ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ពលករ​ខ្មែរ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​​


Cambodians are mostly trafficked into the sex trade or are forced into labor on fishing boats.
Cambodians are mostly trafficked into the sex trade or are forced into labor on fishing boats.
វ៉ាស៊ីនតោន​៖ ក្រុម​សង្គម​ស៊ីវិល​ចង់ឃើញ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ឲ្យ​ពលករ​ខ្មែរ ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​មាន​សិទ្ធិ​ធ្វើការ​បន្ត ហើយ​គេច​ផុត​ពីការ​បណ្តេញ​ ដោយសារ​តែ​គ្មាន​ឯកសារ​ផ្លូវការ។​
ប្រទេស​ថៃ​ព្រមាន​ថា​ នឹង​បញ្ជូន​ពលករ​ខុសច្បាប់​មកពី​ប្រទេស​ផ្សេងៗ​ជាង​១​លាន​៥​សែន​នាក់​ចេញ​ពី​ប្រទេស​ខ្លួន ​ដែល​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ជាង​១៦​ម៉ឺន​នាក់។​ ក៏ប៉ុន្តែ​ក្រុមមន្ត្រី​សង្គមស៊ីវិល​បាន​ទទូច​ថា ​ពលករ​ទាំងនោះ​សម​នឹង​ទទួល​បាន​ការជួយ​ជ្រោមជ្រែង​ពីរដ្ឋាភិបាល​កម្ពុជា​និង​ការ​សម្រប​សម្រួល​ពី​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​រក​ដំណោះស្រាយ​ឲ្យពួក​គេ​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​បន្ត។​

ក្រុម​សង្គមស៊ីវិល​ចង់​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​លិខិត​ឆ្លងដែន​ដោយ​ឥត​គិត​ថ្លៃ​ អន្តរាគមន៍​ដល់​ប្រទេស​ថៃ​ឲ្យ​អនុញ្ញាត​ឲ្យពួក​គេ​បន្ត​កិច្ចការ​ ​បំពេញ​បែប​បទ​ក្នុង​ពេល​ស្នាក់នៅ​ ធ្វើការ​ក្នុង​ប្រទេស​ថៃ​ ហើយ​ត្រូវ​តែ​គ្មាន​អំពើ​ពុក​រលួយ ​និង​ទារ​កម្រៃ​ផ្សេងៗ​ ជួយ​អន្តរាគមន៍​ដល់​ថៅកែ ​ឬនិយោជក​ឲ្យ​ផ្តល់​សេរីភាព​កម្មករ ​និង​ពលករ​ខ្មែរ​ ហើយ​គ្មាន​ការ​ជិះជាន់​ជាដើម។​

លោក​មាស សាណែត ​មន្ត្រីកម្មវិធី​នៃ​អង្គការ​ខារ៉ាម​ ដែលធ្វើ​កិច្ចការ​ទាក់ទង​នឹង​កម្មករ​ពលករ​ចំណាកស្រុក ​បាន​អះអាង​ថា​ ការ​បញ្ជូន​ពលករខ្មែរ​១៦​ម៉ឺន​នាក់​មក​កម្ពុជា​វិញ​នឹង​ធ្វើឲ្យ​ខ្វះកម្លាំង​ពលកម្ម​ ហើយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ​និង​ប៉ះពាល់​ដល់​ជីវភាព​របស់​កម្មករ​ និង​ពលករ​កម្ពុជា​ដែរ។​

«អញ្ចឹង​យើង​គិត​ថា​ នឹង​មាន​នីតិវិធី​ថ្មី ​ធ្វើម៉េច​ឲ្យ​ពួកគាត់​អាចព​ន្យារ​ ឬ​ក៏​ធ្វើ​នីតិវិធី​យ៉ាងណា​ដើម្បី​ឲ្យ​គាត់​អាច​បន្ត​ការងារ​នៅ​ប្រទេស​ទទួល​ហ្នឹង​បាន»។​

លោក​ថ្លែងថា​ថៅកែ​ ឬ​និយោជក​ដើរតួនាទី​សំខាន់​ក្នុងការ​ចុះ​បញ្ជី​ ឬ​ការ​ធ្វើ ឯកសារ​ស្របច្បាប់​ផ្សេងៗ​ បើពុំ​ដូច្នោះ​ទេ ​នឹង​មិន​អាច​កើត​បាន​ទេ។​

«ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ ខ្ញុំ​គិត​ថា​ រាល់​នីតិវិធី​ទាំង​អស់ ​បាន​ន័យ​ថា ​រាល់​ពលករ​ទាំងអស់​ មុន​នឹង​ចេញទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ហ្នឹង ​គឺ​ខ្ញុំ​គិត​ថា ​គាត់​គួរ​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ដែល​ស្របច្បាប់​ មាន​ការ​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល។ អញ្ចឹង​នៅ​ពេល​ដែលគាត់​ទៅ​ដល់​ប្រទេស​ទទួល​ហ្នឹង​ គាត់​មាន​សិទ្ធិ​ បាន​ន័យ​ថា​ សិទ្ធិ​របស់​គាត់​ហ្នឹង​ត្រូវ​បាន​ការពារ ​និង​គោរព​ដោយ​ប្រទេស​ទទួល ​បាន​ន័យ​ថា​ បើ​សិន​ជា​គាត់ទៅ​តាម​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ គាត់អាច​មាន​សិទ្ធិ​ទៅ​រក​សេវា​សុខភាព​ ពេល​គាត់​ឈឺ»។​

លោក ​មឿន តុលា ​ប្រធាន​កម្មវិធី​សិទិ្ធ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ ចង់ឃើញ​អាជ្ញាធរ​កម្ពុជា​ធ្វើលិខិត​ស្នាម ​លិខិត​ឆ្លងដែន​ឬ​ឯកសារ​ ដែល​ពលករ​ខ្មែរ​មិន​គួរ​ត្រូវ​បង់​លុយ​ តែ​គួរ​ត្រូវ​ធ្វើដោយ​តម្លាភាព​ដើម្បី​ឲ្យ​ពួក​គាត់​អាច​នៅ​ធ្វើការ​ក្នុងប្រទេស​ថៃបាន​ ដោយ​គ្មាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ថៃ ​ហើយ​នឹង​គេច​ផុត​ពី​ការ​បញ្ជូន​ចេញ​ពី​ទឹក​ដី​ថៃ។​

«ព្រោះ​កម្មករ​គាត់​ធ្វើការ​ហ្នឹង​គឺ​មិន​ប្រាកដ​ថា​ មាន​ប្រាក់​សន្សំបាន​ អត់មាន​សន្សំ​បាន​ ប៉ុន្នាន​ទេ​ ព្រោះ​គាត់​ប្រឹង​ធ្វើការ​បាន​បន្តិច​បន្តួច​ហ្នឹង​ គាត់​បញ្ជូន​លុយ​កាក់​មក​ផ្ទះ​ មក​ភូមិ​ មកស្រុក​អស់​ហើយ»។​

លោក​តុលា​បាន​ទទួល​ស្គាល់​ថា​ ដំណើរការ​ចុះ​បញ្ជី​កន្លង​មក​មាន​ភាព​ស្មុគ​ ស្មាញសម្រាប់​កម្មករ ​ដោយសារ​តែ​ឯកសារ​នានា​របស់​កម្មករ​ត្រូវ​ថៅកែ​យក​ទៅ​រក្សាទុក​ដើម្បីជា​ការ​គំរាម​ និង​បង្ខំឲ្យ​កម្មករ​ធ្វើការ​ងារ។​ ហើយ​គួប​ផ្សំ​ដែល​ពួក​កម្មករ​មិន​ចេះ​អក្សរ​ មិនចេះ​សរសេរ​ឈ្មោះ​ខ្លួន​ឯង​ផង​នោះ​ គេងាយ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​ពី​ថៅកែ​ជា​ដើម។​

