ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ដែនសមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​ជា​របៀបវារៈ​សំខាន់ក្នុង​ជំនួប​កំពូល​អាស៊ាន


សមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​
សមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​

នៅ​ចុង​បញ្ចប់​ប្រទេស​ដែល​ជា​បណ្តា​សមាជិក​ប្រជាជាតិ​អាស៊ាន​បាន​សម្រេច​ដាក់​បញ្ចូល​របៀបវារៈ​ ដ៏​មាន​សារៈសំខាន់​មួយ ​ដែល​និយាយ​អំពី​ជម្លោះ​ដែនសមុទ្រ​ខាង​ត្បូង​ប្រទេស​ចិន​ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាជិក​អាស៊ាន​ទាំង​អស់​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​អង្គារ​នេះ។

លោកស្រី ​សឿ ​រដ្ឋចាវី​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ បាន​ថ្លែង​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ ការ​សម្រេច​ដាក់​របៀប​វារៈ​ នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នេះ ​ធ្វើឡើង​ដោយសារ​តែ​ជា​រៀងរាល់​ឆ្នាំ​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជា​បញ្ហា​ដ៏​សំខាន់​ ដែល​យើង​តែងតែ​លើក​យក​មក​ពិភាក្សា​គ្នា។

«នេះ​ជា​រឿង​ទូទៅ​ធម្មតា។ ​ដូច្នេះ ​វា​គ្មាន​មូល​ហេតុអ្វី ​ដែល​កម្ពុជា​ត្រូវ​តែ​ដាក់ ​ឬ​ មួយ​មិន​ដាក់​ទេ។​ ចង់​និយាយ​ថា ​ទាំង​ថ្នាក់​ដឹកនាំ​អាស៊ាន​ ទាំង​ថ្នាក់​ដឹកនាំ​ចិន ​បាន​ឯកភាព​គ្នា​ថា​ ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា ​ដើម្បី​អនុវត្ត​សេចក្តីថ្លែង​ការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ ឲ្យ​បាន​មាន​ប្រសិទ្ធិភាព​បំផុត»។

មេដឹកនាំ​ប្រទេសសមាជិក​អាស៊ាន​ក្នុង​ពិធី​ថតរូប​ជុំគ្នា​ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញក្នុង​សប្តាហ៍​នេះ។
មេដឹកនាំ​ប្រទេសសមាជិក​អាស៊ាន​ក្នុង​ពិធី​ថតរូប​ជុំគ្នា​ក្នុង​ជំនួប​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញក្នុង​សប្តាហ៍​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​តឹងតែង​ ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​ គឺ​ប្រទេស​វៀតណាម ​និង​ប្រទេស​ហ្វីលីពីន​ បាន​លើក​យក​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ទៅ​ដាក់​នៅ​ក្នុង​កិច្ច​ប្រជុំ។

ប្រទេស​ហ្វីលីពីន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដោយ​លោក​ប្រធានាធិបតី​ អាគីណូ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ត្រូវ​តែ​មាន​ជំហរ​រួម​ស្តីពី​ក្រមនីតិប្រតិបត្តិ ​មុន​នឹង​ប្រជុំ​ជាមួយ​នឹង​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ឯកសារ​ផ្លូវច្បាប់​សម្រាប់​ជា​មគ្គុទេសក៍​ដល់​ប្រទេស​ដែល​មាន​ជម្លោះ​នៃ​ដែន​សមុទ្រ​ភាគ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន។

លោក ​Albert Del Rosario ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ឯ​វិមាន​សន្តិភាព​ថា ​ប្រទេស​អាស៊ាន​ទាំង​អស់​បាន​យល់ព្រម​ដាក់​ក្រមប្រតិបត្តិ​ ឬ COC​ ដ៏​មាន​សារៈ សំខាន់​រួច​រាល់​ហើយ ​ហើយ​រំពឹង​ថា ​កិច្ចការ​នេះ​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ​ដើម្បី​ឲ្យ​ប្រទេស​ចិន​មក​ជួប​ប្រជុំ​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

