ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​ស្រ្តី​ពិភាក្សា​ពី​តួនាទី​នៅ​ក្នុង​សហគមន៍​

  • សំ រីណា

លោកស្រី​ទេព​ វន្នី​បាន​បញ្ជាក់​ថា​ការទាមទា​ប្រឆាំង​នឹង​ការបណ្តេញ​ចេញ​ធ្វើ​ឱ្យ​ស្រ្តី​ប្រឈម​មុខ​នឹង​ការប្រថុយ​ប្រថាន​ជាច្រើន។
វ៉ាស៊ីនតោន៖​ ជ័យលាភី​បីនាក់​នៃ​អង្គការ​ Vital Voices​សម្រាប់​ឆ្នាំ​២០១៣​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​ឱ្យ​សហគមន៍​របស់​គេ​មាន​ការ​កែប្រែ។ ជ័យ​លាភី​ទាំងបី​ដែល​សុទ្ធ​តែ​ជា​ស្រ្តី​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​ជាង​១០០​នាក់​ដែលមក​ស្តាប់​និង​ពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​វិទ្យាស្ថាន​អាមេរិកាំង​ដើម្បី​សន្តិភាព​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មាន​ការចាប់​អារម្មណ៍​នឹង​សាច់​រឿងរបស់​ពួកគេ។​

ជ័យ​លាភី​ទាំង​បី​មក​ពី​ជ្រុង​ផ្សេងគ្នា​នៃ​ពិភពលោក​ គឺ​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រនិង​ប្រឡាក់​ប្រឡូស​ដោយ​អំពើ​ពុករលួយ​និង​ការ​រឹបអូសដី​ធ្លី​ពី​ប្រជាជន ​ដែន​ដី​ប៉ាឡេស្ទីន​ដែល​មាន​ពលរដ្ឋ​ជាច្រើន​ជា​ជន​ភៀសខ្លួន​លើ​ទឹកដី​របស់​ខ្លួន​និង​ប្រទេស​ប្រេហ្ស៊ីល​ដែល​អំពើ​ហិង្សា​លើ​ស្ត្រី​ត្រូវ​បាន​គេ​មើល​រំលង​ជាយូរ​មក​ហើយ។

ប៉ុន្តែ​បេសកកម្ម​ដែល​ពួកគេ​គេ​បាន​បំពេញ​គឺមាន​ទិសដៅតែមួយ​ដូច​គ្នា ​នោះ​គឺ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សហគមន៍​របស់​គេ​និង​ការពារ​យុត្តិធម៌​សង្គម។

នៅ​លើ​វេទិការ​ពិភាក្សា​ក្រោម​ប្រធានបទ​«ការបំបែក​ឧបសគ្គ»​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាមេរិកាំង​ដើម្បី​សន្តិភាព​ សហការ​ដៃ​គូជាមួយ​នឹង​អង្គការ​ Vital Voices ​និង​មូលនិធិ Bernstein ជន​ឆ្នើម​ទាំងបី​ដែល​មាន​សាវតា​ខុសគ្នា​នេះ​បាន​ចែក​រំលែក​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ឱ្យ​មាន​ការផ្លាស់​ប្តូរ​ដល់​សហគមន៍​របស់គេ។​

