នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំនៃប្រទេសកម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញាជំរុញការអភិវឌ្ឍសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន សំដៅកាត់បន្ថយភាពក្រីក្រនៅតាមបណ្តោយព្រំដែន។
មេដឹកនាំនៃប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកម្មវិធីសហប្រតិបត្តិការសំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រឆ្លងកាត់ព្រំដែនឱ្យកាន់តែខ្លាំងឡើង ព្រមទាំងដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងនៅក្នុងសន្និសីទអន្តរជាតិថ្នាក់កំពូលនៃរណសិរ្សកម្ពុជា វៀតណាម និងឡាវ នៅសណ្ឋាគារកាំបូឌីយ៉ាណា ថាកត្តាទាំងនេះបានផ្តល់សន្តិភាព ស្ថិរភាព ការបង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។
«ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នាលើគ្រប់វិស័យ ក្នុងនោះយកចិត្តទុកដាក់រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន»។
អនុស្សរណៈរួមនេះបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងបី ដោយចូលរួមគ្រប់សកម្មភាពសង្គម និងគ្រប់សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសទាំងបី ជាពិសេសវិស័យសេដ្ឋកិច្ច និងលើកទឹកចិត្តថ្នាក់មូលដ្ឋាន តាមបណ្តោយព្រំដែនប្រទេសទាំងបី រួមគ្នារិតចំណងសាមគ្គីភាព សហប្រតិបត្តិការ ទំនាក់ទំនងគ្រប់វិស័យ រួមមានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនរួម កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព។
កម្ពុជា និងវៀតណាម គ្រោងនឹងសម្រេចដល់២.០០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០១១នេះ។
លោក ផាញ់ ដួងចិត្តវង្សា (Phanhdouangchit VONGSA) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សកសាងជាតិឡាវ បានថ្លែងយ៉ាងដូច្នេះថា៖
«គណៈប្រតិភូឡាវគាំទ្រទាំងស្រុងនូវអនុស្សរណៈយោគយល់នេះ។ ពួកយើងខ្ញុំសូមឯកភាពទាំងស្រុង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមនេះ។ ជាតិយើងទាំងបីគួរបង្កើនទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតទ្វេឡើង»។
លោក ហ្វិញ ដាម (Huynh Dam) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបញ្ជាក់ថា អង្គការរណសិរ្សប្រទេសទាំងបីមិនទាន់មានការសហការណ៍ពហុភាគី ហើយកិច្ចសហការណ៍របស់អង្គការរណសិរ្សទាំងបី នៅមានកម្រិតនៅឡើយ។
«យើងខ្ញុំសូមឯកភាពជាមួយខ្លឹមសារក្នុងអនុស្សរណៈ។ អង្គការរណសិរ្សទាំងបីនឹងខំប្រឹងប្រែងអនុវត្តន៍អនុស្សរណៈយោគយល់រួមនេះ ឱ្យមានប្រសិទ្ធិភាព និងយកខ្លឹមសាររបស់អនុស្សរណៈនេះទៅអនុវត្តជាក់ស្តែងស្របតាមសកម្មភាពរបស់ប្រទេសនីមួយៗ»។
លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគីរី ដែលបានចូលរួមនៅក្នុងសន្និសីទនេះ បានថ្លែងថា អនុស្សរណៈនេះ នឹងជំរុញសកម្មភាពផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក និងសម្រួលដល់ការព្យាបាលជំងឺ។
«អនុស្សរណៈនេះ មានប្រយោជន៍ដល់ខេត្តយើងខ្ញុំ ជាពិសេសក្នុងទំនាក់ទំនងមិត្តភាពរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរវាងខេត្តទាំងពីរ គឺថាទាំងទំនាក់ទំនងសេដ្ឋកិច្ច និងជាបងប្អូន ជាមិត្តភក្តិ»។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា អនុស្សរណៈនេះនឹងជាជំហានវិជ្ជមានមួយដើម្បីផ្តល់ផលប្រយោជន៍យ៉ាងច្រើន ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន៕