ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​នៅ​ថៃ​រង​ការ​រិះគន់​ពី​អង្គការ​សិទ្ធិ​មនុស្ស


រូបឯកសារ៖ លោក គង់ រៃយ៉ា (អាវក្រហម) ត្រូវ​បាននាំខ្លួនដោយ​មន្ត្រី​នគរបាល​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក គង់ រៃយ៉ា (អាវក្រហម) ត្រូវ​បាននាំខ្លួនដោយ​មន្ត្រី​នគរបាល​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​(Human Rights Watch) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះ​លែង​សកម្មជន​ទាំង​នោះ។

សកម្មជន​នយោបាយ​ខ្មែរ​ចំនួន​៣​រូប និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន កាល​ពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​នៅ​មុន​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅ​កាន់​ទីក្រុង​បាង​កក ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ នា​សប្តាហ៍​នេះ។

សកម្មជន​៣​នាក់​នោះ​ រួម​មាន​លោក គង់ រៃយ៉ា លោក ផាន់ ផាណា និង​លោក លឹម សុខា ដែល​បាន​ភៀស​ខ្លួន​ទៅ​ស្នាក់​នៅ​ប្រទេសថៃ​ ក្នុង​គោល​បំណង​គេច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា។ សកម្មជន​មួយ​ចំនួន​ដែល​គេច​ខ្លួន​ជ្រក​កោន​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​រាយ​ការណ៍​ថា​ពួក​គេ​ត្រៀម​ខ្លួន​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃទី​៣ ខែ​កុម្ភៈ​ថា​ការ​ចាប់​ខ្លួន​ជន​ភៀស​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ផ្គាប់​ចិត្ត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​មុន​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​បាងកក មិន​មែន​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​ថៃ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិ​ថា​ខ្លួន​សម​នឹង​ទទួល​បាន​កៅអី​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នោះ​ទេ។

លោក​បញ្ជាក់​ជា​ភាសា​អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «អាជ្ញាធរ​ថៃ​គួរ​តែ​ដោះ​លែង​ជន​ភៀស​ខ្លួន​លោក ផាន់ ផាណា លោក គង់ រ៉ៃយ៉ា និង​លោក លឹម សុខា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​បញ្ឈប់​ការ​បង្រ្កាប​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ»។

លោក​បន្ថែម​ថា៖ «លោក ហ៊ុន ម៉ាណែត កំពុង​តែ​បង្ហាញ​លោក​ក៏​ជាអ្នក​រំលោភ​សិទ្ធិ​មនុស្ស​ផ្តាច់​ការ​ដូច​ឪពុក​របស់​លោក​ដែរ ហើយ​ថៃ​មិន​គួរ​សហការ​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ណាមួយ ដើម្បី​គាប​សង្កត់​ឆ្លង​ដែន»។

លោក​បញ្ជាក់​ក្នុង​សារ​អេឡិច​ត្រូនិច​អ៊ីម៉ែលបន្ថែមទៀត​ថា​រដ្ឋាភិបាល​ថៃ​គួរ​តែ​ដោះ​លែង​ជន​ភៀស​ខ្លួន​ទាំង​នេះ​ជា​បន្ទាន់ ហើយ​បញ្ឈប់​ការ​បង្រ្កាប​ជន​ភៀស​ខ្លួន​កម្ពុជា​ដែល​កំពុង​លាក់​ខ្លួន​ដោយ​ភ័យ​ខ្លាច​ពាស​ពេញ​ទីក្រុង​បាងកក និង​ខេត្ត​ផ្សេងៗ​ទៀត។

បើ​តាម​លោក Phil Robertson ប្រទេស​ថៃ​គួរ​តែ​គោរព​សិទ្ធិ​ជន​ភៀស​ខ្លួន ដែល​រួម​មាន​សេរី​ភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ជា​សាធារណៈ​ដោយ​សន្តិវិធី។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា និង​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​ថៃ តាម​សារ​អេឡិច​ត្រូនិច​អ៊ីម៉េល​បាន​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ប្រទេស​ថៃ​ក្លាយ​ជា​កន្លែង​មួយ​ដែល​សកម្មជន​សង្គម​និងនយោបាយ​ខ្មែរ​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន គេច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​កម្ពុជា។

