ភ្នំពេញ៖ ថ្វីបើពិធីបុណ្យចូលឆ្នាំចិនទើបតែបានបញ្ចប់កាលពីថ្ងៃអង្គារយ៉ាងណាក្តីក៏ប៉ុន្តែអ្វីដែលបានកើតមានឡើងលេចធ្លោជាងគេនៅក្នុងឆ្នាំនេះក្នុងទីក្រុងភ្នំពេញគឺការចែកអាំងប៉ាវពីអ្នកស្រីជឹង សុភាពហៅយាយភូត្រូវជាភរិយាលោកឡាវ ម៉េងឃីនសមាជិកព្រឹទ្ធសភាខាងកូតាគណបក្សប្រជាជនកម្ពុជាហេតុការណ៍ដែលមិននឹកស្មានដល់បានកើតឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំចិននោះគឺការចែកអាំងប៉ាវរបស់អ្នកស្រីជឹង សុភាពដល់មន្ត្រីមានសមត្ថកិច្ចចំរុះប្រមាណជិត៥០០នាក់។
ការចែកអាំងប៉ាវតាមទំនៀមទម្លាប់របស់ប្រពៃណីចិននេះត្រូវបានធ្វើឡើងតៗគ្នាពីសមាជិកក្រុមគ្រួសារទៅកាន់បងប្អូនឬទៅកាន់អ្នកដែលមានសាច់ញាត្តិឬក៏អ្នកស្គាល់គ្នាតែប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលមានភាពខុសប្លែកនោះគឺកម្លាំងមានសមត្ថកិច្ចកម្ពុជាដែលរួមមានប៉ូលិស មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីយោធានិងកងអង្គរក្សបានស្លៀកពាក់ឯកសណ្ឋានរួចហើយបានឈរតម្រៀបជួរគ្នារង់ចាំទទួលយកអាំងប៉ាវពីអ្នកស្រីជឹង សុភាពដែលនាំឱ្យមានការចោទសួរដល់សុច្ចរិតភាពនៃកងកម្លាំងប្រដាប់ក្នុងការអនុវត្តការងាររបស់ខ្លួន។
អាំងប៉ាវនោះត្រូវបានមន្ត្រីមានសមត្ថកិច្ចបាននិយាយថាពួកគេទទួលបានម្នាក់ៗប្រមាណ៣ម៉ឺនរៀលគឺប្រមាណ៨ដុល្លារសហរដ្ឋអាមេរិកដូច្នេះជាសរុបមន្ត្រីមានសមត្ថកិច្ចប្រមាណជិត៥០០នាក់គឺលោកស្រីជឹង សុភាពបានចំណាយថវិកាប្រមាណជាង២ម៉ឺនដុល្លារ។
រូបភាពនៃការចែកអាំងប៉ាវនេះត្រូវបានក្រុមអ្នកតាមដានសភាពការណ៍នៅកម្ពុជាបានរិះគន់ថាបានបង្ហាញនូវរូបភាពមួយប៉ះពាល់ដល់កិត្តិយសរបស់កម្លាំងសមត្ថកិច្ចដែលមានកាតព្វកិច្ចបម្រើប្រទេសនិងរដ្ឋាភិបាលទៅបន្ទាប់ខ្លួនទទួលយកទឹកប្រាក់បន្តិចបន្ទួចពីឈ្មួញរកស៊ីដែលដែលមានកេរ្តិ៍ឈ្មោះមិនល្អរឿងរំលោភដីធ្លី។
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យមួយរូបបាននិយាយថារូបភាពនេះបង្ហាញឱ្យឃើញពីចៅហ្វាយនាយបានផ្តល់អំណោយដល់បាវបម្រើទៅវិញទេហើយបើនិយាយមួយបែបទៀតកម្លាំងសមត្ថកិច្ចកម្ពុជាក្នុងពេលនោះបានធ្លាក់ខ្លួនមិនខុសគ្នានិងអ្នកសុំទាននោះទេ។
លោកបាននិយាយថានៅក្នុងជួររបស់អង្គភាពរដ្ឋនានាគួរតែមានក្រមសីលធម៌មួយ មានបញ្ចូលការហាមឃាត់សកម្មភាពណាដែលប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព។
