ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីថា​ខៀវ សំផន​បញ្ចុះបញ្ចូល​កុមារ​ឲ្យ​តស៊ូ​ប្រឆាំង​នឹង​របប​លន់ ណុល


ខៀវ សំផន គឺ​ជា​អតីត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ដ្រី​ការពារជាតិ និង​ជា​អគ្គ​មេបញ្ជាការ​នៃ​រាជ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​កម្ពុជា
ខៀវ សំផន គឺ​ជា​អតីត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ដ្រី​ការពារជាតិ និង​ជា​អគ្គ​មេបញ្ជាការ​នៃ​រាជ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​កម្ពុជា
លោក គឹម វុន អតីត​បុគ្គលិក​រោងពុម្ព​របស់​ពួកខ្មែរក្រហម​បានថ្លែង​ក្នុង​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខៀវ សំផន បាន​លើក​ទឹកចិត្ត​ក្រុម​កុមារ​ឲ្យ​ធ្វើការ​តស៊ូ​យ៉ាងខ្លាំងក្លា ដើម្បី​ផ្តួល​រំលំ​របប​លោក​សេនា​ប្រមុខ​លន់ ណុល។

សាក្សី​អាយុ​៥៣​ឆ្នាំ រូបនេះ​បានចូល​តស៊ូ​ជាមួយ​ពួក​កុម្មុយនិស្ត​អាវ​ខ្មៅ​ខ្មែរក្រហម​នៅ​អាយុ ១២​ឆ្នាំ ហើយ​នៅពេល​នោះ​គាត់​បាន​ជួប​ជាមួយ​ខៀវ សំផន ដែល​ចេញ​ចូលផ្តល់​ដំបូន្មាន​ដល់​ក្រុម​កុមារ និង​បុគ្គលិក​រោងពុម្ព​ក្នុង​តំបន់​តស៊ូ​ឲ្យ​ខិតខំ​ប្តូរផ្តាច់​ដើម្បី​ដណ្តើម​យក​ជ័យជន្នះ។

«ក្នុង​សម័យនោះ​ដែល​ខ្ញុំ​នៅ​ក្មេង​ខ្ញុំ​ស្គាល់​តែ​បង​ហែម ដែល​ជា​អ្នក​ចេញចូល​កន្លែង​នោះ​ម្តង​ៗ។ ហើយ​ក្រោយមក​បាន​ខ្ញុំ​ស្គាល់​ថា គាត់​ជា​ខៀវ សំផន។ ពេល​នោះ​បង​ហែម មក​កន្លែង​រោងពុម្ព ហើយ​បាន​សួរ​សុខទុក្ខ មាន​យក​បន្លែ ឬ​ក៏​ចំណី​មក​ហើយ​លើក​ទឹក​ចិត្ត​ពី​ការតស៊ូ​ក្រោម​ការដឹកនាំ​របស់​សម្តេចឪ»។

ខៀវ សំផន គឺ​ជា​អតីត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ដ្រី​ការពារជាតិ និង​ជា​អគ្គ​មេបញ្ជាការ​នៃ​រាជ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​កម្ពុជា ហៅ​កាត់​ជា​ភាសា​បារាំង​ថា GRUNK ក្នុង​ខណៈ​ដែល​ពួកខ្មែរ​ក្រហម​កំពុង​តស៊ូ​ប្រដាប់​អាវុធ​ក្នុង​ព្រៃ។

ខៀវ សំផន បានក្លាយ​ជា​ប្រមុខរដ្ឋ​របស់​ពួក​សម័យ​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៦។ បច្ចុប្បន្ន​ខៀវ សំផន​ត្រូវ​ចោទប្រកាន់​ជាមួយ​ជន​ជាប់​ចោទ​បី​នាក់​ផ្សេងទៀត ក្នុង​សំណុំរឿង​០០២។ ពោល​គឺនួន ជា អៀង សារី និង​ប្រពន្ធ​របស់​គាត់ អៀង ធីរិទ្ធ។ ជនជាប់​សង្ស័យ​ទាំង​បួន​ត្រូវ​ចោទប្រកាន់​ចំពោះ​ការទទួល​ខុស​ត្រូវ​លើ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​គ្រប់គ្រង​អំណាច។

លោក គឹម វុន បាន​បញ្ជាក់​ថា ខៀវ សំផន បានធ្វើ​សេចក្ដីថ្លែងការណ៍​ជា​ច្រើន​ក្នុង​អំឡុង​ពេល​តស៊ូ​ក្នុង​ព្រៃ ហើយ​សេចក្ដីថ្លែងការណ៍​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ​ខ្មែរក្រហម​ផងដែរ។
«អំពាវនាវ​ឲ្យ​យក​ជ័យជន្នះ​លើ​សមរភូមិ និង​អំពាវនាវ​ឲ្យ​ប្រជាជន​នៅ​តំបន់​រំដោះ​ក៏ដូច​ជា​កម្មាភិបាល​យុទ្ធជន យុទ្ធនារី​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទាំង​សមរភូមិមុខ និង​សមរភូមិក្រោយ»។
បច្ចុប្បន្ន​ជា​អនុប្រធាន​មន្ទីរ​ប្រៃណីយ៍​ខេត្ត​ប៉ៃលិន លោក គឹម វុន បានចូល​មក​ផ្តល់​សក្ខីកម្ម​នៅ​ពេល​ដែល​សាក្សី​ម្នាក់​ទៀត គឺ​អ្នកស្រី ស សៀក អតីត​សិល្បការនី​ខ្មែរក្រហម​បានបញ្ចប់​ការ​ផ្តល់សក្ខី​កម្ម​កាល​ពីព្រឹកមិញ​នេះ៕
XS
SM
MD
LG