លោក គង់ រៃយ៉ា អតីត​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន ដែល​គេច​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​កាល​ពី​ខែកក្កដា ឆ្នាំ​មុន បាន​ប្រាប់​វីអូអេ​មុន​នឹង​អាជ្ញាធរ​ថៃ​ដក​ហូត​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​លោក និង​ភរិយា​ដែល​មាន​កូន​ពីរ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​យក​ទៅ​ដាក់​នៅ​មណ្ឌល​ឃុំឃាំង​ជន​អន្តោ​ប្រវេសន៍ ហើយ​ពិន័យ​ជា​ប្រាក់​ចំនួន​៧ពាន់​បាត ដោយ​សារ​តែ​ការ​ស្នាក់​នៅ​ហួស​កំណត់​ក្នុង​ប្រទេស​ថៃ។ លោក​និង​ក្រុម​គ្រួសារ​ដែល​មាន​កូន​ស្រី​អាយុ​៥ឆ្នាំ​និង​កូន​ប្រុស​អាយុ​១ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ វេលា​ម៉ោង​ប្រមាណ​៤​រសៀល។

លោក គង់ រ៉ៃយ៉ា អាយុ​៣២​ឆ្នាំ ដែល​ធ្លាប់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មួយ​រយៈ រួច​លាឈប់​វិញ បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​រូប​លោក និង​សកម្ម​ជន​២​នាក់​ទៀត​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ ជា​«ហេតុ​ផល​នយោ​បាយ» ដោយ​សារ​លោក ហ៊ុន ម៉ាណែត ជិត​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ ហើយ​មិន​ចង់​ឃើញ​ការ​តវ៉ា​ណា​មួយ​ប្រឆាំង​រូប​លោក។

លោក គង់ រ៉ៃយ៉ា ដែល​កាន់​កាត​ជន​ភៀស​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា៖ «ការ​ចាប់​ខ្លួន​ខ្ញុំ​នេះ​ជា​ហេតុ​ផល​នយោបាយ​ ដោយ​សារ​តែ​លោក ហ៊ុន ម៉ាណែត​ គាត់​ធ្វើ​ដំណើរ​មក​ថៃ ហើយ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ថា​ក្រុម​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ រួម​ទាំង​ពល​ករ​ផង​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​គាត់​នៅ​ប្រទេស​ថៃ​។ ដូច្នេះ​គាត់​ខ្លាច​បាក់​មុខ​ទើប​ស្នើ​ឱ្យ​ខាង​អាជ្ញាធរ​ថៃ​ធ្វើ​ការ​រិតត្បិត​សំឡេង​របស់​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​ហ្នឹង»។

លោក គង់ រ៉ៃយ៉ា ដែល​ធ្លាប់​ជាប់​ពន្ធនាគារក្នុង​ប្រទេស​កម្ពុជា បាន​ចាក​ចេញពី​ប្រទេស​កំណើត កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ពេល​លោក​បាន​លា​ឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​សម្រេច​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​សិទ្ធិ​ផ្នែក​ជ្រក​កោន​នយោ​បាយ ដោយ​សារ​បារម្ភ​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ប្រាប់​វីអូអេ​ថា​លោក​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បញ្ជូន​ខ្លួន​មក​ប្រទេស​កម្ពុជា​វិញ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ឯង កូន​ៗ ហើយ​និង​ប្រពន្ធ​មែន​ទែន គឺ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរថៃ​បញ្ជូន​រូប​ខ្ញុំ​ទៅ​ប្រទេស​កម្ពុជា​វិញ ដែល​នឹង​អាច​ជាប់​ពន្ធនាគារ​ឬ​ក៏​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នេះ»។

លោក ខឹម មុន្នីកុសល ប្រធាន​គណៈ​កម្មការ​សម្រប​សម្រួល​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​វីអូអេ​ថា​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បំបែក​កន្លែង​ឃុំ​ខ្លួន​មិន​ឱ្យ​នៅ​ជុំ​គ្នា​នោះ​ទេ ដោយ​ភរិយា និង​កូន​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បំបែក​ទៅ​ឃុំ​នៅ​កន្លែង​ផ្សេង​គ្នា​ផង​ដែរ។ លោក​បន្ត​ថា​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​ស្វែង​រក​សកម្មជន​ដទៃ​ទៀត​ ដែល​មាន​នៅ​ក្នុង​រូបថត​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​កាល​ពី​ដើម​ខែ​ធ្នូ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​នេះ​គឺ​មន្រ្តី​ស្ថានទូត​ខ្មែរ​ជាមួយ​នឹង​ប៉ូលិស​មូលដ្ឋាន​របស់​ថៃ​នៅ​តែ​បន្ត​ស្វែង​រក​មនុស្ស​ដែល​មាន​នៅ​ក្នុង​រូបថត​ ដែល​គេ​ចោទ​ប្រកាន់​អំពី​ព្រឹត្តិការណ៍​នៃ​ការ​រៀបចំ​ការ​ជួប​ជុំ​គ្នា​មួយ​របស់​យុវជន​យើង ​កាល​ពី​ថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។ គេ​យើង​រូបថត​ទាំង​អស់​ហ្នឹង​នៅ​តែ​តាម​ប្រមាញ់​រក​មនុស្ស​ដែល​មាន​នៅ​ក្នុង​រូបថត​ហ្នឹង​ដដែល​ ហើយ​មិន​ដក​ថយ​ទេ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង​គេ​ដើរ​សួរ​រក​គ្រប់​កន្លែង»។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ សកម្ម​ជន​សង្គម​និង​នយោ​បាយ​ខ្មែរ​ចំនួន៧​នាក់​ ដែល​ជ្រក​កោន​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន បើ​ទោះ​ពួក​គេ​មាន​បណ្ណ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​នាម​ជន​ភៀស​ខ្លួន ​ដែល​ចេញ​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCR)​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា លើក​ឡើង​ថា​ការ​ដែល​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ដទៃ ឬ​បាន​ប្រព្រឹត្ត​សកម្មភាព​ណា​មួយ​ខុស​ច្បាប់​ក្នុង​ប្រទេស​ដទៃ​នោះ​ នឹង​ត្រូវ​អាជ្ញាធរ​ក្នុង​ប្រទេស​នោះ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។ លោក​បន្ត​ទៀត​ថា​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​ដែល​ភៀស​ខ្លួន​ថា​រដ្ឋាភិបាល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ គ្រាន់​ជា​«លេស​»មួយ​ក្នុង​ការ​ដែលពួកគេ​អាច​ទៅ​រស់​នៅ​ប្រទេស​ទីបី​បាន។

លោក​ថ្លែង​ថា៖ «អ្នក​ដែល​ព្យាយាម​បង្ខូច​បង្កាច់​ប្រទេស​ខ្លួន​ឯង ដោយ​ចោទ​ថា​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រាន់​ជា​មូល​ហេតុ​ចង់​ទៅ​រស់​នៅ​ប្រទេស​ទី​បី​ ហើយ​ដោយ​យក​ប្រទេស​មួយ​ទៀត​ជិត​ខាង​កម្ពុជា​ជា​ឈ្នាន់​គឺ​មិន​អាច​ទៅ​រួច​ទេ​ ដោយ​សារ​តែ​គេ​មិន​មែន​ចេះ​តែ​ជឿ​ទេ ពីព្រោះ​គេ​យល់​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព មាន​សេរីភាព ប្រជា​ពលរដ្ឋ​រស់​នៅ​សុខ​សប្បាយ។ ដូច្នេះ​អត់​មាន​ហេតុ​ផល​នឹងត្រូវ​គេ​ជឿ ហើយ​បញ្ជូន​ទៅ​ប្រទេស​ទី​បី​នោះ​ទេ អ៊ីចឹង​ដល់​ពេល​យើង​រស់​នៅ​យូរ​ទៅ​ក្លាយ​ទៅ​ជា​អ្នក​ខុស​ច្បាប់​ ច្បាប់​របស់​គេ​ចាត់​វិធានការ​មាន​តែ​ប៉ុណ្ណឹង​ឯង»។

លោក ប៉ែន បូណា មិន​បាន​បញ្ជាក់​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​រដ្ឋាភិបាល​ថៃ​ឲ្យ​ជួយ​ពិនិត្យ​មើល និង​ចាប់​ខ្លួន​សកម្ម​ជន​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ឬយ៉ាងណា​ឡើយ។

គួរ​បញ្ជាក់​ថា​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​ នា​ថ្ងៃទី​៧ ខែ​កុម្ភៈ ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ និង​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ស្រប​តាម​ស្មារតី​នៃ​«ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុល​ភាព» ដែល​ផ្តល់​ផល​ប្រយោជន៍​ ព្រម​ទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG