ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រមា​ត្រូវបាន​ដាក់​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ


រូបឯកសារ៖ អ្នក​ចូលរួម​ម្នាក់​ត្បាញ​ក្រមា​លើ​កី​តម្បាញ​​ដែល​ដាក់​សម្រាប់​កម្មវិធី​ត្បាញ​ក្រមា​ខ្មែរ​​​វែងជាង​គេ​ឲ្យ​បាន​ប្រវែង​​​ ​១.០០០​ ម៉ែត្រ​ ដើម្បី​ចុះ​ក្នុង​កំណត់ត្រា​​ឯតទគ្គ​កម្ម​ពិភពលោក​សម្រាប់កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នៅ​ក្នុង​វាល​ព្រះមេរុ នៅរាជធានី​ភ្នំពេញ។ (វីអូអេ)
រូបឯកសារ៖ អ្នក​ចូលរួម​ម្នាក់​ត្បាញ​ក្រមា​លើ​កី​តម្បាញ​​ដែល​ដាក់​សម្រាប់​កម្មវិធី​ត្បាញ​ក្រមា​ខ្មែរ​​​វែងជាង​គេ​ឲ្យ​បាន​ប្រវែង​​​ ​១.០០០​ ម៉ែត្រ​ ដើម្បី​ចុះ​ក្នុង​កំណត់ត្រា​​ឯតទគ្គ​កម្ម​ពិភពលោក​សម្រាប់កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នៅ​ក្នុង​វាល​ព្រះមេរុ នៅរាជធានី​ភ្នំពេញ។ (វីអូអេ)

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០២៤ «ក្រមា»​របស់ប្រទេសកម្ពុជា​ ត្រូវ​បានដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​តំណាង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការយូណេស្កូ​ (UNESCO) នៅ​ទី​ក្រុងអាសង់ស្យុង​ សាធារណរដ្ឋប៉ារ៉ាហ្គាយ​។​

នៅ​ក្នុងសេចក្ដី​ជូន​ដំណឹងចេញដោយក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ កាលពីថ្ងៃ​ពុធ​បញ្ជាក់​ថា​ ​គណៈកម្មការ​អន្ដរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ នៅ​ថ្ងៃ​ទី​ ៤ ​ខែ​ធ្នូ​ ឆ្នាំ ​២០២៤ ​នេះ បានអនុម័ត​ជាឯកច្ឆន្ទដាក់​ក្រមាបញ្ជូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​។

សេចក្ដី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា​ ក្រមា​ ត្រូវ​បាន​ប្រជាជន​កម្ពុជា​ប្រើប្រាស់តាំង​ពី​ពេល​កើត​រហូត​ដល់​ពេល​ស្លាប់​ សម្រាប់​គ្រប​ដណ្ដប់ខ្លួន​ តុប​តែង​លម្អ​ ច្នៃ​ជា​សម្លៀក​បំពាក់​ បាំង​កម្ដៅ​ ចង​ជា​អង្រឹង​ ជូត​ខ្លួន​ និង​ប្រើ​ក្នុង​ពិធី​សាសនា​ជា​ដើម​។

ក្រសួង​វប្បធម៌បន្ថែម​ក្នុងសេចក្តីជូន​ដំណឹង​នោះតាម​ន័យ​ដើម​ថា៖​ «ក្រមា គឺជា​មរតក​វប្បធម៌​ជាតិ​អរូបី​ទី​ ៧ ​ដែល​កម្ពុជា​បាន​ដាក់​បញ្ចូល​ដោយជោគជ័យទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ។ ទាំងអស់នេះ​គឺជា​សមិទ្ធផល​ដ៏ត្រចះត្រចង់​មួយ​របស់រាជរដ្ឋា​ភិបាលក្នុងកិច្ច​ការ​អភិរក្ស​ ថែ​រក្សា​ ការពារមរតក​វប្បធម៌​ជាតិ​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌ខ្មែរ​ទាំង​ក្នុង​ប្រទេស​ និងលើ​ឆាក​អន្ដរ​ជាតិ​»។

មរតកអរូបីចំនួន ​៦ ​ផ្សេងទៀត​ដែល​កម្ពុជា​បាន​ដាក់បញ្ចូលក្នុង​បញ្ជីបេតិកភណ្ឌអរូបី​នៃ​មនុស្ស​ជាតិរបស់អង្គការ​យូណេស្កូ​នា​ពេល​កន្លង​មកមាន​ដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោន​ខោល​វត្ដស្វាយ​អណ្ដែត និង​គុន​ល្បុក្កតោ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG