ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាក់​វ៉ាក់​សាំង ​Johnson​ & Johnson ​ដល់​​ជន​ជាតិ​ភាគ​តិច បន្ថែម​លើ​វ៉ាក់​សាំង​ដែល​មាន​ស្រាប់


រូបឯកសារ៖ បុគ្គលិកសុខាភិបាលជួរមុខម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ក្មេងស្រីម្នាក់នៅមណ្ឌលសុខភាពភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។

អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​រៀប​ចំ​ដំណើរ​ការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង ​John​son ​& ​Johnson ដែល​ជា​ជំនួយ​របស់​អាមេរិក​ដល់​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច បន្ថែម​លើ​វ៉ាក់សាំង​ដែល​មាន​ស្រាប់។ នេះ​បើ​យោង​តាម​មន្រ្តី​ពាក់​ព័ន្ធ។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន បាន​បញ្ជា​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង Johnson & Johnson ដែល​ផ្តល់​ដោយ​អាមេរិក​តាម​យន្តការ​កូវ៉ាក់ ចាក់​ដល់​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ ដោយ​សារ​តែ​វ៉ាក់សាំង​ប្រភេទ​នេះ គឺ​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស ដូច្នេះ​វាអាច​ជា​ការ​សម្រួល​ដល់​មន្រ្តី​សុខាភិបាល​និង​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជន​ជាតិ​នៅ​តំបន់​ជន​ជាតិ​ភាគតិច​ នៅ​ស្ទឹងត្រែង នៅ​រតន​គិរី នៅ​ព្រះវិហារ​ នៅ​តំបន់​ជនជាតិ​ភាគតិច​ដទៃ​ទៀត​បាន​ទទួល​អា​ Johnson & Johnson នេះ ព្រោះ​វា​ងាយស្រួល​ចាក់។ អា Johnson & Johnson ចាក់​តែ​មួយ​ដូស​ទេ។ អញ្ចឹង​កុំ​ឲ្យ​ពេទ្យ​យើង​ទៅ​យូរ។ សម្រួល​ឲ្យ​ពេទ្យ​យើង​បាន​ម្ខាង សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ភាគតិច​នោះ​បាន​ម្ខាង»។

លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតន​គិរី ប្រាប់VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​Johnson & Johnson នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​សារ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​រៀបចំ​ផែន​ការ។ លោក​បន្ត​ថា​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​នេះ​នឹង​ផ្តោត​ទៅ​លើ​ស្រុក​ចំនួន​៣​ដូច​ជា​អណ្តូង​មាស អូរយ៉ាដាវ វើនសៃ​ ដែល​លោក​ថា​មាន​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​យ៉ាង​តិច​៥​ម៉ឺន​នាក់។

លោក​បញ្ជាក់​ថា៖ «ក្រសួង​សុខាភិបាល​បាន​កំណត់​គោលដៅ​រួច​ជា​ស្រេច​ ហើយ​យើង​នឹង​ចាប់​រៀប​ចាក់​គាត់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ហើយ។ គឺ​ចាក់​តែ​មួយ​ដូស​ទេ គឺ​យើង​ចាប់​ផ្តើម​ដំបូង​បំផុត​នៅ​ស្រុក​អណ្តូង​មាស បន្ទាប់​មក​យើង​ចេញ​មក​ស្រុក​អូរយ៉ាដាវ ព្រោះ​យើង​ចាក់​តែ​មួយ​ដូស​ទេ យើង​ចាក់​ឲ្យ​លឿន​បំផុត​ ហើយ​បន្ទាប់​មក​ គឺ​ស្រុក​អូរ​យ៉ា​ដាវ និង​វើន​សៃ ដូច​នេះ​យើង​មាន​គោល​ដៅ​របស់​រដ្ឋា​ភិបាល ក្រសួង​សុខាភិបាល​គេ​ដាក់​រួច​ហើយ»។

រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការកូវ៉ាក់(COVAX) បានមកដល់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការកូវ៉ាក់(COVAX) បានមកដល់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

លោក​បន្ថែម​ថា​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​នៅ​ក្នុង​ខេត្ត​រតន​គិរី បាន​ចាប់​ផ្តើម​ តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដែលក្នុងនោះ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ក៏​ទទួល​បាន​វ៉ាក់សាំង​រួច​ហើយ ដែល​ភាគ​ច្រើន​ប្រើ​ប្រាស់​វ៉ាក់​សាំង​របស់​ចិន។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ទៀត​ថា​មក​ទល់​ពេល​នេះ ចំនួន​ពលរដ្ឋ​ក្នុង​ខេត្ត​ដែល​ទទួល​បាន​វ៉ាក់​សាំង​យ៉ាងតិច​មួយ​ដូស មានជាង​៦​ម៉ឺន​នាក់​។ លោក​បញ្ជាក់​ថា​ខេត្ត​រតនគិរី​មាន​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង ដែល​ត្រូវ​ចាក់​វ៉ាក់​សាំង​សរុប​ប្រមាណ​១២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​ជាង​៨០%​ជា​ជន​ជាតិ​ដើម​ភាគ​តិច។

