ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដោះដូរ​ភូមិពីរ​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម​


ភូមិ​អន្លុងជ្រៃ​ ​ខេត្ត​កំពង់ចាម​
ភូមិ​អន្លុងជ្រៃ​ ​ខេត្ត​កំពង់ចាម​

នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​គ្រោង​នឹង​សម្ពោធ​បង្គោលព្រំដែន​គោក​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ​ខែ​មិថុនា​នេះ​ នៅ​ក្នុង​ខេត្ត​កំពត ​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​គៀងយ៉ាង​ ប្រទេស​វៀតណាម​ ក្រុម​មន្ត្រី​គណបក្ស​ក្រៅរដ្ឋាភិបាល​បាន​ប្រតិកម្មប្រឆាំង​នឹង​គម្រោង​ដោះដូរ​ភូមិ​កម្ពុជា​ចំនួន​ពីរ​ជាមួយ​នឹង​វៀតណាម។

ភូមិ​ទាំង​ពីរ​ គឺ​ភូមិ​ថ្លុកត្រាច ​និង​ភូមិ​អន្លុងជ្រៃ​ស្រុក​ពញាក្រែក ​ខេត្ត​កំពង់ចាម​។ ​ភូមិ​អន្លុងជ្រៃ​ បច្ចុប្បន្ន​ គឺ​ជា​ភូមិ​អភិវឌ្ឍ​របស់​លោក​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ។

លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ចុង​សប្តាហ៍​មុន​ថា ​ភូមិ​ទាំង​ពីរ​នោះ​ឋិត​នៅ​ក្នុង​ដី​របស់​វៀតណាម។

«ផែនទី​ដាក់​មក​ថា​ភូមិ​ថ្លុកត្រាច​ ភូមិ​អន្លុងជ្រៃ​របស់​សម្តេច​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​ដី​វៀតណាម​ហើយ ​ឥឡូវ​យើង​ព្រមព្រៀង​ថា ​អ្នក​ឯង​ឲ្យ​ភូមិ​ទាំង​ពីរ​របស់​សម្តេច​មក...។ យើង​ដោះដូរ​ដី​មួយ​កំណាត់​មក ព្រោះ​នេះ​មិន​មាន​បាត់បង់​អី​ទេ»។

លោក​វ៉ា គឹមហុង មិន​បាន​បញ្ជាក់​ថា​ការដោះដូរ​រវាង​ភូមិ​ទាំង​ពីរ​នឹង​អាច​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ។

ព្រះអង្គម្ចាស់​នរោត្តមឫណរទ្ធិ ​ប្រធាន​គណបក្ស​នរោត្តឫណរទ្ធិ​ មាន​បន្ទូល​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ ការ​ដោះដូរ​ភូមិ​របៀប​នេះ ​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន​ និង​ខុស​ទៅ​នឹង​គោលការណ៍​ច្បាប់។

«អ្នក​ច្បាប់​ណា​ក៏ដោយ ​ការដោះដូរ ​ហើយ​បើ​យើង​ឈរ​នៅ​លើ​មូលដ្ឋាន​ច្បាប់ ​ឥត​ត្រូវ​ដោះដូរ​ទេ​។​ ប៉ុន្តែ​បើ​សិន​ជា​មូលដ្ឋាន​អីទៀត ​គឺ​ខ្ញុំ​មិន​លូកដៃ​ចូល​ទេ​។ ​នេះ​គឺ​ជា​រឿង​ផ្សេងទៀត​។ ​បើ​យើង​ដោះដូរ​ ដោយសារ​តែ​រឿង​នេះ ​រឿងនោះ ​នៅ​ថ្ងៃ​ណាមួយ ​យើង​បង្កើត​នូវ​អស្ថិរភាព​នៃ​ព្រំដែន​ មិន​មែនតែ​ជាមួយ​នឹង​វៀតណាម​ទេ ​ជាមួយ​ឡាវ ​ក៏ដូច​ជាមួយ​នឹង​ថៃ​ដែរ»។

កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​តែ​ប្រឹងប្រែង​ដោះស្រាយ​អរិយភាព​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ ដែល​មាន​សាច់​ដុំ​ធំ​ជាង​ខ្លួន​គឺ​វៀតណាម ​និង​ថៃ។

