ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទំនប់វារី​អគ្គិសនី​សេសាន​ក្រោម​២​ត្រូវ​បំពាក់​បច្ចេក​វិទ្យា​ការពារ​ការ​រញ្ជួយ​ដី


ការ​សាងសង់​ចាំ​បាច់​ត្រូវ​មាន​បច្ចេក​ទេស​ខ្ពស់​ដើម្បី​បញ្ចៀស​ការ​រញ្ជួយ​ដី។​
ឃួន ធារ៉ា ​រាជធានី​ភ្នំពេញ
ក្រុម​អ្នក​ឯកទេស​បាន​ឱ្យ​យោបល់​ថា​ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​II ​ចាំ​បាច់​ត្រូវ​បំពាក់​បច្ចេក​វិទ្យា​ការពារ​ការ​រញ្ជួយ​ដី​ក្នុង​កម្រិត​ខ្ពស់​មួយ ​ក្រោយ​ពី​រក​ឃើញ​ថា ​គ្រោះ​ធម្មជាតិ​បែប​នេះ​បាន​កើត​មាន​នៅ​ទី​នោះ​ម្តង​រួច​មក​ហើយ។​

ក្រុម​អ្នក​ឯកទេស​បរិស្ថាន​ដែល​បាន​រៀប​រៀង​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ទំនប់​សេសាន​ក្រោមII ​បាន​ព្រមាន​ថា​ តំបន់​ដែល​ត្រូវ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​ធ្លាប់​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​កាល​ពី​ឆ្នាំ​១៩៧៨​ក្នុង​កម្រិត​៥,២។​ ហើយ​ស្នាមនៃ​ការរញ្ជួយ​ដី​នោះ​មិនទាន់​ផុត​រលត់​នៅ​ឡើយ។​

លោក​មៀច មាន ​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​សេសាន ​ស្រែពក ​សេកុង​ បារម្ភ​ថា ​ប្រសិន​បើ​ពុំ​មាន​វិធាន​ការ​សុវត្ថិភាព​ដិត​ដល់​ទេ​ នោះ​វា​អាច​នឹង​បណ្តាល​ឱ្យមាន​វិនាស​កម្មដ៏​ធ្ងន់ធ្ងរ​មួយ។​

«ដោយ​សារ​តំបន់​នោះ​ធ្លាប់​មាន​ហានិភ័យ​បែប​ហ្នឹង​ ដូច្នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ។ ​ក្រោយ​ពី​សាងសង់​ទំនប់ហ្នឹង​ទៅ​ យើង​មើល​មិន​ឃើញ​ទេ​ថា​ អាច​នឹង​កើត​មាន​ទៀត ​ឬ​យ៉ាង​ណា។ ​ប្រសិន​បើ​វា​កើត​ឡើង​មែន ​ទំនប់​ហ្នឹង​ត្រូវ​បាក់ ​ប្រជា​ពលរដ្ឋ​នៅ​ខាង​ក្រោម​ហ្នឹង​នឹង​ទទួល​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ជា​ពិសេស​អ្នក​នៅ​ទី​រួម​ខេត្ត​ស្ទឹងត្រែង​តែ​ម្តង ​ព្រោះ​បាក់​ទំនប់​ទៅ​ ​ទឹកនឹងលិច​ទឹក​នឹង​ធ្លាក់​ទៅ​គាត់កម្ពស់​៧៥​ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ​ ហើយ​៤០​ម៉ែត្រ​ជាង​ធៀប​នៅ​លើ​ផ្ទៃ​បាត​ទន្លេ។ ​ប្រសិន​បើ​ទឹក​កម្ពស់​៤០​ម៉ែត្រ​បាក់មក ​ទី​រួម​ខេត្តស្ទឹង​ត្រែង​គឺ​អត់​សល់តែ​ម្តង»។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមII​ស្ថិត​ក្នុងចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ស្ទឹងត្រែង​លើ​ដៃ​ទន្លេ​ហូរ​ចាក់​ទៅ​ទន្លេ​មេគង្គ។​ ទំនប់​វ៉ារីអគ្គិសនីនេះ​មាន​សក្តានុពល​ផលិត​ថាមពល​អគ្គិសនី​៤០០​មេហ្គាវ៉ាត់​ ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់នៅ​ឆ្នាំ​២០១៣​នេះ។​

ទំនប់​សេសាន​ក្រោម​II​នេះវិនិយោគ​រួម​គ្នា​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុករ៉ូយាល់​គ្រុប​ និង​ក្រុមហ៊ុន​មួយ​របស់​ចិន​ចំណាយ​ទំហំ​ទឹក​ប្រាក់​សរុប​៨៦១​លាន​ដុល្លារ​អាមេរិក ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀងកាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២។​

របាយ​ការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​បរិស្ថាន​នៅខែ​ធ្នូ​ឆ្នាំ​២០០៩ ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​វែកញែក​ដោយ​អង្គការ​សង្គម​ស៊ីវិល​ កាល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បង្ហាញ​ថា​ នៅ​ក្នុង​តំបន់​គម្រោង​ទំនប់​សេសាន​ក្រោម​II​មាន​ស្នាម​ស្រុត​ប្រេះ​ភូគព្ភសាស្ត្រ​ចំនួន​បួន​កន្លែង​នៅ​គែម​ខាង​ស្តាំ​របស់​ទំនប់​មេ ​និង​មាន​ស្នាម​ធំ​មួយ​ទៀត​នៅ​ខ្សែ​ទឹក​ខាង​លើ​ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​ទីតាំង​គម្រោង។​

ដោយ​ផ្អែក​តាម​លក្ខណៈ​ភូមិសាស្ត្រ​នេះ របាយ​ការណ៍​នេះ​ផ្តល់​អនុសាសន៍​ថា ​ការ​សាងសង់​ទំនប់​នេះ​ត្រូវ​តែ​ធានា​ឱ្យ​បានភាព​ធន់​ទៅ​នឹង​ការ​រញ្ជួយ​ដី​ជា​យថាហេតុ​ណា​មួយ។​

លោក​ជា ចន្ថា​ មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ថ្លែង​ប្រាប់​វីអូអេខេមរ​ភាសា​តាម​ទូរស័ព្ទ​ថា ​ការ​សាងសង់​ចាំ​បាច់​ត្រូវ​មាន​បច្ចេក​ទេស​ខ្ពស់​ដើម្បី​បញ្ចៀស​ការ​រញ្ជួយ​ដី​ និង​ធានា​ឱ្យ​បាន​ភាព​រឹងមាំ​នៃ​សំណង់ ​ប្រសិន​បើ​ការ​រញ្ជួយ​ដី​កើត​ឡើង។​

«ការ​សាងសង់​អាច​ដំណើរ​ការ​បាន​ ទាល់​តែ​លក្ខណៈ​បច្ចេក​ទេស​ទំនប់​នឹង​ល្អ​ណាស់ ​អាច​ទប់ទល់​នឹង​ការ​រញ្ជួយ​ដី​កម្លាំង​ខ្សោយ​ៗ​បាន។​ ប្រសិន​បើ​កន្លែង​ហ្នឹង​ធ្លាប់​មាន​ការ​រញ្ជួយ​ដី​ហើយ​ វា​អាច​នឹង​មាន​ការ​រញ្ជួយ​ម្តង​ទៀត​ដែរ​ ព្រោះផ្នែក​ខាង​ក្រោម​នៃ​សណ្ឋាន​ដី​ដែល​មាន​ម៉ាក់ម៉ា​បុក​ឡើង​ហ្នឹង​ វា​ធ្វើ​ឱ្យ​មាន​រំញ័រ ​ឬ​រង្គើ»។​

ក្រៅ​ពី​ការ​បារម្ភ​នេះ ​គម្រោង​ទំនប់​ ដែល​មាន​ប្រវែង​៨​គីឡូម៉ែត្រ​នេះ​ នឹង​នាំ​ឱ្យ​លិច​ភូមិ​ចំនួន​៧​ទាំង​ស្រុង ​ដែល​ធ្វើ​ឱ្យ​មាន​បំលាស់​ទី​លំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០០​នាក់។ ​ជាង​នេះ​ទៀត ​ដី​ព្រៃ​រាប់​សិប​ពាន់​ហិចតា​នឹង​លិច​ ត្រី​កម្រៗ​មួយ​ចំនួន​នឹង​ផុត​ពូជ​ ដោយ​សារ​មិន​អាច​បំលាស់​ទី​បាន​ ហើយ​វា​ប៉ះពាល់​ដល់​គុណ​ភាព​ទឹក ​ជីវ​ចម្រុះ​ និង​ជីវភាព​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជិត​នោះ។​

ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ភាគ​ច្រើន​បាន​សំណូមពរ​ឱ្យ​ផ្អាក​ការ​សាង​សង់​ទំនប់​នេះ ​ប៉ុន្តែ​ប្រសិន​បើ​មាន​ការសាងសង់​ ពួកគាត់​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​ពួក​គាត់។​ នេះ​បើ​តាម​របាយ​ការណ៍​ស្តី​ពី​ស្ថាន​ភាព​ប្រជា​ពលរដ្ឋ​នៅ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​II ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ NGO Furum ​កាល​ពីពាក់​កណ្តាល​ខែ​នេះ។​

ប៉ុន្តែ​មក​ទល់​ពេល​នេះ​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ពេល​វេលាផ្លាស់ទី​លំនៅ​ និង​ចំនួន​ប្រាក់​សំណង​ដោយ​ក្រុមហ៊ុននោះ​នៅ​ឡើយ​ទេ។​
លោក​ជា ណារិន ​ប្រធាន​នាយកដ្ឋាន​វ៉ារីអគ្គិសនី​នៃ​ក្រសួង​ធនធាន​រ៉ែ​ និង​ថាមពល​ មាន​ប្រសាសន៍​ថា ​លោក​មិនទាន់​អាច​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ​ក្នុង​សប្តាហ៍​នេះ ​ដោយសារ​លោក​ជាប់​រវល់​កិច្ចការ​ជាច្រើន៕​
XS
SM
MD
LG