ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តីខ្មែរ​ក្រហម​កាត់​បន្ថយ​ខ្ទង់​ថវិកា​មុន​ពេល​ដាក់​ឱ្យ​ម្ចាស់​ជំនួយ​ពិនិត្យ

  • គង់ សុឋានរិទ្ធ

ភាគី​កម្ពុជា​បាន​កាត់បន្ថយ​ប្រាក់​សំណើ​របស់​ខ្លួន​ចំនួន​ ២០០.០០០​ដុល្លារ​អាមេរិក។
ភ្នំពេញ៖ ក្រុម​មន្ត្រី​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​សំណើ​ថវិកា​សម្រាប់​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​សម្រាប់​ឆ្នាំ​២០១៣​នឹង​ត្រូវ​កាត់​បន្ថយ​ជាង​ប្រាំលាន​ដុល្លារ​អាមេរិក​បើធៀប​នឹង​គម្រោង​ដើម។

ការកាត់បន្ថយ​ទំហំ​ថវិកា​ធ្វើឡើង​ខណៈ​ដែល​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​អាច​នឹង​ជួប​បញ្ហា​ខ្លះ​ក្នុង​អំឡុង​ខែ​ធ្នូ​នេះ​រីឯ​ភាគី​អង្គការ​សហប្រជាជាតិ​អាច​នឹង​មាន​ថវិកា​ដំណើរការ​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

យោង​តាម​គម្រោង​ដើម​សម្រាប់​ស្នើសុំ​ជំនួយ​ដល់​សហគមន៍​អន្តរជាតិ​ទាំង​ភាគី​ជាតិ​និង​ភាគី​អន្តរជាតិ​ត្រូវការ​ថវិកា​សរុប​ចំនួន ​៤៣,៩ ​ក្នុង​នោះ​ភាគី​អន្តរជាតិ​ត្រូវការ​ ៣២,៤លាន​ដុល្លារ​អាមេរិក​និង​ភាគី​កម្ពុជា​ត្រូវការ​ថវិកា​ចំនួន ៩,៧​លាន​ដុល្លារ។

លោកនេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​ខាង​ភាគី​កម្ពុជា​សម្រាប់​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ភាគី​កម្ពុជា​បាន​កាត់បន្ថយ​ប្រាក់​សំណើ​របស់​ខ្លួន​ចំនួន​ ២០០.០០០​ដុល្លារ​អាមេរិក។

«សម្រាប់​ភាគី​ជាតិ​បន្ទាប់​ពី​ពិនិត្យ​ឡើង​វិញ​អំពី​គម្រោង​ថវិកា​របស់​ខ្លួន​ឆ្នាំ​២០១៣​ គឺ​បាន​សម្រួល​ពី​៩,៧​លាន​ដុល្លារ​មក​ត្រឹម៩,៥​លាន​ដុល្លារ​វិញ»។

ប៉ុន្តែលោក​នេត្រ ភក្ត្រា ​មិន​ដឹង​ថា​តើ​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​នឹង​ត្រូវ​កាត់បន្ថយ​ក្នុង​គម្រោង​សំណើ​ថវិកា​របស់​ខ្លួន​ត្រឹម​ណា​នោះ​ទេ។

យ៉ាងណា​ក៏ដោយ​ប្រភព​មួយចំនួន​អះអាងថា​ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ចុះ​ការស្នើសុំ​ថវិកា​របស់​ខ្លួន​ចំនួន​ប្រាំលាន​ដុល្លារ​អាមេរិក​គឺ​បន្ថយ​ពី​ចំនួន​៣២,៤​លាន​ដុល្លារ​មកត្រឹម​២៧,៤​លាន​ដុល្លារ​វិញ។

លោកស្រី ​យូកូ ម៉េដា ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​មាន​ប្រសាសន៍​ថា​លោកស្រី​មិនមាន​ព័ត៌មាន​ផ្លូវការ​អំពី​ការកាត់បន្ថយ​ទំហំ​ទឹកប្រាក់​ស្នើសុំ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​នោះ​ទេ។

«យើង​មិនមាន​ព័ត៌មាន​លម្អិត​អំពី​ថវិកា​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ហើយ​នោះ​ទេ។ គម្រោង​ថវិកា​នោះ​ត្រូវ​បាន​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់​ៗ​រួច​ហើយ។ ប្រទេស​ទាំង​នោះ​កំពុង​តែ​ពិនិត្យ»។

ក្នុង​ពេល​នេះ​មិនមាន​សញ្ញា​ណាមួយ​អំពី​កង្វះ​ថវិកា​សម្រាប់​ប្រតិបត្តិការ​ក្តី​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​សាលាក្តី​ខ្មែរក្រហម​នោះ​ទេ។ ប៉ុន្តែ​លោក​នេត្រ ភក្ត្រា ​ឲ្យ​ដឹង​ថា​ភាគី​កម្ពុជា​អាច​នឹង​ជួប​ការយឺតយ៉ាវ​ក្នុង​ការបើក​ប្រាក់ខែ​ដល់​បុគ្គលិក​ប្រមាណ​ ៣០០​នាក់​ក្នុង​រយៈពេល​ខ្លី​ក្នុង​ខែ​ធ្នូ​នេះ។

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​បី​នាក់​ក្នុង​សំណុំរឿង​០០២ ​ក្រោម​ការចោទ​ប្រកាន់​ដែល​ទាក់ទង​នឹង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាង ​១,៧​លាន​នាក់​ចន្លោះ​ ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ក្នុង​ចំណោម​ជន​ជាប់ចោទ​ដែល​ស្ថិត​ក្រោម​ការកាត់ទោស​នោះ​មាន​នួន ជា ​បង​ធំ​ទី២​ និង​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មេ​មនោគមវិជ្ជា​នៃ​របប​ខ្មែរក្រហម​ អៀង សារី បង​ធំ​ទី​៣​ និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ។

ជារៀងរាល់​ចុង​ឆ្នាំ​កិច្ចប្រជុំ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​សាលាក្តី​ខ្មែរក្រហម​តែងតែ​ធ្វើឡើង​ក្នុង​ទី​ក្រុងញ៉ីវយ៉ក ​ដើម្បី​ត្រៀម​គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​បន្ទាប់។
ក៏ប៉ុន្តែ​ក្រុម​មន្រ្តី​សាលាក្តីខ្មែរ​ក្រហម​បញ្ជាក់​ថា​កាលវិភាគ​នៃ​កិច្ចប្រជុំ​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​មិនទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ៕
XS
SM
MD
LG