ថៃ​មាន​ខ្សែ​បន្ទាត់​រួម​ព្រំដែន​ជាមួយ​នឹង​កម្ពុជា​ប្រវែង៨០៥​គីឡូម៉ែត ​និង​វៀតណាម​មាន​ព្រំដែន​រួម​ជាមួយ​នឹង​កម្ពុជា​ជាង​១,០០០​គីឡូម៉ែត។

នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ​កម្ពុជា ​នឹង​សម្ពោធ​បង្គោល​ព្រំដែន​លេខ​ ៣១៤ ​នៅ​ក្នុង​ខេត្ត​កំពត​ ដែល​លោក ​វ៉ា គឹមហុង ​ហៅ​ថា​បង្គោល​ព្រំដែន​នេះ​ គឺ​ជា​បង្គោល​ព្រំដែន​សំខាន់​មួយ​សម្រាប់​ជា​តម្រុយ​ដល់​កម្ពុជា ​និង​វៀតណាម​នៅ​ក្នុង​ការកំណត់​ព្រំដែន​សមុទ្រ។

លោក​យឹម សុវណ្ណ ​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​សម រង្ស៊ី ចាត់ទុក​ថា​ការដោះដូរ​ភូមិ​រវាង​ប្រទេស​ទាំង​ពីរ​ គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន។

«ខ្ញុំ​ឥត​គាំទ្រ​ជា​ដាច់​ខាត ​និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​កាត់ដី​ខ្មែរ​ទៅ​ឲ្យ​យួន​ ឥត​មានការដោះដូរ​អ្វី​ទេ​។ ​ដីខ្មែរ​ពី​មុខ​ឆ្នាំ​១៩៤៩ ​ដោះដូរ​១៨​ខេត្ត ​ដែល​២១​ខេត្តក្រុង​ ដែល​នៅ​ទឹក​ដីវៀតណាម​សព្វថ្ងៃ​ហ្នឹង​ ដែល​ជា​ទឹក​ដី​កម្ពុជាក្រោម​។ ​ដូច្នេះ​កុំមក​និយាយ​ថា​ដី​នៅ​ភូមិ​នេះ​ ដីនៅ​កន្លែង​នេះ​ជា​របស់​យួន​ឥត​មាន​ទេ ​គឺ​សុទ្ធតែ​របស់​ខ្មែរ​ទេ»។

ដំណោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា ​និង​វៀតណាម ​ថ្វីត្បិតតែ​មិនមាន​រូបភាព​បង្ហាញ​សាច់ដុំ​ដូច​ទំនាស់​ព្រំដែន​ជាមួយ​ថៃ​ក៏ដោយ​ក៏ប៉ុន្តែ​បញ្ហាព្រំដែន​ជាមួយ​វៀតណាម​ បាន​នាំឲ្យ​មាន​ភាព​តានតឹង​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ជា​ខ្លាំង។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​បាន​ប្រឆាំង​ និង​ធ្វើ​ពហិកា​នៅ​ក្នុង​ការបោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ​១៩៨២ ​១៩៨៣ ​និង​ឆ្នាំ​១៩៨៥ ​ដោយ​ជឿថា​សន្ធិសញ្ញា​នេះ​ នឹងនាំ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​របស់​ខ្លួន។

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១ ​អនុញ្ញាត​ឲ្យ​កម្ពុជា​លុបចោល​សន្ធិសញ្ញា​ទាំងឡាយ​ណា​ ជាមួយ​វៀតណាម​ដែល​ធ្វើ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០។

មាន​សកម្មជន​ប្រឆាំង​នឹង​បញ្ហា​ព្រំដែន​ចំនួន​ប្រាំ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ នៅ​ក្នុង​នោះ​មាន​លោក​កឹម ​សុខា​ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ​លោក​យ៉េង វីរៈ​ បច្ចុប្បន្ន​ជា​នាយក​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគម​ លោក​ប៉ាង ងួនទៀង​ នាយក​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​លោក​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ​និង​លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំ។

លោក​វ៉ា គឹមហុង​ រំលឹកថា​ភូមិ​ថ្លុកត្រាច​ និង​ភូមិ​អន្លុងជ្រៃ​ ត្រូវ​បារាំង​គូស​ឲ្យ​ស្ថិត​នៅ​ក្នុង​ដី​វៀតណាម​ជា​យូរ​មក​ហើយ។

