ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនចង់ឱ្យមានទោសប្រហារជីវិតអ្នករំលោភសាច់ញាតិ


នាយករដ្ឋ​មន្រ្តី​កម្ពុជា ហ៊ុន សែន មើល​រូប​ដែល​ត្រូវ​បាន​ឆ្លាក់​លើ​ជញ្ជាំង​វិមាន​ឈ្នះៗ បន្ទាប់​ពី​កាត់ខ្សែបូរ​រួច​ក្នុង​ទិវា​នយោបាយ​ឈ្នះៗ​និង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​កាលពី​ព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
នាយករដ្ឋ​មន្រ្តី​កម្ពុជា ហ៊ុន សែន មើល​រូប​ដែល​ត្រូវ​បាន​ឆ្លាក់​លើ​ជញ្ជាំង​វិមាន​ឈ្នះៗ បន្ទាប់​ពី​កាត់ខ្សែបូរ​រួច​ក្នុង​ទិវា​នយោបាយ​ឈ្នះៗ​និង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​កាលពី​ព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញបំណងចង់បង្កើតឱ្យមានទោសប្រហារជីវិតឡើងវិញនៅក្នុងប្រទេសកម្ពុជាដើម្បីប្រហារជីវិតអ្នករំលោភកុមារីដែលជាសាច់ញាតិរបស់ខ្លួនឯង។

ការលើកឡើងនេះនៅពេលដែលលោកនាយករដ្ឋមន្ត្រីនិងភរិយាបានចុះទៅសួរសុខទុក្ខកុមារីនិងយុវតី នៅក្នុងអង្គការជួយស្ត្រីរងគ្រោះមួយដែលមានឈ្នោះថាអាហ្វេស៊ីបនៅថ្ងៃអាទិត្យនេះ។

កុមារីនិងយុវតីដែលអង្គការអាហ្វេស៊ីបមើលថែគឺសុទ្ធតែជាជនរងគ្រោះដោយសារការរំលោភ។
លោកហ៊ុន សែនបានចាត់ទុកជនល្មើសថាមាន«ធាតុតិរច្ឆាន‍» ដែលមិនគួរត្រូវបានអត់អោនឱ្យទេជាពិសេសក្នុងករណីជនល្មើសជាជីតា ឪពុកនិងឪពុកមាបង្កើតរបស់ជនរងគ្រោះ។

រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដែលបានធ្វើឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣បានលុបចោលទោសប្រហារជីវិតហើយមានតែការដាក់ទោសមួយជីវិតប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាលោកនឹងមិនប្រើអំណាចដើម្បីសុំព្រះមហាក្សត្រដើម្បីកែរដ្ឋធម្មនុញ្ញទេហើយក៏មិនស្នើសុំសមាជិករដ្ឋសភាឱ្យស្នើច្បាប់សុំដែរព្រោះការវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើតាមសំណើនាយករដ្ឋមន្ត្រីឬសមាជិករដ្ឋសភាទេគឺត្រូវធ្វើប្រជាមតិនៅទូទាំងប្រទេស។

ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៨មានការរំលោភស្ត្រីនិងកុមារចំនួន១១០ករណីហើយក្នុងឆ្នាំ២០១៧ការរំលោភនិងសម្លាប់ជនរងគ្រោះមានរហូតដល់១៤៧ករណីក្នុងនោះជនរងគ្រោះចំនួន៦នាក់ត្រូវបានសម្លាប់ក្រោយពីការរំលោភហើយ។ នេះបើតាមការរកឃើញរបស់អង្គការសិទ្ធិមនុស្សលីកាដូ។

អង្គការលីកាដូបញ្ជាក់ថាកត្តាក្រីក្រដែលបង្ខំឱ្យឪពុកម្តាយត្រូវទៅធ្វើការឆ្ងាយពីលំនៅដ្ឋានហើយទុកកុមារីរងគ្រោះទាំងនោះនៅជាមួយនឹងសាច់ញាតិ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបន្ថែមថាស្ថានភាពនេះគឺ«ធ្ងន់ហួស‍»ដែលប៉ះទង្គិចមិនត្រឹមតែជនរងគ្រោះប៉ុណ្ណោះទេប៉ុន្តែដល់អ្នកដែលមានសមានចិត្តទៀតផង។

លោកបានបន្ថែមថា៖

«បើសិនជាករណីនេះវារីករាលដាលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលឈានទៅដល់ការឱ្យមានទោសប្រហារជីវិតឡើងវិញអាចនឹងត្រូវធ្វើប៉ុន្តែឆ្លងកាត់ប្រជាមតិព្រោះតាចង់បង្ក្រាបនូវធាតុតិរច្ឆានមួយដែលកើតនៅក្នុងសង្គមខ្មែរយើង‍»៕

XS
SM
MD
LG