ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទំនង​ជាថ្លែងសុន្ទរថា​ច្រើន​ជាង​ឆ្លើយ​សំណួរ​នៅ​សភា​


លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គ្រោងនឹង​ទៅ​បំភ្លឺ​នៅ​រដ្ឋ​សភា​អំពី​បញ្ហា​ព្រំដែន។
វ៉ាស៊ីនតោន៖ អ្នកជំនាញការ​ព្រំដែន​ក្នុងប្រទេស​បារាំង​លោក​ ស៊ាន ប៉េងសែ​បាន​អះអាង​ថា ​លោកចង់​បាន​ចម្លើយ​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​គ្រោងនឹង​ទៅ​បំភ្លឺ​នៅ​រដ្ឋ​សភា​អំពី​បញ្ហា​ព្រំដែន​ទាក់ទង​នឹង​ការ​មិន​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​មួយ​ចំនួន​ជាមួយ​ប្រទេស​វៀតណាម​ដែលលោកស៊ាន ប៉េងសែ​ចាត់ទុក​ថា​ បាន​ធ្វើឲ្យ​បាត់​ទឹកដី​កម្ពុជា។​

មួយ​ថ្ងៃ​មុន​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដាក់​គម្រោង​ការ​ទៅ​បំភ្លឺរឿង​ព្រំដែន​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យដែលថា ​រដ្ឋាភិបាល​របស់​លោក​ធ្វើ​ឲ្យបាត់បង់​ទឹកដី​នោះ​ អ្នក​ជំនាញ​ការ​ព្រំដែន​ក្នុង​ប្រទេស​បារាំង​គឺ​លោកស៊ាន ប៉េងសែ​បាន​អះអាង​ថា​ លោក​ចង់បាន​ចម្លើយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​លើ​បញ្ហា​បីយ៉ាង​គឺការ​មិន​លុប​សន្ធិ​សញ្ញា​ដែល​មិនស្រប​នឹង​សន្ធិសញ្ញា​ទីក្រុងបារីស ​សន្ធិសញ្ញា​ដែល​ធ្វើឲ្យ​បាត់ព្រំដែន​ទឹក​ និង​សន្ធិសញ្ញា​ដែល​ធ្វើឲ្យជន​អន្តោ​ប្រវេសន៍​ចូល​មក​កម្ពុជា។​ សន្ធិសញ្ញា​ទាំង​នេះ​ត្រូវគេ​ដឹង​ថា ​ត្រូវ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​ចុះ​ហត្ថលេខា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។​

លោក​ស៊ាន ប៉េងសែ​ ប្រធាន​គណៈ​កម្មាការ​ព្រំដែន​កម្ពុជា​នៅស្រុក​បារាំង​ បាន​អះអាង​ថា​ លោក​នឹង​តាម​ឃ្លាំមើល​ ថា​តើលោក​ ហ៊ុន សែន​នឹង​បញ្ជាក់​យ៉ាងណា​ពីបញ្ហា​ដែល​រដ្ឋាភិបាល​លោក​មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​ ឬ​សន្ធិសញ្ញា​ ហើយមិន​គោរព​ទៅតាម​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ឆ្នាំ​១៩៩១​ ដែល​សរសេរ​ច្បាស់លាស់​ឲ្យ​ធ្វើ​មោឃភាព​រាល់​សន្ធិ​សញ្ញា​ណា​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា។​

«ដែល​គោរព​ហ្នឹង​គឺគោរព​ឲ្យ​សន្ធិ​សញ្ញាណា​ជា​អាថ៌​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​ត្រូវទុក​ជាមោឃៈ ​ហើយ​គេ​បញ្ជាក់ថា​ សន្ធិ​សញ្ញា​ហ្នឹង​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផង។​ លោកហ៊ុន សែន​មិន​បាន​គោរព​រដ្ឋធម្មនុញ្ញ​ហ្នឹង​ផង​ និងអត់​លុបចោល​សន្ធិ​សញ្ញា​ផង»។​

មាន​សន្ធិសញ្ញា​យ៉ាងតិច​៤​គឺសន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ​ឆ្នាំ​១៩៨២ ​ឆ្នាំ​១៩៨៣​ និង​ឆ្នាំ​១៩៨៥​ ដែល​កម្ពុជា​ត្រូវគេ​ដឹង​ថា​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ពេល​ដែលវៀតណាម​ចូល​ឈ្លានពាន​ទឹក​ដី​កម្ពុជា។​ កម្ពុជាក្រោយ​មក​ មិន​គ្រាន់តែ​មិនលុប​សន្ធិ​សញ្ញា​ទាំង​ឡាយ​ជាមួយ​វៀតណាម​ទេ​ តែ​បាន​បង្កើត​សន្ធិសញ្ញា​បន្ថែម​មួយ​ទៀត​ ហើយ​បាន​ចុះ​ហត្ថលេខា​កាល​ពីឆ្នាំ២០០៥​ជាមួយ​ប្រទេស​វៀតណាម​ ដែល​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ពី​ក្រុមអ្នក​ប្រជាធិបតេយ្យ​ខ្មែរ​មួយ​ចំនួន ​និង​មានការ​ចាប់ដាក់គុក​ផង ​នៅពេល​នោះ។​

