វ៉ាស៊ីនតោន៖ ការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណជនបស្ចិមប្រទេសពីរនាក់បានបាត់ពន្លឺបន្តិចបន្ទាប់ពីអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុចមិនបានបង្ហាញព័ត៌មានបន្តិចបន្តួចណាមួយឡើយចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកំណត់អត្តសញ្ញាណរបស់ជនទាំងពីរនាក់ដែលគេជឿថាបានស្លាប់ក្នុងគុកទួលស្លែងហៅមន្ទីរស២១។
ជនបរទេសពីរនាក់នោះមាននៅក្នុងរូបថតអ្នកទោសជាង១.៤០០នាក់ដែលស្រ្តី មិនបញ្ចេញឈ្មោះម្នាក់បានប្រគល់ជូនមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីដើមខែសីហា ឆ្នាំនេះដែលក្រុមអ្នកស្រាវជ្រាវយល់ថាជារូបថតយកចេញពីគុកទួលស្លែងរបស់របបខ្មែរក្រហម។
នៅក្នុងបទសម្ភាសរយៈពេលពីរម៉ោងកាលពីថ្ងៃអង្គារជាមួយនឹងក្រុមអ្នកស្រាវជ្រាវមកពី មជ្ឈមណ្ឌលឯកសារកម្ពុជា ឌុចអះអាងថាមានជនបស្ចិមប្រទេសតែបួននាក់ប៉ុណ្ណោះត្រូវបានសម្លាប់ក្រោមការគ្រប់គ្រងរបស់គាត់។
នាង ស៊ីរិ សាវីណា អ្នកដឹកនាំក្រុមស្រាវជ្រាវដែលបានចូលសម្ភាសឌុចបានប្រាប់វីអូអេនាពេលក្រោយមកថា៖
«ខ្ញុំបានទៅជួបឌុចហើយសម្ភាសគាត់គឺគោលបំណងចង់ឱ្យគាត់ជួយបញ្ជាក់អំពីអត្តសញ្ញាណរបស់រូបថតពីរសន្លឹកដែលយើងសង្ស័យថាជារូបថតរបស់អ្នកទោសជាជនជាតិស្បែកស អ្នកទោសបរទេសហើយរូបថតនេះយើងទើបទទួលបានថ្មីៗកាលពីដើមខែសីហានេះហើយឌុចគាត់អត់បានបញ្ជាក់ពីអត្តសញ្ញាណអ្នកទាំងពីរហ្នឹងទេពីព្រោះគាត់ថាជនបរទេសដែលមកដល់មន្ទីរស២១ហ្នឹងគឺមានតែបួននាក់ទេហើយពីរនាក់ហ្នឹងប្រហែលជាមិនមែននៅស២១ទេ»។
ក្រុមអ្នកស្រាវជ្រាវជឿថាមានជនបស្ចិមប្រទេសចំនួន១១នាក់ត្រូវបានសម្លាប់នៅក្នុងមន្ទីរស២១ ក្នុងនោះរួមទាំងជនជាតិបារាំងម្នាក់ឈ្មោះ អង់ដ្រេ ហ្កាស្តុង កួរទីញ៉េ។
ក្រុមអ្នកស្រាវជ្រាវទើបបានជួបប្រទះប្រវត្តិរូបនិងរូបថតលោកកួទីញ៉េដោយចៃដន្យក្នុងសំណុំឯកសារនៅឯមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីសប្តាហ៍មុន។ លោក កួទីញ៉េជាអតីតបុគ្គលិកស្ថានទូតបារាំងមានឱពុកបារាំងនិងម្តាយខ្មែរ។ លោកបានរៀបការជាមួយនឹងស្រ្តីកម្ពុជាម្នាក់ដោយមានកូនប្រុសមួយនិងស្រីមួយមុនពេលគាត់ត្រូវបានចាប់ខ្លួនពីខេត្តសៀមរាបក្នុងឆ្នាំ១៩៧៦ ដោយចោទថាមានជាប់ខ្សែរយៈជាបណ្តាញយកការណ៍សម្ងាត់អាមេរិកាំងហៅថាសេអ៊ីអា។
ឌុចបានស្គាល់អ្នកទោសឈ្មោះកួទីញ៉េប៉ុន្តែបញ្ជាក់ថាអ្នកទោសរូបនោះ មិនត្រូវមន្ទីរស២១ ចាត់ទុកថាជាក្រុមបស្ចិមប្រទេសទេ។ នេះបើតាមការបញ្ជាក់របស់នាងសាវីណា។
