ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខៀវ សំផន​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ

  • គង់ សុឋានរិទ្ធ

ខៀវ សំផន ​ជា​ជនជាប់ចោទ​ដែល​មាន​វ័យក្មេង​ជាង​គេ ​អាយុ៨១ឆ្នាំ ​ក្នុង​សំណុំរឿង​ទី២ (ស្តាំ)។
ភ្នំពេញ៖ ជនជាប់ចោទ​នៅក្នុង​សំណុំរឿង​០០២​ម្នាក់​ទៀត​គឺ​ ខៀវ សំផន ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយសារ​អាការៈ​ហេវ​ហត់​និង​អស់កម្លាំង​ខ្លាំង។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ពី​សញ្ញាណ​រោគ​ពិតប្រាកដ​របស់​ជនជាប់ចោទ​នៅឡើយ​ទេ។

លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​ត្រូវ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​កាលពី​ព្រឹក​វេលា​ម៉ោង៩​និង​៤៥នាទី។

«រហូត​មកទល់​ពេលនេះ​ខ្ញុំ​នៅ​មិនទាន់​មាន​របាយការណ៍​ណាមួយ​ពី​ស្ថានភាព​សុខភាព​របស់លោក​ខៀវ សំផន​ទេ។ ហើយ​ក្រុមគ្រូពេទ្យ​កំពុងតែ​ត្រួតពិនិត្យ។ ដូច្នេះ​យើង​មិនទាន់​ដឹងថា​តើ​លោក​ខៀវ សំផន​មាន​ជំងឺ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ»។

នេះ​គឺជា​ជនជាប់ចោទ​ទី២ក្នុង​សំណុំរឿង​០០២​ដែល​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បន្ទាប់ពី​នួន ជា​អតីត​ប្រធាន​សភា​ខ្មែរក្រហម​បាន​ចូល​ពេទ្យ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ដោយសារ​ជំងឺ​រលាក​ទងសួត​និង​អស់កម្លាំង​ខ្លាំង។

លោក​គង់ សំអុន ​សហ​មេធាវី​កម្ពុជា​របស់​ខៀវ សំផន ​កំពុង​រង់ចាំ​របាយការណ៍​របស់​ក្រុមគ្រូពេទ្យ​នៅឡើយ។

«យើង​មិនទាន់​មាន​សេចក្តី​រាយការណ៍​ចុងក្រោយ​ទេ​តែ​ស្ថានភាព​របស់គាត់​គឺ​អស់កម្លាំង ​ខ្សោយ​និង​ដកដង្ហើម​ញាប់»។

ខៀវ សំផន ​ជា​ជនជាប់ចោទ​ដែល​មាន​វ័យក្មេង​ជាង​គេ ​អាយុ៨១ឆ្នាំ ​ក្នុង​សំណុំរឿង​ទី២​ខណៈដែល​នួន ជា ​អាយុ​៨៦ឆ្នាំ​និង​អៀង សារី ​អាយុ​៨៧​ឆ្នាំ។

ជនជាប់​ចោទ​ទាំងបី​សុទ្ធតែ​កំពុង​ស្ថិតក្នុង​ភាព​ចាស់ជរា​និង​មាន​ជំងឺ​ប្រចាំ​ខ្លួន។

លោក​ឡុង បញ្ញាវុធ ​មន្ត្រី​គម្រោង​នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​សេរី​នៅ​កម្ពុជា​ដែលជា​ផ្នែក​មួយ​របស់​អង្គការ​OSJI ​របស់​សហរដ្ឋ​អាមេរិក​មានប្រសាសន៍​ថា​ស្ថានភាព​សុខភាព​របស់​ជនជាប់ចោទ​បាន​ក្លាយជា​កង្វល់​ដល់​ការជម្រះ​ទោស។

លោក​លើកឡើងថា​សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​បញ្ចប់​ការកាត់ក្តី​វគ្គ​ទី១​ក្នុង​សំណុំរឿង​០០២​នៅ​ខែ​មិនា​ខាងមុខ​ក៏​ប៉ុន្តែ​ជំងឺ​បៀតបៀន​របស់​ជនជាប់ចោទ​អាច​នឹង​នាំ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ទៅ​មិន​ដល់​គោលដៅ​នេះ។

«បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​អាច​ទី១ប៉ះពាល់​ដល់​ដំណើរការ​ជំនុំជម្រះ ​ហើយ​ក៏​អាច​ប៉ះពាល់​ដល់​សិទ្ធិ​នៅក្នុង​ការចូលរួម​ជំនុំជម្រះ​នៅ​ចំពោះមុខ​ដែរ»។

ដោយសារ​ជំងឺ​របស់​ជនជាប់ចោទ​អង្គជំនុំ​ជម្រះ​សាលាដំបូង​បាន​ផ្អាក​សវនាការ​នៅក្នុង​សប្តាហ៍​នេះ​ប៉ុន្តែ​មិនទាន់​កំណត់​ជាក់លាក់​ថា​តើ​អាច​បន្ត​សវនាការ​ឬ​យ៉ាងណា​នៅ​សប្តាហ៍​ក្រោយនេះ​ទេ។
លោក​ឡុង បញ្ញាវុធ​ ផ្តល់​យោបល់​ថា​សាលាក្តី​ខ្មែរក្រហម​គួរ​ពិចារណា​បំបែក​សំណុំរឿង​របស់​ជ​ន​ជាប់ចោទ​និមួយៗ​ដើម្បី​កុំ​ឲ្យ​ដំណើរការ​ក្តី​ជាប់គាំង៕
XS
SM
MD
LG