ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានតម្លៃប្រមាណជា ៤០ លានដុល្លារអាមរិក នឹងត្រូវសម្ពោធនៅថ្ងៃទី ២៨ ខែមិថុនា ដែលចំថ្ងៃកំណើតទី ៦៩ របស់គណបក្សនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។
ទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែលហៅថា «គ៨៥» មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់អគារព្រឹទ្ធសភា។ ទីស្នាក់ការបក្សដែលកំពុងសាងសង់ស្ទើរតែរួចរាល់នេះ មានពណ៌ស និងមានទំហំយ៉ាងធំស្កឹមស្កៃ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ទីស្នាក់ការថ្មីរបស់គណបក្សកាន់អំណាចមានតម្លៃប្រមាណជា ៣០ ទៅ ៤០ លានដុល្លារ គឺជាសមិទ្ធផលដែលបានមកពីការចូលរួមស្ម័គ្រចិត្តរបស់សមាជិកគណបក្ស ប៉ុន្តែលោកប្រាប់ថា មិនដឹងចំនួនសមាជិកដែលបានចូលនោះទេ។
លោកមានប្រសាសន៍ថា៖ «សមាជិកសមាជិកា ៦ លាននាក់ហ្នឹង យើងដឹងហើយថា តែ ១០ រៀល [១០ ដុល្លារ] ម្នាក់ហ្នឹង វាបានប៉ុន្មានហើយ? ៦០ លានបាត់ហើយ បើតែ ១០ រៀល [១០ដុល្លារ] ម្នាក់នោះ។ អាហ្នឹងយើងគិតមធ្យមទូទៅទាំងសមាជិកក្រីក្រ សមាជិកអ្នកមាន សមាជិកកណ្តាល។ យើងគិតតែ ១០ រៀល [១០ ដុល្លារ] ទៅវា ៦០ លាន ហើយ។ អ៊ីចឹងខ្ញុំយល់ថាមិនពិបាកទេទឹកលុយត្រឹម ៣០ លាន ៤០ លានដុល្លារហ្នឹង»។
លោក សុខ ឥសានមិនអាចបញ្ជាក់អំពីទំហំនៃអគារនោះនៅឡើយទេ ប៉ុន្តែលោកថា ក្រុមការងារសម្រេចសាងសង់អគារទីស្នាក់ការគណបក្សមានទំហំធំបែបនេះ គឺធ្វើឡើងទៅតាមសំណូមពររបស់សមាជិកគណបក្ស។ លោកបន្តថា ទីស្នាក់ការនេះនឹងត្រូវពន្លឿនការសាងសង់ឲ្យឆាប់ចប់ ដើម្បីអាចសម្ពោធនៅថ្ងៃទី ២៨ ខែមិថុនា ដែលជាខួបគណបក្ស។
«ក្នុងហ្នឹងវាមានស្ថាប័នសេនាធិការជុំវិញគណបក្ស គណៈកម្មការកណ្តាលហ្នឹង។ វាមានខុទ្ទកាល័យ គណៈចាត់តាំងគណៈទាក់ទងបរទេស គណៈឃោសនាអប់រំ ហើយនៅមានជាសាលប្រជុំធំ ហើយនិងកន្លែងសិក្ខាសាលាអីផ្សេងៗនៅក្នុងហ្នឹង»។
ថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ គឺជាខួបទី៦៩ឆ្នាំនៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំកាន់អំណាចអស់រយៈពេល ៣៥ ឆ្នាំ។
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា គឺជាបក្សទោលតែមួយគត់ក្នុងការដឹកនាំប្រទេស បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៤០ ភាគរយ ត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានប្រាប់ VOA ពីក្រៅប្រទេសថា ថវិការហូតដល់ទៅ ៤០ លានដុលា្លរ ដើម្បីសាងសង់ទីស្នាក់ការគណបក្ស អាចជាថវិកា ដែលបានមកពីអំពើពុករលួយ ថវិកាជាតិ និងជំនួយពីប្រទេសចិន។
«យើងមានការសន្និដ្ឋានថា ៤០ លានដុល្លារនៃគណបក្សប្រជាជនកម្ពុជាជា ៤០ លានដុល្លារដែលចេញមកពីប្រភពពីថវិកាជាតិផង ចេញមកពីអំពើពុករលួយផង ហើយមានប្រភពចេញពីជំនួយបរទេសផង»។ លោកស្រីបន្ថែមថា ក្នុងកាលៈទេសៈដែលកម្ពុជាជាប្រទេសក្រីក្រ គណបក្សកាន់អំណាចមិនគួរបង្ហាញអគារដ៏ធំស្កឹមស្កៃតម្លៃរាប់សិបលានដុល្លារបែបនេះទេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់បានចេញផ្សាយរបាយការណ៍មួយកាលឆ្នាំ ២០១៥ ដោយចាត់ទុកថា ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រាប់សិបឆ្នាំពោរពេញទៅដោយហិង្សា ការគាបសង្កត់និងអំពើពុករលួយ។
លោក អ៊ា សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៅមហាវិទ្យាល័យ Occidental ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ប្រាប់ VOA តាមអ៊ីម៉ែលថា ការសាងសង់ទីស្នាក់ការគណបក្សដ៏ធំស្កឹមស្កៃនេះ គឺជាការបង្ហាញអំណាចរបស់គណបក្សនេះ ថា«នឹងចាក់ឫសដឹកនាំប្រទេសនេះជារៀងរហូត»។
«ជានេះជាការបង្ហាញអំពីលុយ និងអំណាចដើម្បីទាក់ទាញថា គណបក្សកាន់អំណាចនៅទីនេះរហូត ហើយនិងមិនត្រូវដកចេញឡើយ»។
លោកបន្ថែមដោយដាក់ជាចម្ងល់ពាក់ព័ន្ធនឹងថវិកា ៤០ លានដុល្លារនោះថា ប្រសិនបើថវិកានោះបានមកពីសមាជិកគណបក្ស ហេតុអ្វីមិនបង្ហាញបញ្ជីម្ចាស់ជំនួយ? លោកបន្តថា គណបក្សកាន់អំណាច ត្រូវតែបង្ហាញអំពីតម្លាភាពពីការទទួលបានលុយពីសមាជិកគណបក្សម្នាក់ៗ មានចំនួនដ៏ច្រើននេះ ដើម្បីបញ្ជាក់ថា ពួកគេមិនចូលរួមក្នុងសកម្មភាពពុករលួយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA នាពេលកន្លងទៅថា គណបក្សប្រជាជនកម្ពុជានឹងកាន់អំណាចជារៀងរហូត ដោយគ្មានគណបក្សណាមួយ យកឈ្នះបានឡើយ។
គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្រោមឈ្មោះថា «គណបក្សប្រជាជនបដិវត្តន៍កម្ពុជា» ដើម្បីប្រឆាំងនឹងរបបអាណានិគមនិយមបារំាង។ បើតាមការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ក្នុងពេលប្រារព្ធខួបកំណើតបក្សស្ទើរតែរាល់ឆ្នាំ គណបក្សនេះបានប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជានៅឆ្នាំ១៩៩១៕