ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសម្លាប់​សិស្ស​សាលា​នៅ​ស្តុកតុន​បន្ត​លង​អារម្មណ៍​គ្រួសារ​ជន​រងគ្រោះ


People walk past shuttered businesses in downtown Stockton, California
People walk past shuttered businesses in downtown Stockton, California

ក្នុង​ចំណោ​មអ្នក​ស្លាប់​ទាំងអស់ មាន​៤នាក់​ជា​កុមារ​ជនជាតិខ្មែរ​អាយុ​ពី​៦​ទៅ​៩ឆ្នាំ។ ២៤​ឆ្នាំ​ក្រោយ​ក្រុម​គ្រួសារនៅ​តែមិន​អាច​ទទួល​យក​ការ​​បាត់បង់​នេះ។

ក្រុង​ស្តុកតុន រដ្ឋ​កាលី​ហ្វញ៉ា

ក្រុង ស្តុកតុន​រដ្ឋ កាលីហ្វញ៉ា​ជាកន្លែង​ស្ងប់ស្ងាត់​ដែល​ពេលវេលា​ហាក់​បីដូច​ជា​នៅស្ងៀម​មួយកន្លែង។​កាលពី​ទសវត្សរ៍​១៩៨០ និង​១៩៩០​ វាបាន​ក្លាយ​ជាកន្លែង​ជ្រក​កោន​សម្រាប់​ពលរដ្ឋខ្មែរ​ជា​ច្រើន​ដែល​រត់​គេច​ពី​សង្រ្គាម។ ជាកន្លែងមួយដែលសម្រាប់​ពួកគេចិញ្ចឹម​បី​បាច់​កូន​ដ៏​មាន​សុខ​សន្តិភាព។
លោកស្រី កើត សុវណ្ណ ប្រធានសមាគមអប្សារា​បាន​បញ្ជាក់​ថា៖

«ធម្មតា​ខ្មែរ​យើង​ច្រើន​តែ​ពឹង​កូន។ អីចឹង​បាន​ជា​យើង​មាន​កូន​ច្រើន។ពីព្រោះ​ពេល​យើង​ចាស់​ទៅ​យើង​អាច​ពឹង​កូន​បាន។ យើង​អត់​ដឹង​ថា​រដ្ឋាភិបាល​ជួយ​យើង​បាន​ប៉ុន្មាន​នោះ​ទេ។ យើង​អត់​ដឹង​ទេ។ យើង​គ្រាន់​តែដឹង​ថា​ពេល​យើង​ចាស់​ទៅ​កូន​យើង​នឹង​មើល​ថែ​រក្សា​យើង។»

ពលរដ្ឋ​នៅទីនេះ​ចាត់​ទុក​វាជា​រឿង​មួយ។ លោកស្រីសុវណ្ណា​ដែល ជាអ្នក​ធ្វើការខាង​សង្គម​ម្នាក់នៅ​ស្តុកតុន បាន​ថែរក្សា​ទុក​នូវ​ឯកសារ​មួយ​ដែល​រំលឹក​ឡើងវិញ​ពី​រឿង​មួយ​ដែល​អ្វីៗ​នៅ​ទីនេះ​ត្រូវ​បាន​ផ្លាស់ប្តូរ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ​ឆ្នាំ១៩៨៩ បុរស​ស្បែក​ស​ម្នាក់​ដែលពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​មក​លើអ្នកក្រៅពូជសាសន៍​របស់​ខ្លួន​ បាន​ចត​ឡាននៅ​ខាង​ក្រោយ​ទី​ធ្លា​លេង​នៃ​សាលាបឋម​សិក្សា Cleveland។ បន្ទាប់​មក​ជន​នោះ​បាន​ដុត​ឡាន​របស់ខ្លួន​ហើយចាប់​ផ្តើមបាញ់​មក​លើ​គ្រូ​បង្រៀននិង​សិស្សនៅ​ពេល​ដែលពួក​គេរត់​មក​មើល​ភ្លើង។ ក្មេង​៥​នាក់​បាន​ស្លាប់ ២៩នាក់​រង​របួស​រួម​ទាំងគ្រូ​ម្នាក់​ផង។ ជនប្រដាប់​អាវុធ​អាយុ​២៤ឆ្នាំ​នោះ​មាន​ជំងឺ​តាន​តឹង​ផ្លូវ​ចិត្ត​ក៏​បាញ់​សម្លាប់​ខ្លួន​ទៅ។ ការ​សម្លាប់​រង្គាល​ធ្វើ​ឱ្យ​មានការភ្ញាក់​ផ្អើល​ពេញ​ក្រុង​និង​ថ្នាក់​ជាតិ​និង​ជួយឱ្យ​មានការ​បង្កើត​ជា​ច្បាប់​គ្រប់​គ្រង​កាំភ្លើង​ដែល​កំពុង​ត្រូវ​បាន​គេ​ពិភាក្សា​នៅ​សហរដ្ឋ​អាមេរិកសព្វ​ថ្ងៃ​នេះ។

ក្នុង​ចំណោ​មអ្នក​ស្លាប់​ទាំងអស់ មាន​៤នាក់​ជា​កុមារ​ជនជាតិខ្មែរ​អាយុ​ពី​៦​ទៅ​៩ឆ្នាំ។
២៤​ឆ្នាំ​ក្រោយ​ក្រុម​គ្រួសារនៅ​តែមិន​អាច​ទទួល​យក​ការបាត់បង់​នេះ។
អ៊ីង ហ៊ន ម្តាយជនរងគ្រោះ​បាន​និយាយ​ថា៖