ចំណែក​លោក ម៉ែន គង់ អ្នកនាំពាក្យ​មួយ​រូប​របស់​សាលាខេត្ត​ស្ទឹងត្រែង ប្រាប់​VOA​ថា​នា​ពេល​បច្ចុ​ប្បន្ន​នេះ រដ្ឋបាល​ខេត្ត​កំពុង​ត្រៀម​ផ្តល់​វ៉ាក់​សាំង​ Johnson & Johnson ដល់​ពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ជា​បន្ត​បន្ទាប់ ស្រប​ជាមួយ​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ក្នុង​ខេត្តដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា។

លោក​បញ្ជាក់​ថា៖ «ត្រៀម​ចាក់​ហើយ បងប្អូន​ជន​ជាតិ​ភាគ​តិច​យើង។ គាត់​បាន​មក​ចាក់​ហើយ។ អញ្ចឹង​ទៅ​Johnson & Johnson ដែល​ដឹក​មក​ខេត្ត​ស្ទឹង​ត្រែង​ហ្នឹង ​គឺ​អាច​មាន​សម្រាប់​ការ​ចាក់​វ៉ាក់​សាំង​ជូន​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ក៏​ចាក់ បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ងាយ​រង​គ្រោះ​ហ្នឹង​ក៏​ចាក់ បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ក៏​ចាក់​ដែរ តែ​យើង​ធ្វើ​ផែន​ការ​ទៅ​តាម​ភូមិ​បាទ»។

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​សីហា អាជ្ញាធរ​សុខាភិបាល​បាន​ចាក់​វ៉ាក់​សាំង​ប្រភេទ​ Johnson & Johnson ដល់​ប្រជា​ពលរដ្ឋ​ប្រមាណ​៣​ម៉ឺន​នាក់។

លោក ជាក់ ម៉េងហ៊ាង អភិបាល​រង​ខេត្ត​មណ្ឌល​គិរី និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត បាន​ប្រាប់​ VOA​ ថា​មក​ទល់​ពេល​នេះ ខេត្ត​មណ្ឌលគិរី​បាន​ផ្តល់​វ៉ាក់​សាំង​យ៉ាង​តិច​មួយ​ដូស​ជូន​ពល​រដ្ឋ​បាន​ជាង​៣​ម៉ឺន​នាក់ សម្រាប់​វ៉ាក់​សាំង​ Sinovac និង​វ៉ាក់​សាំង​ Astra​Zeneca។

លោក​មិន​ទាន់​មានព័ត៌មាន​អំពី​ផែន​ការ​ចាក់​វ៉ាក់​សាំង ​Johnson & Johnson ដល់ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​មណ្ឌល​គិរី​នៅ​ឡើយ​ទេ។ ​លោក​បង្វែរ​សំណួរ​មក​កាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ជំនួស​វិញ។

VOA​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល​គិរី​បាន​នៅ​ឡើយ​ទេ។

VOA ​ក៏​មិន​អាច​សុំ​ការឆ្លើយ​តប​ពី​អ្នកស្រី ឱ វណ្ឌ​ឌីន រដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព បានប្រាប់​ VOA ​ថា​ត្រូវ​មាន​ការ​យល់​ដឹង​ពី​ជន​ជាតិ​ដើម​ភាគ​តិច​ពាក់​ព័ន្ធ​នឹង​ទំនៀម​ទម្លាប់​របស់​ពួកគេ និង​ការ​ផ្តល់​ព័ត៌​មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​បាន​ពេញ​លេញ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង។

«វា​ជា​ដំណោះស្រាយ​ល្អ​ហើយ​ ដែល​រដ្ឋាភិ​បាលគិត​គូរ​ដល់​ជនជាតិ​ដើម​ភាគ​តិច​ដើម្បី​ទទួល​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ​បាទ។ វា​ជា​ផែន​ការ​មួយ​ដ៏​ល្អ​ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ដែរ គឺ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​បាន​យល់​ដឹង​ពី​បញ្ហា​ហ្នឹង។ ហើយ​នឹង​ផ្តល់​ព័ត៌មាន​ដល់​ពួកគាត់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ»។

លោកបន្ត​ថា ​ការ​ផ្តល់​ព័ត៌មាន​មិន​ពេញ​លេញ​អាច​នាំ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​សម្រេច​ចិត្ត​មិន​ទៅ​ចាក់​វ៉ាក់​សាំង​ដែល​អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​សីហា កម្ពុជា​បាន​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ យ៉ាង​តិច​មួយ​ដូស​ដល់​ពលរដ្ឋ​ជាង​៧​លាន​៦​ម៉ឺន​នាក់។ រដ្ឋាភិបាល​បាន​ដាក់​ផែន​ការ​ចាក់​ដល់​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​១៦​លាន​នាក់៕

XS
SM
MD
LG