លោកឡៅ ម៉ុងហៃបញ្ជាក់បន្ថែមថា៖
«បើយើងធ្វើអញ្ចឹងវាពិបាកធ្វើឱ្យគេគោរពណាស់។ វាប៉ះពាល់ដល់ស្ថាប័នជាតិ ស្ថាប័នរដ្ឋហើយបើកាលណាអត់សាធារណជនមិនមានការគោរពហើយអាជ្ញាធរពិបាកនិយាយឱ្យគេស្តាប់ណាស់»។
ពិធីបុណ្យចូលឆ្នាំចិនបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ទី៩ហើយបានបញ្ចប់កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកមួយដោយបានហៅការទទួលយកអំណោយអាំងប៉ាវរបស់មន្ត្រីមានសមត្ថកិច្ចថាលោកមានការខ្មាស់អៀនយ៉ាងខ្លាំងដោយឃើញមន្ត្រី នគរបាល និង ទាហានខ្មែរមួយចំនួនធំទៅសុំទានថៅកែឯកជនដើម្បីរស់។
មានប្រសាសន៍ប្រាប់វីអូអេតាមទូរស័ព្ទពីប្រទេសបារាំងលោកសម រង្ស៊ីមិនបានស្តីបន្ទោសដល់មន្ត្រីមានសមត្ថកិច្ចទាំងនោះទេក៏ប៉ុន្តែលោកបានស្តីបន្ទោសដល់រដ្ឋាភិបាលដែលមិនបានផ្តល់ប្រាក់បៀវត្សរ៍សមរម្យដល់មន្ត្រីទាំងនោះ។
«យើងមានការសោកស្តាយណាស់ដែលរដ្ឋាភិបាលសព្វថ្ងៃធ្វើឱ្យប្រទេសជាតិយើងបាត់បង់កេរ្តិ៍ឈ្មោះធ្លាក់កិត្តិយសដោយសារប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យមន្ត្រីរាជការ ប៉ូលិស ទាហាន ក្រវេទនា។ ដូច្នេះយើងត្រូវតែស្តារ ស្តារទាំងជីវភាពរស់នៅស្តារទាំងកិត្តិយស ស្តារទាំងភាពថ្លៃថ្នូររបស់អ្នកបម្រើជាតិ»។
លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទទួលស្គាល់ថាការស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ចទៅទទួលយកអាំងប៉ាវពីឈ្មួញឯកជនជារឿងមិនត្រឹមត្រូវក៏ប៉ុន្តែលោកបាននិយាយថាអ្នកដែលទៅទទួលដោយស្លៀកពាក់ឯកសណ្ឋាននោះគឺជាអ្នកមានភារកិច្ចនៅតំបន់នោះតែប៉ុណ្ណោះ។
«ខ្ញុំយល់ថាជួនកាលយើងកំពុងបំពេញភារកិច្ចនៅតំបន់ហ្នឹង។អញ្ចឹងគេក៏ប្រគល់ឱ្យយើងដោយមិនបានព្រៀងទុកហើយយើងក៏ទទួលដោយមិនបានព្រៀងទុកដែរ»។
លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាទាំងទិដ្ឋភាពប្រពៃណី ផ្លូវច្បាប់និងសតិសម្បជញ្ញៈមិនមានអ្វីទាស់ខុសទេដែលមន្ត្រីមានសមត្ថកិច្ចទាំងនោះទៅទទួលយកអាំងប៉ាវ។
លោកបាននិយាយថានៅក្នុងច្បាប់របស់ប្រទេសកម្ពុជាមិនបានហាមប្រាមក្រុមមន្ត្រីមានសមត្ថកិច្ចក្នុងឯកសណ្ឋានទៅទទួលយកអំណោយ ឬក៏ទទួលប្រាក់តាមរយៈឯកជននោះទេ៕