ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​នឹងពិនិត្យ​ឯកសារ​សម្ងាត់​របស់​ខ្មែរក្រហម​


ឯកសារ​ចំនួន​១២០០០​ដែល​សុទ្ធ​សឹង​ជា​ឯកសារ​សម្ងាត់​និង​សម្ងាត់​បំផុត​ក្នុង​សំណុំរឿង០០១​របស់​ឌុច។
ឯកសារ​ចំនួន​១២០០០​ដែល​សុទ្ធ​សឹង​ជា​ឯកសារ​សម្ងាត់​និង​សម្ងាត់​បំផុត​ក្នុង​សំណុំរឿង០០១​របស់​ឌុច។
ភ្នំពេញ​៖ អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ឯកសារ​ចំនួន​៩០០០​នៃ​សំណុំរឿង​ឌុ​ច ​អតីត​ប្រធាន​គុក​ទួលស្លែង​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​កាត់ទោស​សំណុំ​រឿង​០០៣ ​និង​០០៤ ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស់​នៅ​ឡើយ។​ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អង្គ​ជំនុំ​ជម្រះ​ជាន់ខ្ពស់​នេះ​បាន​ពិនិត្យ​កាលពី​ខែ​កក្កដា​លើ​ប្រភេទ​ឯកសារ​ចំនួន​១២០០០​ដែល​សុទ្ធ​សឹង​ជា​ឯកសារ​សម្ងាត់​និង​សម្ងាត់​បំផុត​ក្នុង​សំណុំរឿង០០១​របស់​ឌុច។​ ឯកសារ​ទាំងនេះ​គឺជា​ឯកសារ​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ រួមមាន​ចម្លើយ​សារភាព​និង​ជីវប្រវត្តិ​របស់​ជនរ​ង​គ្រោះ ​ចម្លើយ​របស់​សាក្សី ​ប្រតិចរឹក​នៃ​សវនាការ​អសាធារណៈ ​និង​ដីការ​របស់​តុលាការ។​

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​លើក​ឡើង​ថា ​ឯកសារ​ចំនួន៣​ភាគ៤​នៃ​ឯកសារ​ទាំង​១២០០០​នេះ​ត្រូវ​ចាត់​ដាក់​ទៅ​ក្នុង​ឯកសារ​សំណុំ​រឿង​បន្ថែម​ទាំង​ពីរ​ព្រម​ទាំង​សំណុំ​រឿង​០០២​ ដែល​កំពុង​ដំណើរការ​កាត់ទោស​នៅ​ក្នុង​ពេល​នេះ។​

តាម​ព័ត៌មាន​ក្រៅផ្លូវការ​នៅឡើយ​ សំណុំរឿង០០៣​មាន​ជន​ជាប់ចោទ​ពីរ​នាក់​គឺ ​មាស មុត ​និង​ស៊ូ ម៉េ​ត ដែល​សុទ្ធសឹង​ជា​អតីត​មេទ័ព​កំពូល​ខ្មែរក្រហម​ដែល​ត្រូវ​សង្ស័យ​ថា​ បាន​ទទួល​ខុសត្រូវ​ក្នុង​ការ​ចាប់ខ្លួន​និង​បញ្ជូន​ខ្លួន​អ្នកទោស​ជាច្រើន​ទៅកាន់​គុក​ទួលស្លែង។ ​

រីឯ​សំណុំរឿង​០០៤​ត្រូវគេ​ដឹង​ថា ​មាន​ជនជាប់ចោទ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​ចំនួន​បីនាក់​គឺ​អ្នកស្រី​អ៊ឹម ចែម​ ដែល​ត្រូវ​សង្ស័យ​ថា ជា​អ្នក​គ្រប់គ្រង​ការដ្ឋាន​លើក​ទំនប់​ស្រុក​ព្រះនេត្រព្រះ ​ខេត្ត​ឧត្ត​មានជ័យ​ (កាល​មុន​ក្នុង​ខេត្ត​បាត់ដំបង)​ ដែល​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​នៅ​ទី​នោះ។​ តា អាន និង ​តា​ទិ​ត អតីត​អ្នកទទួល​ខុសត្រូវ​បន្ទាប់​ក្នុង​ការដ្ឋាន​នោះ​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​សម្លាប់​រង្គាល​នៅ​ទីនោះ​ដែរ។​

រដ្ឋាភិបាល​បាន​ប្រឆាំង​ជំទាស់​ការ​កាត់ទោស​សំណុំរឿង​ទាំងពីរ​នេះ​ជា​បន្តបន្ទាប់។​
សូម​បញ្ជាក់​ថា ​កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច​ក៏បាន​ឡើង​ធ្វើ​ជាសាក្សី​ក្នុង​សំណុំរឿង​ ០០២​កាលពី​ខែ​មិនា ​ឆ្នាំ ​២០១២​នេះ។​
លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា ​ឯកសារ​នៅ​ក្នុង​សំណុំ​រឿង​០០១​មាន​ការជាប់ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​

«សំណុំ​រឿង​០០១ទាក់ទង​នឹង​ប្រវត្តិ​ក្នុង​របប​ខ្មែរក្រហម ​ដូច្នេះ​ឯកសារ​មួយ​ចំនួន​មាន​ការ​ពាក់​ព័​ន្ធ​ជាមួយ​នឹង​បក្សកុម្មុយនិស្ត​កម្ពុជា​ ក៏ដូចជា​គោល​នយោបាយ​ផ្សេង​ក្នុង​របប​ខ្មែរក្រហម។​ ឯកសារ​មួយ​ចំនួន​មាន​តម្លៃ​រួមគ្នា​ដែល​គេ​អាច​ប្រើប្រាស់​ក្នុង​សំណុំ​រឿង​០០២ ​សំណុំរឿង​០០៣ ​និង​សំណុំរឿង​០០៤»។​

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ក៏បាន​សម្រេច​ផង​ដែរ​ថា​ ឯកសារ​ចំនួន​១៧៤៩​ ក្នុង​ចំណោម​ឯកសារ​សម្ងាត់​ទាំង​១២០០០​នឹងត្រូវ​ដាក់​ជា​ឯកសារ​សាធារណៈ​សម្រាប់​បម្រើ​ដល់​ប្រយោជន៍​នៃ​ការ​សិក្សា​និង​ស្រាវជ្រាវ។​

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នេះ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ ការ​ដាក់​ឯកសារ​ទាំង​នេះ​ជា​សាធារណៈ​គឺជា​ផ្នែក​មួយ​នៃ​ការរួម​ចំណែក​ក្នុងការ​ផ្សះផ្សារ​ជាតិ​ និង​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​ការណ៍​ពិត​ក្នុង​ប្រវត្តិសាស្ដ្រ។​

លោក​នេត្រ ភក្ដ្រា​ជឿ​ថា​ ឯកសារ​ទាំង​១៧៤៩​នឹងត្រូវ​រៀបចំ​រួចរាល់​ក្នុង​រង្វង់​ពី​ពីរ​ទៅ​បី​សប្តាហ៍​ទៀត​ ហើយ​បន្ទាប់មក​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​គេហ​ទំ​ព័រ​របស់​សាលាក្ដី​ខ្មែរក្រហម​តាម​អាស័យដ្ឋាន​ www.eccc.gov.kh
XS
SM
MD
LG