ពលករ​ខ្មែរ​ប្រមាណ​២៥​ម៉ឺន​នាក់​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេសថៃ​ តែ​មានកម្មករ​ចំនួន​ជាង​១៦​ម៉ឺននាក់​មិនមានឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។​ ប្រទេស​ថៃ​កាលពី​ឆ្នាំ​ទៅ​ទាមទារឲ្យ​កម្ពុជា​ធ្វើលិខិត​ឆ្លងដែន​ដល់ពលករ​ខ្មែរ​ ដោយ​ថៃ​បញ្ជាក់​ថា​ នឹង​ឈប់ផ្តល់​លិខិត​សម្គាល់ខ្លួន​ហៅ​ថា​ CI ​ដូច​មុន​ទៀត​ហើយ​ ដែល​មន្ត្រី​កម្ពុជា​ស្នើ​ថា ​គួរត្រូវ​ធ្វើលិខិត​ឆ្លងដែន​ជូន​កម្មករ​និង​ពលករ។​ នេះបើតាម​លិខិត​ឆ្លើយឆ្លង​ការទូត​រវាង​កម្ពុជាថៃ​ ហើយនិង​លិខិត​ឆ្លើងឆ្លង​រវាង​មន្ត្រីក្រសួងការ​បរទេស​កម្ពុជា​និង​ក្រសួង​មហាផ្ទៃ​ កាលពីខែ​សីហា​ឆ្នាំ​ទៅ។​

នៅក្នុង​កិច្ចសន្ទានា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​លើវេទិការ​ពេល​លោក​ កំពុង​ថ្លែង​ការណ៍​កាលពី​សប្តាហ៍មុន ​លោក​ហ៊ុន សែន​បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា ​ប្រទេស​ថៃ​ចង់​ឲ្យ​បណ្ណ​ឆ្លង​ដែន​ ឬ Border Pass ​ប្តូរ​ទៅជា​លិខិត​សម្គាល់ខ្លួន ​ស៊ីអាយ​ ហើយ​អ្នក​ដែល​កាន់​លិខិត​ស៊ីអាយ​ត្រូវ​ប្តូរទៅ​ លិខិត​ឆ្លង​ដែន៖​

«នែ!​ អាហ្នឹង​កាន់តែ​មាន​ការងារ​ធ្វើ​ច្រើន​ទៀត​ហើយ​ដែល​ត្រូវ​ធ្វើ។​ អញ្ចឹង​ទេ​ អាហ្នឹង​គឺយើង​ពិភាក្សា​ជាមួយ​នឹង​ភាគីខាង​ថៃ​ទៅ»។​

លោក​ហ៊ុន សែន​មិន​បាន​និយាយ​ពីវិធាន​ការណ៍​លំអិត​ទេ​ តែលោក​បាន​បន្ថែម​ថា​ ប្រទេស​ថៃ​កាលពី​ពីរ​សប្តាហ៍​កន្លងទៅ​ក៏បាន​សុំឲ្យ​កម្ពុជា​ជួយទប់ស្កាត់​កុំឲ្យ​មាន​ពលករ​ខុសច្បាប់​ចូល​ទៅថៃ​ថែម​ទៀត។​

ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា​បាន​ដឹកនាំ​គណប្រតិភូ​ដើម្បី​ជួប​ជាមួយ​នឹង​សមភាគី​របស់លោក​គឺ​លោក​ស៊ូរ៉ាពុង តុវីចាក់ឆៃគុល​នៃ​ប្រទេសថៃ​កាលពី​ថ្ងៃ​២៥ ​និង​ថ្ងៃ​២៦​ធ្នូ ដើម្បី​ចូលរួម​ប្រជុំគណៈ​កម្មាការ​ចម្រុះ​ទ្វេភាគី​លើក​ទី៨​សម្រាប់កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ទីក្រុង​បាងកក។​ ​បញ្ហា​កម្មករ​និង​ពលករខ្មែរ​ចំណាក​ស្រុក​ត្រូវ​គេ​គិត​ថា​ ស្ថិត​នៅក្នុង​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​បញ្ហា​ទ្វេរភាគី​នានា​នៃ​កិច្ច​ប្រជុំ​នេះ។ ​កម្មករខ្មែរ​ទៅ​ធ្វើការ​នៅ​ក្នុងប្រទេស​ថៃ​ ធ្វើ​ជា​អ្នកនេសាទ​ កម្មករ​សំណង់ ​ថែសួន​ ច្រូតស្រូវ​កម្មករ​រោងចក្រ​និង​ដាំចំការ​ជាដើម ​ដែល​ជាមធ្យម​រក​ចំណូល​បាន​២០០​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​សំ ផល ​អាយុ ៣២ឆ្នាំ​រស់នៅស្រុក​ជីក្រែង ​ខេត្តសៀមរាប​បាន​អះអាង​ប្រាប់​វីអូអេ​ថា ​លោកធ្លាប់​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅជាយ​ក្រុង​បាងកក​ក្នុង​ប្រទេសថៃ​ ចាប់ពី​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ​២០១២។​ លោក​ថ្លែង​ថា ​លោក​បាន​ទៅធ្វើការ​នៅ​ប្រទេស​ថៃ​តាម​រយៈ​ក្រុមហ៊ុន​មួយ​ ដែល​លោក​ចំណាយ​លុយ​១៥០​ដុល្លារ​ធ្វើ​លិខិត​ឆ្លងដែន និង​រង់ចាំ​អស់រយៈ​ពេល​ប្រមាណ​៩​ខែ​មុន​នឹង​លោក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។​ តែ​ដោយសារ​លិខិត​ឆ្លងដែន​លោកមាន​បញ្ហា​រឿង​ទិដ្ឋាការ​ការងារ​ខុស​កន្លែង​កំណត់​ លោក​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ ហើយ​ត្រូវ​ក្រុមហ៊ុន​ដក​មក​វិញ​ដោយ​សន្យា​ថា​ ​នឹង​បញ្ជូន​ទៅវិញ​រយៈ​ពេល​១៥​ថ្ងៃ។​ លោក​ថ្លែង​ថា ​បច្ចុប្បន្ននេះ​រយៈ​ពេល​ជាង​៦​ខែ​ហើយ​ដែលលោក​រង់ចាំ​ចម្លើយ​ពីក្រុមហ៊ុន។

ជាមួយ​គ្នា​នេះ​ដែរ​ ការទាក់ទង​ជាមួយ​ក្រុមហ៊ុន​ក៏ក្រុមហ៊ុន​មិន​ទទួល​ទូរ​សព្ទ​ដែរ។​ លោកថ្លែង​ថា ​លោក​រៀងចាល​រឿងទៅ​ធ្វើការ​នៅថៃ​តាម​ លិខិត​ឆ្លងដែន​ ឬប៉ាស្ព័រ​ហើយ​ ដោយសារ​បទ​ពិសោធន៍​ដ៏លំបាក​នឹង​បង់លុយ​ កាត់​ប្រចាំ​ខែ​៥០០​បាត ​ឬ​ជាង​១០​ដុល្លារដូចគ្នា​នឹង​ការ​ទៅ​ធ្វើកាត​ការងារ​ឬ​ភាសា​ថៃ​ហៅ​ថា​ ប័ត្រ​ក្នុងប្រទេស​ថៃ​ដែរ​នោះ។​

«មួយ​ខែ​៥០០រយ​បាត​ យើងអាច​ធ្វើបាន។​ ចុះ​បើ​ក្រុមហ៊ុន​កន្លះ​ខែ​កាត់​៥០០​បាត​ដូចគ្នា ​មួយ​ខែ​កាត់​មួយពាន់​ យើង​សុខចិត្ត​ទៅ​ផ្លូវ​កាត់​តែ​ម្តង​ទៅ។ ស្រុក​ខ្ញុំ ​សព្វថ្ងៃ​គេ​ទៅ​ផ្លូវកាត់​ គេ​អត់ចាំ​លិខិត​ឆ្លង​ដែន​ទេ»។ ​

លោក​សំ ផល​អះអាង​ថា ​លោក​រក​ចំណូល​មួយ​ថ្ងៃ​បាន​៣០០​បាត​ លុយ​ថៃ​ឬ​ស្មើនឹង​ប្រមាណ​១០​ដុល្លារ។​ ​លោក​បាន​ថ្លែង​ថា​ បងប្រុស​របស់​លោក​ម្នាក់​ទៀត​ធ្លាប់ត្រូវ​គេ​ឲ្យ​រង់​ចាំ​រយៈ​ពេល​៤ឬ​៥ខែ​ក្នុង​ប្រទេស​ថៃ​ តែ​នៅ​ពេល​បាន​ការងារ​ធ្វើ ​ទិដ្ឋការ​ការងារ​របស់លោក​ក្នុង​លិខិត​ឆ្លងដែន​ត្រូវ​ផុត​កំណត់​ ​មិន​អាច​ធ្វើការ​បាន។

