កាលពីថ្ងៃសៅរ៍ប៉ូលិសបានរកឃើញសាកសពមនុស្ស៥នាក់ ដែលគេជឿថា ជាសពរបស់បុរសជនជាតិបារាំងនឹងកូនបួននាក់ ដែលបាត់ខ្លួនកាលពីចុងខែវិច្ឆិកាឆ្នាំ២០១១។ សពទាំងនេះត្រូវប៉ូលិសរកឃើញក្នុងឡានមួយ ដែលទម្លាក់ចូលក្នុងស្រះទឹកក្រោយផ្ទះរបស់គ្រួសារនេះ។
លោក Laurent Vallier អាយុ៤២ឆ្នាំនិងកូនបួននាក់អាយុពី២ឆ្នាំដល់៩ឆ្នាំ បានបាត់ខ្លួនពីផ្ទះក្នុងខេត្តកំពង់ស្ពឺ ជិតរាជធានី ភ្នំពេញ កាលពីចុងឆ្នាំទៅ។ រីឯប្រពន្ធរបស់គាត់ជនជាតិខ្មែរបានស្លាប់ពេលសម្រាលកូនកាលពី២ឆ្នាំមុន។
លោកទិត ឈួន អាយុ៦៩ឆ្នាំ ដែលអះអាងថា ជាឪពុកក្មេករបស់ Laurent និយាយថា៖
«ការបាត់ខ្លួន ហើយនិងភស្តុតាងដែលនៅក្នុងឡាននេះ ឃើញថា សមរម្យ ត្រឹមត្រូវ តាមដែលការនឹកឃើញរបស់ខ្ញុំហើយ ពីព្រោះឪពុកក៏នៅក្នុងហ្នឹង។ កូនបួននាក់ក្បាលដូចត្រឡោកនៅក្រោមពួក ក្រោមអីហ្នឹង ឡានទាំងអស់ហ្នឹង ដូច្នេះខ្ញុំទទួលស្គាល់ថា ពិតជាចៅខ្ញុំហើយ។ ស្លាប់ដោយប្រការណាមួយ គេបង្ខំ ឬធ្វើឃាត មិនមែនស្លាប់ដោយធម្មតាទេ»។
អ្នកជិតខាងតក់ស្លុត ពេលឃើញសាកសពទាំងនេះ។ អ្នកស្រីហែម សាវ អាយុ៦៨ឆ្នាំ និយាយថា៖
«សោកស្តាយ អាណិត! សឹងថា បើដូរជីវិតបាន ដូរហើយ»។
អ្នកជិតខាងម្នាក់ទៀតបន្ថែមថា៖
«អ្នកសម្លាប់នេះគឺហួសពីមនុស្ស។ មនុស្សយើង បើកាលណាស្អប់គ្នាយ៉ាងណា ក៏នៅទុកកូនតូច ដើម្បីឲ្យគ្នារស់ដែរ។ ក្មេងតូចហ្នឹងវាដឹងអីវា!»
ប៉ូលិសនិយាយថា លលាដ៍ក្បាលមួយអណ្តែតជាមួយវ៉ាលិសក្នុងឡានដែលលិចនោះ។
មន្ត្រីស្ថានទូតបារាំងចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានទទួលព័ត៌មាននេះ តែមិនទាន់អាចបញ្ជាក់ថា ជាសាកសពគ្រួសារ Laurentទេ ដោយសាកសពទាំងនោះរលួយ មើលមិនស្គាល់។
ស្ថានទូតបារាំងឲ្យដឹងថា លោក Laurent បានមកនៅប្រទេសកម្ពុជា១២ឆ្នាំ ធ្វើជាកសិករ និងជាមគ្គុទេសក៍ទេសចរណ៍។
កាលពីថ្ងៃទី២ ខែមករា ប៉ូលិសបានទៅពិនិត្យផ្ទះរបស់ Laurent ក្រោយពីមានព័ត៌មានថា គ្រួសារនេះបាត់ខ្លួន។
ប៉ូលិសមិនធ្វើអត្ថាធិប្បាយច្រើន ក្នុងការស៊ើបអង្កេតជំហានដំបូងនេះ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