«ទាក់ទងនឹងកួទីញ៉េហ្នឹងនៅពេលដែលខ្ញុំបង្ហាញរូបថតនិងប្រវត្តិរូបសង្ខេបរបស់ជនជាតិបារាំងម្នាក់ហ្នឹងគាត់បានមើលហើយគាត់បានអានពី មួយចំណុចទៅ មួយចំណុច។ ហើយគាត់មើលទៅ គាត់ថាដោយសារថាកួទីញ៉េមានម្តាយជាជនជាតិខ្មែរ។ អឹចឹងនៅស២១ប្រហែលជាគេមិនចាត់ទុកគាត់ថាជាជនជាតិបារាំងទេពីព្រោះ គាត់លាយជនជាតិខ្មែរហើយគាត់រស់នៅ ស្រុកខ្មែរនិងត្រូវគេចាប់ពីស្រុកខ្មែរខុសពីបួននាក់ខាងដើមដែលគាត់ចាត់ទុកថាជាជនបស្ចិមប្រទេស»។
ស្ថិតក្នុងសម្លៀកបំពាក់អាវយឺតដៃខ្លីនិងខោបារាំងជើងវែងពណ៍ខ្មៅ ឌុចមើលដោយពិនិត្យពិច័យនូវសំណុំឯកសារដែលអ្នកស្រាវជ្រាវបានដាក់ឱ្យគាត់មើល។ នេះបើតាមរូបភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលវីអូអេបានទទួល។
នេះជាការផ្តល់បទសម្ភាសលើកទីមួយរបស់ឌុចដល់ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោយពី តុលាការខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានសម្រេចដាក់ទោសគាត់ឱ្យជាប់ពន្ធនាគារមួយជីវិត។
សម្រាប់នាង ស៊ីរិ សាវីណានេះជាបទពិសោធទីមួយហើយក្នុងនាមជាអ្នកស្រាវជ្រាវវ័យក្មេងដែលបានកើតក្រោយពីរបបខ្មែរក្រហមដួលរលំដែលត្រូវមកប្រឈមសួររកព័ត៌មានពីអតីតមេឃាតកររូបនេះហើយនាងសង្កេតឃើញថាឌុចហាក់ដូចជាមានការប្រយ័ត្នប្រយែងក្នុងការឆ្លើយសំណួរបើទោះបីជាទាក់ទងនឹងជនបរទេសពីរនាក់នេះនិងបញ្ហាដទៃផ្សេងទៀត។
«គាត់ព្យាយាមការពារខ្លួនគាត់ដែរនៅពេលខ្លះ។ នៅ មានអារម្មណ៍អញ្ចឹងហើយគាត់ប្រយ័ត្នពាក្យសម្តី របស់គាត់មិនឱ្យនិយាយទៅលើសលស់ឬក៏ខ្វះអីហើយខ្ញុំជឿថាពេលដែលខ្ញុំជួបគាត់អញ្ចឹងគាត់មិនទុកចិត្តខ្ញុំ១០០ភាគរយទេពីព្រោះគាត់ជួបខ្ញុំលើកដំបូងទីមួយហើយទីពីរទៀតខ្ញុំមកសួរនាំគាត់ក្នុងនាមជាអ្នកស្រាវជ្រាវក៏ ពិតមែនក៏ប៉ុន្តែគាត់នៅតែខ្លាចមានបន្ទុកច្បាប់អី្វមួយធ្លាក់ទៅលើគាត់»។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាង យុ បានបញ្ជាក់តាមសារអេឡិកត្រូនិកឱ្យវីអូអេដឹងថាលោកសម្រេចបញ្ជូនបុគ្គលិកគាត់ពីរនាក់ដែលសុទ្ធតែអ្នកដែលកើតក្រោយរបបខ្មែរក្រហមហើយដោយសារពួកគេមានទឹកចិត្តចង់ស្វែងយល់ថាហេតុអ្វីបានជារបបខ្មែរក្រហមប្រព្រឹត្តនូវអំពើឃោរឃៅដូចនេះ មកលើប្រជាពលរដ្ឋខ្លួនឯងនិងអ្នកដទៃ។
លោកឆាង យុបញ្ជាក់បន្ថែមថាសម្រាប់រូបលោកដែលរស់រានមានជីវិតរួចផុតពីរបបនោះគឺគាត់គ្មានអ្វីដែលជឿអ្វីដែលមេខ្មែរក្រហមនិយាយចេញមកទេ។
បើទោះ បីជាឌុចមិនបានបង្ហាញពន្លឺអ្វីដើម្បី ជាជំនួយក្នុងការកំណត់អត្តសញ្ញាណជនបរទេសទាំងពីរក៏អ្នកស្រាវជ្រាវកំពុងព្យាយាមកំណត់ថាតើក្នុងចំណោមនោះ មានជនជាតិអាមេរិកាំងម្នាក់ដែលខ្មែរក្រហមបានចាប់ខ្លួនក្នុងឆ្នាំ១៩៧៨ឬទេ។
មានអ្នកទោសជាង១២.០០០ត្រូវបានសម្លាប់ក្នុងមន្ទីរឃុំឃាំងស២១ក្រោមការគ្រប់គ្រងរបស់ឌុច៕