ភ្នំពេញ៖ តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះបានបិទបញ្ចប់សវនាការជំនុំជម្រះទោសលើសំណុំរឿងប្រឆាំងជំទាស់នឹងលោកម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យក៏ប៉ុន្តែតុលាការមិនបានប្រកាសសាលក្រមភ្លាមៗទេ។
អ្នកស្រី សែម ស័ក្កកូឡា ប្រធានចៅក្រមជំនុំជម្រះ បានប្រាប់អង្គសវនាការថាសាលក្រមចំពោះសំណុំរឿងនេះនឹងត្រូវប្រកាសនៅថ្ងៃទី១ខែតុលាខាងមុខនេះ។
តុលាការបានប្រើពេលវេលាចំនួនបីថ្ងៃកន្លះក្នុងការបើកសវនាការជំនុំជម្រះរឿងបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សវនាការនេះមានជនជាប់ចោទចំនួន១៤នាក់និងសាក្សីប្រមាន៦០នាក់ចំណែកឯភាគីដើមបណ្តឹងមានចំនួន១៧នាក់។ ជនជាប់ចោទមានវត្តមាននៅក្នុងតុលាការតែ១០នាក់ប៉ុណ្ណោះ ក្រៅពីនោះតុលាការបានកាត់ទោសកំបាំងមុខដែលរួមមានលោកប៊ុន រដ្ឋា ដែលសង្ស័យថា ជាមេខ្លោងនាំឲ្យមានការបង្ក្រាបដោយអំពើហិង្សានៅក្នុងខេត្តក្រចេះ លោកប៊ុន ឆន ឪពុកលោកប៊ុន រដ្ឋានិងលោកសុក តុង ដែលកំពុងលាក់ខ្លួននៅកន្លែងសុវត្តិភាពនៅឡើយ។
កាលពីខែឧសភា រដ្ឋាភិបាលខ្មែរបានចុះបង្ក្រាបដោយអំពើហិង្សាមួយនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ការបង្ក្រាបនោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះហេង ចាន់ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។
រឿងការបង្ក្រាបការចាប់យកដីធ្លីនៅភូមិប្រម៉ានេះហើយដែលជាដើមចមនាំឲ្យរដ្ឋាភិបាលបានចោទប្រកាន់ដល់លោកម៉ម សូណង់ដូ និងឈានទៅការកោះហៅលោកចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតដ៏លេចធ្លោមួយថា បានផ្តល់ជំនួយដល់ចារី។
ចារីដែលលោកចាន់ សាវ៉េតបានជួយក្រោយពីការបង្ក្រាបកាលពីខែឧសភាក្នុងខេត្តក្រចេះនោះគឺលោកម៉ា ឆាង ជាជនជាប់ចោទមួយរូបក្នុងចំណោម៥រូបដែលបានចេញមកសារភាពជាមួយរដ្ឋាភិបាល។
នៅក្នុងសវនាការថ្ងៃចុងក្រោយនេះមានការជជែកយ៉ាងតិងតែងនៅក្នុងនាទីសន្និដា្ឋនបញ្ចប់រវាងលោកមាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការ និងលោកសុខ សំអឿន មេធាវីការពារក្តីលោកម៉ម សូណង់ដូ។
ការពិភាក្សាតឹងតែងនេះពាក់ព័ន្ធនឹងភស្ថុតាងដែលបានដាក់បង្ហាញនៅក្នុងតុលាការ ដែលរួមមានស្នា កាំងភ្លើងខ្យល់ និងកាំភ្លៀវ ដែលតុលាការចោទប្រកាន់ថា មានបំណងបង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល។
ចំណុចមួយទៀតដែលនាំឲ្យមានចំណុចមិនត្រូវគ្នារវាងតំណាងអយ្យការនិងមេធាវីការពារក្តីគឺពាក់ព័ន្ធនឹងសមត្ថកិច្ចបានដាក់ភស្តុតាងបន្ថែមទៀតពាក់ព័ន្ឋនិងលិខិតរបស់លោករបស់លោកសួន សេរី រដ្ឋាប្រធានចលនាអំណាចពលរដ្ឋខ្មែរដែលបានអញ្ជើញលោកម៉ម សូណង់ដូឲ្យចូលរួមការពីភាក្សានៅសហរដ្ឋអាមេរិកជាច្រើនលើកនិងជំនួបរវាងលោកសួន សេរី រដ្ឋានិងលោកម៉ម សូណង់ដូនៅក្នុងប្រទេសថៃ។
លោកម៉ម សូណង់ដូបានប្រាប់លោកស្រីចៅក្រមថាបើលោកមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលដោយមានការសហការណ៏ជាមួយលោកសួន សេរីរដ្ឋានៅឯក្រៅប្រទេសមែននោះមិនមែនលោកវិលត្រឡប់មកកម្ពុជាឲ្យរដ្ឋាភិបាលចាប់ខ្លួនទេ។
