ចាកាតា៖ អគ្គលេខាធិការថ្មីរបស់សមាគមអាស៊ានបានអំពាវនាវឲ្យមានការជឿនលឿនដល់ដំណើរការចរចាអំពីក្រមប្រតិបត្តិក្នុងសមុទ្រចិនភាគខាងត្បូង។ Sara Schonhard រាយការណ៍ពីទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីមកថា មេដឹកនាំអាស៊ានរូបនេះក៏បានទទួលស្គាល់ថា ការប្រឈមមុខផ្នែកនយោបាយ និងសេដ្ឋកិច្ចកំពុងកើតមានឡើងក្នុងតំបន់ នៅពេលអាស៊ានកំពុងដំណើរការសមាហរណកម្មកាន់តែខ្លាំងឡើង។
ប្រទេសសមាគមអាស៊ានបានស្វាគមន៍លោក Le Luong Minh អគ្គលេខាធិការថ្មីរបស់អាស៊ានកាលពីថ្ងៃពុធ គឺពេលប្រទេសក្នុងតំបន់នេះប្រឈមនឹងបញ្ហាប្រឈមមុខខ្លះដែលជាបញ្ហាធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន ក្នុងពេល៤៦ឆ្នាំមកនេះ។
បញ្ហាប្រឈមមុខទាំងនេះរួមមានដំណើរសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ មហន្តរាយធម្មជាតិ និងការគំរាមកំហែងខាងសន្តិសុខកើនឡើង ដែលអាចធ្វើឲ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
បញ្ហាប្រឈមមុខដ៏គន្លឹះនោះគឺការស្វែងរកដំណោះស្រាយអំពីជម្លោះដែនដីក្នុងសមុទ្រចិនភាគខាងត្បូង។ ប្រទេសសមាជិកអាស៊ានជាច្រើនទាមទារអធិបតេយ្យភាពលើដែនទឹកនោះ ហើយប្រទេសចិនដែលជាមហាអំណាចក្នុងតំបន់ក៏អះអាងដូច្នេះដែរ។
បញ្ហាប្រឈមមុខដ៏គន្លឹះនោះគឺការស្វែងរកដំណោះស្រាយអំពីជម្លោះដែនដីក្នុងសមុទ្រចិនភាគខាងត្បូង។ ប្រទេសសមាជិកអាស៊ានជាច្រើនទាមទារអធិបតេយ្យភាពលើដែនទឹកនោះ ហើយប្រទេសចិនដែលជាមហាអំណាចក្នុងតំបន់ក៏អះអាងដូច្នេះដែរ។
ភាពតានតឹងបានកើតមានឡើងក្នុងកិច្ចប្រជុំអាស៊ានប្រចាំឆ្នាំនៅប្រទេសកម្ពុជា ដោយមេដឹកនាំអាស៊ានមិនមានការព្រមព្រៀងគ្នាអំពីសម្មភាពទាក់ទងនឹងសមុទ្រចិនខាងត្បូងទេ។ ភាពទ័លច្រកហាក់ដូចជាឆ្លុះបញ្ចាំងអំពីការបែកបាក់រវាងប្រទេសជាសមាជិកទាំងដប់របស់អាស៊ាន ហើយបានលើកពីកង្វល់ដែលថា ខ្វះការរួបរួមគ្នា។
អំឡុងពេលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃពុធ លោក Minh លើកអំពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយនេះ។
«ក្នុងដំណាក់កាលមានការបញ្ហាប្រឈមមុខស្មុគ្រស្មាញទាក់ទងនឹងសមុទ្រចិនភាគខាងត្បូងនេះ សមាគមអាស៊ានគួរបង្កើនការខិតខំប្រឹងប្រែងដើម្បីឲ្យមានការចាប់ផ្តើមឲ្យឆាប់នូវការចរចាជាមួយប្រទេសចិន ដោយមានបំណងសម្រេចឲ្យបានឆាប់នូវក្រមប្រតិបត្តិទាក់ទងនឹងសមុទ្រចិនភាគខាងត្បូង»។
លោកMinh គឺជាអតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាប្រទេសមួយនៃប្រទេសចំនួន៤របស់សមាគមអាស៊ាន ដែលទាមទារអធិបតេយ្យនៅផ្នែកខ្លះនៃតំបន់មានជម្លោះនេះ។
ប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសប្រ៊ុយណេក៏បាននិយាយដែរថា គេមានសិទ្ធិកាន់កាប់ដែនទឹកនេះ ដែលសម្បូរត្រី ដែលជាផ្លូវទឹកដឹកជញ្ជូនពាណិជ្ជកម្ម ហើយត្រូវគេគិតថា សម្បូរប្រេង និងឧស្ម័នធម្មជាតិ។
អ្នកវិភាគនិយាយថា លោកMinh នឹងត្រូវរក្សាជំហរអព្យាក្រិត្យ ព្រោះថា ប្រទេសរបស់លោកមានទាក់ទងជម្លោះនេះ។
លោកMarty Natalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីក៏បាននិយាយថា ភាពបាច់នៃជំហរអព្យាក្រិត្យ និងការស្រុះស្រួលគ្នាគឺជាគន្លឹះនៃសន្តិសុខក្នុងតំបន់។
«យើងត្រូវបន្តស្ថិតនៅជួរមុខនៃរចនាសម្ព័ន្ធអង្គការតំបន់ ដែលលើកស្ទួយសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលចៀសវាងអំពើហិង្សានិងជម្លោះគឺលើកស្ទួយការដោះស្រាយជម្លោះដោយសន្តិភាព ភាពជាដៃគូមានទស្សនវិស័យ ដែលទទួលស្គាល់ថា សន្តិភាព និងសន្តិសុខគឺជាកត្តាសំខាន់ ដែលត្រូវចែករំលែក និងថែរក្សាដើម្បីប្រយោជន៍ទាំងអស់គ្នា»។
