វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទអាស្រ្តាហ្សេនីកា(AstraZeneca) ដែលជាជំនួយរបស់ចក្រភពអង់គ្លេស ជាង៤០ម៉ឺនដូស ត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ។
វ៉ាក់សាំងចំនួន៤១៥.០០០ដូសនេះ ជាជំនួយតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស និងតាមយន្តការកូវ៉ាក់ (COVAX)។ ជំនួយវ៉ាក់សាំងមកកម្ពុជានេះជាផ្នែកមួយនៃជំនួយអង់គ្លេសដែលនឹងបរិច្ចាគវ៉ាក់សាំង១០០លានដូសដល់ប្រទេសនានានៅត្រឹមខែមិថុនា ឆ្នាំ២០២២ ដែល៨០%នៃចំនួននេះ នឹងត្រូវបានបរិច្ចាគតាមរយៈយន្តការកូវ៉ាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។
អ្នកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីពង្រីកកម្មវិធីចាក់វ៉ាក់សាំងនិងការពារប្រជាជនកម្ពុជាពីជំងឺកូវីដ១៩ឲ្យបានកាន់តែច្រើន ហើយអនុញ្ញាតឲ្យពួកគេអាចស្តារជីវភាពរស់នៅល្អប្រសើរឡើងវិញ។ គ្មានអ្នកណាម្នាក់នឹងមានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាព»។
ស្ថានទូតបន្ថែមថាការបរិច្ចាគនេះធ្វើតាមការប្តេជ្ញាដែលមេដឹកនាំប្រទេស G7 ដែលមានឧស្សាហកម្មជឿនលឿនក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចាក់ឲ្យមនុស្សទូទាំងពិភពលោក និងបញ្ចប់ជំងឺរាតត្បាតនៅឆ្នាំ២០២២។
ក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការផ្តល់ជំនួយនេះ ហើយលោកបានអំពាវនាវឲ្យផ្តល់បន្ថែមទៀតដល់កម្ពុជា។ លោកក៏ស្នើឲ្យចក្រភពអង់គ្លេសជួយសម្របសម្រួលការបញ្ជាទិញវ៉ាក់សាំងរបស់កម្ពុជាផងដែរ។
បើតាមលោក ហ៊ុន សែន វ៉ាក់សាំងនេះនឹងត្រូវប្រើសម្រាប់ចាក់ដូសទីបីឬដូសជំរុញដល់ប្រជាជនកម្ពុជា។ ដូសទី៣នេះ គឺសម្រាប់ប្រជាជនដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់។ ដូច្នេះវ៉ាក់សាំងនេះនឹងត្រូវប្រើសម្រាប់ក្រុមអាទិភាពជួរមុខជាមុនសិន ដោយសារមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់។
លោក ហ៊ុន សែន បានបញ្ជាក់ថាមិនត្រូវឲ្យប្រជាជនកម្ពុជាណាម្នាក់មិនបានចាក់វ៉ាក់សាំងទេនៅពេលខាងមុខ។
រហូតមកដល់ពេលនេះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំងពីប្រទេសចិន ជប៉ុន អាមេរិក និងអង់គ្លេស។ បើគិតមកដល់ថ្ងៃទី៤ ខែសីហានេះ កម្ពុជាចាក់វ៉ាក់សាំងដល់ពលរដ្ឋ៧លាន៧សែននាក់។ រដ្ឋាភិបាលបានដាក់ផែនការចាក់ដល់ពលរដ្ឋប្រមាណ១៣លាននាក់ក្នុងចំណោមពលរដ្ឋសរុប១៦លាននាក់៕