ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​និង​ហ្វ៊ីលីពីន​លើក​ឡើង​ជម្លោះ​ដែន​សមុទ្រ​ចិន​ក្នុង​ប្រជុំ​កំពូល​អាស៊ាន


រដ្ឋមន្រ្តី​ការបរទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ពីឆ្វេង លោក K. Shanmugam នៃប្រទេស​សាំងហ្គាពួរ លោក Surapong Tovichakchaikul ប្រទេស​ថៃ លោក Pham Bihn Minh ប្រទេស​វៀតណាម លោក​ហោ ណាំហុង នៃ​ប្រទេស​កម្ពុជា និង​លោក Lim Jock Seng របស់​ប្រ៊ុយណេ រង់ចាំ​ស
រដ្ឋមន្រ្តី​ការបរទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន) ពីឆ្វេង លោក K. Shanmugam នៃប្រទេស​សាំងហ្គាពួរ លោក Surapong Tovichakchaikul ប្រទេស​ថៃ លោក Pham Bihn Minh ប្រទេស​វៀតណាម លោក​ហោ ណាំហុង នៃ​ប្រទេស​កម្ពុជា និង​លោក Lim Jock Seng របស់​ប្រ៊ុយណេ រង់ចាំ​ស

សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បាន​ហៅកាត់​ថា អាស៊ាន​នៅ​ថ្ងៃ​ចន្ទ​នេះ ​មាន​ភាព​តានតឹង​ក្នុង​ការ​ពិភាក្សា​អំពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ខណៈពេល​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ពីរ​គឺ​ហ្វីលីពីន ​និង​វៀតណាម​ដែល​មាន​ដែន​សមុទ្រជាប់​ជាមួយ​នឹង​ចិន​បាន​លើក​យក​បញ្ហា​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​ដប់​គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្ពោះទៅ​រក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ៍​នេះ។

លោក​ឧបនាយករដ្ឋមន្ត្រី ​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការពិភាក្សា​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​មិន​ទាន់​ចប់​សព្វ​គ្រប់​ទេ ​ហើយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង​អស់​នឹង​បន្ត​ការ​ពិភាក្សា​គ្នា​ត​ទៅ​ទៀត។

លោក​ ហោ ​ណាំហុង ​មិន​បាន​បញ្ជាក់​ថា​ ភាព​តានតឹង​នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ត្រង់​ណា​ទេ។​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ បាន​ឈាន​ទៅ​រក​កិច្ច​ព្រមព្រៀង​មួយ​ដែល​បង្កើត​ក្រមនីតិប្រតិបត្តិ​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ជំហរ​របស់​ប្រទេស​អាស៊ាន​ ចង់​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ​និង​ស្ថេរភាព​ក្នុង​តំបន់។

«ខ្ញុំ​សូម​ថា ​មិន​ចាំបាច់​ចូល​លម្អិត​ ទាស់​គ្នា​ចំណុច​ណា​ទេ។ ​ទាំង​អស់​គ្នា​ឯកភាព​លើ​គោលការណ៍​ដោះស្រាយ​ហើយ ​គឺ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ឯកភាព​គ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ​ឯកភាព​គ្នា។​ ដោះស្រាយ​បញ្ហា​ដោយ​គោលការណ៍​ច្បាប់​អន្តរជាតិ​។​ ឯកភាព​ទាំង​អស់​គ្នា។ ដោះស្រាយ​ដោយ​គោលការណ៍​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥២ ​អំពី​ដែន​សមុទ្រ​ឯកភាព​គ្នា។ ​ឯកភាព​គ្នា​ឈាន​ជា​យថាហេតុ ​ជំហាន​ជា​យថាហេតុ ​ទៅ​តាក់តែង​ក្រម​ប្រណិបត្តិ OCO។ ហើយ​ពេល​ខ្លះ​មិន​ទាន់​ឯកភាព​ យើង​ក៏​មិន​ទាន់​ធ្វើ​ការងារ​ក្នុង​ស្មារតី​សម្បទាន​ទៅ​វិញ​ទៅមក»។

កម្ពុជា​មិន​បាន​ដាក់​របៀបវារៈ​នៃ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទេ។ ​ក៏ប៉ុន្តែ​មាន​តែ​ប្រទេស​ពីរ​តែ​ប៉ុណ្ណោះ​គឺ​ហ្វីលីពីន ​និង​វៀតណាម​បាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន។

លោក អលប៊ត រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ឯកត្តោភាគី​មួយ​ថា​ចង់​ឲ្យ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី ​និង​ស្ថិរភាព​ក្នុង​តំបន់។ លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ចិន​គួរតែ​ត្រូវ​កោះអញ្ជើញ​ឲ្យ​ចូលរួម​មក​ជជែក​ពិភាក្សា​ជា​បឋម​ស្តីពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

លោក ម៉ាទី​ ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​អាស៊ាន​កំពុង​តែ​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្មុង​ការ​កំណត់​ធាតុ​នីមួយៗ​នៃ​ក្របខណ្ឌ​នីតិប្រតិបត្តិ។ លោក​បាន​មាន​ប្រសាសន៍​ថា ចិន​សព្វ​ថ្ងៃ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ចូលរួម​ នៅ​ក្នុង​ដំណើរការ​នេះ ​ហើយ​វា​គឺ​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​យល់ដឹង​អំពី​ទស្សនៈ​របស់​ប្រទេស​ចិន។

«គឺ​ជា​នីតិវិធី​ដែល​មាន​សក្តានុពល​មួយ ​ដែល​ថា​ប្រទេស​អាស៊ាន ​បន្ត​បញ្ចប់​ និង​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ទស្សនៈ​ដូច​គ្នា ​លើ​គម្រោង​ផែនការ​នេះ និង​ជាមួយ​គ្នា​នេះ​គឺ​ជា​ផល​ចំណេញ​របស់​យើង ​ដែល​យើង​ដឹង​អំពី​ទស្សនៈ​របស់​ប្រទេស​ចិន​ទៅ​លើ​ប្រធាន​បទ​នេះ»។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ ហ៊្វូ ​ជីនតាវ ​មក​កាន់​កម្ពុជា​ ចិន​និង​កម្ពុជា​បាន​ព្រម​ព្រៀង​គ្នា​ថា ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​គួរតែ​ដោះស្រាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ចិន។ ចិន​មិន​ចង់​ឲ្យ​យក​បញ្ហា​នេះ​ដោះស្រាយ​ក្នុង​ក្របខណ្ឌ​លក្ខណៈ​អន្តរជាតិ​ទេ។​

នៅ​ក្នុង​ពេល​ដែល​មាន​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ សមាជិក​អាស៊ាន​ទាំង​អស់​ បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ភូមា ​ដោយ​បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ដំណើរការ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​សហភាព​មីយ៉ាន់ម៉ា។

លទ្ធផល​ក្រៅ​ផ្លូវការ​បង្ហាញ​ឲ្យ​ឃើញ​ថា បេក្ខជន​ទាំង​៤៤​រូប​របស់គណបក្ស​សម្ព័ន្ធជាតិ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ​អ៊ុង ​សានស៊ូជី បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​ទាំង​អស់​នៅ​ក្នុង​ចំណោម​អសនៈ​សភា​ដែល​មាន៤៥​អសនៈ៕

XS
SM
MD
LG