លោកMinh បានចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ានជំនួសលោកSurin Pitsuwan ជាជនជាតិថៃ ដែលបម្រើការជាអគ្គលេខាធិការអាស៊ានពេលក្រុមនេះប្រឈមនឹងជម្លោះព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជា និងពេលប្រទេសភូមាប្តូររបៀបគ្រប់គ្រងនិងពេលមានគ្រោះមហន្តរាយជាច្រើនក្នុងតំបន់។
លោកMinh និយាយថា ក្រៅពីកសាងសន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ាន អាទិភាពមួយទៀតគឺការធានាថា រដ្ឋជាសមាជិកទាំងអស់ត្រូវត្រៀមខ្លួនសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលគ្រោងចាប់ផ្តើមក្នុងឆ្នាំ២០១៥។
សហគមន៍សេដ្ឋកិច្ចនេះមានគោលដៅធ្វើសមាហរណកម្មធំឡើងក្នុងតំបន់អាស៊ាន តាមរយៈការធ្វើពាណិជ្ជកម្មនិងការវិនិយោគទុនសេរី គឺដូចសហភាពអឺរ៉ុបដែរ។ ប៉ុន្តែមានកង្វល់ថា ប្រទេសសមាជិកអាស៊ានជាច្រើន ដែលមិនសូវមានការជឿនលឿន នឹងមិនអាចត្រៀមខ្លួនទាន់ពេលវេលាសម្រាប់លំហូរទំនិញ លំហូរ សេវា និងលំហូរ ពលកម្មដោយសារីនោះទេ។
លោកMinh បានកត់សម្គាល់ពីកង្វល់ទាំងនោះ តែលោកក៏បានពន្យល់ដែរពីផលប្រយោជន៍នានា។
«ការមានចរន្តវិនិយោគ ចរន្តទុន ចរន្តពលកម្ម និងចរន្តទំនិញនិងសេវាកាន់តែច្រើននឹងនាំឲ្យមានការប្រឈម ក៏ដូចជាមានការផ្តល់ឱកាសផ្សេងទៀត សម្រាប់រដ្ឋជាសមាជិក។ ប៉ុន្តែវាក៏នឹងប៉ះពាល់ច្រើនសម្បើមមកលើតំបន់នេះដែរ»។
លោកMinhនិយាយថា ការបង្រួញគម្លាតសេដ្ឋកិច្ចរវាងសមាជិកផ្សេងគ្នារបស់អាស៊ាននឹងជាគន្លឹះនៃការអភិវឌ្ឍដែលមានសមភាពទូទាំងតំបន់។
សមាគមអាស៊ានបានរីកធំឡើង ទាំងទំហំនិងសារៈសំខាន់នៃសេដ្ឋកិច្ច ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែអ្នកវិភាគខ្លះបន្តខ្វែងគំនិតគ្នាអំពីលទ្ធភាពនៃការរួបរួមគ្នា។ ឥឡូវនេះអាស៊ាននៅតែជាតំបន់មួយដែលមិនទាន់ស៊ីគ្នានៅឡើយទាក់ទងនឹងសេដ្ឋកិច្ច ដូចជាប្រព័ន្ធសេដ្ឋកិច្ចជឿនលឿន ប្រព័ន្ធសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងប្រព័ន្ធនយោបាយ ដូចជាវៀតណាមជាប្រទេសកុម្មុយនិស្ត ឡាវជាប្រទេសសង្គមនិយម ប្រទេសថៃនិងប្រទេសកម្ពុជា ជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រទេសភូមាដែលមានប្រជាធិបតេយ្យថ្មីៗនេះ។
ក្នុងឆ្នាំកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានដឹកនាំលើដោះស្រាយបញ្ហាទ្វេភាគីមួយចំនួនជាបន្តបន្ទាប់ ដោយលោក Marty Netalegawa រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីធ្វើជាអ្នកសម្របសម្រួលដ៏សំខាន់អំពីជម្លោះនៅសមុទ្រចិនភាគខាងត្បូង។ កាលពីថ្ងៃពុធ លោកបានផ្តល់យោបល់ទៅលោក Minh។
«សហគមន៍អាស៊ានមានមនោសញ្ចេតនាគឺអារម្មណ៍ដែលមិនអាចចែងជាច្បាប់បាន ហើយមិនអាចដាក់ចូលជាធរមាន ដោយការអនុម័ត និងការអនុវត្តកិច្ចព្រមព្រៀងផ្លូវការនោះទេ។ មនោសញ្ចេតនាទាំងនេះត្រូវតែបណ្តុះឡើង ថែទាំ និង ត្រូវអនុវត្ត»។
លោកMinh គឺជាអ្នកតំណាងទីមួយរបស់ប្រទេសវៀតណាមចូលមកកាន់តំណែងជាអគ្គលេខាធិការអាស៊ាន។ អាណត្តិ៥ឆ្នាំនេះត្រូវផ្ទេរវេនគ្នាតាមលំដាប់អក្សរនៃឈ្មោះប្រទេសក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានទាំង១០។ តំណែងអគ្គលេខាធិការអាណត្តិក្រោយនឹងបានទៅប្រទេសប្រ៊ុយណេ៕