ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ព្រលះ​វីអូអេ និង​អាស៊ីសេរី


8 Şubat 2013
8 Şubat 2013

ក្នុង​រយៈពេល​ប្រមាណ​ជាង​បី​ខែ ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​លោក ​ហ៊ុន ​សែន​ បាន​ធ្វើ​ការ​រិះគន់​វាយ​ប្រហារ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​តាម​អាកាស​អាមេរិក​ គឺ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី​ចំនួន​ពីរ​លើក ​ដោយ​ចាត់​ទុក​អង្គភាព​ទាំង​ពីរ​ថា​បាន​ប្រមាថ​រូប​លោក។​ ប៉ុន្ដែ​អ្នក​ជំនាញ​ និង​មន្រ្ដី​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​រិះគន់​នោះ​ថា​គឺ​ជា​ការ​ខាតបង់។

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​នៅ​ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៣ ​ដែល​លាត​សន្ធឹង​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ខេត្ត​កំពត​ លោក ​ហ៊ុន ​សែន ​បាន​និយាយ​ខ្លាំងៗ​ ដោយ​ស្វែង​រក​មុខ​អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​វិទ្យុ​អាស៊ី​សេរី។

«(វា)​នៅ​ខាង​ក្រោយ។ អាហ្នឹង​មិន​ហ៊ាន (ចេញមុខ)​ទេ។ ហ្អែង​យក​សម្ដី​អញ​ទៅ​ចាក់​ (ទៅ)។ ថ្ងៃ​មុន​ប្រពន្ធ​អញ​ថា​យ៉ាង​ម៉េច ​ស្រាប់​តែ​ចាប់​ផ្ដើម​ឡង​មក​វិញ​ថា ​មក​ពី​វិទ្យុ​អាស៊ីសេរី​មិន​បាន​ជួយ​ឃោសនា​ឲ្យ​ប្ដី។ ​មិន​ចាំ​បាច់​លោក​ឯង​ជួយ​ឃោសនា​ទេ។ អញ​ឲ្យ​ហ្អែង​ជេរ​ទៅ។ អញ​ឈ្នះ​ដោយសារ​ឯង​ជេរ​តើ។ អា​វីអូអេ​នេះ​មួយ។ ​ហើយ​មួយ​ថ្ងៃៗ​ជេរ​គេ ​ជេរ​ឯង។ ​ជាពិសេស​អាស៊ី​សេរី​ហ្នឹង។ ​អញ​អង្វរ​ហ្អែង។ ជួយ​ជេរ​អញ​ថែម​ទៀត។ ​ហ្អែង​ជេរ​កាន់​តែ​ខ្លាំង​ខុស​កាន់​តែ​ច្រើន»។

កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១១​នេះ ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ ហ៊ុន​សែន ​បាន​ខឹង​ច្រឡោត​នឹង​បណ្តាញ​ផ្សព្វផ្សាយ​អាមេរិកទាំង​ពីរ​នេះ​រួច​ម្ដង​ហើយ បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​ វីអូអេ ​បាន​ចោទ​សួរ​រូប​លោក​អំពី​សំណុំរឿង​ខ្មែរក្រហម​ ហើយ​លោក​មាន​ប្រសាសន៍​ថា ​លោក​នឹង​ចេញ​ប្រាក់​ខែ​ឲ្យ​ប្រសិន​បើ​ពួក​អ្នក​យក​ព័ត៌មាន​នៃ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ពីរ​សុខ​ចិត្ត​ចេញ​ពី​ការងារ​របស់​ពួកគេមក​ធ្វើ​ការ​ឲ្យ​បណ្តាយ​ព័ត៌មាន​ក្នុង​ស្រុក។

នៅ​សប្ដាហ៍​ទី​១នៃ ​ខែ​វិច្ឆិកា​នេះ​ លោកស្រី ​ប៊ុន ​រ៉ានី ​ហ៊ុន​ សែន ​ភរិយា​របស់​លោក​ប្រមុខ​រដ្ឋាភិបាល ​និង​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​បាន​ចោទ​វិទ្យុ​អាស៊ីសេរី​ ថា​បាន​ងាក​ទៅ​រក​ការ​ជឿ «មនុស្ស​ខូច»។

សម្រាប់​លោក ​មឿន ​ឈានណារិទ្ធ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ព័ត៌មាន​ ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​នឹង​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​នៅក្នុង​ការ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​បណ្ដាញ​ផ្សព្វផ្សាយ។

«លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​ក្មេង​ខ្ចី ​ហើយ​សេរីភាព​សារព័ត៌មាន​ក៏​មិន​ទាន់​រឹងមាំ។ អញ្ចឹង​យើង​ព្រួយ​បារម្ភ​ថា ​វា​អាច​មាន​ឥទ្ធិពល​ជះ​ទៅ​លើ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​ គេ​នឹង​មាន​ការភ័យ​ខ្លាច។ ហើយ​នេះ​គឺ​ជា​ការ​ខាតបង់។ ​ទី១​គឺ​ខាត​បង់​សម្រាប់​រាជរដ្ឋាភិបាល​ខ្លួន​ឯង ដោយសារ​តែ​រដ្ឋាភិបាល​ក្នុង​សង្គម​ប្រជាធិបតយ្យ ​យើង​ត្រូវ​ការ​ការ​ពិនិត្យ​ពិច្ច័យ​ និង​ការរិះ​គន់​យ៉ាង​ខ្លាំង​បំផុត​ពី​សាធារណជន​ ជា​ពិសេស​អំពី​សារព័ត៌មាន។ ​ដូច្នេះ​បើ​សិន​ជា​អ្នកសារព័ត៌មាន​លែង​ហ៊ាន​ផ្សាយ​អំពី​អ្វី​ដែល​ជា​ព័ត៌មាន​ដែល​ចម្រូង​ចម្រាស់​ ឬ​ជា​ព័ត៌មាន​ដែល​រសើប​នោះ ​សង្គម​នឹង​ខាត​បង់»។

យោង​តាម​របាយការណ៍​របស់​អង្គការ​ Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ​២០១១​បង្ហាញ​ថា សេរីភាព​ព័ត៌មាន​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៅ​កម្ពុជា​នៅ​ឆ្នាំ ​២០១០។ រាជរដ្ឋាភិបាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​ការ​រឹត​បន្ដឹង​សេរីភាព​បញ្ចេញ​មតិ​ និង​បន្ត​ការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដើម្បី​ផ្តន្ទាទោស​បណ្ដាញ​ផ្សព្វផ្សាយ​ប្រឆាំង។

របាយការណ៍​បញ្ជាក់​បន្ថែម​ថា នៅ​ចុង​ឆ្នាំ​២០១០ ​រដ្ឋាភិបាល​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​រឹត​បន្ដឹង​លើ​ប្រព័ន្ធ​អ៊ីនធឺណែត​ដូចជា​ការ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​បម្រើ​សេវា​អ៊ីនធឺណែត​ មាន​ទាំង​ក្រុមហ៊ុន​សេវាកម្ម​ទូរស័ព្ទ​ផង​ដែរ​ឲ្យ​បិទ​ខ្ទប់​គេហទំព័រ​និន្នាការ​គណបក្ស​ជំទាស់KI-Media​ ជា​ដើម។

លោក ​មឿន ​ឈានណារិទ្ធ ​បាន​ផ្ដល់​យោបល់​ថា ​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​លទ្ធិ​ប្រជាធិបតេយ្យ រដ្ឋាភិបាល​មិន​គួរ​រង់ចាំ​ចាប់​កំហុស​ប្រព័ន្ធផ្សព្វផ្សាយ​នោះ​ឡើយ។

«ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ថា មន្ដ្រី​រដ្ឋាភិបាល​ទាំង​អស់​នៅ​ពេល​ដែល​គាត់​ចូល​កាន់​តំណែង ​គាត់​ត្រូវ​តែ​រំពឹង​ទុក​នូវ​ការ​ពិនិត្យ​ពិច្ច័យ​យ៉ាង​ខ្លាំង​រួម​ទាំង​ការរិះគន់​កែលម្អរ​ពី​សាធារណជន​ ជាពិសេស​ពី​សំណាក់​សារព័ត៌មាន​នេះ​ឯង ​ដែល​ជា​តំណាង​ឲ្យ​សំឡេង​សាធារណជន ​ជា​ពិសេស​ពី​សារព័ត៌មាន​នេះ​ឯង។ សារព័ត៌មាន​គួរតែ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ក៏​ដូចជា​ច្បាប់​សារព័ត៌មាន​ក្នុង​ការពិនិត្យ​ពិច្ច័យ​ក៏​ដូចជា​ការរិះគន់​ទៅ​លើ​មន្ដ្រី​រដ្ឋាភិបាល​ណា​ម្នាក់»។

ដោយឡែក ​លោក​ឯក​ ថា​ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្មរហ័ស​របស់​ទីស្ដីការ​គណរដ្ឋ​មន្ដ្រី​បាន​ឆ្លើយ​តប​ដោយ​មិន​បង្ហាញ​ការ​កត់​សម្គាល់​ចំៗ​ថា​ ការ​ងុបងុល​ទៅ​នឹង​ការរិះគន់​ មិនមែន​ជា​ចំណុច​ល្អ​របស់​អ្នក​កាសែត​នោះ​ទេ។ ជាពិសេស​លោក​ទំនង​ជា​ចង់​និយាយ​យោង​ទៅ​ដល់​ការផ្សាយ​មួយ​ចំនួន​របស់​សំឡេង​សហ​រដ្ឋអាមេរិក ​និង​អាស៊ីសេរី។ ​លោក​ឯក​ ថា បាន​រំលឹក​អំពី​ការ​ប្រឹងប្រែង​របស់​កម្ពុជា​បន្ទាប់​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​អស់រយៈពេល​បី​ទសវត្សរ៍​កន្លង​មក។

«ការ​ស្ដី​បន្ទោស​រិះគន់​មិន​សម​ហេតុផល​ទេ។ ពួក​គេ​ត្រូវតែ​ពិនិត្យ​លើ​ទស្សនៈ​វិជ្ជមាន​ឲ្យ​បាន​ច្រើន​ជាង​អវិជ្ជមាន។ អ្នក​កាសែត​តែងតែ​គិត​ថា ​ព័ត៌មាន​ដែល​អាក្រក់ ​គឺ​ជា​ព័ត៌មាន​ដែល​អ្នក​ស្ដាប់​ អ្នក​អាន​ ចង់​មើល។ នេះ​មិនមែន​ជា​ទស្សនៈ​ល្អ​នោះ​ទេ»។

យ៉ាង​ណា​ក៏​ដោយ​លោក​ចាន់ សាវ៉េត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ របស់​អង្គការ​អាដហុក ​យល់​ថា ​សេចក្ដីថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន ​កាល​ពី​សប្ដាហ៍​មុន​មាន​ចរិត​គំរាម​កំហែង​ដោយ​ប្រយោល​ទៅ​អ្នក​ព័ត៌មាន។

«ប្រមុខ​រដ្ឋ​មួយ ​ឬ​ក៏​អ្នក​ដែល​មាន​អំណាច ​មិន​អាច​លើក​យក​ពាក្យ​អញ្ចឹង​មក​និយាយ​ជា​សាធារណៈ​ទេ។ បើ​សិន​ជា​គាត់​មិន​ពេញ​ចិត្ត​នៅ​ក្នុង​ប្រការ​ណាមួយ​ គាត់​ត្រូវ​តែ​ចាំបាច់​ត្រូវតែ​ធ្វើ​ការ​កែ​លម្អរ​តាមរយៈ​របប​ព័ត៌មាន​មួយ​នោះ ​ក៏ប៉ុន្តែ​ដល់​តែ​ពេល​ ដែល​គាត់​លើក​យក​មក​និយាយ​ក្នុង​សាធារណៈ ​វា​ជា​លក្ខណៈ​គំរាម​កំហែង​ហើយ»។