អ្នក​ស្រុកនៅ​ខេត្តបន្ទាយ​មាន​ជ័យម្នាក់​ឈ្មោះ​ឡោក លាភ ​អាយុ​៥៦​ឆ្នាំ​មាន​កូន​២នាក់​ក្នុង​ចំណោម​៨​នាក់​ កំពុង​ធ្វើកិច្ចការ​ជាជាង​សំណង់​នៅ​ប្រទេស​ថៃ​ បាន​ថ្លែង​ថា ​កូន​របស់​គាត់​ទាំងពីរ​មិនអាច​មាន​លុយកាក់​ធ្វើ​លិខិត​ឆ្លងដែន​ទេ​គឺទៅ​ធ្វើការ​តាម​ថៅកែ​ដែល​គេ​ធានា​គ្រប់សព្វ​ ដូចជាសុវត្ថិភាព លិខិត​ស្នាម​ ទី​កន្លែង​ស្នាក់នៅ។ ​លោកថ្លែង​ថា ​ជីវភាព​ក្រីក្រ​របស់​ពលរដ្ឋ​នៅតាម​ជាយ​ដែន​និង​ការ​ត្រូវ​រកប្រាក់​ជា​បន្ទាន់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ ​លោក​និង​ក្រុម​គ្រួសារ​ដទៃ​ ចាំបាច់​ត្រូវតែ​ប្រថុយប្រថាន​បញ្ជូន​កូន​ទៅ​ធ្វើការ​ដោយ​មិន​អាច​ចាំគេ​ធ្វើលិខិត​ស្នាម​ត្រឹមត្រូវ​បាន​ទេ។​

«មិន​ថា​ ស្រុកណា​ មិន​ថា ​ខេត្តណា ​មិនថា ​ឃុំ​ណា​ទេ ​គឺ​ទូទៅ ​សឹងតែ​គ្រប់​គ្រួសារ​ ទូទាំង​ប្រទេស​ទៅ​ថៃ»។​

លោក​ថ្លែង​ថា កម្រៃខ្ពស់​សមរម្យ​ក្នុង​ប្រទេសថៃ​ជាការ​ទាក់ទាញ​ពលករ​ខ្មែរ​ ជា​យុវជន​ទៅធ្វើការងារ​ ទោះ​ជា​ពេលខ្លះ​ជួប​ប្រទះ​នឹង​បញ្ហា​គ្រោះថ្នាក់​ខ្លះ​ក្តី​ដោយ​លោក​អះអាង​ថា ​វា​ប្រសើ​ជាង​រស់នៅ​ក្នុងស្រុក​ភូមិ​ដែល​គ្មាន​ការងារ​ធ្វើ​ ហើយ​ជួប​ប្រទះ​នឹង​ភាព​អត់​ឃ្លាន។​

ប្រទេស​ថៃ​បាន​ពន្យារ​ការ​បញ្ជូន​កម្មករ​ខុសច្បាប់​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ថ្មីទៀត​ ក្រោយ​ពេល​ដល់​ឱសានវាទ​កាល​ពី​ថ្ងៃ​១៤​ធ្នូ​កន្លង​ទៅ​ តែ​បាន​កំណត់​ថា ​នឹង​បញ្ឈប់​ផ្តល់​លិខិត​អនុញ្ញាត​ឲ្យ​ធ្វើការ​ចំពោះ​កម្មករ​និង​ពលករ ​ដែល​គ្មាន​លិខិត​ឆ្លងដែន​ ឬបាស្ព័រ។ ​វិធានការ​តឹងរឹង​ទាំង​នេះ​ត្រូវ​ក្រុម​មន្ត្រីសង្គម​ស៊ីវិល​ក្នុង​តំបន់​ចាត់ទុក​ថា ​ជាការ​ទប់ស្កាត់ការ​ជួញ​ដូរ​មនុស្ស​ និង​កម្លាំង​ពលកម្ម​កុមារ ​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កម្មករ​និង​ពលករ​ ដែល​គេ​ដឹង​ថា ​មក​ពីភូមា ​កម្ពុជា​និង​ឡាវ៕​
XS
SM
MD
LG