ភ្នំពេញ៖ ខណៈដែលពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពរបស់ព្រះបាទនរោត្តមសីហនុ កាន់តែខិតជិតចូលមកដល់ ក្រុមនិស្សិតដូរ្យតន្ត្រីពីរក្រុមបានរំឭកដល់ស្នាព្រះហស្ថរបស់ព្រះមហាក្សត្រដោយច្រៀងបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះអង្គ។
ទោះបីជាព្រះបរមសពរបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុនឹងត្រូវគេធ្វើពិធីថ្វាយព្រះភ្លើងក្នុងពេលដ៏ខ្លីខាងមុខនេះក៏ដោយ ក៏បទចម្រៀងរបស់ព្រះអង្គនឹងនៅស្ថិតឋេរតទៅមុខទៀត។
និស្សិតចម្រៀងអូប៉េរ៉ាឈ្មោះហ៊ី គីមចន្ថាវុធបានសម្តែងតន្ត្រីនេះនៅក្នុងទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ ដោយច្រៀងចម្រៀងបីបទដែលនិពន្ធដោយអតីតព្រះករុណា នរោត្តមសីហនុគឺបទអប្សរា បទជំនោរវិច្ឆិកា និងបទស្នេហាពុំមានសង្ឃឹម។
«មូលហេតុដែលខ្ញុំសម្តែងបទចម្រៀងរបស់សម្តេចតាគឺព្រោះតែខ្ញុំចង់រំឭកពីស្នាព្រះហស្ថរបស់ព្រះអង្គដែលលោកបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយ»។
និស្សិតវ័យ២៨ឆ្នាំ ដែលបច្ចុប្បន្នកំពុងសិក្សានៅសាលាដូរ្យតន្ត្រី Victoria Conservatory of Music ក្នុងប្រទេសកាណាដា និយាយថា ខ្លួនតែងតែមានមោទនភាព ដោយបានសម្តែងបទរបស់អតីតព្រះមហាវីរក្សត្រនរោត្តម សីហនុ។
«គ្រប់ពេល នៅពេលដែលខ្ញុំសម្តែង concert (ការប្រគុំដន្ត្រី)នៅប្រទេសកាណាដា ក៏ដូចជានៅប្រទេសខ្មែរដែរគឺដើម្បីបង្ហាញដល់ឆាកអន្តរជាតិថា ខ្ញុំមានព្រះមហាវីរក្សត្រដ៏ឆ្នើមដែលទ្រង់ចេះនិពន្ធ ចេះសម្តែងខាងវិស័យសិល្បៈដែរ»។
ព្រះបាទនរោត្តម សីហនុគឺជាអ្នកចូលចិត្តសិល្បៈ ដោយព្រះអង្គបានផលិតខ្សែភាពយន្តនិងតន្ត្រីជាច្រើន។
ការសម្តែងរបស់ព្រះអង្គនេះត្រូវបានគេចាក់បញ្ចាំងជាប្រចាំតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា មុនពេលព្រះអង្គចូលទិវង្គតដោយរោគាពាធ នៅក្នុងទីក្រុងប៉េកាំង កាលពីខែតុលា។
នៅក្នុងការប្រគុំតន្ត្រីមួយផ្សេងទៀតដែលរៀបចំឡើងដោយក្រុមសិល្បករកម្ពុជានិងកូរ៉េ ក្រុមនិស្សិតដូរ្យតន្ត្រីទាំងនេះក៏បានសម្តែងបទរបស់អតីតព្រះមហាក្សត្រ ដើម្បីចងចាំព្រះអង្គ និងកេរដំណែលរបស់ព្រះអង្គផងដែរ។
លោកញ៉ឺង កាណុលគឺជានិស្សិតចម្រៀងជាពួកមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកម្ពុជា។
«ខ្ញុំមិនអាចបំភ្លេចស្នាព្រះហស្ថរបស់ព្រះអង្គបានទេ ព្រោះព្រះអង្គបានទាមទារនូវឯករាជ្យពីអាណានិគមន៍បារាំងដើម្បីឲ្យប្រទេសកម្ពុជាយើងមានសន្តិភាពឡើងវិញ»។
ព្រឹទ្ធបុរសមហាវិទ្យាល័យដូរ្យតន្ត្រីគឺលោកយស ច័ន្ទដារ៉ាជាសហអ្នករៀបចំកម្មវិធីប្រគុំតន្រ្តីរួមគ្នាកម្ពុជា-កូរ៉េនេះ។
«ទោះបីជាព្រះអង្គបានចូលព្រះសោយទិវង្គតទៅហើយក្តី ក៏យើងត្រូវតែរំឭកពីស្នាព្រះហស្ថរបស់ព្រះអង្គជានិច្ច ដើម្បីកុំឲ្យវាបាត់បង់ទៅ»។
លោកឆែម ឌីគឺជាទស្សនិកជន។
«ពេលដែលខ្ញុំបានឮចម្រៀងរបស់ព្រះអង្គដែលគេលើកយកមកបកស្រាយនៅទីនេះ វាធ្វើខ្ញុំមានអារម្មណ៍ហាក់ដូចជាព្រះអង្គកំពុងតែបកស្រាយ និងនៅមានព្រះជន្មរស់សព្វថ្ងៃដដែល»។
លោកគី យ៉ុងរ្យូគឺជាសាស្ត្រាចារ្យដូរ្យតន្ត្រី និងជាអ្នករៀបចំកម្មវិធីនេះដែរ។
«យើងចង់ឲ្យសាធារណជនមើលឃើញអំពីទឹកព្រះទ័យរបស់ព្រះអង្គថា ព្រះអង្គគឺពិតជាស្រឡាញ់ប្រជានុរាស្ត្រ និងប្រទេសរបស់ព្រះអង្គយ៉ាងខ្លាំង»។
ព្រះបរមសពរបស់ព្រះករុណាព្រះបាទនរោត្តម សីហនុនឹងត្រូវរំកិលចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុនៅថ្ងៃទី១ខែកុម្ភៈនេះ ហើយនឹងត្រូវធ្វើពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ខែកុម្ភៈ៕
ព័ត៌មានចុងក្រោយជារូបភាពតាម Storify៖
ព័ត៌មានចុងក្រោយជារូបភាពតាម Storify៖