វ៉ាស៊ីនតោន៖ តុលាការមួយក្នុងទីក្រុងញ៉ីវយ៉កសហរដ្ឋអាមេរិកនឹងធ្វើការពិនិត្យមើលនៅថ្ងៃទី២៧ ខែកញ្ញានេះលើសំណើរបស់សារមន្ទីរ Sotheby’s ដែលស្នើសុំឱ្យទម្លាក់ចោលមិនចាត់ការលើបណ្តឹងទាមទាររបស់រដ្ឋាភិបាលអាមេរិកដើម្បីប្រគល់សងវត្ថុបុរាណសម័យសតវត្សរ៍ទី១០មួយទៅឱ្យប្រទេសកម្ពុជាវិញ។
ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំនៅតំបន់ភាគខាងត្បូងនៃទីក្រុងញ៉ីវយ៉កដែលជាដើមបណ្តឹងបានបដិសេធការស្នើសុំនេះហើយចោទថាសារមន្ទីរ Sotheby’s បានដឹងថារូបចម្លាក់នោះ ជាទ្រព្យសម្បត្តិវប្បធម៌ដ៏សំខាន់របស់កម្ពុជាដែលត្រូវបានលួចចេញពីប្រទេសក្នុងយុគសម័យដែលមានកលយុគប៉ុន្តែបែរជាធ្វើព្រងើយកន្តើយ។
រូបចម្លាក់ដែលហៅថាជា «អ្នកចម្បាំង»សម័យបុរាណ ត្រូវបានសារមន្ទីរ Sotheby’s គ្រោងដាក់លក់ដេញថ្លៃកាលពីខែមិនាឆ្នាំ២០១១ប៉ុន្តែបានដកចេញវិញ នៅនាទីចុងក្រោយបន្ទាប់ពី មានការជំទាស់យ៉ាងខ្លាំងពីអាជ្ញាធរកម្ពុជា។
ក្នុងសេចក្តីស្នើរបស់សារមន្ទីរ Sotheby’s កាលពីខែមិថុនាបានសុំឱ្យតុលាការច្រានចោលពាក្យបណ្តឹងទាមទាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដោយអះអាងថា៖ ទីមួយ) រូបចម្លាក់នោះ មិនមែនជាទ្រព្យសម្បត្តិរបស់កម្ពុជាទេ ទីពីរ)កម្ពុជាមិនដែលបានអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិជាតិដែលបញ្ជាក់ពីកម្មសិទ្ធិលើរូបចម្លាក់នេះឡើយ ទីបី)មិនមានការសំអាងណាបញ្ជាក់ថាវត្ថុបុរាណនោះត្រូវបានយកចេញដោយគ្មានការអនុញ្ញាតពីប្រទេសកម្ពុជាទេបើទោះបីជាដើមបណ្តឹងបានលើកឡើងថាត្រូវបានគេលួចចេញពីប្រាសាទចិនក៏ដោយ។
រូបចម្លាក់ដែលមានកម្ពស់ ១,៦០ម៉ែត្រនេះបានបង្ហាញវត្តមានជាសាធារណៈលើកទី១នៅឆ្នាំ១៩៧៥នៅពេលដែលវាត្រូវបានលក់ដោយកន្លែងលក់ដេញថ្លៃមួយនៅប្រទេសអង់គ្លេសហើយត្រូវបានអ្នកប្រមូលទិញវត្ថុបុរាណជាតិបែលហ្ស៊ិកទិញយកទុក។ នេះបើតាមការបញ្ជាក់ក្នុងញត្តិចំនួន៣៥ទំព័ររបស់ក្រុមរដ្ឋអាជ្ញាដែលវីអូអេផ្នែកខេមរភាសាទទួលបាន។
តាំងពីពេលនោះ មករូបចម្លាក់ដែលមានទំងន់ជិត៣០០គីឡូក្រាមនោះបានបាត់ស្រមោលឈឹងរហូតទាល់តែសារមន្ទីរ Sotheby’s បាននាំចូលសហរដ្ឋអាមេរិកនៅខែមេសាឆ្នាំ២០១០ដើម្បី ដាក់លក់ដេញថ្លៃនៅទីក្រុងញ៉ីវយ៉ក។
ឯកសារបញ្ជាក់ថាអ្នកដែលគេចាត់ទុកថាជាម្ចាស់ចុងក្រោយគឺមានឈ្មោះ ថាលោកស្រី Ruspoli di Poggio Suasa។ រីឯតម្លៃវត្ថុបុរាណនេះអាចមានចន្លោះពីពីរលានដល់បីលានដុល្លារសហរដ្ឋអាមេរិក។
រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ក្នុងញត្តិដោយដកស្រង់ការសន្និដ្ឋានរបស់អ្នកឯកទេសបុរាណវិទ្យាបារាំងឈ្មោះ Eric Bourdonneau ថារូបចម្លាក់នោះត្រូវបានលួចចេញក្នុងចន្លោះឆ្នាំ១៩៦០និង១៩៧៥ពីប្រាសាទចិន ក្នុងតំបន់ប្រាសាទកោះកេរ្តិ៍ ដែលជាអតីតរាជធានីរបស់អាណាចក្រខ្មែរ។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទសារមន្ទីរ Sotheby's ថាបានដឹងថារូបចម្លាក់នោះ ត្រូវបានលួចចេញពីប្រទេសកម្ពុជាប៉ុន្តែនៅតែព្រងើយកន្តើយមិនព្រមទាក់ទងអាជ្ញាកម្ពុជាដើម្បីឱ្យបានដឹងច្បាស់លាស់ថាកម្ពុជាមានការយល់ព្រមឬទេមុននឹងដាក់លក់៖
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទសារមន្ទីរ Sotheby's ថាបានដឹងថារូបចម្លាក់នោះ ត្រូវបានលួចចេញពីប្រទេសកម្ពុជាប៉ុន្តែនៅតែព្រងើយកន្តើយមិនព្រមទាក់ទងអាជ្ញាកម្ពុជាដើម្បីឱ្យបានដឹងច្បាស់លាស់ថាកម្ពុជាមានការយល់ព្រមឬទេមុននឹងដាក់លក់៖
«យោងតាមមុខជំនាញរបស់ខ្លួននិងចំណេះដឹងក្នុងវិស័យនេះ គឺសារមន្ទីរSotheby's បានដឹងយ៉ាងច្បាស់តាំងពីប្រភពដើមរបស់រូបចម្លាក់នោះនិងការលួចចេញពីប្រាសាទកោះកេរ្តិ៍និងការលេចឡើងនៅលើទីផ្សារវត្ថុបុរាណ»។
រដ្ឋអាជ្ញាបានបន្តចោទទៀតថា៖
«ថ្វីបើបានដឹងដូចនេះក៏ដោយ ក៏សារមន្ទីរ Sotheby’s នៅយល់ព្រមលក់រូបចម្លាក់នេះនៅ ទីក្រុងញ៉ីវយ៉ក និងបន្តនាំវាចូលមកសហរដ្ឋអាមេរិកនៅខែមេសាឆ្នាំ២០១០»។
ផ្ទុយទៅវិញសារមន្ទីរ Sotheby’s បានលើកឡើងថាពុំមានសេចក្តីអះអាងថារូបចម្លាក់នោះស្ថិតនៅក្នុងប្រទេសកម្ពុជានាដើមសតវត្សរ៍ទី២០ទេគឺនៅពេលដែលច្បាប់ស្តីពីកម្មសិទ្ធិជាតិត្រូវបានយកមកប្រើ និងថាយោងតាមអាជ្ញាយុកាលដែលកំណត់ក្នុងច្បាប់របស់អង់គ្លេសទីកន្លែងដែលវត្ថុនេះត្រូវបានទិញលក់ជាលើកដំបូងគឺបានផុតទៅហើយក្រោយពីការដាក់លក់ក្នុងឆ្នាំ១៩៧៥ ព្រោះ ច្បាប់នោះ កំណត់ទុកពេលឱ្យអ្នកប្តឹងជំទាស់ក្នុងរយៈពេល៦ឆ្នាំក្រោយពីមានការទិញដូរ។
ប៉ុន្តែ រដ្ឋអាជ្ញាក៏បានចោទប្រកាន់ថាទាំងសារមន្ទីរ Sotheby’s និងអ្នកដែលប្រកាសខ្លួនជាម្ចាស់ពុំមានឯកសារណាមកបញ្ជាក់ថាខ្លួនបានទិញវត្ថុបុរាណនេះក្នុងឆ្នាំ១៩៧៥ដោយសុចរិតទេដូច្នេះអាជ្ញាយុកាលដែលមានកំណត់ក្នុងច្បាប់របស់ប្រទេសអង់គ្លេសគឺមិនអនុវត្តបានចំពោះរបស់ដែលទិញដូរដោយទុច្ចរិតទេ។
ក្រុមរដ្ឋអាជ្ញាបានជំទាស់នឹងការទាមទាររបស់សារមន្ទីរ Sotheby’s ទៅលើភាពខ្វះខាតនៃច្បាប់ខ្មែរដោយបញ្ជាក់ថាច្បាប់របស់ប្រទេសកម្ពុជាដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងគឺមានលក្ខណៈច្បាស់លាស់និងមិនស្រពេចស្រពិលទេ។