ក្នុង​ចំណោម​ពួកគេ​នេះ​មាន​មេដឹកនាំ​មិន​បាន​ព្រាងទុក​គឺ​អ្នក​ស្រី​ទេព​ វន្នី​ មកពី​ប្រទេស​កម្ពុជា​ដែល​បាន​ប្រែខ្លួន​ពី​ស្រ្តី​មេផ្ទះ​ដែល​ប្រតិបត្តិ​តាម​ច្បាប់​ស្រី​ដ៏​តឹង​រឹង​មក​ជា​មេដឹកនាំ​សហគមន៍​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​តំបន់​បឹង​កក់និង​សហគមន៍​បូរី​កីឡា​នៅ​ទីក្រុង​ភ្នំពេញ។
លោកស្រី​ទេព​ វន្នី​បាន​បញ្ជាក់​ថា​ការទាមទា​ប្រឆាំង​នឹង​ការបណ្តេញ​ចេញ​ធ្វើ​ឱ្យ​ស្រ្តី​ប្រឈម​មុខ​នឹង​ការប្រថុយ​ប្រថាន​ជាច្រើន៖
«នៅ​ពេល​ដែល​ពួកខ្ញុំ​សម្រេច​ឈាន​ជើង​ចូលក្នុង​សង្គម​ទាម​ទារ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែល​មិន​តម្លាភាព​ខ្ញុំ​ដឹង​ថា​ពួកខ្ញុំ​នឹង​មាន​បញ្ហា​ដូច​ជា​ការ​ចាប់​ខ្លួន​ការប្រើ​អំពើ​ហិង្សា​ឬ​ក៏​បាត់​បង់​ជីវិត​ហើយ​នៅពេល​ដែល​ពួកខ្ញុំ​សម្រេច​ឈាន​ជើង​ចេញ​ពីផ្ទះ​គឺ​ពួកខ្ញុំ​មិន​ដែល​មាន​សង្ឃឹម​ថា​នឹង​បាន​ចូល​ផ្ទះ​វិញ​ទេ​ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​រឿង​នេះ​ហើយ​យើង​ចាប់​ផ្តើម​ឱ្យ​ស្ត្រី​មេផ្ទះ​ក្រោក​ឈរ​ទាំង​អស់​គ្នា​ដើម្បី​បង្ហាញ​ជា​សាធារណៈ​ថា​ស្រ្តី​គ្មាន​អំពើ​ហិង្សា​តស៊ូ​ដោយ​សន្តិភាព​ប្រើ​ប្រាស់​និង​អំណាច​របស់​ស្រ្តី​និង​ប្រើ​ប្រាស់​ច្បាប់»។
ដូច​ការ​រំពឹងទុក​លោកស្រី​ទេព វន្នី​និង​អ្នក​តវ៉ា​ដទៃ​ទៀត​ត្រូវ​រដ្ឋាភិបាល​ចាប់​ហើយ​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគាររយៈ​ពេល​ពីរឆ្នាំ​កន្លះ​មុន​នឹង​ត្រូវ​បន្ធូរ​បន្ថយ​នាពេល​ក្រោយ​មក។

ជារឿយៗ​ក្រុម​អ្នក​តវ៉ា​តែង​តែ​ជួប​ប្រទះ​នឹង​ការ​បង្រ្កាប​យ៉ាង​សាហាវ​ពី​អាជ្ញា​ធរ​ប៉ូលិស​ដែល​រារាំង​ពួកគេ​មិន​ឱ្យ​ចេញ​ដើរ​តវ៉ា​ក្រៅ​ពី​សហគមន៍​របស់​គេ​ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​ទេព​ វន្នី​ពួកគេ​នៅ​តែ​បន្ត​ការតវ៉ា​ទាមទារ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សកម្មជន​រូបនេះ​ដល់​អង្គវេទិការ។​

អង្គុយ​លើ​វេទិការ​ក្បែរនឹង​លោកស្រី​ទេព​ វន្នី​ដែរ​នោះ​គឺ​លោក​ស្រី​សាន់ដ្រា ហ្កោមេ មេឡូ ​ដែល​បាន​កាន់​តំណែងជា​ប្រធាន​ប៉ូលិស​នៅ​ប្រទេស​ប្រេហ្ស៊ីល​អស់រយៈ​ពេល១៧ឆ្នាំហើយជា​ជ័​យលាភី​របស់​អង្គការ​ Vital Voicesដែរ។ លោក​ស្រីសាន់ដ្រា ហ្កោមេ​មេឡូបាន​បញ្ជូល​ការខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​កែប្រែ​ច្បាប់​ដែល​មាន​តែ​លើ​ក្រដាស​មក​ជា​ការ​អនុវត្ត​ដោយ​ខិត​ខំ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ជាពិសេស​ស្រ្តី​ដែល​រងការ​ធ្វើ​បាប​ក្នុង​គ្រួសារ​និង​សង្គម​ហើយ​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់​ហើយ​ក៏​បាន​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ដល់​ស្រ្តី​ជា​អ្នក​ទោស​នានា​ឱ្យ​មាន​ជំនាញសម្រាប់​រក​ការងារ​ធ្វើក្រោយ​ពី​ចេញ​ពី​មន្ទីរ​ឃុំឃាំង​។