ចំពោះ​បញ្ហា​ព្រំដែន​ទឹក​ត្រួតស៊ីគ្នា​វិញ ​លោក​ស៊ាន ប៉េងសែ​បានដាក់​សំណួរ​ថា ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ទទួលស្គាល់​ថា កោះ​ត្រល់​ជារបស់​វៀតណាម?​

«សំណួរទី២​គឺ​ថា​លោក​ ហ៊ុន សែន​បាន​ចុះ​ហត្ថលេខា​នៅក្នុង​ឆ្នាំ​១៩៨២​រឿង​ព្រំដែន​សមុទ្រ​ប្រវត្តិសាស្ត្រ​ គឺយើង​ខាត​ទឹក​សមុទ្រ​ហ្នឹង​ច្រើន​ណាស់​ដល់​ទៅ​៣០០០០​គីឡូមែត​ការ៉េ​របស់​យើង​ ដោយ​លោក​ហ៊ុន សែន​ហ្នឹង​បាន​ទទួល​ស្គាល់​ថា ​កោះត្រល់​ជា​របស់​យួន​ ហើយ​កោះ​ពូឡូប៉ង់ស្យង់​(កោះ​ក្រចក​សេះ)​ជារបស់​យួន»។​

លោក​ស៊ាន ប៉េងសែ​ ដែលជា​អតីត​រដ្ឋមន្ត្រី​ក្រសួងរ៉ែ​និង​ថាមពល​សម័យ​លោក​សេនាប្រមុខ​ លន់ នល់​បាន​បញ្ជាក់​ថា ​កោះត្រល់​ កោះ​ពូឡូប៉ងស្យង់​ជារបស់​កម្ពុជា​ ថ្វីត្បិតតែ​វៀតណាម​ចូលមក​កាន់​កាប់​ក្តី។ ​

ក្រៅពី​បញ្ជាក់​ថា ​កោះពុលឡូវ៉ៃ​(កោះអាចន៍សេះ)​ជា​របស់​កម្ពុជា​រួច​ស្រេច​ហើយ​នោះ​ លោកប៉េងសែ​អះអាង​ថា​ កម្ពុជាមិន​ដែល​ទទួល​ស្គាល់​ថា​ កោះ​ទាំងពីរ​នេះ​ជារបស់​វៀតណាម​ម្តងណា​ទេ ​រហូតទល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​នោះ។​

លោក​ស៊ាន ប៉េងសែ​បានអះអាង​បន្ថែមថា​ ដោយសារ​បញ្ហា​កម្ពុជា​ចុះ​ហត្ថលេខា​ជាមួយ​វៀតណាម​កាលពី​ឆ្នាំ​១៩៨២​នោះហើយ​បាន​ជា​រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ក្រុងបាង​កក​បាន​ចុះ​ហត្ថលេខាជាមួយ​គ្នា​ នៅ​ឆ្នាំ​១៩៩៧​ លើព្រំដែន​សមុទ្រ​ត្រួតស៊ីគ្នា​ដោយមិន​ឲ្យ​កម្ពុជា​ដឹង។​ ដោយឡែក​ បញ្ហាមួយ​ទៀត លោកស៊ាន ប៉េងសែ​បាន​បញ្ជាក់​ថា​ លោក​ចង់ដឹង​ថា​ ក្រោម​សន្ធិសញ្ញា​ទសវត្សរ៍​១៩៨០​នោះ ​តើ​ជនអន្តោ​ប្រវេសន៍​វៀតណាម​ប៉ុន្មាន​នាក់​ហើយ​ដែល​បាន​មករស់​នៅ​លើ​ទឹកដី​កម្ពុជា?​

