ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋក្រុង ​Long Beach​ តវ៉ានឹង​ការ​បាញ់ជនជាតិ​ខែ្មរ​ដែល​សង្ស័យ​ពីបទ​ចោរម្ម​

  • ជាង សុភីណារ័ត្ន

មន្ទីរពេទ្យ St. Mary​ ទីក្រុង​ Long Beach​
ជាង សុភីណារ័ត្ន Long Beach រដ្ឋ California
កាលពី​ថ្ងៃទី៧ខែ​មករា​ ប៉ូលិស​ទីក្រុង​ Long Beach​បាន​បាញ់​ប្រហារ​ជន​សង្ស័យ​ជា​ចោរ​លួច​ឈ្មោះ​ហ៊ូ សុខា​ អាយុ២២​ឆ្នាំ​ឲ្យមាន​របួសធ្ងន់។​ ដប់​ថ្ងៃក្រោយ​មក​ទើប​ប៉ូលិស​អនុញ្ញាត​ឲ្យគ្រួសារ​ជួប​លោក​សុខា​នៅឯ​មន្ទីរ​ពេទ្យ។

បាតុករ​កាលពី​ថ្ងៃអាទិត្យ​ជួបជុំគ្នា​នៅក្រៅមន្ទីរពេទ្យ St. Mary​ ជា​កន្លែង​លោក​ហ៊ូ​ សុខា ​ដែល​ឥឡូវ​ឋិត​ក្នុង​សភាព​ធ្ងន់ធ្ងរ កំពុង​ទទួលការ​ព្យាបាល។ ពួក​គេជួប​ជុំគ្នា​ដើម្បី​ទាមទារ​ឲ្យមាន​ចម្លើយច្បាស់​លាស់​ថា​តើមាន​អ្វី​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​នៅ​យប់ថ្ងៃ​កើតហេតុ​ និង​ទាមទារ​ឲ្យ​បាន​ការ​គោរព​ប្រសើរ​ជាង​មុន​ពី​ប៉ូលិស។​

នាង​ Stevie Merino​ អ្នក​រៀបចំ​ការ​ទាមទារ​នេះ​និយាយ​ថា៖​

«សម្រាប់ឥឡូវ​ ជា​ពិសេស​ករណី​នេះ​ យើង​ឃើញ​ការ​ប្រព្រឹត្ត​ដ៏សាហាវ​មកលើ​សហគមន៍​ខ្មែរ​និង​សហគមន៍​ផ្សេង​ទៀត​នៃ​ទីក្រុង Long Beach។ ខ្ញុំគិត​ថា​ ការគោរព​ជីវិត​មាន​តិចតួច។ ពួកគេ​ច្រើន​តែចោទ​ប្រកាន់​ដោយ​ស្វ័យប្រវត្តិ​ថា​ អ្នកណា​ជា​ឧក្រិដ្ធជន​នៅក្នុង​សហគមន៍​យើង។ គេ​ដាក់​ឈ្មោះ​ថា​ ជាក្រុម​ក្មេងស្ទាវ បង​តូចបង​ធំ ជាជន​ឧក្រិដ្ធ។ ហើយ​ចំពោះ​រួសារ​វិញ​ គេមិនឲ្យជួបគ្នា​រហូត​ដល់​១០​ថ្ងៃ​ពេលដែល​គ្រួសារ​ដឹង​ថា​ គាត់ត្រូវគេ​បាញ់ ហើយ​និយាយ​ថា “ចាំគេ​ប្រាប់ ​បើគាត់ស្លាប់”»។​

ប៉ូលិស​និយាយ​ថា​ គេរក​ឃើញ​សុខា​នៅផ្លូវតូច​មួយ​ ពេលដែល​គេកំពុង​ធ្វើ​ការស៊ើប​អង្កេត​រឿង​ចោរកម្ម​នៅជិត​ក្រុងខ្មែរ​ល្ងាច​ថ្ងៃ​៧​មករា។​