ក្រុមរដ្ឋអាជ្ញាបានជំទាស់នឹងការទាមទាររបស់សារមន្ទីរ Sotheby’s ទៅលើភាពខ្វះខាតនៃច្បាប់ខ្មែរដោយបញ្ជាក់ថាច្បាប់របស់ប្រទេសកម្ពុជាដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងគឺមានលក្ខណៈច្បាស់លាស់និងមិនស្រពេចស្រពិលទេ។
ក្រុមរដ្ឋអាជ្ញាបានដកស្រង់សេចក្តីថ្លែងរបស់លោក Matthew Rendall អ្នកជំនាញច្បាប់កម្មសិទ្ធិវប្បធម៌កម្ពុជាថាប្រទេសកម្ពុជាគឺជាម្ចាស់កម្មសិទ្ធិរូបចម្លាក់នេះយ៉ាងច្បាស់លាស់ណាស់។
នៅក្នុងញត្តិរបស់ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ពីល្បិចរបស់សារមន្ទីរ Sotheby’s ដែលព្រងើយកន្តើយក្នុងការទាក់ទងជាមួយនឹងមន្ត្រី កម្ពុជាដើម្បីឱ្យបានដឹងច្បាស់ថាវត្ថុបុរាណនោះ ពិតជាត្រូវបានលួចចេញពី ប្រទេសកម្ពុជាឬយ៉ាងណា។ ផ្ទុយទៅវិញ Sotheby’s បែរជាប្រាប់អ្នកជំនាញម្នាក់ដែលមិនបញ្ចេញឈ្មោះ ដែលខ្លួនជួលមកជួយសរសេរសៀវភៅកាតាឡុកសម្រាប់ដាក់លក់វត្ថុបុរាណឱ្យស៊ើបមើលថាតើរដ្ឋាភិបាលកម្ពុជានឹងដឹងឬទេពីវត្ថុនោះ ហើយតើនឹងមានប្រតិកម្មយ៉ាងណាបើខ្លួនដាក់លក់។
«ក្រោយពីបានពិភាក្សាជាមួយនឹងភ្នាក់ងារចារកម្មវប្បធម៌របស់ខ្លួននិងអតីតប្រធានសារមន្ទីរជាតិកម្ពុជាម្នាក់ដែលពេលបច្ចុប្បន្នបានផ្លាស់ទៅធ្វើការនៅក្រសួងវប្បធម៌ គឺអ្នកជំនាញរូបនោះ បានធានាចំពោះសារមន្ទីរ Sotheby’s ថាកម្ពុជាទំនងជានឹងមិនធ្វើអន្តរាគមន៍អ្វីទេដោយសារជាប់រវល់តែក្នុងការបញ្ឈប់ការលួចនិងជួញដូរដែលកំពុងកើតមានឡើង»។
ប៉ុន្តែអ្នកជំនាញរូបនោះបញ្ជាក់ថាក្នុងពេលទាក់ទងលោកអតីតប្រធានសារមន្ទីរជាតិរូបនោះគឺគាត់មិនបាននិយាយអ្វីដែលសំដៅលើរូបចម្លាក់ដែលត្រូវដាក់លក់ទេ។
សម្រាប់កម្ពុជាការទទួលវត្ថុបុរាណនេះមកវិញគឺជាការជួបជុំជាមួយនឹងម្ចាស់ដើមដែលគ្មានអ្នកណាមានសិទ្ធិមកបំបែកបាន។
លោកផៃ ស៊ីផានរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាកម្ពុជាបានផ្តល់ឯកសារពាក់ព័ន្ធជាច្រើនដល់សហរដ្ឋអាមេរិកដើម្បីប្រើប្រាស់ក្នុងការទាមទារវត្ថុបុរាណនេះមកឱ្យកម្ពុជាវិញ៖
«អាស្រ័យដោយហេតុដូច្នេះហើយយើងជឿថាកម្ពុជាដែលមានច្បាប់ទម្លាប់ខ្លួនឯងផ្ទាល់ច្បាស់លាស់ជាមួយនឹងការប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកយើងសង្ឃឹមថារូបចម្លាក់ហ្នុងនឹងត្រឡប់មកកាន់មាតុភូមិរបស់យើងវិញហើយក៏ ជាប្រវត្តិសាស្រ្តមួយដែលបង្កើតឱ្យមានចលនានៃការធ្វើមាតុភូមិនិវត្តន៍រូបចម្លាក់ដែលគេបានលួចយកចេញពីតំបន់វប្បធម៌ដទៃទៀត»។
មានវត្ថុបុរាណខ្មែរជាច្រើនត្រូវបានលួចរត់ពន្ធពីប្រទេសកម្ពុជាក្នុងអំឡុងពេលមានសង្គ្រាមផ្ទៃក្នុងប្រទេសហើយកំពុងស្ថិតនៅ រាយប៉ាយជុំវិញពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប៕