លោកម៉ម សូណង់ដូបានបញ្ជាក់ទៀតថាលោកជាមនុស្សស្អាតស្អំនិងមិនមានបំណងផ្តួលរំលំរដ្ឋាភិបាលតាមរយះសមាគមន៍របស់លោកទេ។លោកបានបញ្ជាក់ថាសមាគមន៍អ្នកប្រជាធិបតេយ្យបង្កើតឡើងដោយមានការគោរពច្បាប់និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ក្រោយពេលបញ្ចប់សវនាការលោកម៉ម សូណង់ដូមិនបាននិយាយអ្វីបន្ថែមទៀតទេដោយលោកគ្រាន់តែបាននិយាយថា«សូមជំរាបសួរដល់បងប្អូនទាំងអស់គ្នា»។
លោកម៉ម សូណង់ដូស្ថិតក្នុងសំលៀកបំពាក់អាវសដៃខ្លីដោយមានចងក្រវ៉ាត់កត្រូវមានអនុរក្សពន្ឋនាគារចាប់បញ្ចូលក្នុងរថយន្តជាមួយនិងអ្នកទោសដ៏ទៃផ្សេងទៀតដើម្បីនាំយកទៅបន្តឃុំឃាំងនៅពន្ឋនាគារព្រៃស។
ក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូបានធ្វើការទាមទាររបស់ពួកគេអស់រយះពេលបីថ្ងៃកន្លះនៅខាងក្រៅបរិវេណតុលាការក្រោមការយាមកាមយ៉ាងមាំទាំពីកំលាំងសមត្ថកិច្ចច្រើនរាប់រយនាក់។
កំពុងឈរប្រមូលផ្តុំគ្នាក្បែររង្វល់មូលនាងគង្ហីងជាមួយនិងក្រុមបាតុករដ៏ទៃផ្សេងទៀត។លោក ថ្លង់ ផលអាយុ៦៥ឆ្នាំសមាជិកសមាគមអ្នកប្រជាធិបតេយ្យមកពីខេត្តកំពង់ចាមបាននិយាយគាំទ្រលោកម៉ម សូណង់ដូថាមិនមានកំហុសទេ។
«អត់ទេអត់បង្កើតទេ គាត់ឲ្យយើងគោរពច្បាប់»។
អ្នកស្រីឌី ផាន់ណារ៉ាភរិយារបស់លោកម៉ម សូណង់ដូបាននិយាយនៅខាងក្រៅបន្ទប់អគារតុលាការថាលោកម៉ម សូណង់ដូជាមនុស្សស្មោះត្រង់មិនបានប្រព្រត្តិអ្វីទាំងអស់។
«ខ្ញុំសង្ឃឹមថាតុលាការនៅថ្ងៃទី១ខែតុលានិងរកយុត្តិធម៌ឲ្យគាត់ឃើញពីព្រោះគាត់ជាមនុស្សស្មោះត្រង់»។
អ្នកស្រីស្រេង ផូរ អាយុ៥៤ឆ្នាំភរិយាជនជាប់ចោទកាន់សុវណ្ណបានស្រែកយំពីមុខតុលាការដោយទាមទាររកយុត្តិធម៌ជូនស្វាមីយរបស់អ្នកស្រី។
អ្នកស្រីបាននិយាយថាស្វាមីយរបស់អ្នកស្រីកំពុងយកកូនទៅសំរាកពេទ្យតែត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង។
«ប្តីខ្ញុំយកកូនទៅដេកពេទ្យហេតុអ្វីបានជាយកប្តីខ្ញុំដាក់គុកយូរយ៉ាងនេះ។រដ្ឋាភិបាលអយុត្តិធម៌ណាស់។គ្រួសារខ្ញុំពិបាកវេទនាណាស់»។
លោកអ៊ូ វីរះប្រធានមជ្ឃមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដែលបានតាមឃ្លាំមើលតំណើរការកាត់ក្តីតាំងពីដើមរហូតដល់ចប់បាននិយាយប្រាប់អ្នកកាសែតថាទាំងសាក្សីនិងភស្តុតាងមិនអាចភ្ជាប់លោកម៉ម សូណង់ដូទៅនិងព្រិត្តិការណ៏នៅក្នុងខេត្តក្រចេះបានទេ។
«ខ្ញុំសង្ឃឹមថាការសំរេចរបស់តុលាការគឺសំរេចទៅលើភស្តុតាងនិងដើមហេតុច្បាប់មិនពឹងផ្អែកទៅលើការសំរេចចិត្តនយោបាយទេ»។
លោកម៉ម សូណង់ដូក្នុងសវាការរយះពេលបីថ្ងៃកន្លះនេះត្រូវបានតុលាការរកសួរដេញដោលចំនួនបួនចំណុចធំៗគឺទីមួយការបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ទីពីរលោកប៊ុន រដ្ឋាជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ទីបីមានជនជាប់ចោទ៩រូបដែលបានអះអាងថាបានជួបប្រជុំជាមួយលោកម៉ម សូណង់ដូនៅផ្ទះរបស់លោក និងចុងក្រោយគឺសមត្ថកិច្ចបានភា្ជប់ទំនាក់ទំនងរបស់លោកម៉ម សូណង់ដូជាមួយលោកសួន សេរីរដ្ឋាប្រធានចលនាអំណាចពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក។
ចំណុចទាំងបួននេះត្រូវបានលោកសុខ សំអឿន មេធាវីការពារក្តីបកស្រាយថា មិនអាចដាក់បន្ទុកមកលើកូនក្តីរបស់លោកបានទេ ហើយលោកទាមទារឲ្យតុលាការដោះលែងកូនក្តីរបស់លោកឲ្យមានសេរីភាពវិញ។