«ភូមិ​ហ្នឹង​សូម​ជម្រាប​អ្នក​តិចទៀន ​ជំនាន់​បារាំង​គឺ​វា​គូស​ដាក់​នៅ​ក្នុង​ផែនទី​បារាំង​ហ្នឹង​ គឺ​ខ្នាត​មួយ​លើ​មាត្រដ្ឋាន​មួយរយ​ពាន់​របស់​ក្រុម​ប្រឹក្សា​ចិន​ គឺ​ដាក់​នៅ​ក្នុង​ដី​រៀតណាម​រួច​ទៅ​ហើយ​។​ គ្រាន់តែ​នៅ​ពេលនោះ​សង្គ្រាម​នៅ​វៀតណាម​ គេ​មិន​បាន​រវីរវល់​រក​កន្លែង​កាន់កាប់​នៅ​តាម​ភូមិ​ជាយព្រំដែន​ នៅ​តាម​ព្រំដែន​ទេ»។

លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភាជាតិ​បាន​សង់​ផ្ទះ​ចំនួន​ ១០០​ខ្នង​ដូច​ៗ​គ្នា​ ធ្វើពី​ស៊ីម៉ង់ត៍​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ​នៅ​ក្នុង​ភូមិ​អន្លុងជ្រៃ​នោះ។

លោក​ហេង សំរិន​ ដែល​កំពុង​តែ​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស​មិនអាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ។

កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ ​ឆ្នាំ​២០០៣ ​សម្តេចឪ​នរោត្តមសីហនុ​ កាលនោះ​នៅ​គង់​ជា​ព្រះមហាក្សត្រ​នៅ​ឡើយ​បាន​រិះគន់​ជា​សាធារណៈ​ទៅ​លើ​លោក​វ៉ា គឹមហុង ​ចំពោះ​អ្វី​ដែល​លោក​បាន​បង្ហាញ​ផែនទី​ ដែល​ព្រះអង្គ​ទ្រង់​ព្រះតំរិះថា​គឺ​ជា​ផែនទី​មិន​ច្បាស់លាល់​ខុស​ពី​ផែនទី​ ដែល​ទទួល​ស្គាល់​ដោយ​សគម​អន្តរជាតិ។

«ឯកឧត្តម ​វ៉ា គឹមហុង ​គាត់​ថែម​ពាក្យ​មួយ​ដែល​ខ្ញុំ... និយាយ​តាម​ត្រង់​មិនមែន​ខឹង​គាត់​ទេ​ កោត​គាត់​តែ​ម្តង​ត្រង់​កន្លែង​បង្គោល​ៗ ​ជំនាន់​សង្គមរាស្ត្រនិយម ​គឺ​ត្រង់​ណា​ដែល​មិន​ច្បាស់ ​វៀតណាម​ដែល​ធ្វើ​សមប្បទា​។ ​គឺ​មិន​ច្បាស់​ត្រង់ណា ​គឺ​គេ​ឲ្យ​ខ្មែរ​ចំណេញ ​មិន​ច្បាស់​ត្រង់ណា​ គេ​ឲ្យ​ខ្មែរ​ចំណេញ ​មិនមែន​ភូមិ​ខ្មែរ​ទៅ​ជា​យួន​ទេ​ គឺ​ភូមិ​យួន​ទៅ​ជា​ខ្មែរ​។ ​ប៉ុន្តែ​សាវតារ​ប្រយ័ត្ន​ ខ្ញុំ​មិន​ជឿ​ថា​សាវតារ​ឲ្យ​លោក​វ៉ា ​គឹមហុង ​គាត់​នៅ​ពី​លើ​សីហនុ​ទេ»។

លោក​យឹម សុវណ្ណ បាន​ប្រកាស​ថា​គណបក្ស​ជំទាស់​របស់​លោក​នឹង​ពិចារណា​ទៅ​ពិនិត្យ​ភូមិ​ដែល​នឹង​ត្រូវ​ធ្វើ​ការ​ដោះដូរ ​ជាមួយ​នឹង​វៀតណាម​ទាំង​ពីរ​នោះ៕

XS
SM
MD
LG