ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាលកម្ពុជាថា ជនជាតិថៃរត់ចេញពីកាស៊ីណូក្រុងប៉ោយប៉ែត ដោយសារមានជម្លោះជាមួយថៅកែចិន


រូបដកស្រង់ពីគេហទំព័រ The Nation របស់​ប្រទេសថៃ បង្ហាញ​មន្ត្រីថៃ​សន្ទនា​ជាមួយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ពី​កាស៊ីណូ​មួយ​នៅ​ប្រទេស​កម្ពុជា។ (Web Screenshot)
រូបដកស្រង់ពីគេហទំព័រ The Nation របស់​ប្រទេសថៃ បង្ហាញ​មន្ត្រីថៃ​សន្ទនា​ជាមួយ​ជនជាតិ​ថៃ​ដែល​បាន​រត់​គេច​ខ្លួន​ពី​កាស៊ីណូ​មួយ​នៅ​ប្រទេស​កម្ពុជា។ (Web Screenshot)

បន្ទាប់​ពី​ស៊ើប​អង្កេត ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​អះអាង​ថា​ ករណី​ជនជាតិ​ថៃ​ ៩ ​នាក់ ​រត់​ចេញ​ពី​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ ដោយ​សារ​តែ​មាន​ជម្លោះ​ជាមួយ​ថៅកែ​ជន​ជាតិ​ចិន​ពីរនាក់។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ លោក ​សិទ្ធិ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ ​បាន​បដិសេធ​ថា​ មិន​មាន​ការ​បង្ខំ​មនុស្ស​ឱ្យ​ធ្វើការ ​ដើម្បី​បោក​បញ្ឆោត​ជនជាតិ​ថៃ ​និង​បង្ខាំង​មនុស្ស​ទុក ​ដូច​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ថៃ​ឡើយ។​ លោក​បន្ថែម​ថា​ ជន​ជាតិ​ថៃ​មាន​របួស​ស្នាម​លើ​ខ្លួន​ ប្រហែល​ដោយ​សារតែ​ពួកគេ​ឡើង​របង​កាស៊ីណូ​ដែល​មាន​បន្លា ​មិន​មែន​ជា​ការ​វាយ​ដំឡើយ។​

លោក​បញ្ជាក់​ថា៖ ​«តែ​ដោយ​ឡែក​ជុំវិញ​រឿង​ដែល​ប្អូន​សួរ​ហ្នឹង​គឺ​គាត់​អត់​មាន​ការ​ធ្វើ​ទារុណ​កម្ម​ឬ​ក៏​បង្ខាំង​ ឬ​ក៏​យក​ទៅ​ធ្វើអី​ដូច​ជា​ការ​ចុះ​ផ្សាយ​នោះ​ទេ»។​

លោក​ស្នងការ​បញ្ជាក់​ថា​ ជនជាតិ​ថៃ​ទាំង​នោះ​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​ ដោយ​សារតែ​មិន​មាន​ការ​កត់​ត្រា​នៅ​ច្រក​អន្តរជាតិ​ឡើយ។​

វីអូអេ​បាន​ទាក់ទង​ទៅ​លោក​ កែវ វ៉ាន់ថន​ អ្នក​នាំពាក្យ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ប៉ុន្តែ​លោក​ថា​ មិន​ដឹង​អំពី​រឿង​នេះ​ទេ។​

សារ​ព័ត៌មាន​ថៃ​ ឈ្មោះ ​The Nation ​​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ថា​ ជនជាតិ​ថៃ​ ៩​ នាក់​បាន​រត់​ចេញ​ពី​កាស៊ីណូ​នៅ​ទីក្រុង​ប៉ោយប៉ែត​ដើម្បី​គេច​ពី​ការ​បង្ខាំង​និង​ការ​បង្ខំ​ឱ្យ​ហៅ​ទូរស័ព្ទ​បោក​បញ្ឆោត​ជនជាតិ​ថៃ​ដូច​គ្នា។ ជនជាតិ​ថៃ​៩​ នាក់ ​ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ បាន​ដុត​ភ្លើង​នៅ​កាស៊ីណូ​មួយ​ឈ្មោះ​ Puli​ ដើម្បី​គេច​ចេញ​ពី​អគារ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ជើង​កាង។​

តម្រួត​ថៃ​បាន​ជួយ​ជនជាតិ​ថៃ​ទាំង​ ៩​ នាក់​នោះ​នៅ​ក្បែរ​ច្រក​ព្រំដែន​ក្នុង​ខេត្ត​សាកែវ​ កាល​ពី​ថ្ងៃ​ចន្ទ ​ក្រោយ​ពួក​គេ​រត់​គេច​ចេញ​ពី​កាស៊ីណូ។ ​ពួកគេ​ភាគ​ច្រើន​មាន​ស្នាម​របួស​ធ្ងន់​ធ្ងរ​នៅ​លើ​ដៃ ​ជើង​ និង​ខ្លួន​ ហើយ​ខ្លះ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន។ ​នេះ​បើ​តាម​អត្ថបទ​ដែល​បាន​ដក​ស្រង់​សម្តី​តម្រួត​ថៃ។​

គួរ​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ ខ្លាំងក្លា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ៕

XS
SM
MD
LG