ភ្នំពេញ៖ សំឡេងស្រែកយំ និងការយំខ្សឹកខ្សួលនៅតែបន្តកើតមាននៅពីមុខព្រះបរមរាជវាំងខណៈដែលព្រះបរមសពរបស់សម្តេចឪនរោត្តម សីហនុ ត្រូវបានតម្កល់ទុក្ខក្នុងព្រះវិហារព្រះកែវមរកនៃព្រះបរមរាជវាំង។
ចាប់តាំងពីការទទួលដំណឹងអំពីការសោយទិវង្គតរបស់សម្តេចឪ កាលពីថ្ងៃទី១៥ ខែតុលា រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋពីគ្រប់ទិសទីចូលរួមកាន់ទុក្ខដោយបានអុជធូក និងដាក់កម្រងផ្កានៅមុខព្រះបរមរាជវាំងដើម្បីជាការគោរពវិញ្ញាណក្ខន្ឋដល់ព្រះអង្គ។
នៅក្នុងសម្លៀកបំពាក់ពណ៌ស និងមានបូរណ៌ព័ណ៌ខ្មៅខ្ទាស់ជាប់នឹងទ្រូងខាងធ្វេង ប្រជាពលរដ្ឋបានយកផ្កា និងអុជធូកម្នាក់ម្តងៗព្រមទាំងបានអង្គុយបត់ជើងនិងក្រាបសំពះនៅខាងក្រៅបរិវេណនៃព្រះបរមរាជវាំងដែលមានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍សម្តេចឪយ៉ាងធំនិងមានកម្រងផ្កាព័ទ្ឋជុំវិញ។
«ប្រជាពលរដ្ឋទាំងអស់គ្នា លោកជាម្លប់ដ៏ត្រជាក់ដល់កូនគ្រប់ៗគ្នាទាំងអស់។ កូនចៅសោកស្តាយជាខ្លាំងរកអ្វីមកប្រៀបផ្ទឹមពុំបានទេ។ សោកស្តាយព្រះវរបិតាគ្រប់ៗគ្នាទាំងអស់»។
មានដូនជីជាច្រើនបានសូត្រធម៌តាមប្រពៃណីព្រះពុទ្ឋសាសនាហើយក៏មានដូនជីមកពីវៀតណាមមួយចំនួនក៏បានមកសូត្រធម៌ជាភាសារវៀតណាមផងដែរ។
ខណៈពេលដែលមានដូនជីទាំងខ្មែរ និងជនជាតិវៀតណាមបានសូត្រធម៌។ មានព្រះសង្ឃមួយអង្គបានគង់សមាធិចំនួន១៥នាទីនៅកណ្តាលថ្នល់មុខព្រះបរុមរាជវាំងក្រោមពន្លឺថ្ងៃដ៏ចែងចាំង។
បន្ទាប់ពីបញ្ចប់សមាធិព្រះតេជគុណម៉ែន សាវិន ព្រះជន្ម២២ព្រះវស្សាគង់នៅវត្តអង្គរប្រសាទស្រុកអង្គស្នួល ខេត្តកណ្តាលបានមានសង្ឃដីកាថា ការធ្វើសមាធិនេះគឺដើម្បីនាំចិត្តប្រជាពលរដ្ឋឲ្យចេះប្រតិបត្តិអំពើល្អ។
«សូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នាចេះភ្ញាក់រឭកហើយធ្វើសេចក្តីល្អឲ្យបានច្រើនបើយើងស្រឡាញ់ព្រះអង្គដែលមានជាតិសាសនាព្រះមហាក្សត្រ។ បើយើងចង់បានសេចក្តីសុខយើងទាំងអស់គ្នាត្រូវចម្លងគុណធម៌ពីព្រះមហាក្សត្រ»។
លោក ពេជ តារា មកពីខេត្តព្រះត្រពាំងរបស់ខ្មែរកម្ពុជាក្រោមបានកោសក់កាលពីថ្ងៃពុធដើម្បីកាន់ទុក្ខការសោយទិវង្គតរបស់សម្តេចឪ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព្រះបរមរាជវាំងថា ការសម្រេចកោសក់នេះគឺដើម្បីជាការតបស្នងសងគុណដល់ព្រះមហាវរក្សត្រ។
«ក្នុងមួយជីវិតខ្ញុំកោសក់បីដង។ ទី១កោនៅពេលខ្ញុំចូលសាងភ្នួសជាព្រះសង្ឃ ទី២នៅពេលឪពុកខ្ញុំស្លាប់ និងទី៣កោលើកនេះគឺដើម្បីជាការតបស្នងសងគុណដល់ព្រះបិតាជាតិ ព្រះបីតាឯករាជ្យជាតិ ព្រះបិតាផ្សះផ្សាជាតិគឺយើងរកមិនបានទេ។ ឥឡូវព្រះអង្គសោយទិវង្គតទៅហើយខ្ញុំមានការសោយស្តាយណាស់»។
លោក សុខ ឆេង អាយុ៧៩ឆ្នាំមកពីស្រុកបាទីខេត្តតាកែវបាននិយាយថា ព្រះមហាវរៈក្សត្របានបំពេញព្រះរាជកាតាព្វកិច្ចចំពោះប្រទេសជាតិគ្មានអ្វីមកប្រៀបផ្ទឹមបានទេ។ លោកបានបញ្ជាក់ថា ការបាត់បង់ព្រះជន្មរបស់ព្រះអង្គធ្វើឲ្យលោកសោកស្តាយយ៉ាងពន់ពេក។ លោកប្រាថ្នាចង់ឃើញមេដឹកនាំយកគំរូតាមវីរភាពរបស់ព្រះអង្គ។
«បាទសុំឲ្យមេដឹកនាំជាគំរូវីរភាពខ្មែរដ៏ខ្លាហាននៃប្រទេសកម្ពុជាដូចជាសម្តេចនរោត្តមសីហនុ ឲ្យធ្វើជាគំរូតរៀងទៅ»។
ព្រះបរមសព្វរបស់សម្តេចឪមិនទាន់បានបើកឲ្យប្រជាពលរដ្ឋចូលរួមគោរពដោយផ្ទាល់នៅឡើយទេ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា នៅសប្តាហ៍ក្រោយ ព្រះបរមរាជវាំងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅចូលក្នុងព្រះបមរាជវាំងដើម្បីគោរពដល់ព្រះបរមសពសម្តេចឪ៕