ប៉ូលិស​និយាយ​ថា​ គេឃើញ​លោក​សុខា​នៅផ្លូវតូច។​ នៅពេល​ដែលប៉ូលិស​ស៊ើប​អង្កេតព្យាយាម​និយាយ​ទាក់ទង គាត់​មាន​បញ្ចេញ​កាំភ្លើង​ ដូចនេះ​ទើបប៉ូលិស​ធ្វើការ​បាញ់ប្រហារ​លើ​គាត់។​ ប៉ូលិស​និយាយ​ថា​ សុខា​អាចនឹង​ជាប់​ចោទ​ពីបទ​ចោរកម្ម​និងប្រដាប់​អាវុធ​ផ្សេងៗ​ទៀត។​

ប៉ូលិស​នៃក្រុង Long Beach ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារចំនួន​៧ដង​ក្នុង​ឆ្នាំ​២០១២ បើតាម​តួលេខ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ Long Beach។ ​ហើយ​ប៉ូលិស​ពាក់ព័ន្ធ​នឹង​ការបាញ់​ប្រហារពីរ​ករណី​ហើយ​អំឡុង​២សប្តាហ៍​នេះ។​

ប៉ូលិស​កំពុង​ធ្វើការស៊ើប​អង្កេត​បន្តពី​រឿងបាញ់​ប្រហារ​ចុង​ក្រោយ​នេះ ​តែ​ បាតុករ​និយាយ​ថា​ តួលេខ​មាន​ចំនួនច្រើន ​ហើយប៉ូលិស​ពុំ​បាន​ទន់​ចិត្តជា​មួយ​គ្រួសារ​ជនរង​គ្រោះ​នោះ​ទេ។​

ម្តាយ​របស់លោក​ហ៊ូ​ សុខា​គឺ​លោកស្រី អេង យ៉ន។ គាត់​និយាយ​ថា​ ប៉ូលិស​មិន​បាន​អនុញ្ញាត​ឲ្យគាត់ជួប​កូនប្រុស​របស់គាត់​ទេ​រហូត​ដល់​១០​ថ្ងៃ​ក្រោយ​ថ្ងៃ​កើត​ហេតុ។​
លោកស្រី​អេង​ យ៉ន​ម្តាយ​របស់​លោក​សុខា​និយាយថា៖

«ខ្ញុំរត់​ទៅរត់មក​ ដូច​មនុស្សឆ្កួត​អញ្ចឹង។​ ខ្ញុំមិន​ចង់​រស់​ទេ។​ ខ្ញុំចង់​ឃើញ​កូន​ប្រុស​ខ្ញុំ ​ស្លាប់​ ឬ​រស់។ បាញ់​កូន​ខ្ញុំ​ហើយ​មិនប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា​ យ៉ាង​ម៉េច ​វា​ទៅឯណា​ យ៉ាងម៉េចហើយ»។​

លោកស្រី អេង យ៉ន និយាយ​ថា​ ឥឡូវ​គាត់​អាច​ទៅមើល​កូនប្រុស​របស់​គាត់តែ​មួយ​សប្តាហ៍​ម្តង​ ហើយ​រយៈ​ពេល​ច្រើន​បំផុត​៣០​នាទី។ គាត់​សង្ឃឹមថា​ ប៉ូលិស​នឹង​អនុញ្ញាត​ឲ្យ​គាត់បាន​ជួប​សុខា​ច្រើន​ជាង​នេះ​ និង​សង្ឃឹម​ថា​ ប៉ូលិស​នឹង​អាច​យល់ដឹងពី​ហេតុការណ៍​នេះ។​
«កុំបាញ់​អញ្ចឹង!​ បាញ់​ដៃបាញ់​ជើង ហើយ​កាត់​ទោស​គ្នា​តាម​ច្បាប់​ទៅ។ កុំបាញ់​សម្លាប់អញ្ចឹង!​ សង្ឃឹម​ថា​នេះ​និង​ជួយ​អ្នក​ក្រោយៗ​ទៀត​បន្ទាប់​ពី​កូន​ខ្ញុំ»។​

យើងនឹង​ធ្វើការ​តាម​ដានរឿង​នេះ​បន្តទៀត៕
XS
SM
MD
LG