លោក​ស៊ាន ប៉េងសែ​អះអាង​ថា​ ពលរដ្ឋ​វៀតណាម​ត្រូវ​អនុញ្ញាត​ឲ្យ​មក​រស់នៅ​លើទឹកដី​កម្ពុជា​ដោយ​សេរី​ ក្រោមសន្ធិ​សញ្ញាឆ្នាំ​១៩៨៣​ដោយ​មាន​ទាំង​លិខិត​អនុញ្ញាត​ពីនាយក​រដ្ឋមន្ត្រី​ផង។​ លោក​ថ្លែង​ថា​បញ្ហា​សំខាន់តើហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិនព្រម​លុប​ចោល​សន្ធិ​សញ្ញា​ដែល​ផ្ទុយពី​សន្ធិសញ្ញា​ទីក្រុងបារីស។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា ​រដ្ឋាភិបាល​របស់​លោក​មិន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ឬ​កាត់ទឹក​ដី​ឲ្យ​បរទេស​ទេ ។​ លោកហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​សប្តាហ៍មុន​ថា​ លោក​គ្រោង​នឹង​ទៅ​បំភ្លឺ​នៅ​សភា​នៅ​ថ្ងៃ​៩​សីហា​ខាងមុខ​ ​អំពីរឿង​ចោទ​ប្រកាន់​នានា​ទាក់ទង​នឹង​បញ្ហា​ព្រំដែន។ ​ការ​ប្រកាស​នេះធ្វើឲ្យ​ក្រុម​អ្នក​វិភាគ​មាន​ការ​ភ្ញាក់​ផ្អើល។

«កុំថា​ហ៊ុន សែន​ខ្លាច​នុះ​ ហើយ​និយាយ​ឲ្យ​អស់រឿង។​ ជម្រះ​បញ្ជី​គ្នា​ម្តង​នៅ​ក្នុងសភា។​ កន្លង​ទៅ​ ខ្ញុំចេះ​តែ​សរសេរ​ឆ្លើយ ​តែលើក​នេះ​ខ្ញុំ​សុំបួន​ម៉ោង​ឆ្លើយ​តែមួយសំណួរ​របស់​អ្នក​ឯង​ទេ។ ​ ខ្ញុំសុំបួន​ម៉ោង​ ដឹង​ស្រាប់​ហើយ​ហ៊ុន​ សែន​នុះ»។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ ​បាន​អះអាង​ថា​ លោក​ស្វាគមន៍​សុច្ឆន្ទៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ តែ​លោក​មើល​ទៅ​ហាក់​ដូច​ជាលោកហ៊ុន សែន​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ច្រើន​ជាង​ការ​បើក​ឲ្យ​សួរ​ដេញ​ដោល​គ្នា។ ​លោក​ឡៅ ម៉ុងហៃ​បានអះអាង​ថា ​ការ​បើក​ឲ្យ​មាន​ការ​សួរ​សំណួរ​នោះ​ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ចែង​ថា​ នាយក​រដ្ឋមន្ត្រី​ ឬរដ្ឋាភិបាល​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នៅ​សភា​ម្តង​ក្នុង​មួយ​សប្តាហ៍។​

«រួច​តាំងពី​ករកើត​សភា​ហ្នឹងមក​ តាមដឹង​អត់មាន​ថ្ងៃ​ដែល​មាន​សំណួរ​ចម្លើយ​ច្រើន​ទេ។ ​ប្រហែល​ជា​មាន​ខ្ទង់១០​ដង​ប៉ុណ្ណឹង​ តាម​មើល​ទៅ»។​

មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៊ី​រងគ្រោះ​ដោយសារ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​ កាល​ពីឆ្នាំ​២០០៩។ ​លោក​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​ក្រោយ​ពីការ​ដក​បង្គោល​នោះ។​ លោក​សម រង្ស៉ី​បាន​វាយ​ប្រហារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជារឿយៗ​លើ​បញ្ហា​ព្រំដែន​នេះ​ តែគេ​មិន​ដឹង ​ថា​តើការ​បំភ្លឺ​នៅ​រដ្ឋសភា​របស់​លោក​ហ៊ុន សែន​នេះ​អាចបើក​ឱកាស​ដល់លោក​សម រង្ស៉ី​ឆ្លើយ​ឆ្លង​ជាមួយ​លោកហ៊ុន​សែន ​ឬសភា​អំពីការវិល​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ឬ​យ៉ាង​ណា​ទេ។​ ​

លោក​យឹម ​សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៉ី​ បាន​និយាយ​ថា​លោក​មិន​ហ៊ាន​សន្និដ្ឋាន​ថា​ ការបំភ្លឺ​នៅ​សភា​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ទាក់ទង​ជាមួយ​នឹង​ច្រក​ផ្លូវ​ដែល​អាច​ពិភាក្សាចរចា​គ្នា​រឿង​ការ​វិលត្រឡប់​របស់សម រង្ស៉ី​ ឬ​យ៉ាង​ណា​ទេ​ មុនពេល​លោក​ហ៊ុន សែន​ថ្លែង​ការណ៍​នោះ។

បញ្ហា​ព្រំដែន​ជា​បញ្ហា​រស៊ើប​ដែល​នាំឲ្យ​គណបក្ស​ជំទាស់​និង​គណ​បក្ស​គ្រប់គ្រង​ប្រទេស​យក​មក​ប្រើ​ជា​ប្រធាន​បទ​ដើម្បី​កេង​ចំណេញ​នយោបាយ​រៀង​ខ្លួន៕​
XS
SM
MD
LG