កម្ពុជាដែលជាម្ចាស់ផ្ទះបន្តឈរលេខរៀងទី ៨ ក្នុងកម្មវិធីប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដោយទទួលបានមេដាយសរុបចំនួន ៧០ រួមមានមេដាយមាស ៩ ប្រាក់ ១៨ និងសំរឹទ្ធ ៤៣ ខណៈក្រុមឥណ្ឌូណេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តឈ្នះបានមេដាយសរុបចំនួន ២៧៤ ជាបណ្តោះអាសន្ន។ នេះបើតាមលទ្ធផលប្រកួតគិតត្រឹមព្រឹកថ្ងៃសុក្រនេះ។
ការប្រកួតកីឡាជនពិការដែលមានប្រទេស ១១ ចូលរួម ដែលមានការប្រកួតកីឡាជាង ១០ ប្រភេទនាចុងសប្តាហ៍នេះ រួមមានវាយសី ប៊ូស្យា អុក យូដូ បាល់ទាត់ លើកទម្ងន់ អត្តពលកម្ម បាល់បោះ រទេះរុញ កូនឃ្លីលើតុ ហែលទឹក បាល់ទះអង្គុយ និងអេឡិចត្រូនិក។
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ មានការចូលរួមពីកីឡាករជាជនពិការគ្រប់សមាសភាព រួមមានពិការផ្នែកចក្ខុ ពិការផ្នែកកាយសម្បទា និងពិការផ្នែកបញ្ញាតិចតួច។
ព្រឹតិ្តការណ៍កីឡាក្នុងប្លុកអាស៊ាននេះ នឹងបិទបញ្ចប់នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ហើយកាលពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨ ក្នុងនោះមានមេដាយមាសចំនួន ៧ ប្រាក់ចំនួន ១០ និងសំរឹទ្ធ ចំនួន ១១។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ៧ ក្នុងចំណោម ១១ ប្រទេស ដែលចូលរួមប្រកួតប្រជែងនាពេលនោះ៕