លោក​ស្រី​បាន​បញ្ជាក់​ថា៖​
«ហេតុអ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ជា​មេប៉ូលិស​ពីព្រោះ​ខ្ញុំ​ពិតជា​ជឿ​ថា​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ត្រូវ​ការ​ការអនុវត្ត​ច្បាប់​ដ៏​ខ្លាំង​ក្លា​មួយ។ ដោយ​ហេតុ​នេះ​ហើយ​ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ពីព្រោះ​ក្នុង​នាម​ជា​សមាជិក​នៃ​អ្នក​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ ខ្ញុំ​ត្រូវ​ការ​ការពារ​ប្រជាជន​ខ្ញុំ។ យើង​ត្រូវ​តែ​កែប្រែ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​បើ​មិន​អញ្ចឹង​ទេ​យើង​មាន​ប្រជាធិបតេយ្យ​តែ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។ យើង​ត្រូវ​ការ​ការ​បង្ហាញ​ពិតប្រាកដ​ចំពោះ​ការងារ​របស់​យើង​ ការពារ​ការងារ​នោះ ​ដើម្បី​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។​

បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​បញ្ចាំង​រូបភាព​ស្រអាប់​នៃ​ការអភិវឌ្ឍ​ប៉ុន្តែនៅ​ដែន​ដី​ប៉ាឡេស្ទីនបាន​បង្ហាញ​ពី​រូបភាព​ផ្សេងសម្រាប់​វិនិយោគិន​ដូច​ជា​លោកស្រី​Manal Zraiq​ដែល​ជា​ស្រ្តី​អ្នក​ជំនួញ​ម្នាក់​និង​ជា​ម្ចាស់​គម្រោង​សាងសង់​ទីក្រុង​ថ្មី​មួយ​សម្រាប់​មនុស្ស​ជាង​៤០.០០០​នាក់​ហើយ​កំពុង​តែ​ផ្តល់​ការងារ​ដល់​មនុស្ស​ប្រហែល​១០.០០០នាក់។​ លោកស្រី​បាន​បញ្ជាក់​ថា​ក្នុង​ប្រទេស​ដែល​កាន់​សាសនា​អ៊ីស្លាម​ការ​ឱ្យ​បុរស​ទទួលស្រ្តី​ជាមេដឹកនាំ​របស់​គេ​គឺ​ជា​បញ្ហា​ប្រឈម​មួយ​តាំង​ពី​ដំបូង​ទី​ម្ល៉េះ។ ប៉ុន្តែ​លោក​ស្រី​ត្រូវ​តែ​ជម្នះ​រាល់​ឧបសគ្គទាំង​នេះ​និង​តស៊ូ​រស់​នៅ​ក្នុង​ដែនដី​កំណើត​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ស្ថានភាព​សន្តិសុខ​មិន​ទៀង​ទាត់​ក៏​ដោយ។

«ពួកយើង​ភាគច្រើន​គឺ​ជា​អ្នក​ប្រថុយ​គ្រោះ​ថ្នាក់។ យើង​គ្រប់​រូប​ចង់​រស់​រាន​មាន​ជីវិត​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​ធ្វើ​ការ​ដើម្បី​ឱ្យ​រស់​នៅ​បាន​ដោយ​សប្បាយ​ចិត្ត​បើ​ទោះបី​ស្ថាន​ភាព​អាក្រក់​ក៏ដោយ។ យើង​មិន​ចង់​ចាក​ចេញ​ពី​ប្រទេស​ហើយ​ទៅ​រស់​នៅ​ដោយ​សប្បាយ​នៅ​ក្រៅ​ប្រទេស​ទេ។ បើ​យើង​ធ្វើ​ដូច្នេះ​វានឹង​ជាការ​អត់​ប្រយោជន៍»។​

ជ័យ​លាភី​ទាំងបី​បាន​ទទួល​រង្វាន់​នេះ​ជាមួយ​នឹង​ជ័យ​លាភីបួន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​មួយ​ដែល​ផ្តល់​ដោយ​លោកស្រីហ៊ីលឡារី ក្លីនតុន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​និង​លោក​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូ បៃដឹន​កាលពី​ថ្ងៃទី​២​ខែ​មេសា​កន្លង​មក​នេះ​នៅ​ក្នុង​ពិធី​មួយ​ដែល​មាន​អ្នក​ចូលរួម​ជាង​២,៥០០នាក់។

លោកស្រី​អាលីស ណែលសុន ​ប្រធាន​នៃ​អង្គការ​ Vital Voicesបាន​បញ្ជាក់បី​ការជឿ​ជាក់​របស់​លោកស្រី​លើ​ការដឹកនាំ​របស់​ស្រ្តី​ដោយ​យល់​ថា​ស្រ្តី​មាន​វិធី​ដឹកនាំ​ផ្សេងពី​បុរស​ដែល​ជាការ​ដឹកនាំ​មួយ​កំពុង​ត្រូវ​ការ​នា​ពេល​បច្ចុប្បន្ន​នេះ៖​

«យើង​មាន​អារម្មណ៍​នៅ​ជិតគ្នា​ជាង​ពេល​ណាៗ​ទាំង​អស់​ដោយ​សារ​តែ​បច្ចេកវិទ្យា​ទំនើប​នេះនិង​បណ្តាញ​សង្គម​ប៉ុន្តែ​យើង​បែ​រ​ជា​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ​ពី​អ្នក​ដឹកនាំ​របស់​យើង។ យើង​ត្រូវ​ការ​ប្រភេទ​ថ្នាក់ដឹកនាំ​ថ្មី។ យើង​ត្រូវ​ការ​ប្រភេទ​ថ្នាក់​ដឹកនាំ​ដែល​ស្ត្រី​នាំ​មក​ឱ្យ​ពិភពលោក។​ ស្រ្តី​គឺ​ជា​អ្នក​ដែល​ដើរ​ឆ្លងកាត់​ខ្សែ​បែងចែកគ្នា​នេះ​បាន។ ស្រ្តី​គឺ​ជា​អ្នក​ច្នៃ​ប្រឌិត។ ស្ត្រី​ដឹកនាំ​ប្រកប​ដោយ​វិធី​សាស្រ្ត​ចីរភាព​ដោយ​សារ​តែ​ពួកគេ​ទាញ​មនុស្ស​ផ្សេងៗ​ឱ្យ​ចូល​ក្នុង​ក្រុម​តែ​មួយ»។
បើ​ទោះ​បី​ជា​នៅ​តាម​ផ្លូវនានា​ក្នុង​ក្រុង​ភ្នំពេញ​ការតវ៉ា​ដីធ្លី​នៅ​តែមាន​មិនឈប់​ អំពើ​ហិង្សា​នៅ​បន្ត​មាន​ក្នុង​ប្រទេស​ប្រេហ្ស៊ីល ​និង​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​មិន​ទាន់​មាន​លំនៅដ្ឋាន​រស់​នៅ​គ្រប់​គ្រាន់​ប៉ុន្តែ​ការចូលរួម​របស់​ជនឆ្នើម​ទាំងបី​នាក់នេះ​បាន​នាំ​ឱ្យ​មាន​ការ​កត់​សម្គាល់​ដែល​ពួកគេ​មិន​បាន​នឹងស្មាន​ថា​ទទួលបាន​ពីមុន​ឡើយ៕
XS
SM
MD
LG