ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​ពិចារណា​ឲ្យ​មាន​ការ​ដោះលែង​ជន​ជាតិថៃ​


តុលាការ​កម្ពុជា​បាន​កាត់​ទោស​លោក​វីរ៉ា ស៊ុមក្វាម​ឃីត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨ឆ្នាំ​ ចំណែក​ឯ​អ្នកស្រី​រ៉ាទ្រី​មាន​ទោស​​​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​។
តុលាការ​កម្ពុជា​បាន​កាត់​ទោស​លោក​វីរ៉ា ស៊ុមក្វាម​ឃីត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨ឆ្នាំ​ ចំណែក​ឯ​អ្នកស្រី​រ៉ាទ្រី​មាន​ទោស​​​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​។
ភ្នំពេញ៖ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្វះស្វែង​រក​ការ​លើក​លែង​ទោស​ចំពោះ​ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ប្រទេស​កម្ពុជា​ពី​បទ​ធ្វើ​ចារកម្ម​ក្នុង​តំបន់​ហាមឃាត់​យោធា​កាលពី​ឆ្នាំ២០១០។​

ការ​ស្នើសុំ​ឲ្យ​មាន​ការ​លើកលែង​ទោស​និង​បន្ធូរបន្ថយ​ទោស​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ជំនួប​ចំនួន​ពីរ​លើក​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត់​ នាយក​រដ្ឋមន្ត្រី​ថៃ​ នៅ​ក្នុងពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​២១​កាល​ពី​ខែ​វិច្ឆកា​និង​បាន​លើក​សំណើនេះ​ម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា ​ឆ្លើយតប​នឹង​សំណើរបស់​លោក​ស្រី​យីង ឡាក់​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​ឲ្យ​ធ្វើការ​ពិចារណា​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ​វីរ៉ា ស៊ុមក្វាមឃីត​ ដើម្បី​ឈាន​ទៅ​រក​ការ​លើក​លែង​ទោស​នា​ពេល​ខាង​មុខ​និង​លើកលែង​ទោស​ដល់អ្នក​ស្រី​រ៉ាទ្រី ពីតាណាប៉ៃ​ប៊ូន។

លោក​ហ៊ុន សែន​បាន​និយាយ​ថា​ ការលើក​លែងទោស​នេះ​អាច​នឹង​ធ្វើឡើង​ក្នុង​ឱកាស​ព្រះ​រាជ​ពិធីថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេច​ឪ។​

លោក​ប៊ុន យ៉ៃណារិន ​នាយក​រងខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ បាន​និយាយ​ថា​ ក្រសួង​បាន​ទទួល​លិខិត​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​រួច​ហើយ​ ក៏ប៉ុន្តែ​លោក​សុំមិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​បាន​បង្វែ​សំណួរ​នេះទៅ​លោក​សម ​ប្រជាមានិត។​

«និយាយ​រួម​ការងារ​ហ្នឹង​បង​អាច​សួរ​ឯក​ឧត្តម​សម ប្រជាមានិត​ ពីព្រោះ​គាត់​អ្នក​ដឹង​ការងារ​ហ្នឹង​ច្បាស់»។​
​វីអូអេ​បាន​ព្យាយាម​ជាច្រើន​លើក​តាម​ទូរស័ព្ទ​ដើម្បី​ទាក់​ទង​លោក​សម ​ប្រជាមានិត ​នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ ដើម្បី​សុំ​ការ​បំភ្លឺ​ ​តែពុំមាន​អ្នក​ទទួល​ទូរស័ព្ទ។​

កាលពី​ថ្ងៃ​ទី២៩ ​ខែ​ធ្នូឆ្នាំ​២០១០ ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​ថៃ​សរុប​ចំនួន​ប្រាំពីរ​នាក់​ក្នុង​នោះ​មាន​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជា​ធិបតេយ្យ​ថៃ​គឺលោក​ Panich Vikitsreth​ ​ព្រមទាំង​លោក វីរ៉ា ស៊ុមក្វាមឃីត​ និង​អ្នក​ស្រី​រ៉ាទ្រី​ ពីតាណាប៉ៃ​ប៊ូន​ក្រោមបទ​ចោទ​ប្រកាន់​ថា​ ​ពួកគេ​បាន​ឆ្លង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។​

តុលាការ​កម្ពុជា​បាន​កាត់​ទោស​លោក​វីរ៉ា ស៊ុមក្វាម​ឃីត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨ឆ្នាំ​ ចំណែក​ឯ​អ្នកស្រី​រ៉ាទ្រី​មាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​ពី​បទ​ធ្វើ​ចារកម្ម​នៅក្នុង​តំបន់​ហាម​ឃាត់។
វីអូអេព្យាយាមទាក់ទង​មន្ត្រីស្ថាន​ទូតថៃ​នៅក្នុង​ប្រទេស​កម្ពុជាដើម្បី​ស្នើសុំ​សេចក្តី​អត្ថាធិប្បាយ​ តែមិន​អាច​ទាក់ទង​បាន​ទេ។ ​ក៏ប៉ុន្តែ​បើតាម​ការ​សែត​ថៃ​មួយ​ឈ្មោះ​បាងកក​ប៉ុស្តិ៍​ដែល​បានចុះ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្រង់​សម្តី​លោក​ស្រី​យិង ឡាក់​ថា​ អ្នកស្រី​ទទួល​បាន​កំណត់​សម្គាល់​ពីការ​វិវត្តន៍​របស់​រដ្ឋាភិបាល​កម្ពុជា។​ អ្នកស្រី​បាន​បញ្ជាក់​ថា ​ការ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជន​ជាតិថៃ​ទាំង​ពីរ​នាក់​នេះ​បាន​បង្ហាញ​នូវ​ការ​រីក​ចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ៕​
XS
SM
MD
LG