ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​​ បង្ក​«មហន្ត​រាយ​​សិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​ស្ទឹង​ត្រែង


រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch (HRW) បាន​អះ​អាង​ថា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន​៣​បញ្ចូល​គ្នា គឺ​ក្រុម​ហ៊ុន​ចិន ខ្មែរ និង​វៀតណាម បាន​បង្ក​ជា«មហន្ត​រាយ​សិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច។

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល ចាប់​តាំង​ពី​ការ​ប្រកាស​ធ្វើ​គម្រោង​នោះ ប្រមាណ​១០​ឆ្នាំ​មក​ហើយ។ ពួក​គេ​ក៏​ធ្លាប់​បាន​ចេញ​មុខ​តវ៉ា​ផង​ដែរ ហើយ​ចុង​ក្រោយ អ្នក​ភូមិ​ភាគ​ច្រើន​បាន​សម្រេច​ទទួល​យក​សំណង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន គឺ​ទៅ​រស់​នៅ​ក្បែរ​ផ្លូវ​ជាតិ និង​ត្រូវ​បាន​ផ្តល់​ដី​ចម្ការមួយ​ចំនួន​ផង​ដែរ។

នៅ​ក្នុង​របាយ​ការណ៍ប្រមាណ​១៤០​ទំព័រ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ អង្គការ ​HRW ​បាន​រក​ឃើញ​ថា​ជន​ជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​«បង្ខំ»ឲ្យ​ចាក​ចេញ និង​«ការ​ផ្តល់​សំណង​មិន​សម​រម្យ»។ អង្គការ​នេះ​បាន​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​មួយ​នេះ ជា​ផ្នែក​មួយ​នៃគម្រោង​អភិវឌ្ឍន៍​«ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម ឬ ​Belt & Road Initiative (BRI)» របស់​ចិន​ដែល​រង​ការ​រិះគន់ដូច​ជា​ខ្វះ​តម្លា​ភាព មិន​យក​ចិត្ត​ទុក​ដាក់លើ​ក្តី​បារម្ភ​របស់​សហគមន៍ និង​ផល​ប៉ះពាល់​បរិស្ថាន។

របាយការណ៍​នោះ​បាន​កត់ត្រា​ការ​រំលោភ​សិទ្ធិ​វប្បធម៌ សង្គម និង​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​កើត​ចេញ​ពី​ការ​ស្ថាបនា​ទំនប់​មួយ​នេះ នាំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​ប្រជាជន​ប្រមាណ​៥​ពាន់​នាក់ ដែល​គ្រួសារ​របស់​ពួកគេ​បាន​រស់​នៅ​ទីនោះ​ច្រើន​ជំនាន់​មក​ហើយ។

របាយការណ៍​ដដែល​នោះ​បញ្ជាក់​ទៀត​ថាអាជ្ញាធរ​កម្ពុជា និង​មន្ត្រី​ក្រុម​ហ៊ុន មិន​បាន​ពិភាក្សា​ត្រឹម​ត្រូវ​ជាមួយ​សហគមន៍​ដែល​រង​គ្រោះ មុន​ពេល​ចាប់​ផ្តើម​គម្រោង ហើយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​ក្លា​លើ​ក្តី​បារម្ភ​របស់​ពួកគេ​ឡើយ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​បន្ថែម​លើ​របាយ​ការណ៍​នេះ អង្គការ​ HRW​ បាន​លើក​ឡើង​ថា​ ប្រជាជន​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​សំណង​មិន​គ្រប់​គ្រាន់​សម្រាប់​ចំណូល​របស់​ពួកគេ និង​ទ្រព្យ​សម្បត្តិ​ដែល​បាត់​បង់។ ពួក​គេ​ត្រូវ​បាន​ផ្តល់​ជា​សំណង​នូវ​ផ្ទះ និង​សេវា​មិន​សម​រម្យ​នៅ​កន្លែង​ថ្មី ហើយ​មិន​មាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ពួកគេ ឬ​ជំនួយ​ដើម្បី​ធានា​ជីវភាព​របស់​ពួក​គេ។ នេះ​បើ​តាម​អង្គការ HRW ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធ​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធ​គម្រោង​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

លោក John Sifton ប្រធាន​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ HRW ប្រចាំ​តំបន់​អាស៊ី បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​៖ «ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​បានហូរ​នាំ​បាត់​ទៅ​នូវជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច និង​សហគមន៍​ជន​ជាតិ​ភាគ​តិច​ដែល​ពី​មុន​រស់​នៅ​ជា​សហគមន៍ និង​ភាគ​ច្រើន​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង​គ្រប់​គ្រាន់​ជាមួយ​ការ​នេសាទ ការ​ប្រមូល​ផល​ពីព្រៃឈើ និង​កសិកម្ម»។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់ពិនិត្យ​ឡើង​វិញ​នូវ​សំណង​សម្រាប់​គម្រោង​មួយ​នេះ ការ​ផ្លាស់ប្តូរ​ទីលំនៅ វិធីសាស្ត្រ​ស្តារ​ជីវភាព​ឡើង​វិញ និង​ធានា​ថា​គម្រោង​ផ្សេង​ទៀត​នៅ​ពេល​អនាគត​មិន​មាន​ការ​រំលោភ​បំពាន​បែប​នេះ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នេះ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បានសម្ភាស​សមាជិក​សហគមន៍​ជាង​៦០​នាក់ មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល អ្នក​សិក្សាធិការ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ស្រាវ​ជ្រាវ​លើ​គម្រោង​ទំនប់​នេះ ហើយ​បាន​ពិនិត្យ​មើល​ឯកសារ​ដែល​មាន​ស្រាប់​ផ្សេងៗ​ទៀត។
អង្គការ​នេះបាន​បញ្ជាក់​ថា​ពួកគេ​បាន​សរសេរ​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុម​ហ៊ុនChina Huaneng Group ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន សរសេរ​មក​រដ្ឋាភិបាល​កម្ពុជា និង​ចិន កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ និង​ខែ​កក្កដា​ ឆ្នាំ​២០២១ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​នោះ​ទេ។

ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ខេត្ត​ស្ទឹង​ត្រែង មាន​ទំហំ​ថាមពល​៤០០​មេហ្គាវ៉ាត់ ​និង​ត្រូវ​បាន​សាង​សង់​ដោយ​ក្រុមហ៊ុន​ចិន។ ទំនប់​នេះ​មាន​ភាគហ៊ុន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ចំនួន​៣​ ក្នុង​នោះ​មាន​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន​ចិន​ដែល​មាន​ភាគ​ហ៊ុន​៥១% ក្រុម​ហ៊ុន​ខ្មែរ និង​វៀតណាម។

លោក ​វិចទ័រ ហ្សូនា ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល​បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ភ្លាមៗ​ចំពោះ​របាយ​ការណ៍​នេះ​ទេ និង​បាន​ស្នើ​ឲ្យដាក់​លិខិត​សម្រាប់​សម្ភាសន៍​ផ្លូវ​ការ​ទៅ​ក្រសួង។ វីអូអេ​បាន​ផ្ញើ​សំណួរតាម​សារ​អ៊ីមែល​កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​រ៉ែ ​និង​ថាមពល​នោះ​ទេ មក​ទល់​នឹង​ថ្ងៃ​អង្គារ។

ប៉ុន្តែ​លោក វិចទ័រ ហ្សូនា ធ្លាប់​ប្រាប់​វីអូអេ​ថា​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សុវត្ថិភាព ​ដូច្នេះ​លោក​ថា​ពលរដ្ឋ​ត្រូវ​តែ​ទៅ​នៅ​ទីកន្លែង​សុវត្ថិ​ភាព ​ដែល​លោក​ថា​ ​រដ្ឋាភិបាល​បាន​សាង​សង់​លំនៅ​ដ្ឋាន​ឲ្យ​ពួកគេ​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៧៨។​

លោក​បន្ត​ថា​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ទទួល​យក​សំណង ដូច្នេះ​លោក​ថា​ការ​មិន​ទទួល​យក​សំណង​របស់​ពលរដ្ឋ​ដែល​នៅ​សេស​សល់​មិន​មែន​ជា​បញ្ហា​នោះ​ទេ។

រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២​របស់​កម្ពុជា ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

វីអូអេ​បាន​ផ្ញើ​សារតាម​អ៊ីមែល​ទៅ​ក្រុមហ៊ុន​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ដើម្បី​សុំ​ការ​អត្ថា​ធិប្បាបាយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

លោក ជុន ហួយហឺ (Jun Hui He) ដែល​ជា​មន្ត្រី​ទំនាក់​ទំនង​របស់​ក្រុម​ហ៊ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា​លោក​មិន​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នោះ​ទេ ហើយ​លោក​បាន​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​វិញ​លើ​បញ្ហា​នេះ។

គេហទំព័រ​របស់​ក្រុមហ៊ុន​សេសានក្រោម​២ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​សន្យា​ប្តេជ្ញា​ចិត្ត​គោរព​តាម​ច្បាប់ និង​បទបញ្ញត្តិ​វិនិយោគ​ក្នុង​ប្រទេស គោរព​ទំនៀម​ទម្លាប់​វប្បធម៌​ក្នុង​ស្រុក គាំទ្រ​លើក​កម្ពស់​គំនិត​អភិវឌ្ឍ​សុខដុមរមនា អនុវត្ត​ការ​ទទួល​ខុស​ត្រូវ​សេដ្ឋកិច្ច​សហគ្រាស ទទួល​ខុស​ត្រូវ​សង្គម និង​បរិស្ថាន។

ក្នុង​ចំណោម​ប្រជា​ជន​រងគ្រោះ​សរុប​ចំនួន​៨៤៦​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​នេះ​ ភាគ​ច្រើន​ពួកគេ​បាន​សម្រេច​ទទួល​សំណង​រួច​ហើយ​ គឺ​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន ​ការ​ផ្តល់​ជា​ផ្ទះ​ ដី​ភូមិ​ និង​ថវិកា​មួយ​ចំនួន។

ទោះ​ជា​យ៉ាងណា ពលរដ្ឋ​មួយ​ចំនួន​ក៏​បន្ត​រស់​នៅ​មិន​ឆ្ងាយ​ពី​តំបន់​លិច​ទឹក ដូច​ជា​អ្នក​ភូមិ​ស្រែគរ និង​ក្បាល​រមាស​ជាដើម។

អ្នកស្រី ស្រាំង ឡាញ់ អាយុ​៤៤​ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង រស់​នៅ​ក្នុង​ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង បាន​ថ្លែង​ប្រាប់​វីអូអេ​ថា​អ្នកស្រី​មិន​ទទួល​យក​សំណង​នោះ​ទេ ដោយសារ​មិន​ចង់​រស់​នៅ​ឆ្ងាយ​តំបន់​ដែល​ធ្លាប់​រស់​នៅ​ច្រើន​ជំនាន់​មក​ហើយ ដូច្នេះ​អ្នកស្រី​បាន​មក​រស់​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូ​ម៉ែត្រ​ពី​តំបន់​ដែល​ផ្ទះ​របស់អ្នក​ស្រី និង​តូប​លក់​អីវ៉ាន់​របស់​កូនស្រី​បាន​លិច​ទឹក។

អ្នក​ស្រី​ចាត់​ទុក​ថា​អាជ្ញាធរ​«បង្ខំ»​ឲ្យ​ទទួល​យក​សំណង​ជា​ការ​រស់​នៅ​ក្បែរ​ផ្លូវ​ជាតិ។

អ្នកស្រី​បន្ថែម​ថា​៖ «មួយ​ចំនួន គេ​យល់​ព្រម មួយ​ចំនួន​ទៀត គេ​មិន​យល់​ព្រម​ទេ។ សុំ​បន្ត​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន ហើយ​សូម​បន្ត​ថែ​រក្សា​ទឹក​ដី​ព្រៃឈើសមូហភាព​តាម​របៀប​ជនជាតិ​ដើម​ភាគ​តិច​ពី​មុន»។

រូបឯកសារ៖ វត្ត​អារាម​មួយលិចលង់​នៅ​សល់​តែ​ដំបូល​ដោយសារ​តែ​រងឥទ្ធិពល​ពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្នុងស្រុក​ស្រែគរ ខេត្ត​ស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ វត្ត​អារាម​មួយលិចលង់​នៅ​សល់​តែ​ដំបូល​ដោយសារ​តែ​រងឥទ្ធិពល​ពី​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ ​ក្នុងស្រុក​ស្រែគរ ខេត្ត​ស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​អ្នក​ស្រី រហូត​មក​ដល់​ពេល​នេះ មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥៣​គ្រួសារ ស្មើ​នឹង​២២៧​នាក់​ក្នុង​ភូមិ​ក្បាល​រមាស​ មិន​ព្រម​ទទួល​សំណង ហើយ​សុខ​ចិត្ត​រស់​នៅ​មិន​ឆ្ងាយ​ពី​ទឹក។

អ្នកស្រី​បន្ថែម​ថា៖ «យើង​ទៅ​រស់​នៅ​តាម​ផ្លូវ​ជាតិ មិន​ដឹង​ធ្វើ​មុខ​របរ​អី ព្រោះ​ជនជាតិ​ដើម​ភាគ​តិច​ធ្លាប់​តែ​ធ្វើ​ចម្ការ​វិលជុំ ធ្លាប់​តែ​រក​ស៊ី​តាម​របៀប​ធន​ធាន​ជីវៈ​ចម្រុះ​តាម​ធម្មជាតិ​ទេ»។

អ្នកស្រី​បាន​ស្នើ​ឲ្យ​អាជ្ញាធរចុះ​បញ្ជី​ដី​ដែល​ពួកគេ​កំពុង​រស់​នៅ​បច្ចុប្បន្ន​នេះ មុន​នឹង​ពិភាក្សា​អំពី​សំណង​នៅ​ពេល​ក្រោយ​ទៀត។

លោក ប៊ី វ៉ាន់នី មន្ត្រី​សម្រប​សម្រួល​របស់​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង បាន​ថ្លែង​ថា​ដោយ​សារ​គម្រោង​អភិវឌ្ឍ​ន៍​នេះ កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​តវ៉ា​ប្រឆាំង ដោយ​សារ​ពួកគេ​មិន​ចង់​ចាក​ចេញ ប៉ុន្តែ​ចុង​ក្រោយ ពួក​គេ​បាន​សម្រេច​ចិត្ត​ចាក​ចេញ។ លោក​ចាត់​ទុក​ថា​ការ​ចាក​ចេញ​របស់​ពួក​គេ ដោយ​រង​ការ​បង្ខំ ខណៈ​មិន​ទាន់​បាន​ទទួល​សំណង​សម​រម្យ។

លោក​បាន​ថ្លែង​ថា៖ « ការ​ដោះស្រាយ​សំណង​អត់​ទាន់​បាន​សម​ស្រប​ទៅ​នឹង​គោល​នយោបាយ​ទីមួយ។ ទីពីរ​ការ​រុះ​រើ​ឬ​ក៏​ឲ្យ​គាត់​ចាក​ចេញ​ហ្នឹង ក៏​មិន​មែន​ធ្វើ​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ក៏​ប៉ុន្តែ​ការ​បង្ខំ ឬ​ក៏​មាន​ការ​ប្ដឹង​ផ្ដល់​ប្រជាពលរដ្ឋ ឬ​ក៏​តំណាង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​អ៊ីចឹងទៅ។ អ៊ីចឹង​ហើយ​យើង​ឃើញ​ថា​ការ​អភិវឌ្ឍ​ដូច​ថា​វា​អត់​ទាន់​សម​ស្រប ឬ​ក៏​ការ​ធ្វើ​ការ​អភិវឌ្ឍ​ហ្នឹង ការ​ដោះ​ស្រាយ​ជូន​ពួកគាត់​ហ្នឹង វា​អត់​ទាន់​ចប់​សព្វ​គ្រប់ ឬ​ក៏ការ​ដោះ​ស្រាយ​សំណង​ហ្នឹង វា​អត់​ទាន់​បាន​សមរម្យ​នៅ​ឡើយ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រញាប់​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​ចាក​ចេញ ហើយ​សុខ​ចិត្ត​រស់​នៅ​ក្បែរ​ទឹក​នោះ​មិន​ឆ្ងាយ​ពី​ភូមិ​ចាស់​ដែល​លិច​ទឹក។

លោក ហ្វុត​ ឃឿន​ អាយុ​៤០​ឆ្នាំ ​ជា​តំណាង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្រែគរ ដែល​មិន​ព្រម​ទទួល​សំណង ហើយ​សុខ​ចិត្ត​រស់​នៅ​ក្បែរភូមិ​លិច​ទឹក ក៏​បាន​ថ្លែង​ថា​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​ជំរុញ​ឲ្យ​អាជ្ញា​ធរ​ចុះ​បញ្ជី​ដី​ធ្លី​របស់​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ភូមិ​ចាស់ និង​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ សាលា​រៀន​ដល់​ពួកគេ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ផ្ទះ​ វត្ត​អារាម សាលារៀន ទី​សក្ការៈ​ដូន​តា​ ដើម​ឈើ ​និង​រុក្ខ​ជាតិ​របស់​សហ​គមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ស្រែគរ ត្រូវ​បាន​លិច​លង់​នៅ​សល់​តែ​ដំបូល និង​ចុង​ឈើ​តិចៗ​តែ​ប៉ុណ្ណោះ។ ហើយ​លោក ហ្វុត ឃឿន និង​អ្នក​ភូមិ​ផ្សេង​ទៀត ដែល​ជាជន​ជាតិ​ដើម​ភាគ​តិច​ឡាវ បាន​ផ្លាស់​ប្តូរ​មក​រៀប​ចំ​ភូមិ​នៅ​មិន​ឆ្ងាយ​ភូមិ​លិច​ទឹក ហើយ​រស់​នៅ​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​មិន​ដឹង​ច្បាស់​ថា​តើ​ប្រជា​ពលរដ្ឋ​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៀត​ឬ​យ៉ាងណា​នៅ​ពេល​អនាគត។

លោក ហ្វុត ឃឿន ប្រាប់​វីអូអេ​ថា​៖ «អ្វីៗ​យើង​នៅ​នេះ​ធ្វើ​ខ្លួន​ឯង​ហើយ។ មិន​ចាំ​បាច់​ឲ្យ​រដ្ឋាភិបាល[ធ្វើ​ឲ្យ​]។ សុំ​ឲ្យ​តែ​រដ្ឋាភិបាលទទួល​ស្គាល់​ថា​ក្នុង​នាម​យើង​ជា​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ធំ​អញ្ចឹង។ ស្នើ​សុំ​ឲ្យ​គាត់​បង្កើត​ជា​ភូមិ។ ស្នើ​សុំ​គាត់​ប៉ុណ្ណឹង បើ​គាត់​ចង់​ដេញ​មនុស្ស ធ្វើ​ម៉េច​ទៅ​អញ្ចឹង?»៕

XS
SM
MD
LG