ម សូណង់ដូ​ អាយុ​៧២ឆ្នាំ​ដែល​បាន​ទៅ​ទទួល​ស្វាគមន៍​ជនជាប់​ចោទ​ទាំង​បីនាក់​បាន​និយាយ​ថា​លោក​មក​ស្វាគមន៍​ពួកគេ​នៅ​ថ្ងៃនេះ​ក្នុង​នាម​ជាអ្នក​ដែល​បាន​ស្គាល់គ្នា​ក្នុង​ពន្ធនាគារ។​លោក​បាន​និយាយ​ថា​នេះ​ជា​កិត្តិយស​ណាស់​ដែល​អ្នកភូមិ​ទាំងបី​នាក់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ។​

លោក​ម៉ម សុណង់​ដូ​បញ្ជាក់​ថា៖

«រំភើប​ជាង​ពូមាន​សេរីភាព​ទៀត​ពីព្រោះ​គាត់ជាអ្នក​ស្រែចំការ​ គ្មាន​ការចេះ​ដឹង​មិនចេះ​អាន​អក្សរ​ផង​ហើយ​បើសិន​ជាគេ​មិនលែង​គ្នា​ហើយ​បើគ្មាន​អ្នកណាជួយ​ជ្រោមជ្រែង​គ្នា​ឱ្យ​តុលាការ​រក​យុត្តិធម៌​ទៅ​ឱ្យ​បីនាក់​ហ្នឹង​ខ្ញុំ​អាច​ថា​អ្នក​ទាំង​នោះ​មាន​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ឡើង»។​

លោក​ម៉ម សូណង់ដូ​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ ​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​ជាមួយ​អ្នក​ភូមិ​ប្រម៉ា​ទាំង​បី​នាក់​ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅភូមិ​ប្រម៉ា​ ឃុំកំពុង​ដំរី ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ដ៏​យូរ​ជាង​គេ​ក្នុង​តំបន់​អាស៊ាន។​

ដើរ​បណ្តើរ​ជាមួយ​អ្នក​ភូមិប្រម៉ា​ទាំង​បី​នាក់​ក្រោយ​ពីចេញ​ពី​ពន្ធនាគារ​លោក​អំ សំអាត​ មន្ត្រីឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា​រយៈពេល​នៃ​ការជាប់​ពន្ធនាគារ​រយៈ​ពេល​១០ខែ​កន្លង​មក​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ក្រុមគ្រួសារ​ជនជាប់ចោទ។​
លោក​បាន​និយាយ​ថា​ពួកគេ​បាន​ជាប់​ពន្ធនាគារ​ដោយ​មិន​បានប្រព្រឹត្ត​កំហុស​ហើយ​ទោះបីជា​បាន​ចេញ​ពី​ពន្ធនាគារ​ក៏ដោយ​ក៏​ជាការ​សោក​ស្តាយ​មួយ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕​
XS
SM
MD
LG