នៅ​កម្ពុជា​មាន​ព័ត៌មាន​បោះពុម្ព​ផ្សាយ​ចំនួន​ជាង​៥០០ ​ដែល​ក្នុង​នោះ​មាន​តែ​សារព័ត៌មាន ​និង​ទស្សនាវដ្ដី​តិចតួច​តែ​ប៉ុណ្ណោះ​ ដែល​ចេញផ្សាយ​ជា​ទៀងទាត់។ សារព័ត៌មាន​ប្រឆាំង​មាន​ចំនួន​តិចតួច​បំផុត ​និង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ជា​ខ្លាំង។ ដោយឡែក​បណ្ដាញ​ផ្សព្វផ្សាយ​តាម​រលកធាតុ​អាកាស​នៅ​ក្នុង​ស្រុក​ភាគ​ច្រើន​គឺ​វិទ្យុ ​និង​ទូរទស្សន៍​ត្រូវ​បាន​កត់​សម្គាល់​ថា ​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។

លោក​ចាន់​ សាវ៉េត ​មាន​ប្រសាសន៍​ថា ​ការ​ផ្ដល់​ព័ត៌មាន​ពិត ​នៅ​មាន​កម្រិត​ទាប​ និង​ប្រជាពលរដ្ឋ​ពិបាក​ទទួល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​រដ្ឋាភិបាល។

កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០១០ ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ​លោក​សុខ ​សេរី​ ទទួល​រង​ការចោទ​ប្រកាន់​ដោយ​តុលាការ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការផ្សព្វផ្សាយ​អំពី​ការចោទប្រកាន់​ពី​បញ្ហា​ពុករលួយ​មួយ​នៅ​ក្នុង​សហគម​ខ្មែរ​អ៊ីស្លាម​ក្នុង​ខេត្ត​តាកែវ។ អ្នក​កាសែត​ពីរ​នាក់​ទៀត​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ឆ្នាំ​ដដែល​នោះ ​គឺ​លោក ​ហង្ស​ ចក្រា​ និពន្ធ​នាយក​កាសែត​ប្រឆាំង​ខ្មែរម្ចាស់ស្រុក​ និង​លោក​រស់ សុឃិត​ អ្នក​សរសេរ​ព័ត៌មាន​សេរី។ ​ដោយឡែក​និពន្ធ​នាយក​កាសែ​ត​ខ្មែរអមត​ទទួល​រង​ការពិន័យ​បន្ទាប់​ពី​ការ​ផ្សាយ​លើ​អំពើ​ពុករលួយ។

ចំណាត់​ថ្នាក់​ផ្នែក​សេរីភាព​ព័ត៌មាន​របស់​កម្ពុជា​បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១១៧ ​នៅ​ឆ្នាំ ២០០៩​ មក​ដល់​ចំណាត់​ថ្នាក់​ទី​១២៨ ​នៅ​ឆ្នាំ​២០១០។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​ដែល​តាម​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មានលើ​ពិភពលោក​លើ​ប្រទេសចំនួន​១៧៨។

មាន​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ឯករាជ្យ​ តិចតួច​ជា​ភាសា​អង់គ្លេស​ ដែល​វិនិយោគ​ដោយ​បរទេស​ផ្ទាល់​ គឺ​កាសែត​ The Cambodia Daily​ និង​កាសែត​ Phnom Penh Post ​ដែល​មាន​ភាសាខ្មែរ​អម​ផង​ដែរ។

យោងតាម​របាយការណ៍​របស់​អង្គការ ​Freedom House ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី​រួម​ទាំង​វិទ្យុ​ឯករាជ្យ​នៅ​ក្នុង​ស្រុក​មួយ​ចំនួន​តូច​ទៀត​មិន​ត្រូវ​រដ្ឋាភិបាល​ដាក់​កម្រិត​បាន​ឡើយ។

លោក ​សុន ​ឆ័យ ​តំណាងរាស្ដ្រ​របស់​គណបក្ស​សម ​រង្ស៊ី​ បាន​កត់សម្គាល់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ដិតដាម​ដោយ​ការដឹកនាំ​បែប​ទសវត្សរ៍ទី​៨០​ នៅ​ឡើយ​ នោះ​គឺ​របត់​ដឹកនាំ​បែប «សង្គម​និយម»។

តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ​ដដែល​បាន​សម្ដែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​បន្ទាប់​ពី​សេចក្ដីថ្លែង​ការណ៍​ជាសាធារណៈរបស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន ​សែន។

«យើង​បារម្ភ​ថា ​ការ​រិះគន់​ដោយ​ផ្ទាល់​នេះ ​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​យក​ព័ត៌មាន​ នៅ​ខាង​វិទ្យុ​ទាំង​ពីរ​ហ្នឹង​ផង! បារម្ភ!”។

លោក សុន ​ឆ័យ ​រំលឹក​ថា​ មាន​តំណាងរាស្ដ្រ​មួយ​ចំនួន​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការបិទ​ការផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​និង​វិទ្យុ​អាស៊ីសេរី​ ពី​ប្រពន្ធ័ផ្សាយ​បន្ដ​តាម​រលកធាតុ​អាកាស​អេហ្វអឹម​ (FM) កាល​ពី​ពេល​មុន។ ​លោក​ សុន​ ឆ័យ ​បន្ដ​ថា ​ជា​ទម្លាប់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ចូលចិត្ត​ការ​លើក​សរសើរ​ ជាង​ការ​រិះគន់លើកំហុសរបស់​ខ្លួន។

«បើ​វិទ្យុ​ទាំង​ពីរ​នេះ ​គឺ​គាត់​ផ្សាយ​ព័ត៌មាន​ គេ​ហៅ​ថា​មាន​តុល្យភាព​ ហើយ​ព័ត៌មាន​ដោយ​មិន​ប្រកាន់ ខ្ញុំ​ថា​ជា​ការ​មិន​គប្បី​ទេ​ យើង​ជា​អ្នក​ដឹកនាំ​ប្រទេស ​ចាំបាច់​ទទួល​យក​ការិះគន់​ខ្លះ​ ហើយ​មិន​ត្រឹមត្រូវ​យើង​មាន​វិធានការ​ផ្សេង​ៗ»។

ចំណែក​លោក​ឯក​ ថា ​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដី​ការគណៈរដ្ឋមន្ដ្រី ​ជំរុញ​ឲ្យ​មាន​ការផ្សាយ​ផ្នែក​វិជ្ជមាន​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន​សម្រាប់​ជា​ប្រយោជន៍​វិស័យ​សេដ្ឋកិច្ច។

«រាជរដ្ឋាភិបាល ​បាន​សម្រេច​សមិទ្ធិផល​ច្រើន​ណាស់ ​នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ។ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​ឃើញ​សាព័ត៌មាន​ដើរ​តួនាទី​សំខាន់​បន្ថែម​ទៀត​ផ្សាយ​ការពិត​លើ​ការអភិវឌ្ឍ​របស់​ប្រទេស ​ដើម្បី​បង្កើន​ការ​នាំ​អង្ករ​ចេញ​ជាដើម»។

យ៉ាង​ហោច​ណាស់​មាន​អ្នក​យក​ព័ត៌មាន​ចំនួន​១២​នាក់​ ដែល​បាន​រាយការណ៍​អំពី​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​ប្រទេស​ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​រួម​ទាំង​ការ​គំរាម​កំហែង​របស់​មន្ដ្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ត្រូវ​បាន​បាញ់​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៤​មក។ ​លោក ​ខឹម ​សំបូរ​ អ្នក​កាសែត​ជំទាស់​មនសិការខ្មែរ​ត្រូវ​បាញ់​សម្លាប់​ជាមួយ​កូន​ប្រុស​របស់​គាត់​កាល​ខែ​កក្កដា ​ឆ្នាំ ​២០០៨ ​គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ការបោះឆ្នោត​តំណាងរាស្រ្ដ។ រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ជន​ដៃ​ដល់​ណា​ម្នាក់​ ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ទេ៕

XS
SM
MD
LG