«គេ​សួរ​ខ្ញុំ​ថា​គិត​ថា​ម៉េច។ ខ្ញុំ​ថា​ខ្ញុំ​មក​ទឹក​ដី​ដ៏​ស្អាត​នេះ។ ទឹកដី​សំបូរ​និង​ស្អាត។ស្រុក​ខ្ញុំ​មាន​សង្រ្គាម អីចឹង​បាន​ខ្ញុំ ចង់​មក​ទឹក​ដី​ដ៏​សំបូរ​ស្រស់​ស្អាតនេះ។ ដល់​កូន​កើត​រឿង​អីចឹង​ គេថា​នេះ​ជា​រឿង​ចៃដន្យ។ ខ្ញុំថាដឹង​ថា​ជារឿង​ចៃដន្យ​ហើយ​តែខ្ញុំធំ​ឡើង ឃើញ​ប៉ុល​ពត​វាយ​គ្នាដែរ​តែ​មិន​ដែល​ឃើញ​ផ្ទាល់ភ្នែក ​មិន​ដែល​ឃើញ​គេ​សម្លាប់ក្មេងនៅ​សាលារៀន​អីចឹង​ទេ។ មិន​ដែល​ឃើញ​ទេ។​អត់ទេ»។
លឹម ទូច ឪពុក​ជនរងគ្រោះ​ក៏​បញ្ជាក់​ដែរ​ថា៖

«អីចឹង​បាន​ខ្ញុំចេះ​តែឆ្ងល់ថា​ម៉េច​បាន​ជារឿង​នេះ​កើត​ឡើង​អីចឹង។ម៉េច​បាន​សម្លាប់​ក្មេង​តូចៗអត់​ដឹង​អី? ថា​ក្មេង High School ទៅ​ប្រហែល​ថា​មាន​គំនុំគ្នា​វាអី​ តែ​នេះ​ក្មេង​តូចៗ​ អត់​ដឹង​អី​ផង។ ​ម៉េច​បាន​មក​សម្លាប់​ចេះ​តែ​ឆ្ងល់​អីចឹង»។

ឥឡូវនេះ​ខ្ញុំ​កំពុងឈរ​នៅ​ខាង​ក្រៅ​សាលា​បឋម​សិក្សា​Cleveland។ កាលពីថ្ងៃ​១៧​ខែ​មករា​ឆ្នាំ១៩៨៩ Patrick Purdy បានចូលមក​ក្នុង​សាលា​នេះ​ដោយ​កាន់​កាំភ្លើង AK-47។
Patrick Purdy ​ប៉ុន​ប៉ង​មកលើ​ក្រុម​អាស៊ី​អាគ្នេយ៍។

បុព្វជិត James Dunn ​ជាអ្នក​គ្រប់​គ្រង​នៅ​ព្រះវិហារ​ជាប់​សាលា​នោះ។

អាចារ្យ​James Dunn បញ្ជាក់​ថា​៖
«គាត់​បាន​ដើរ​ចូលទៅ​ក្នុង​សាលា ពីព្រោះកាលនោះ៧១​%​នៃ​សិស្ស​មកពី​អាស៊ី​អាគ្នេយ៍។យើងមាន​ខ្មែរ វៀតណាម ​Hmong ​និង​សិស្ស​ផ្សេងៗ​ទៀត​ដែល​នៅរៀន​ទីនេះ​ហើយ​ការ​ស្អប់​នេះ​ជា​ការ​ស្អប់ដែល​ដើរ​ចូល​ទៅ​ក្នុង​សាលានោះ»។

ភាពស្អប់ខ្ពើម​នេះ​បាន​ក្លាយ​ជា​អ្វី​ដែល​សហគមន៍​នេះនៅ​តែ​ចងចាំ។
កើតសុវណ្ណា ប្រធាន​សមាគម អប្សារា៖

«យើង​មិន​អាច​បំភ្លេច​បាន​ទេ។ ខ្ញុំក៏ភ្លេចមិនបានដែរ។ ហើយ​អ្នក​ដែលមាន​កូន​ស្លាប់…..វា​ដូច​ជា​Double។ ការឈឺចាប់ហ្នឹងវាធ្ងន់ទៅ។ ទោះបីជាគេ​ប្រហែល​បំភ្លេច​បាន​ពីមុន គេ​អាច​ភ្លេច​ប៉ុល​ពត តែនេះជាការឈឺចាប់​បន្ថែម​ពីលើ​ហ្នឹង»។

ឪពុក​ម្តាយនិយាយ​ថា​ពួកគេមិន​មាន​មេរៀន​អ្វីច្រើន​ដល់​អ្នកដែល​បានបាត់បង់​កូន​នៅក្នុង​ការ​បាញ់សម្លាប់ស្រដៀងៗ​គ្នានេះ នោះទេ​ក្រៅ​តែ​ពី​ការ​ចងចាំ​ក្មេង​ទាំងនោះ​នៅផ្នូរ​របស់​គេ។
លឹម ទូច ឪពុក​ជនរងគ្រោះ​បញ្ជាក់​ថា៖
«អារម្មណ៍​ចេះតែ​រសាយរសាយទៅ មានអារម្មណ៍ចង់ធ្វើអី។ ខ្ញុំចេះតែយកផ្កា​ទៅ​ដាក់។នឹក​គិត​ថា​ប្រហែល​ជា​ម៉ែឪ​គេមិនទៅ​ទាំងអស់​គ្នា​ទេ។អីចឹង​ខ្ញុំ​ទិញ​ផ្កា​ទៅ​ដាក់​ឱ្យ​ទាំង​កូន៣ ៤ ហ្នឹង»៕
XS
SM
MD
LG