ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​អន់​ខាងនីតិរដ្ឋ


រូបភាព​តារាង​វាយ​តម្លៃ​នីតិរដ្ឋឆ្នាំ២០១៥ (Rule of Law Index 2015) ​សម្រាប់​ប្រទេសកម្ពុជា​។ (Web Screenshoot: World Justice Project Website)
រូបភាព​តារាង​វាយ​តម្លៃ​នីតិរដ្ឋឆ្នាំ២០១៥ (Rule of Law Index 2015) ​សម្រាប់​ប្រទេសកម្ពុជា​។ (Web Screenshoot: World Justice Project Website)

ប្រទេស​កម្ពុជា​ស្ថិតនៅ​ស្ទើរតែ​ក្រោម​គេ​បំផុត​ខាង​ផ្នែក​នីតិរដ្ឋ​ ​បើ​ប្រៀបធៀប​នឹង​ប្រទេស​នានា​លើ​ពិភពលោក​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​៩៩​ក្នុង​ចំណោម​ប្រទេស​១០២។ នេះ​បើ​យោង​តាម​របាយការណ៍​អង្កេត​មួយ​ធ្វើ​ឡើង​ដោយ​គម្រោងយុត្តិធម៌​ពិភពលោក (World Justice Project) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារនេះ។

ការ​អង្កេត​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​បាន​វាស់​ស្ទង់​លើ​កម្រិត​នៃ​ការ​អនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ​ ដែល​ពលរដ្ឋ​នានា​នៅ​ជុំ​វិញ​ពិភពលោក​ជួប​ប្រទះ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ​

តារាង​វាយ​តម្លៃ​ធ្វើ​ការ​វាស់​ស្ទង់​ពិនិត្យ​លើ​ចំណុច​ជាច្រើន​ដូចជា​ ការ​កម្រិត​នៃ​អំណាច​រដ្ឋ អំពើ​ពុករលួយ សិទ្ធិ​មនុស្ស ការ​អនុវត្ត​ច្បាប់​ ប្រព័ន្ធ​តុលាការ​ និង​ការ​បើក​ចំហរ​របស់​រដ្ឋាភិបាល​ជាដើម។

អង្គការ​នេះ​ឱ្យ​ដឹង​ថា​ អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្នុង​ចំណោម​ចំណុចអវិជ្ជមាន​ខ្លាំង​ជាងគេ​បំផុតនៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​លំដាប់​អាក្រក់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ខាង​យុត្តិធម៌​សម្រាប់​ជន​ស៊ីវិល។ ​ហើយ​ប្រទេស​ដ៏ក្រីក្រ​មួយ​នេះ​ក៏ស្ថិត​នៅ​បាត​តារាង​ខាង​ផ្នែក​នីតិរដ្ឋ ​បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក​ ដោយ​បាន​ចំណាត់​ថ្នាក់​១៥​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥។ ប៉ុន្តែ ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ប្រទេស​ចិន​និង​ភូមា​បន្តិច។​

អង្គការ​នេះ​បាន​សង្កេត​លើ​ប្រទេស​តែ​ចំនួន​១០២ប៉ុណ្ណោះ​ ដោយ​សារ​មាន​ប្រទេសមួយ​ចំនួន​ដែល​អង្គការ​នេះ​ប្រមូល​ទិន្នន័យ​មិន​បាន​ដូចជា​ប្រទេស​ឡាវ​ជាដើម។ ប្រទេស​វៀតណាម និង​ប្រទេសថៃ​ដែល​នៅ​ជិតខាង​មាន​ចំណាត់​ថ្នាក់​៦៤ និង​៥៦ រៀងៗ​ខ្លួន។ ប្រទេស​ដែលមាន​ចំណាត់​ថ្នាក់​អន់​ជាងគេ​បំផុត​លើ​ពិភពលោក​គឺ​វេណេហ្ស៊ុយអេឡា ដោយ​ទទួល​បាន​លេខ​១០២។

គម្រោង​យុត្តិធម៌​ពិភពលោក(WJP) ​គឺ​ជា​អង្គការ​ឯករាជ្យ​និង​ផ្តោត​លើ​ពហុវិស័យ ដែល​ធ្វើ​ការ​ដើម្បី​ជួយ​ជំរុញ​នីតិរដ្ឋ​នៅ​ជុំ​វិញ​ពិភពលោក។ អង្គការ​នេះ​ជឿថា​ នីតិរដ្ឋ​ផ្តល់​នូវ​មូលដ្ឋាន​សម្រាប់​ឱ្យ​សហគមន៍​ទទួល​បាន​ឱកាស​ និង​សមភាព​សម្រាប់​ការ​លូតលាស់​សេដ្ឋកិច្ច និង​ឱ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ និង​គោរព​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG