ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ការពារ​ការ​សម្រេច​ដំឡើង​ថ្លៃ​សេវា​ទូរស័ព្ទ


ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​​ទូរគមនាគមន៍​ថ្លែង​ថា​មូលហេតុ​ចម្បង​មួយ​ក្នុង​ការ​កំណត់​តម្លៃ​ការ​ហៅ​ចេញ​នេះ​ដោយ​សារ​ដើម្បី​ពង្រឹង​គុណភាព។
ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​​ទូរគមនាគមន៍​ថ្លែង​ថា​មូលហេតុ​ចម្បង​មួយ​ក្នុង​ការ​កំណត់​តម្លៃ​ការ​ហៅ​ចេញ​នេះ​ដោយ​សារ​ដើម្បី​ពង្រឹង​គុណភាព។
រដ្ឋាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ការពារ​ការ​សម្រេច​របស់​ខ្លួន​ក្នុង​ការ​ដំឡើង​ការ​ហៅ​ចេញ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ​ក្រោយ​ពី​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់។

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​សប្តាហ៍​មុន​បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន​ចល័ត​ទាំង​អស់​ក្នុង​ប្រទេស​ឱ្យ​អនុវត្ត​តាម​សារាចរ​អន្តរ​ក្រសួង​លេខ​២៣២ ​រវាង​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​កាល​ពី​ឆ្នាំ​២០០៩ ​ដែល​កំណត់​តម្លៃ​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ទាប​បំផុត​៤,៥​សេន​ក្នុង​មួយ​នាទី ​និង​ការ​ហៅ​ចេញ​ទៅ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត​៥,៩៥​សេន​ក្នុង​មួយ​នាទី។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ថ្លែង​ថា​មូលហេតុ​ចម្បង​មួយ​ក្នុង​ការ​កំណត់​តម្លៃ​ការ​ហៅ​ចេញ​នេះ​ដោយ​សារ​ដើម្បី​ពង្រឹង​គុណភាព។

«ហានិភ័យ​នេះ​កើត​ឡើង​ក៏​ដោយ​សារ​ការ​ប្រកួត​ប្រជែង​នេះ​ដែរ។ យើង​ក៏​មើល​ឃើញ​ដែរ​ពី​ការ​ធ្លាក់​ចុះ​នៃ​គុណភាព។ តម្លៃ​កាន់​តែ​ថោក គុណភាព​ក៏​កាន់​តែ​ធ្លាក់​ចុះ។ គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ។ កាល​ណា​យើង​ទិញ​ម៉ូតូ​ថោក​ គុណភាព​វា​អត់​ល្អ​ដូច​ម៉ូតូ​ថ្លៃ​ទេ។ អញ្ចឹង​ទៅ​ឯណា​ទៅ ការ​ហៅ​ចេញ​ដោយ​មាន​គុណភាព​នោះ គឺ​មិន​មាន​ទេ»។

លោក​ប្រាក់ សុខុន ​បន្ថែម​ថា​មូលហេតុ​ចម្បង​ផ្សេង​ទៀត​គឺ​ដោយ​សារ​រដ្ឋាភិបាល​ចង់​បង្ការ​ហានិភ័យ​នៃ​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ដែល​នាំ​ឱ្យ​មាន​ការ​គ្រប់គ្រង​ផ្តាច់មុខ​និង​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ប្រើប្រាស់​និង​អ្នក​វិនិយោគ​បាត់​បង់​ទំនុក​ចិត្ត ​និង​ដោយ​សារ​រដ្ឋាភិបាល​ចង់​ទទួល​បាន​ចំណូល​បន្ថែម​ពី​វិស័យ​នេះ។

លោក ជូ វិជិត្ត ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​ជួយ​គូស​បញ្ញាក់​បន្ថែម​ថា​ត្រឹម​ឆ្នាំ​២០១២ មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​សរុប​ប្រមាណ​ជាង​១៩​លាន​នាក់ ​ដែល​កើន​ឡើង​ប្រហែល​៥​ដង​ពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​ចំណូល​រដ្ឋ​មិន​មាន​ការ​កើន​ឡើង​ទេ ​គឺ​ប្រហែល​៨០​ពាន់​លាន​រៀល​ឬ​២០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ មូល​ហេតុ​ដោយ​សារ​ការ​បញ្ចុះ​តម្លៃ​ការ​ហៅ​ចេញ​ទាប​ពេក។

«បើ​តាម​តួ​លេខ​នេះ ​ចំនួន​អ្នក​ប្រើប្រាស់​មាន​ការ​កើន​ឡើង ​ដូច្នេះ​ចំណូល​រដ្ឋ​គួរ​តែ​មាន​ការ​កើន​ឡើង តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង​ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចំណូល​ពី​វិស័យ​នេះ​ស្ទើរ​តែ​មិន​មាន​កំណើន​ទេ»។

ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ក៏​បាន​ចេញ​សេចក្តី​សម្រេច​ដូច្នេះ​ម្តង​ហើយ​ គឺ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បញ្ឈប់​ការ​ផ្តល់​ប្រាក់​បន្ថែម​ដល់​អតិថិជន ​ប៉ុន្តែ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ដក​ចេញ​វិញ​ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​រិះគន់​កាន់​តែ​ច្រើន​ឡើង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ពិសេស​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក។

លោក ចាន់ សុផល ​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ម្នាក់​យល់​ថា​ក្នុង​ន័យ​សេដ្ឋកិច្ច​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ជា​ការ​ខាត​បង់​មួយ។

«ការ​កំណត់​ថ្លៃ​អប្បបរមា​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​នេះ ​មិន​ល្អ​ទេ​សម្រាប់​អតិថិជន​ប្រើ​ប្រាស់ ​ហើយ​ក៏​មិន​មែន​ជា​ការ​ការពារ​កុំ​ឱ្យ​មាន​ការ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ណា​មួយ​ដែរ។ ជាក់ស្តែង​នា​ប៉ុន្មាន​ឆ្នាំ​មក​នេះ​នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​ពេញ​ទំហឹង​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ ឃើញ​ថា​ពុំ​ឃើញ​មាន​ការ​ផ្តាច់​មុខ​អ្វី​ទេ»។

លោក ចាន់ សុផល ​បន្ថែម​ថា ​ប្រសិន​បើ​ខ្លួន​មាន​បំណង​ប្រមូល​ពន្ធ​បន្ថែម ​រដ្ឋាភិបាល​គួរ​រក​វិធីតំឡើង​ពន្ធ​លើ​អ្នក​មាន​ជីវភាព​ធូរ​ធារ ​ជា​ជាង​ការ​កំណត់​តម្លៃ​ទូរស័ព្ទ​បែប​នេះ៕
XS
SM
MD
LG