ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ម៉ម សូណង់ដូ​អាចនឹង​នៅ​ក្រៅ​ឃុំ​ក្រោយ​សវនាការ​សាលា​ឧទ្ធរណ៍​នៅថ្ងៃ​សុក្រ​


លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​​សមាគម​អ្នក​ប្រជា​ធិបតេយ្យ។
លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​​សមាគម​អ្នក​ប្រជា​ធិបតេយ្យ។
ភ្នំពេញ​៖ មួយថ្ងៃ​មុនពេល​សាលា​ឧទ្ធរណ៍​គ្រោង​នឹង​ពិនិត្យ​មើល​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លើសំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធានសមាគម​អ្នក​ប្រជា​ធិបតេយ្យ។ ​ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា​ សាលា​ឧទ្ធរណ៍​អាច​នឹង​ដោះលែង​ឲ្យលោក​នៅក្រៅ​ឃុំ​ក្នុង​គោល​បំណង​ដើម្បី​ជួសជុល​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក។​ លោក​ម៉ម សុណង់​ដូ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ពីបទ​ដឹកនាំ​ចលនា​ធ្វើ​អបគមន៍​មួយ​ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ។ ​ប៉ុន្តែ​ការ​កាត់​ទោស​របស់​លោក​ទទួល​រង​ការរិះគន់​ជា​អន្តរ​ជាតិ​ថា ​ជា​ទង្វើ​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ ហើយ​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​ អូបាម៉ា​ក៏បាន​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​ផងដែរ។​ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ បានលើក​យក​ជំនួប​រវាង​លោក​ប្រធានាធិបតេយ្យ​សហ​រដ្ឋ​អាមេរិក​និង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ខែវិច្ឆិកា​ថា​ ជា​សញ្ញា​ល្អ​មួយ​ដល់​ការ​ដោះលែង​លោក​ម៉ម​ សូណង់ដូ។​ លោក​បាន​មាន​ប្រសាសន៍​ថា​ សហ​រដ្ឋ​អាមេរិក​បាន​និយាយ​រួច​ហើយ​ថា​ករណី​លោក​ម៉ម ​សូណង់ដូ​ជា​ករណី​អ្នក​ទោស​នយោបាយ។​ លោក​មាន​ប្រសាសន៍ថា​ ក្រែង​លោ​មាន​ការ​សម្រប​សម្រួល ​ហើយ​ក៏​ជា​សញ្ញា​វិជ្ជមាន​មួយ​ផង​ដែរ​ពាក់​ព័ន្ធនឹង​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស​ ប្រសិន​ណា​បើ​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ។​ «បើ​យើង​អាច​សម្រប​សម្រួល​បាន ​វាជា​ការ​ឆ្លើយ​តប​ ហើយ​ក៏​ប្រហែល​ជា​អាច​ទៅរក​ការ​កសាង​ទំនាក់​ទំនង​ស៊ី​ជម្រៅ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ»។​ កាល​ពី​ក្នុង​អំឡុង​ខែវិច្ឆិកា​នៅ​ក្នុង​ជំនួប​គ្នា​មួយ​រវាង​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ប៉ារាក់ ​អូបាម៉ា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​សហ​រដ្ឋ​អាមេរិក​ក៏បាន​លើក​យក​ករណី​លោក​ម៉ម សូណង់ដូ​ ដោយ​បាន​ព្រមាន​ថា ​ការ​រំលោភ​សិទ្ធិ​មនុស្ស​គឺជា​ឧបសគ្គ​នៃ​ការ​រាំង​ស្ទះ​ដល់​ទំនាក់​ទំនង​ស៊ីជម្រៅ​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា។​ លោក​ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​និយាយ​ថា ​លោក​មាន​ជំនឿ​ថា ​លោក​ម៉ម សូណង់ដូ​អាច​នឹង​ត្រូវ​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​នៅ​សាលា​ឧទ្ធរណ៍​ដោយ​សារ​លោក​ម៉ម សូណង់ដូ​មិន​បានរត់​ចេញ​ពី​កម្ពុជា​ទេ​ ហើយ​លោក​បាន​សុខចិត្ត​ចូល​មក​កាន់​មាតុ​ប្រទេស​វិញ​ដើម្បី​ឲ្យតុលាការ​កាត់​ទោស។​ «ខ្ញុំ​ថា ​ប្រទេស​កម្ពុជា​យើង​ធ្វើ​ដំណើរ​មក​បាន​ជាង​២០​ឆ្នាំ​ហើយ។​ដូច្នេះ​គួរតែ​បង្ហាញ​នូវ​ភាព​ចាស់​ទុំ​នៅ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លិទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យពិភព​លោក​មាន​ការ​ពេញ​ចិត្ត​ ពេញ​ថ្លើម​នៅ​ក្នុង​ការ​ដែល​គេ​ជួយ​ជ្រោមជ្រែង​ប្រទេស​យើង​តាំង​ពី​ដើម​ទី​មក»។​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​និយាយ​ថា ​ករណី​លោក​ម៉ម សូណង់ដូ​ជា​កិច្ចការ​របស់​តុលាការ​ ដូច្នេះ​លោក​ទុក​ឲ្យតុលាការ​ជា​អ្នក​សម្រេច​សេចក្តី​លើ​បណ្តឹង​ឲ្យនៅ​ក្រៅ​ឃុំ​នេះ។​ «នេះ​ជាការងារ​និង​សមត្ថកិច្ច​របស់​តុលាការ​សុទ្ធសាធ​ គ្មាន​នណា​ម្នាក់​អាច​វាយ​តម្លៃ​ដឹង​ជា​មុន​បាន​ទេ»។​ លោក​ស​ សូវាន​ មេធាវីការពារ​ក្តី​លោក​ម៉ម សូណង់​ដូ​ បាន​និយាយ​ថា​កូន​ក្តី​របស់​លោក​មាន​បញ្ហាខាង​សុខភាព​ ដូច្នេះ​លោក​សង្ឃឹម​ថា ​សាលា​ឧទ្ធរណ៍​នឹង​ពិចារណា​ដោះលែង​លោក​ម៉ម សូណង់ដូ​ឲ្យនៅ​ក្រៅឃុំ។​ «ក្នុង​ន័យ​ហ្នឹង​ដែល​ ខ្ញុំ​ស្នើ​សុំ​ឲ្យដោះលែង។​ ​ទំរាំ​សាលា​ឧទ្ធរណ៍​ប្រមូល​ភស្តុតាង​បាន​ ខ្ញុំការពារគាត់​ទៀត»។​ អ្នកស្រី​ឌីន ផាន់ណារ៉ា​ ភរិយា​លោក​ម៉ម សូណង់ដូ​ បាន​និយាយ​ថា​លោក​ស្រី​មាន​ជំនឿទុក​ចិត្ត​លើតុលាការ​ថា​ លោកតុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​ស្វាមី​របស់​លោកស្រី​បាន​នៅថ្ងៃ​សុក្រ​ស្អែក​នេះ៕​
XS
SM
MD
LG