«យើង​ឆ្លៀត​យក​ឱកាស​នេះ​ត្រឡប់​ទៅ​ក្នុង​កិច្ចការ​ជាមួយ​អាស៊ាន។ ​វា​ពិត​ថា​ នេះ​គឺ​ជា​សកម្មភាព​អស្ថេរភាព​ ដោយ​គ្មាន​ការ​ស្វែង​រក​នូវ​ចំណុច​កណ្តាល​ណាមួយ។ ​ដូច្នេះ ​យើង​អាច​និយាយ​បាន​ថា​ យើង​ត្រូវ​តែ​អញ្ជើញ​ខាង​ភាគី​ប្រទេស​ចិន។ ​ក៏ប៉ុន្តែ​កិច្ចការ​នេះ​អាច​នឹង​ធ្វើ​ទៅ​បាន​ បន្ទាប់​ពី​មាន​ការ​យល់ព្រម​ពី COC»។

លោក ​Marty M. Natalegawa ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ​អាស៊ាន​នឹង​ពិភាក្សា​គ្នា​បន្ថែមទៀត​អំពី​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​មក​ដល់​ មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​កម្ពុជា​បាន​បញ្ជាក់​រួច​មក​ហើយ​ថា​ ជំហរ​កម្ពុជា​ នឹង​មិន​ដាក់​របៀប​វារៈ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទេ។​ ក៏ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​គាប​សង្កត់​ពី​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ ទើប​កម្ពុជា​សម្រេច​ដាក់​របៀបវារៈ​នេះ​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

លោកស្រី ​សឿ រដ្ឋចាវី ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​បញ្ជាក់​ថា​ មិន​មែន​ជា​ការ​ដាក់​សម្ពាធ​ ទើប​កម្ពុជា​ដាក់​របៀប​វារៈ​នៃ​ដែន​សមុទ្រចិន​ភាគ​ខាង​ត្បូង​ ចូល​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ។

«ឥត​មាន​សម្ពាធ​ពី​ខាង​ណា​ទេ។ ​យើង​ជា​ប្រធាន ​យើង​ត្រូវ​តែ​ដាក់។​ ជា​រឿង​ធម្មតា។​ ឥត​មាន​សម្ពាធ​ពី​ខាង​ណា​ទេ ​ព្រោះ​យើង​ក៏​ជា​ភាគី​នៃ​សេចក្តី​ថ្លែងការណ៍​ហ្នឹង​ដែរ។ ​ដូច្នេះ​ សំខាន់​គឺ​ថ្នាក់​ដឹកនាំ​ទាំង​អស់​បាន​ឯកភាព​គ្នា​ថា​ ​ត្រូវតែ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធិភាព។ ​ដូច្នេះ ​វា​ត្រូវតែ​មាន​លើក​យក​មក​ពិភាក្សា ​ថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​យើង​អនុវត្ត​ការ​តាក់តែង​ឲ្យ​មាន​ប្រសិទ្ធិភាព»។

លោក​ឈាង ​វណ្ណារិទ្ធិ​ នាយក​វិទ្យាស្ថានខ្មែរ​សម្រាប់​កិច្ចសហប្រតិបត្តិការ ​និង​សន្តិភាព​ បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​សមុទ្រចិន​ភាគ​ខាង​ត្បូង​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ ដែល​ទាមទារ​ឲ្យ​បណ្តា​ប្រទេស​ ដែល​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ត្រូវ​តែ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ ដោយ​មិន​អាច​ជៀសវាង​បាន។

ដែន​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចំនួន​បួន ​ក្នុង​តំបន់​អាស៊ាន ​ដែល​រួមមាន​ប្រទេស​ហ្វីលីពីន ​ម៉ាឡេស៊ី ​វៀតណាម ​និង​ប្រទេស​ប្រ៊ុយណេ។ ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ​គឺ​ជា​តំបន់​ដ៏​មាន​សក្តានុពល​ខាង​ផ្នែក​ធនធានរ៉ែ ​ឧស្ម័ន ​និង​ ត្រី៕

XS
SM
MD
LG